មន្ត្រីសិទ្ធិមនុស្សថា ប្រសិនបើតុលាការកំពូលកាត់ក្ដីដោយសុភវិនិច្ឆ័យ ពួកគាត់នឹងទទួលបានយុត្តិធម៌
2022.11.04

មន្ត្រីសិទ្ធិមនុស្សនៃសមាគម អាដហុក (ADHOC) លើកថ្លែងថា ប្រសិនបើតុលាការកំពូលកាត់ក្ដីប្រកបដោយសុភវិនិច្ឆ័យ មន្ត្រីសិទ្ធិមនុស្ស អាដហុក និងអតីតមន្ត្រីអាដហុក នឹងទទួលបានយុត្តិធម៌ឡើងវិញ។ ប្រធានសមាគមអាដហុក លោក នី សុខា លើកឡើងដូច្នេះ នៅពេលតុលាការកំពូលបើកសវនាការលើបណ្ដឹងសាទុក្ខ ថ្ងៃទី៤ ខែវិច្ឆិកា ចំពោះការមិនសុខចិត្ត ដែលតុលាការជាន់ទាប បានកាត់ក្ដីឱ្យក្រុមមន្ត្រីសិទ្ធិមនុស្សមានទោស ក្នុងសំណុំរឿងសូកប៉ាន់សាក្សី គឺនាង ខុម ចាន់ ដារ៉ាទី ហៅ ស្រីមុំ។
ជារឿងចម្លែក ដែលតុលាការបានចោទប្រកាន់ថា ក្រុមមន្ត្រីសិទ្ធិមនុស្សថា បានសូកប៉ាន់សាក្សី ប៉ុន្តែ ភាគីសាក្សី មិនដែលចូលបំភ្លឺនៅតុលាការម្ដងណាឡើយ រាប់តាំងពីនៅសាលាដំបូងរាជធានី សាលាឧទ្ធរណ៍ និងតុលាការកំពូល។ មន្ត្រីសង្គមស៊ីវិល ដែលឃ្លាំមើលសវនាការ រិះគន់ថា សំណុំរឿងនេះជាចេតនានយោបាយ និងជាការយាយី លើអង្គការសង្គមស៊ីវិល។
ប្រធានសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក នី សុខា ឱ្យអ្នកសារព័ត៌មានដឹងក្រោយចប់សវនាការថា ការចោទប្រកាន់រូបលោក និងមន្ត្រីសិទ្ធិមនុស្សផ្សេងទៀតថា សូកប៉ាន់សាក្សីនោះ ជាការបំភ្លៃខុសពីការពិត។ លោកលើកឡើងទៀតថា សំណុំរឿងនេះគ្មានធាតុផ្សំគ្រប់គ្រាន់ទេ ព្រោះតុលាការបានចោទ ប្រកាន់ថា ពួកលោក សូកប៉ាន់សាក្សី គឺនាង ខុម ចាន់ដារ៉ាទី ហៅ ស្រីមុំ ប៉ុន្តែ លិខិតកោះហៅ របស់ក្រសួងមហាផ្ទៃមិនបានបញ្ជាក់ថា ស្រីមុំ ជាសាក្សីទេ ចំណែកដីការបស់ព្រះរាជអាជ្ញានៃសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា នាង ខុម ចាន់ដារ៉ាទី ហៅ ស្រីមុំ ជាជនសង្ស័យ៖
«ខាងតុលាការទាំងពីរថ្នាក់បានចោទប្រកាន់ពួកយើងដោយបំភ្លៃខុសអី ដែលជាការពិត ការពិតត្រង់ថា ពួកយើងធ្វើការ ដើម្បីការពារប្រយោជន៍សង្គម ដើម្បីពង្រឹងទៅដល់វិស័យសិទ្ធិមនុស្សវិស័យយុត្តិធម៌ បែរជាគាត់ យកអង្គហេតុ ដែលយើងទៅធ្វើកិច្ចការងារ ដើម្បីប្រយោជន៍សង្គមទាំងអស់ហ្នឹង បែរជាយើងសូកប៉ាន់សាក្សីទៅវិញ ពីព្រោះហ្នឹងជាបំភ្លៃ បំភ្លៃនូវការពិត ព្រោះការពិត យើងធ្វើដើម្បីប្រយោជន៍សង្គម ការពារយុត្តិធម៌»។
