អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ អំពាវនាវ​ឱ្យ​អាជ្ញាធរ​កម្ពុជាដោះ​លែង​​កូន​ប្រុស​​សកម្មជន​បក្ស​សង្គ្រោះជាតិជាបន្ទាន់​ និង​​គ្មាន​​លក្ខខណ្ឌ

ដោយ ម៉ៅ សុធានី
2021.10.14
អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ អំពាវនាវ​ឱ្យ​អាជ្ញាធរ​កម្ពុជាដោះ​លែង​​កូន​ប្រុស​​សកម្មជន​បក្ស​សង្គ្រោះជាតិជាបន្ទាន់​ និង​​គ្មាន​​លក្ខខណ្ឌ (ខាងមុខ) កុមារ កាក់ សុវណ្ណច្ឆ័យ និងម្តាយ គឺអ្នកស្រី ព្រុំ ចាន់ថា ក្នុងពេល​តស៊ូនៅក្រៅពន្ធនាគារ​ដើម្បីទាមទារ​ឱ្យដោះលែង​ឪពុករបស់​ខ្លួន​នាពេល​កន្លងមក។
រូប៖ ហ្វេសប៊ុកអ្នកស្រី ព្រុំ ចាន់ថា

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃស៍ វ៉ច្ឆ (Human Rights Watch) ជាថ្មីម្តងទៀត អំពាវនាវ​ឱ្យ​​អាជ្ញាធរ​​កម្ពុជា ដោះលែង​កូន​ប្រុស​​សកម្មជន​បក្ស​សង្គ្រោះជាតិ កុមារ កាក់ សុវណ្ណច្ឆ័យ ជាបន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ។ អង្គការ​នេះ ក៏​ជំរុញ​ឱ្យ​តុលាការ​កម្ពុជា​ទម្លាក់​ចោល​រាល់​បទចោទ​បែបប្រឌិត​ចំពោះ​កុមារ​​រូប​នេះដែរ។

នាយករង​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃស៍ វ៉ច្ឆ លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) ថ្លែង​ក្នុង​សេចក្តីថ្លែងការណ៍​​កាលពី​ថ្ងៃទី១៤ ខែតុលា ថា ការធ្វើទុក្ខបុកម្នេញ​លើ​កុមារ កាក់ សុវណ្ណច្ឆ័យ ដោយសារតែ​ទំនាក់ទំនង​ផ្នែកនយោបាយ​របស់​ឪពុក​កុមារ​រូបនេះ បង្ហាញ​ឱ្យ​ពិភពលោក​ឃើញ​យ៉ាងច្បាស់​ពី​ភាពឥត​អៀនខ្មាស​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការ​តាម​ធ្វើបាប​ដៃគូ​ប្រកួតប្រជែង​ផ្នែកនយោបាយ​របស់​លោក។ លោកថា វាជារឿងមិនអាច​ទទួលយកបាន​ដែល​ក្នុង​អំឡុងពេល​សវនាការ ទាំង​តំណាង​ស្ថាប័ន​អយ្យការ និង​តុលាការ មិនព្រម​ទទួលស្គាល់​ពី​ពិការភាព និង​ការតម្រូវ​ឱ្យ​មានការគាំទ្រចាំបាច់​នានា ព្រមទាំង​ការវាយតម្លៃ​របស់​អ្នកជំនាញ​វេជ្ជសាស្ត្រ​ចំពោះ​កុមារ​រូបនេះ។ លោកពន្យល់​ថា ផ្អែកតាម​ច្បាប់​អន្តរជាតិ ការឃុំខ្លួន​កុមារ​ គួរតែជា​ជម្រើសចុងក្រោយ និង​ធ្វើឡើង​ក្នុង​រយៈពេល​ខ្លី។ ក៏ប៉ុន្តែ កម្ពុជា​បាន​រំលោភ​បទប្បញ្ញត្តិ​អន្តរជាតិ​ទាំងនោះ។

មន្ត្រី​សិទ្ធិមនុស្ស​អន្តរជាតិ​រូបនេះ សង្កត់​ធ្ងន់​ថា ការណ៍​ដែល​ចៅក្រម​មិន​ខ្វល់ខ្វាយ និង​ពន្យាពេល​ប្រកាស​សាលក្រម​លើ​សំណុំរឿង​របស់​កុមារ​នេះ ដោយអះអាង​ថា​លោក​ជាប់រវល់​ប្រជុំ បង្ហាញ​ឱ្យ​ឃើញយ៉ាងច្បាស់​ពី​កម្សោយ​នៃ​ប្រព័ន្ធយុត្តិធម៌​នៅ​កម្ពុជា

កុមារ កាក់ សុវណ្ណច្ឆ័យ មានជំងឺ​ខ្សោយ​បញ្ញាស្មារតី ឬអូទីហ្សឹម (Autism) ពី​កំណើត។ នគរបាល​រាជធានី​ភ្នំពេញ បាន​សម្រុក​ចូល​ចាប់​កុមារ កាក់ សុវណ្ណច្ឆ័យ ទាំងយប់​កាលពី​ខែមិថុនា ដោយ​ចោទ​ថា បាន​ជេរ​ប្រមាថ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ តាម​រយៈបណ្ដាញ​សង្គម​តេឡេក្រាម (Telegram)

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។