អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លើកឡើងអំពីការរំលោភសិទ្ធិមនុស្សសំខាន់ៗនានាដែលមានលក្ខណៈធ្ងន់ធ្ងរ និងជាប្រព័ន្ធនៅក្នុងប្រទេសកម្ពុជា រួមមានការបង្ក្រាបលើអ្នកនយោបាយប្រឆាំង សកម្មជនសង្គម និងបរិស្ថាន បញ្ហាអំពើនិណ្ឌភាពព្រមទាំងការបង្កើតច្បាប់រឹតត្បិតសិទ្ធិមនុស្សជាមូលដ្ឋានជាដើម។ ការលើកឡើងនេះ ធ្វើឡើងនៅក្នុងរបាយការណ៍ឆ្នាំ២០២២ ស្ដីពីការពិនិត្យប្រចាំឆ្នាំលើបញ្ហាសិទ្ធិមនុស្សជុំវិញសកលលោក។ មន្ត្រីរដ្ឋាភិបាល ចាត់ទុករបាយការណ៍នេះថា មិនឆ្លុះបញ្ចាំងពីការពិត និងជាការលាបពណ៌លើរដ្ឋាភិបាលកម្ពុជា។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ លើកឡើងថា នៅមុនការបោះឆ្នោតឃុំ-សង្កាត់ និងបោះឆ្នោតជាតិឆ្នាំ២០២២ និងឆ្នាំ២០២៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមានផែនការកាន់អំណាចតវង្សត្រូល បានឆ្លៀតប្រើវិធានការទប់ស្កាតវិបត្តិកូវីដ-១៩ កាន់តែអាក្រក់ទៅៗ ដើម្បីគ្រប់គ្រងតាមបែបផ្ដាច់ការ ដោយមានការប្រើរឹតត្បិតបន្ថែមទៀតនូវសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ សិទ្ធិនយោបាយ និងការបរាជ័យការពារសិទ្ធិសង្គម និងសេដ្ឋកិច្ចនៃក្រុមជនពិការ។ លើសពីនេះ រដ្ឋាភិបាលរបស់លោក ហ៊ុន សែន បានចេញអនុក្រឹត្យ និងអនុម័តច្បាប់ថ្មីៗ ពាក់ព័ន្ធនឹងកូវីដក្នុងន័យទូលំទូលាយដែលអាចដាក់ទោសអ្នកបំពានវិធានការកូវីដរហូតដល់២០ឆ្នាំ។ ទន្ទឹមគ្នានេះ យូមែន រ៉ៃត៍ វ៉ច្ឆ ពិនិត្យឃើញថា ដើម្បីបំបិទសំឡេងរិះគន់តុលាការនយោបាយរបស់កម្ពុជា បានបើកសវនាការទ្រង់ទ្រាយធំជាបន្តបន្ទាប់ប្រឆាំងនឹងសកម្មជននយោបាយគណបក្សប្រឆាំងជាង១០០នាក់ និងអ្នកការពារសិទ្ធិមនុស្សរាប់សិបនាក់ទៀត ដោយសារតែអនុវត្តសិទ្ធិបញ្ចេញមតិ និងជួបប្រជុំដោយសន្តិវិធី។ អង្គការអន្តរជាតិដដែលនេះ បញ្ជាក់ថា ក្នុងពេលសរសេររបាយការណ៍នេះ កម្ពុជា មានអ្នកទោសនយោបាយជាង ៦០នាក់ទៀត កំពុងជាប់ឃុំ។
អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ លើកឡើងក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនទៀតថា ក្នុងពេលដាក់ចេញវិធានការបិទខ្ទប់ ដើម្បីទប់ស្កាត់កូវីដនោះ រដ្ឋាភិបាលមិនបានធានានូវសិទ្ធិទទួលបានអាហារគ្រប់គ្រាន់ ថ្នាំពេទ្យ និងតម្រូវការផ្សេងៗ ទៀតនោះទេ។ ផ្ទុយទៅវិញ អាជ្ញាធររដ្ឋាភិបាលបានប្រើរំពាត់ដេញវាយមនុស្សនៅតាមដងផ្លូវក្នុងរាជធានីភ្នំពេញ នៅពេលពួកគេចេញពីផ្ទះ។ រដ្ឋាភិបាល ក៏បរាជ័យទប់ស្កាត់ជំងឺកូវីដ រហូតដល់រាលដាលចូលដល់ក្នុងពន្ធនាគារដែលកំពុងផ្ទុកអ្នកជាប់ឃុំយ៉ាងចង្អៀតណែន។ ក្រៅពីនេះ អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ ថា រដ្ឋាភិបាល បានចេញអនុក្រឹត្យ រឹតបន្តឹងការគ្រប់គ្រងអ៊ីនធឺណែត (Internet) និងពង្រីកការឃ្លាំមើលលើអ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធឹណិតរិះគន់រដ្ឋាភិបាល ដែលទង្វើនេះ គឺជាការបំពានសិទ្ធិឯកជនភាព។ រីឯអ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ រួមទាំងអ្នកប្រើប្រាស់បណ្ដាញសង្គមដើម្បីរិះគន់ ក៏នៅតែប្រឈមនឹងការគំរាមកំហែង និងរងការវាយប្រហារពីសំណាក់រដ្ឋាភិបាលជាបន្តបន្ទាប់។
នាយករងនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ទទួលបន្ទុកកិច្ចការតំបន់អាស៊ី លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) លើកឡើងថា លោក ហ៊ុន សែន ដូចមេដឹកនាំផ្ដាច់ការជាច្រើនទៀតដែរ គឺបានប្រើប្រាស់វិបត្តិជំងឺកូវីដ-១៩ ដើម្បីរឹតបន្តឹងការគ្រប់គ្រងបែបគាបសង្កត់របស់លោក។ ប៉ុន្តែទោះបីជាលោក ហ៊ុន សែន បានចាប់ខ្លួនមនុស្សតាមអំពើចិត្ត និងកាត់ក្ដីលើអ្នកការពារសិទ្ធិមនុស្ស និងសកម្មជននយោបាយដ៏ច្រើនក្ដី ក៏រដ្ឋាភិបាលបរទេស និងក្រុមប្រទេសដែលជាសមាជិកអង្គការសហប្រជាជាតិ ត្រូវបានរក្សាភាពស្ងៀមស្ងាត់គួរឲ្យកត់សម្គាល់ ដោយមិនបានចាប់ឲ្យលោក ហ៊ុន សែន និងមន្ត្រីរំលោភបំពានដទៃទៀត ទទួលខុសត្រូវនោះទេ។
របាយការណ៍របស់ យូមែន រ៉ៃត៍ វ៉ច្ឆ ក៏បានលើកឡើងនូវអំពើនិទណ្ឌភាពពាក់ព័ន្ធនឹងករណីឃាតកម្មអ្នកវិភាគនយោបាយដ៏លេចធ្លោ គឺបណ្ឌិត កែម ឡី និងករណីចាប់ពង្រត់សកម្មជននយោបាយថៃដ៏ល្បី លោក វ៉ាន់ ឆាឡឺម សាត់ស័ក្តិសិទ្ធិ (Wanchalearm Satsaksit) ផងដែរ។ យូមែន រ៉ៃត៍ វ៉ច្ឆ បញ្ជាក់ថា ករណីទាំងពីរនេះ រដ្ឋាភិបាលមិនទាន់ផ្តល់យុត្តិធម៌ និងមិនទាន់ស៊ើបអង្កេតដោយឯករាជ្យ និងតម្លាភាពដើម្បីលាតត្រដាងការពិតនោះទេ ទោះបីជាមានភស្តុតាង និងសក្ខីកម្មរបស់សាក្សីជាច្រើនក៏ដោយ។ របាយការណ៍ដដែល ក៏បានបង្ហាញថា រដ្ឋាភិបាលកម្ពុជា បានបន្តពង្រីកទំនាក់ទំនងជាមួយប្រទេសចិនកាន់តែខ្លាំងក្នុងពេលមានវិបត្តិកូវីដ ខណៈសហភាពអឺរ៉ុប ដកប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម EBA ចំនួន ២០ភាគរយ ដោយសារតែការរំលោភសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។
ឆ្លើយតបនឹងករណីនេះ សមាជិក និងអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលលោក កត្តា អ៊ន ថ្លែងថា កម្ពុជាមានទំនាក់ទំនងល្អជាមួយចិនព្រោះចិនផ្តល់ជំនួយច្រើន។ ចំពោះសំណុំរឿងឃាតកម្មបណ្ឌិត កែម ឡី វិញ លោកអះអាងថា បានបញ្ចប់រួចហើយដោយជនល្មើសកំពុងជាប់ឃុំអស់មួយជីវិត។ លោក កត្តា អ៊ន បន្តថា សម្រាប់ការទប់ស្កាត់ជំងឺកូវីដ-១៩ វិញ រដ្ឋាភិបាលបានខិតខំរៀបចំច្បាប់ និងដាក់ចេញវិធានការផ្សេងៗ គឺដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ ដោយគ្មានចេតនាបំបិទសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋនោះទេ។ លោកថា ដោយសារតែការទប់ស្កាត់កូវីដនេះ បានជោគជ័យរដ្ឋាភិបាល ក៏ត្រៀមរៀបចំការបោះឆ្នោតស្របតាមគោលការណ៍ប្រជាធិបតេយ្យដែរ ខណៈបក្សនយោបាយនានាកំពុងធ្វើសកម្មភាពរៀងៗ ខ្លួនដោយសេរី។ លោក ចាត់ទុករបាយការណ៍របស់អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ ថា ជាការបំផ្លើស