លោក នី សុខា លើកឡើងថា ប្រសិនបើ តុលាការពិនិត្យលើអង្គហេតុ ភស្តុតាង និងសារណា របស់មេធាវីការពាររបស់លោក ហើយការសម្រេចតុលាការ ដោយមិនលុះដោយអគតិទាំង៤ នោះក្រុមមន្ត្រីសិទ្ធិមនុស្ស នឹងទទួលបានយុត្តិធម៌ឡើងវិញ។
តុលាការកំពូល បើកសវនាការបណ្ដឹងសាទុក្ខ ថ្ងៃទី៤ ខែវិច្ឆិកា ដែលសវនាការដេញដោលតែអង្គច្បាប់ ទាក់ទងការបំភ្លៃអង្គហេតុ និងការអនុវត្តន៍ច្បាប់មិនប្រក្រតី តាមបណ្ដឹងសាទុក្ខ របស់មន្ត្រី អាដហុក និងអតីតមន្ត្រី អាដហុក ទាំងប្រាំរូប។ អ្នកទាំងនោះ រួមមាន៖ ប្រធានសមាគមអាដហុក លោក នី សុខា មន្ត្រីអាដហុក លោក យី សុខសាន្ត អ្នកទាំងពីរបានមកចូលរួមក្នុងសវនាការ។ ចំណែកមន្ត្រីសិទ្ធិមនុស្ស អាដហុក អ្នកស្រី លឹម មុន្នី អតីតមន្ត្រី អាដហុក លោក នី ចរិយា និងលោក ណៃ វង់ដា មិនបានចូលរួមក្នុងសវនាការនេះទេ។
មេធាវីការពារក្ដីមន្ត្រីសិទ្ធិមនុស្ស អាដហុក លោកមេធាវី សំ សុគង់ ឱ្យដឹងថា បទចោទប្រកាន់សូកប៉ាន់សាក្សីនេះ តាមច្បាប់ទាមទារឱ្យអ្នកសូក និងអ្នកទទួលសំណូក គឺជាសាក្សី។ ទោះយ៉ាងណាក្ដី លោកថា នាង ខុម ចាន់ដារ៉ាទី ដែលជាអ្នកប្ដឹងតុលាការថា មន្ត្រីអាដហុក សូកប៉ាន់នោះ គ្មានឋានៈជាសាក្សី ប៉ុន្តែ ស្រីមុំ គឺជាជនសង្ស័យ។ លោកមេធាវីឱ្យដឹងទៀតថា ការកាត់ក្ដីនៅសាលាឧទ្ធរណ៍កន្លងមក តុលាការក៏មិនបានកោះហៅ នាង ខុម ចាន់ដារ៉ាទី មកបំភ្លឺ ចំណែក សាក្សី សំខាន់ មួយរូបទៀត គឺអ្នកស្រី ទ្រី ឈួន ក៏មិនដែលបានចូលបំភ្លឺតុលាការនោះដែរ៖
«ទាក់ទងនឹងភស្តុតាងផ្សេងៗ ក្នុងសំណុំរឿង ក្រុមមេធាវី ក៏បានស្នើសុំទៅតុលាការកំពូលផងដែរ ស្នើសុំច្រានចោលសាលដីកា សាលាឧទ្ធរណ៍ភ្នំពេញ ទុកជាអសារបង់ ហើយសុំឱ្យតុលាការកំពូលសម្រេចឱ្យខ្ញុំរួចផុតបទចោទប្រកាន់ ដោយមិនបង្វិលទៅសាលាឧទ្ធរណ៍វិញទេ។ អ៊ីចឹង មានន័យថា ក្រុមមេធាវីការពារសុំឱ្យកូនក្ដីរួចផុតពីបទចោទ»។
អ្នកការពារសិទ្ធិមនុស្សសមាគម អាដហុក ចំនួន ៣រូប និងអតីតមន្ត្រី អាដហុក ពីររូបទៀត បានរងការចោទប្រកាន់ពីបទសូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សីក្នុងសំណុំរឿងអាស្រូវស្នេហារវាងលោក កឹម សុខា និងនាង ខុម ចាន់ដារ៉ាទី ហៅ ស្រីមុំ។ អ្នកទាំង ៥ ត្រូវបានតុលាការឃុំខ្លួនបណ្ដោះអាសន្នក្នុងពន្ធនាគារអស់រយៈពេល ១៤ខែ មុននឹងត្រូវបានដោះលែងឱ្យនៅក្រៅឃុំវិញ កាលពីចុងខែមិថុនា ឆ្នាំ ២០១៧។ ក្រោយចេញពីពន្ធនាគារ សំណុំរឿងនេះត្រូវបានតុលាការផ្អឹបទុកអស់រយៈពេលជាង ១ឆ្នាំថែមទៀត មុននឹងត្រូវបានលើកយកមកជម្រះអង្គសេចក្ដី នៅថ្ងៃទី២៧ សីហា ក៏ប៉ុន្តែសវនាការនោះមិនអាចដំណើរការបានដូចការគ្រោងទុកឡើយ ព្រោះអវត្តមានតួអង្គសំខាន់ៗ ក្នុងសំណុំរឿង។
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព ដែលចូលឃ្លាំមើលសវនាការនេះលើកឡើងថា មន្ត្រីសិទ្ធិមនុស្ស ដែលរងការចោទប្រកាន់ក្នុងសំណុំរឿងនេះ មិនគួរត្រូវចាប់ខ្លួនតាំងពីដំបូងមកម៉្លេះ។ អ្នកស្រីបន្តទៀតថា ការចោទប្រកាន់ថា ជំនួយសមាគមអាដហុកថា ជាការសូកប៉ាន់ អាចមកពីសមត្ថកិច្ច និងតុលាការ មិនបានដឹងពីការងាររបស់សមាគមអាដហុក ព្រោះការផ្ដល់ថវិកាដល់នាង ខុម ចាន់ដារ៉ាទី លុយជាង ២០០ដុល្លារនោះ ជាការផ្ដល់ជំនួយ ដល់ជនរងការរំលោភបំពានសិទ្ធិ ដែលថវិកានេះ សមាគម អាដហុក ដែលផ្ដល់ទៅពលរដ្ឋរងគ្រោះ ដែលមកសុំជំនួយ។
«អ្នកណាជាសាក្សីក្នុងដំណើរការហ្នឹងមិនមានការបញ្ជាក់ណាមួយថា ខុម ចាន់ដារ៉ាទី ហៅ ស្រីមុំ នេះ ជាសាក្សីទេ ពីដំបូងឡើយយើងឃើញហើយថា គាត់រងបទបណ្ដឹងពីធី សុវណ្ណថា អ៊ីចឹង អ៊ីចឹងបើយើងនិយាយអំពីការរងការចោទប្រកាន់ហ្នឹងគាត់ (ខុម ចាន់ដារ៉ាទី ហៅ ស្រីមុំ) ឬគេហៅថា ចុងចម្លើយ ឬសង្ស័យទៅវិញទេ មិនមែនជាសាក្សីទេ ប៉ុន្តែ យើងឃើញដំណើរការ នីតិវិធី ចោទប្រកាន់មកលើក្រុមការងារ និងអតីតក្រុមការងារអាដហុក នេះបានសំអាងថា ខុម ចាន់ដារ៉ាទី ជាសាក្សី»។
មន្ត្រីសិទ្ធិមនុស្ស អាដហុក លើកឡើងថា ការសម្រេចក្ដីរបស់តុលាការជាន់ទាប កន្លងមកជាអំពើអយុត្តិធម៌ ចំពោះអ្នកធ្វើការងារសង្គម ព្រោះមន្ត្រីសិទ្ធិមនុស្ស ជាអ្នកជួយប្រយោជន៍សង្គម ជួយពង្រឹងវិស័យសិទ្ធិមនុស្ស ជួយការពារយុត្តិធម៌ ជាពិសេស ជួយបំពេញ ភាពខ្វះចន្លោះនៃការបំពេញការងាររបស់ស្ថាប័នរដ្ឋ។ តុលាការកំពូលនឹងប្រកាសសាលដីកា សំណុំរឿងនេះ នាថ្ងៃទី១៨ ខែវិច្ឆិកា ខាងមុខ៕
អ្នកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ក្រោយពេលតាមដានសវនាការរឿងក្ដីមន្ត្រីសិទ្ធិមនុស្ស អាដហុក នៅតុលាការកំពូល ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២។ រូបពីពលរដ្ឋ
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។