អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ រ៉ច្ឆ (Human Right Watch) ថា ការប្រើហិង្សាលើក្រុមស្ត្រីថ្ងៃសុក្រពីដំណាក់ក្រុមសន្តិសុខនៅមុខស្ថានទូតបារាំងប្រចាំកម្ពុជា កាលពីថ្ងៃទី២២ តុលា គឺផ្ទុយពីបញ្ញត្តិសិទ្ធិមនុស្សនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ទោះបីយ៉ាងណាក្ដី មន្ត្រីរដ្ឋាភិបាលថា ការរិះគន់រដ្ឋាភិបាលអំពីស្ថានភាពប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស គឺជាការរំលោភបំពានអធិបតេយ្យភាព ដែលមិនយល់ពីស្ថានភាពជាក់ស្ដែងនៅកម្ពុជា។
នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ រ៉ច្ឆ (Human Right Watch) ប្រចាំតំបន់អាស៊ីលោក ហ្វីល រ៉ូបឺតសុន (Phil Robertson) បានបង្ហោះសារលើហ្វេសប៊ុក នៅថ្ងៃទី២៣ តុលាថា ការតវ៉ាដោយសន្តិវិធីរបស់សមាជិកគ្រួសារអ្នកជាប់ឃុំគណបក្សប្រឆាំង គឺជាសកម្មភាពជាក់លាក់មួយ ដែលត្រូវបានការពារដោយបញ្ញត្តិសិទ្ធិមនុស្សនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ប៉ុន្តែបច្ចុប្បន្នរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបានធានាអ្វីនោះទេ។ លោកសួរថាតើរដ្ឋាភិបាលកម្ពុជាខ្លាចអ្វីដែលពួកគេមិនអនុញ្ញាតឱ្យក្រុមអ្នកតវ៉ាដោយអហិង្សាចំនួន២០នាក់កាន់បដានៅតាមចិញ្ចើមផ្លូវ។ លោកមើលឃើញថាសេរីភាពស៊ីវិល និងនយោបាយជាមូលដ្ឋានកំពុងរងគ្រោះនៅទូទាំងប្រទេស ហើយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកាត់បន្ថយស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដោយយល់ថាបង្កើតកម្ពុជាឡើង ដែលមិនប្រកាន់លទ្ធិប្រជាធិបតេយ្យ ឬការគោរពសិទ្ធិ។
ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីក្រុម "ស្រ្តីថ្ងៃសុក្រ" ជាង ២០នាក់ លើកបដា និងដាក់ញត្តិទៅស្ថានទូតបារាំងប្រចាំកម្ពុជាកាលពីថ្ងៃទី២២ តុលា ដើម្បីសុំឱ្យរដ្ឋាភិបាលបារាំងជំរុញទៅរបបលោក ហ៊ុន សែន អនុវត្តឱ្យបានពេញលេញនូវស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងដោះលែងអ្នកទោសនយោបាយ និងសង្គម ដែលកំពុងជាប់ពន្ធនាគារ។ ប៉ុន្តែពួកគេត្រូវបានក្រុមសន្តិសុខខណ្ឌដូនពេញ ដែលមានចំនួនលើសលុបប្រើអំពើហិង្សាបណ្ដាលឱ្យស្ត្រីបីនាក់រងរបួសធ្ងន់ និងមួយចំនួនទៀតរងរបួសស្រាល។
ឆ្លើយតបជុំវិញរឿងនេះ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល លោក កត្តា អ៊ន ថ្លែងថាប្រាប់វិទ្យុអាស៊ីសេរីថាការដែលអង្គការអន្តរជាតិ និងប្រទេសមួយចំនួនរិះគន់រដ្ឋាភិបាលអំពីស្ថានភាពលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស គឺជាការរំលោភបំពានអធិបតេយ្យ ដោយមិនយល់ពីស្ថានភាពជាក់ស្ដែងនៅកម្ពុជា។ លោកអះអាងថា ខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបានបញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញរួចហើយ។ លោកបញ្ជាក់ថា កន្លងមកក្រុមស្ត្រីថ្ងៃសុក្រ ដែលចេញដាក់ញត្តិ និងតវ៉ាទាំងនោះ មិនយល់ពីកាតព្វកិច្ចនៃការប្រើប្រាស់សិទ្ធិសេរីភាព ដែលធ្វើឱ្យរំលោភបំពានច្បាប់។ ចំណែកហិង្សាដែលបង្កដោយក្រុមសន្តិសុខវិញ លោកលើកទឹកចិត្តឱ្យស្ត្រីថ្ងៃសុក្រដាក់ពាក្យប្ដឹងអ្នកដែលប្រើហិង្សាទៅស្ថាប័នមានសមត្ថកិច្ច ដើម្បីស្វែងរកយុត្តិធម៌៖ «ការដែលយើងសម្លឹងមើលពីខាងក្រៅដោយយើងមិនបានពិនិត្យមើលទិដ្ឋភាពជាក់ស្ដែងនូវអង្គហេតុសកម្មភាព យើងគិតតែពីទ្រឹស្ដីពីសិទ្ធិមនុស្ស យើងមិនគិតពីសកម្មភាពពាក់ព័ន្ធបទល្មើសនោះ យើងយល់ខុសទាំងស្រុង អ៊ីចឹងហើយនៅកម្ពុជាយើងត្រូវញែកឱ្យច្បាស់ទ្រឹស្ដីសិទ្ធិមនុស្សនឹងសកម្មភាពទង្វើរបស់មនុស្សក្នុងការប្រើប្រាស់សិទ្ធិចំពោះមុខច្បាប់»។
ទោះជាយ៉ាងណាក្រុមស្ត្រីថ្ងៃសុក្រច្រានចោលចំពោះការលើកឡើងរបស់មន្ត្រីរដ្ឋាភិបាលកម្ពុជា ពួកគាត់អះអាងសកម្មភាពកន្លងមកធ្វើឡើងដោយសន្តិវិធី និងស្របតាមច្បាប់ ដែលធានាដោយរដ្ឋធម្មនុញ្ញនិងស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ស្ត្រីរងគ្រោះទាំងនោះមិនដាក់ពាក្យបណ្ដឹងករណីហិង្សានេះនោះទេ ពីព្រោះពួកគាត់មិនមានជឿលើការអនុវត្តច្បាប់របស់អាជ្ញាធរ។
កូនស្រីសកម្មជនបក្សប្រឆាំងនៅខេត្តកណ្ដាលអ្នកស្រី យ៉យ ស្រីមុំ គឺអ្នកស្រី ខុំ ស្រីល័ក្ខ បានឱ្យដឹងថាលោកស្រីដេកឈឺចាប់មុខរបួសដោយសារក្រុមសន្តិសុខខណ្ឌដូនពេញជាច្រើននាក់ បានប្រើអំពើហិង្សាដោយរុញច្រាន ទាត់ចំកណ្ដាលមុខ និងដាល់មុខបណ្ដាលឱ្យលោកស្រីបែកមាត់និងហើមមុខធ្ងន់។ លោកស្រីឱ្យដឹងទៀតថា ក្រុមសន្តិសុខដែលជាបុរសបានបន្លំបៀតបៀនរាងកាយស្ត្រីភេទ រួមទាំងប្រើពាក្យសម្ដីគំរាមកំហែង និងមាក់ងាយទៀតផង។ លោកស្រីសោកស្ដាយការដែលអាជ្ញាធរតាមរារាំង និងប្រើអំពើហិង្សាលើស្ត្រីទន់ខ្សោយ ហើយលោកស្រីចាត់ទុកអំពើហិង្សាពីសំណាក់សន្តិសុខនេះ គឺជាអំពើរំលោភបំពានលើសិទ្ធិស្ត្រីធ្ងន់ធ្ងរដែលមិនអាចទទួលយកបានទេ។ ទោះជាយ៉ាងណាលោកស្រីប្ដេជ្ញាចិត្តបន្តចេញតវ៉ាដោយសន្តិវិធី បើទោះបីរងការបង្ក្រាបពីអាជ្ញាធរ ក៏ដោយ៖ « ខ្ញុំមានតែដៃពីរក្រដាសរូបថតម្ដាយរបស់ខ្ញុំទេ តែគាត់មកប្រើកម្លាំងបាយរុញច្រាន មួល និយាយចំឱ្យតែបន្លំកន្លែងណាគាត់បន្លំកន្លែងហ្នឹង ហើយគាត់បោះបោក វាយធ្វើបាបគ្រប់បែបយ៉ាង ចា៎នៅតែមិនទាន់មានពន្លឺយុត្តិធម៌ទេ រហូតមកដល់សព្វថ្ងៃនេះ សម្រាប់ខ្ញុំអស់ជំនឿទាំងស្រុង ពីព្រោះប្រព័ន្ធយុត្តិធម៌នៅប្រទេសកម្ពុជាមិនមាន»។
ករណីតាមយាយី និងអំពើហិង្សាពីសំណាក់អាជ្ញាធរ និងក្រុមសន្តិសុខលើក្រុមស្ត្រីថ្ងៃសុក្រនេះ មិនមែនកើតឡើងតែម្ដងនោះទេ។ សង្គមស៊ីវិលចាត់ទុកការបង្ក្រាប និងគំរាមកំហែងលើស្ត្រីថ្ងៃសុក្រដែលដាក់ញត្តិដោយសន្តិវិធីនេះថា ជាការរំលោភបំពានច្បាប់ និងសិទ្ធិមនុស្សធ្ងន់ធ្ងរ ដែលផ្ទុយពីស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ពួកគេជំរុញឱ្យរដ្ឋាភិបាលអប់រំអាជ្ញាធរទាំងនោះអំពីការអនុវត្តតួនាទីរបស់ខ្លួនដោយផ្អែកលើក្រមសីលធម៌ និងច្បាប់ ដើម្បីជៀសវាងការប្រើប្រាស់អំពើហិង្សាលើស្ត្រី។ លើសពីនេះអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិអំពាវនាវឱ្យរបបលោក ហ៊ុន សែន ត្រូវតែបញ្ចប់អំពើហិង្សាលើគ្រួសារអ្នកជាប់ឃុំដែលតវ៉ាដោយសន្តិវិធី និងគោរពសិទ្ធិសេរីភាពបញ្ចេញមតិ និងការជួបជុំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។