អង្គការ Human Rights Watch ទាមទារ​រដ្ឋាភិបាល​ឱ្យ​ទម្លាក់​បទ​ចោទ​ពី​មន្ត្រី និង​អតីត​មន្ត្រី​អាដហុក​ទាំង ៥រូប

ដោយ យ៉ង ចាន់តារា
2022.06.23
Share on WhatsApp
Share on WhatsApp
អង្គការ Human Rights Watch ទាមទារ​រដ្ឋាភិបាល​ឱ្យ​ទម្លាក់​បទ​ចោទ​ពី​មន្ត្រី និង​អតីត​មន្ត្រី​អាដហុក​ទាំង ៥រូប (ពីឆ្វេង) លោក នី សុខា ប្រធាន​សមាគម​អាដហុក (Adhoc) អ្នកស្រី លឹម មុនី មន្ត្រីសមាគម​អាដហុក ​លោក នី ចរិយា (មន្ត្រី​ជាន់​ខ្ពស់ គ.ជ.ប) ​លោក យី សុខសាន្ត និង​លោក ណៃ វ៉ង់ដា មន្ត្រី​​សមាគម​អាហុក កាល​ពី​ថ្ងៃ​ទី២៦ ខែកញ្ញា ឆ្នាំ២០១៩។។
រូប៖ ហ្វេសប៊ុកលោក កន សាវាង្ស

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ទាមទារ​ឱ្យ​រដ្ឋាភិបាល​ លោក ហ៊ុន សែន បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​មន្ត្រី​សង្គម​ស៊ីវិល និង​ត្រូវ​ទម្លាក់​បទ​ចោទ​ប្រកាន់​ទាំង​គ្មាន​មូលដ្ឋាន​លើ​មន្ត្រី និង​អតីត​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ចំនួន ៥រូប។ មន្ត្រី​រដ្ឋាភិបាល​ឆ្លើយ​តប​ថា ករណី​នេះ ស្ថិត​ក្នុង​ដៃ​តុលាការ ហើយ​អង្គការ​អន្តរជាតិ​គ្មាន​សិទ្ធិ​លូក​ដៃ​បាន​ឡើយ។

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃតស៍ វ៉ច្ឆ (Human Rights Watch) អំពាវនាវ​ដល់​អាជ្ញាធរ​កម្ពុជា​ទម្លាក់​ចោល​បទចោទ​ប្រកាន់​ខ្វះ​មូលដ្ឋាន​លើ​មន្ត្រី និង​អតីត​មន្ត្រី​សមាគម​អាដហុក ៥រូប។ អ្នក​ទាំង​នោះ រួមមាន លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា អ្នកស្រី លឹម មុន្នី និង​លោក នី ចរិយា។

នាយក​រង​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) មាន​ប្រសាសន៍​ក្នុង​សេចក្ដី​ថ្លែង​ការណ៍ កាល​ពី​ថ្ងៃ​ទី២២ មិថុនា​ថា តាំង​ពីដើម​ដំបូង​មក អាជ្ញាធរ​របប​លោក ហ៊ុន សែន​ បាន​ស្វះស្វែង​រក​មធ្យោបាយ​ដាក់​ទណ្ឌកម្ម​ដោយ​អយុត្តិធម៌​លើ​មន្ត្រី និង​អតីត​មន្ត្រី​អាដហុក ទាំង ៥រូប ដែល​ជា​ផ្លូវ​មួយ​ឆ្ពោះ​ទៅ​ បំភិតបំភ័យ​សកម្មជន​សង្គម​ស៊ីវិល​ទាំងអស់ មិន​ឲ្យ​និយាយ​រិះគន់​រដ្ឋាភិបាល​ លោក ហ៊ុន សែន​។ លោក ហ្វីល រ៉ូបឺតសុន ​លើកឡើង​បន្ត​ថា​ រដ្ឋាភិបាល​បរទេស ក្រុម​ការងារ​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា និង​ម្ចាស់​ជំនួយ ឬ​ទីភ្នាក់ងារ​ផ្តល់​ជំនួយ​អន្តរជាតិ​ទាំងឡាយ​ គួរតែ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន​ ដើម្បី​ជំរុញ​ឱ្យ​មាន​ការ​ទម្លាក់​បទ​ចោទ​ប្រកាន់​លើ​មន្ត្រី និង​អតីត​មន្ត្រី​អាដហុក ទាំង ៥រូប និង​ត្រូវ​បញ្ចប់​ការ​គាបសង្កត់​លើ​អ្នកការពារ​សិទ្ធិ​មនុស្ស​ទាំង​អស់​នៅ​កម្ពុជា។

ឆ្លើយ​តប​នឹង​សេចក្ដី​ថ្លែងការណ៍​នេះ​ អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល​ លោក កត្តា អ៊ន លើកឡើង​ថា​ សំណុំរឿង​មន្ត្រី​អាដហុដ​នេះ​កំពុង​បន្ត​នីតិវិធី​នៅ​តុលាការ។ លោក​ថា រដ្ឋាភិបាល​ផ្ទាល់ និង​អង្គការ​អន្តរជាតិ​គ្មាន​សិទ្ធ​វាយតម្លៃ​លើ​ឯករាជ្យ​របស់​តុលាការ​ឡើយ៖ «គំនិត​របស់​យូមែន រ៉ៃត៍ វ៉ច្ឆ នេះ​គឺ​ តែងតែ​ប្រឆាំង​មក​លើ​រាជរដ្ឋាភិបាល ​និង​ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា។ ដូច្នេះ​ របាយការណ៍​លើក​នេះ ក៏​មិន​ខុស​ពី​របាយការណ៍​លើក​មុន​ដែរ​ គឺ​ជា​ការ​ចោទ​ប្រកាន់​ ជាការ​មួល​បង្កាច់ ជា​ការ​លាប​ពណ៌ ដើម្បី​ធ្វើ​ឱ្យ​មុខមាត់​រដ្ឋាភិបាល​មិន​ថ្លៃថ្នូរ​ ដែល​ខ្លួន​គាត់​ចង់​បាន ​ចង់​ឱ្យ​រដ្ឋាភិបាល​បាក់​មុខ»

តុលាការ​ក្រុង​ភ្នំពេញ​បាន​ផ្ដន្ទាទោស​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​ទាំង ៥រូប ដាក់​ពន្ធនាគារ ៥ឆ្នាំ ដោយ​អនុវត្ត​ទោស ១៤ខែ​ក្នុង​ពន្ធនាគារ កាលពី​ខែ​កញ្ញា ឆ្នាំ២០១៨ ពី​បទ «សូកប៉ាន់​សាក្សី» និង សម​គំនិត​សូកប៉ាន់​សាក្សី ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​ស្នេហា​រវាង​នាង ខុម ចាន់តារាទី ហៅ​ស្រីមុំ ជាមួយ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា។ សាលាឧទ្ធរណ៍​ភ្នំពេញ​បាន​សម្រេច​តម្កល់​សាលក្រម​ផ្ដន្ទាទោស​នេះ​ទុក​ជា​បាន​ការ​ដដែល កាល​ពី​ថ្ងៃ​ទី២៣ ឧសភា ឆ្នាំ២០២២ ក្រោយ​ផ្អឹប​ទុក​សំណុំរឿង​ជាច្រើន​ឆ្នាំ។ កាល​ពី​ថ្ងៃ​ទី២១ មិថុនា​កន្លងទៅ មន្ត្រី​សមាគម​អាដហុក ដែល​រង​ការ​ចោទ​ប្រកាន់​ បាន​ដាក់​បណ្ដឹង​សាទុក្ខ​ទៅ​កាន់​តុលាការ​កំពូល ប្រឆាំង​នឹង​សេចក្ដី​សម្រេច​របស់​សាលា​ឧទ្ធរណ៍​ភ្នំពេញ។ ពួកគាត់​ស្នើ​ដល់​តុលាការ​ជាន់ខ្ពស់​មួយ​នេះ​ចាត់​ការ​សំណុំរឿង​នេះ​ស្របតាម​នីតិវិធី និង​ដោយ​យុត្តិធម៌។

