អតីតសង្ឃដែលជាសកម្មជនព្រៃឈើម្នាក់ បារម្ភពីសុវត្ថិភាពខ្លាចត្រូវក្រុមលោក ហ៊ុន សែន ចាប់បញ្ជូនទៅប្រទេសកម្ពុជាវិញ។ ការព្រួយបារម្ភនេះខណៈលោក ហ៊ុន សែន បញ្ជាឲ្យចាប់ម្ចាស់ហ្វេស៊ប៊ុកគ្រញូងព្រៃឡង់ដែលកំពុងភៀសខ្លួននៅប្រទេសថៃ។
ម្ចាស់ហ្វេសប៊ុកគ្រញូងព្រៃឡង់ លោក វឿន វាសនា នៅតែរក្សាជំហរថា ការលើកឡើងរបស់លោកជាការរិះគន់ដើម្បីលាតត្រដាងការពិតនៃកំហុសឆ្គងនៃការដឹកនាំប្រទេសរបស់លោក ហ៊ុន សែន។ លោកយល់ថា លោក ហ៊ុន សែន គួរបើកចិត្តទូលាយស្ដាប់មតិរិះគន់។ អតីតព្រះសង្ឃសកម្មជនព្រៃឈើរូបនេះ នៅតែរក្សាជំហររិះគន់ការដឹកនាំប្រទេសរបស់លោក ហ៊ុន សែន ដដែល៖ «រឿងបារម្ភពីសុវត្ថិភាពតែងតែបារម្ភហើយយើងនៅក្រោមមេឃហ្នឹងបើមិនយកឆ័ត្រឬជ្រកក្រោមណាមួយត្រូវភ្លៀងទទឹកនេះឯង ប៉ុន្តែមិនដឹងម៉េចបើរបបគេត្រូវការស៊ីសាច់ស្រស់ឈាមស្រស់អញ្ចឹងទៅហើយនោះ»។
កាលពីថ្ងៃទី៩ ខែតុលា ម្ចាស់ហ្វេសប៊ុកគ្រញូងព្រៃឡង់លោក វឿន វាសនា បានចូលទៅបញ្ចេញមតិ(Comment)លើហ្វេសប៊ុកលោក ហ៊ុន សែន ដោយសរសេរកំណាព្យរិះគន់ថា លោក ហ៊ុន សែន កែច្បាប់បំផ្លាញជាតិនិងដឹកនាំប្រទេសធ្វើឲ្យរលាយបាត់បង់ទឹកដីព្រៃឈើ។ លោកបន្តថា៖ «ពេលរាស្ត្រស្រែកយំសុំរស់ផង វាយដំយង់ឃ្នងចងអាឃាត ថារាស្ត្រប្រឆាំងមិនយល់សាច់ញាតិ ហ៊ុន សែន ក្បត់ជាតិសម្លាប់រាស្ត្រខ្លួន»។
លោក ហ៊ុន សែន ក៏បានឆ្លើយតបវិញថា សំណេរនេះពោរពេញដោយហិង្សា។ លោកថា ត្រូវតែផ្ដាច់ប្ដូរបំបាត់ចោលទ្រឹស្ដីនិងសកម្មភាពជ្រុលនិយមនេះឲ្យខាងតែបាន ទោះក្នុងតម្លៃណាក៏ដោយ។ លោកបញ្ជាឲ្យខាងនគរបាលស្វែងរកលោក វឿន វាសនា តើនៅក្នុងប្រទេសឬក្រៅប្រទេស។
វិទ្យុអាស៊ីសេរីមិនទាន់អាចសុំការបំភ្លឺបន្ថែមអ្នកនាំពាក្យនគរបាលជាតិលោក ឆាយ គឹមខឿន និងអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានទេ នៅថ្ងៃទី១១ ខែតុលា។
ដោយឡែក អ្នកនាំពាក្យសមាគមអាដហុកលោក ស៊ឹង សែនករុណា និយាយថា បុគ្គលសាធារណៈក្នុងសង្គមប្រជាធិបតេយ្យជៀសមិនផុតពីការរិះគន់នោះទេ ប៉ុន្តែលោកក៏ចង់ឃើញមតិនោះធ្វើឡើងក្នុងន័យអាចទទួលយកបានគ្រប់ភាគី។ មន្ត្រីសង្គមរូបនេះយល់ថា រដ្ឋាភិបាលគួរមានការឆ្លើយតបទៅអ្នករិះគន់ដោយមធ្យោ បាយអប់រំ ឬពន្យល់ជាជាងការព្រមានចាប់ខ្លួន ឬវិធានការផ្លូវច្បាប់៖ « ប្រទេសយើងហាក់អត់ទាន់ទទួលការរិះគន់បែបឈឺចាប់តែងតែប្រើប្រាស់នូវមធ្យោបាយផ្សេងៗដើម្បីធ្វើការចាត់វិធានការលើការបញ្ចេញមតិទាំងហ្នឹង»។
លោក វឿន វាសនា ឲ្យដឹងថា ក្រោយការព្រមានរបស់លោក ហ៊ុន សែន បែបនេះ លោកទទួលបានដីកាពីតុលាការមួយដែលពីមុនមកលោកមិនធ្លាប់ទទួលបាននោះទេ។ ដីកានោះតុលាការក្រុងភ្នំពេញ ចោទប្រកាន់លោក វឿន វាសានា ពីបទ «រារាំងដល់ការអនុវត្តវិធានការ និងបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» កាលពីថ្ងៃទី២ ខែឧសភាកន្លងទៅ។
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលោក ពេជ្រ វិជ្ជាធរ បានចេញដីកាបញ្ជាឲ្យសមត្ថកិច្ចតាមចាប់ខ្លួនលោក វឿន វាសនា។ លោកចៅក្រមលើកឡើងថា បទល្មើសដែលចោទប្រកាន់ជាបទល្មើសតម្រូវផ្ដន្ទាទោសដាក់ពន្ធនាគារដើម្បីធានាដល់ការស៊ើបសួរឲ្យបានពេញលេញនិងជៀសវាងការរឹងទទឹងនិងមិនចូលខ្លួនមកទទួលខុសត្រូវព្រហ្មទណ្ឌ។
ចៅក្រមស៊ើបសួរបញ្ជាឲ្យកម្លាំងសាធារណៈស្រាវជ្រាវរកចាប់និងនាំខ្លួនលោក វឿន វាសនា មកប្រគល់ជូនសាលាដំបូងរាជធានី ភ្នំពេញដើម្បីចាត់ការតាមផ្លូវច្បាប់។
ទាក់ទងដីកានេះដែរ វិទ្យុអាស៊ីសេរីមិនទាន់អាចសុំការបញ្ជាក់បន្ថែមពីប្រធានលេខាធិការដ្ឋានសាលាដំបូងរាជធានីភ្នំពេញលោក អ៊ី រិន្ទ បានទេនៅថ្ងៃទី១១ ខែតុលា។
ទោះយ៉ាងណា អ្នកនាំពាក្យគណបក្សកាន់អំណាចលោក សុខ ឥសាន ប្រាប់វិទ្យុអាស៊ីសេរីថា សារហ្វេសប៊ុកទាំងនោះ គឺពុំមែនជាការរិះគន់នោះទេ ប៉ុន្តែជាការចោទប្រកាន់លោកនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន ដោយគ្មានមូលហេតុ ដូច្នេះពួកគេត្រូវទទួលទោសតាមច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។