និងជាការលាបពណ៌លើរដ្ឋាភិបាលដោយអយុត្តិធម៌៖ «យើងឃើញថា សកម្មជនបរិស្ថានក្តីសកម្មជនគណបក្សនយោបាយ សកម្មជនអង្គការសង្គមស៊ីវិលមួយចំនួនតូច គឺពួកគាត់បានប្រើប្រាស់ សិទ្ធិសេរីភាពដ៏ខុសឆ្គង និងហួសព្រំដែន រំលោភបំពានច្បាប់ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរអ្នកដទៃ ខូចសណ្ដាប់ធ្នាប់សាធារណៈ ដូច្នេះចង់ ឬមិនចង់ត្រូវ តែទទួលខុសត្រូវចំពោះមុខច្បាប់ហើយ។ហ្នឹងហើយយើងហៅថា គ្មាននិទណ្ឌភាពទេ ហើយក៏គ្មានស្តង់ដារពីរនៃការអនុវត្តច្បាប់ ហើយក៏គ្មានស្តង់ដារពីរនៃសិទ្ធិមនុស្សដែរ។ ដូច្នេះបុគ្គលគ្រប់រូបដែលប្រព្រឹត្តខុសត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដូចគ្នា។យើងអត់មានហេតុផលអ្វីទៅឲ្យក្រុមសកម្មជនទាំងនោះប្រព្រឹត្តខុសហើយរួចខ្លួន ដូចការចង់បានរបស់អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ ឬមួយក៏របស់អង្គការផ្សេងៗទេ» ។
ទោះជាយ៉ាងណា នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ស្ថានភាពនយោបាយ សិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា មិនទាន់ល្អប្រសើរនៅឡើយទេ ដូច្នេះហើយទើបក្រុមអង្គការជាតិ និងអន្តរជាតិ បន្តរិះគន់បែបនេះ៖ « យើងឆ្លុះបញ្ចាំងមកវិញ យើងឃើញថា ការរឹតត្បិតលំហសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ ក៏ដូចជាសេរីភាពអង្គការសង្គមស៊ីវិល សហជីព សហគមន៍ សេរីភាពក្នុងការបញ្ចេញមតិ សេរីភាពក្នុងការជួបជុំ ការប្រមូល ផ្តុំដោយសន្តិវិធី សេរីភាពចូលរួមក្នុងជីវិភាពនយោបាយជាដើម គឺមានភាពរឹតត្បិត និងប្រឈមច្រើន។ ដូច្នេះហើយ ឆ្លុះបញ្ចាំងមកវិញ មើលឃើញថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នៅតែមានការធ្លាក់ចុះ ដោយមិនទាន់មានភាពល្អប្រសើរឡើងវិញ។ យើងឃើញថា ទាំងអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ក៏ដូចជា ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ទាមទារឲ្យមានការកែលម្អឲ្យមានភាពល្អប្រសើរឲ្យសមស្របតាមរដ្ឋធម្មនុញ្ញ » ។
ស្ថានភាពប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស បានធ្លាក់ចុះដុនដាប ចាប់តាំងពីរំលាយ គណបក្សសង្គ្រោះជាតិ ឆ្នាំ២០១៧ មក និងស្របពេលដែលលោក ហ៊ុន សែន កំពុង ត្រួសត្រាយផ្លូវដើម្បីផ្ទេរអំណាចដល់កូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត។ ប៉ុន្តែក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ នៅតែបន្តទាមទារឱ្យរដ្ឋាភិបាលលុបច្បាប់ ដែលមានលក្ខណៈរឹតត្បិតសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ បើកលំហសេរីភាព និងប្រជាធិបតេយ្យ ព្រមទាំងដោះលែងសកម្មជនទាំងឡាយ ដែលកំពុងជាប់ឃុំដោយសារមូលហេតុនយោបាយឡើងវិញ។ ពួកគេលើកឡើងថា មានតែការធ្វើបែបនេះទេ ទើបអាចស្ថានការណ៍ស្រុកទេស និងចៀសផុតពីទណ្ឌកម្មបន្ថែមទៀតពីសហគមន៍អន្តរជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។