ជុំវិញ​រឿង​នេះ នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ (LICADO) លោក អំ សំអាត​ មាន​ប្រសាសន៍​ថា ការ​តម្កល់​សាលក្រម​ផ្ដន្ទាទោស​ក្នុង​សំណុំរឿង​នេះ គឺជា​រឿង​អយុត្តិធម៌។ លោក​បន្ត​ថា​ មន្ត្រី និង​អតីតមន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ទាំង ៥រូប គួរតែ​ត្រូវ​បាន​តុលាការ​ឧទ្ធរណ៍​ទម្លាក់​បទ​ចោទ​ប្រកាន់ ដើម្បី​ឱ្យ​ពួកគាត់​មាន​សេរីភាព​ពេញលេញ​បំពេញ​ការងារ​តាម​វិជ្ជាជីវៈ​បម្រើ​ផល​ប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​ និង​ការ​លើកស្ទួយ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា៖ «ការងារ​របស់​ពួក​គាត់​ហ្នឹង គឺ​ជា​ការងារ ដែល​ប្រកប​ដោយ ​វិជ្ជាជីវៈ ដែល​ជា​អ្នក​ការពារ​សិទ្ធិ​មនុស្ស ហើយ​គាត់​លះបង់​ទាំង​កម្លាំង​កាយ​ចិត្ត ទាំង​ពេល​វេលា​ច្រើន ដើម្បី​ជួយ​ទៅ​ដល់​ការ​រំលោភ​សិទ្ធិមនុស្ស ជួយ​លើក​តម្កើង​ សេរីភាព​ សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ដែល​មិនមែន​ជា​បទល្មើស​ទេ។ ពួក​គាត់ គួរតែ​ត្រូវ​បាន​ទទួល​ការ​គាំទ្រ និង​ការ​លើក​សរសើរ។ ប៉ុន្តែ ផ្ទុយ​ទៅ​វិញ ពួក​គាត់​ត្រូវ​បាន ចោទ​ប្រកាន់​កាត់​ទោស ឱ្យ​ជាប់​ទោស វា​ផ្ទុយ​បទដ្ឋាន​អន្តរជាតិ​ស្ដីពី​សិទ្ធិ​មនុស្ស»

មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​រូប​នេះ ​រំពឹង​ថា​ ក្រោយ​ពី​មន្ត្រី​ និង​អតីតមន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​អាដហុកទាំង ៥រូប ​បាន​ប្តឹង​សា​ទុក្ខ​ទៅ​កាន់​តុលាការ​កំពូល​ ចៅក្រម​នៃ​ស្ថាប័ន​តុលាការ​កំពូល​នេះ​ នឹង​ធ្វើ​ការ​សម្រេច​ដោយ​មាន​សុភវិនិច្ឆ័យ​ខ្ពស់​ជាង​តុលាការ​ជាន់​ទាប ដើម្បី​ឱ្យ​ពួកគាត់​ទទួល​បាន​យុត្តិធម៌​ និង​មាន​សេរីភាព​ពេញលេញ​ឡើង​វិញ។

លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) ព្រមាន​ថា​ បើ​តុលាការ​កម្ពុជា​បន្ត​កាត់ក្ដី​រឿង​នេះ​ដោយ​អយុត្តិធម៌​ទៀត​នោះ នឹង​កាន់​តែ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​របស់​រដ្ឋាភិបាល​កម្ពុជា​បន្ថែម​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។