ខ្មែរ​ក្រោម​នៅ​បារាំង និង​កាណាដា​ធ្វើ​បាតុកម្ម​នៅមុខ​ស្ថានទូត​វៀតណាម​ទាមទារ​ដោះលែង​អ្នក​ជាប់​ឃុំ

ដោយ យន់ សាមៀន
2024.05.11
ខ្មែរ​ក្រោម​នៅ​បារាំង និង​កាណាដា​ធ្វើ​បាតុកម្ម​នៅមុខ​ស្ថានទូត​វៀតណាម​ទាមទារ​ដោះលែង​អ្នក​ជាប់​ឃុំ ខ្មែរ​កម្ពុជា​ក្រោម​ធ្វើ​​បាតុកម្ម​នៅមុខ​ស្ថានទូត​វៀតណាម​ នៅ​ទីក្រុង​ប៉ារីស (Paris) ប្រទេស​បារាំង នៅ​ថ្ងៃទី១១ ឧសភា ២០២៤។
រូប៖ ផ្ដល់ឱ្យ

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ប្រចាំ​ប្រទេស​បារាំង និង​កាណាដា បាន​ដឹកនាំ​បាតុករ​ជិត​២០០​នាក់​ធ្វើ​បាតុកម្ម​នៅមុខ​ស្ថានទូត​វៀតណាម​នៅ​ទីក្រុង​ប៉ារីស (Paris) និង​នៅមុខ​ស្ថានទូត​វៀតណាម​នៅ ទីក្រុង​អូតាវ៉ា (Ottawa) នៅ​ថ្ងៃទី​១១ ខែ​ឧសភា ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​វៀតណាម​ដោះលែង​ព្រះសង្ឃ ៥​អង្គ និង​ពលរដ្ឋ​ខ្មែរ​ក្រោម​ទាំង​៨​នាក់។

បាតុករ​ដែល​មក​តស៊ូ​មតិ​នៅមុខ​ស្ថានទូត​វៀតណាម​នៅ​ទីក្រុង​ប៉ារីស ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ផ្សេងៗ ទៀត​នៅ​អឺរ៉ុប​ផង​ដែរ ក្រៅ​តែ​ពី​ខ្មែរ​នៅ​បារាំង។ លោក លី មុនី ប្រធាន​មិត្តសមាគម​ខ្មែរ​កម្ពុជា​ក្រោម នៅ​ប្រទេស​បារាំង ថ្លែង​មុន​ធ្វើ​បាតុកម្ម​ថា ក្រៅពី​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​បារាំង​ដែល​មក​តស៊ូ​មតិ​នៅមុខ​ស្ថានទូត​វៀតណាម​នៅ​ទីក្រុង​ប៉ារីស ក៏​មាន​ពលរដ្ឋ​ផ្សេង​ទៀត​ធ្វើ​ដំណើរ​មកពី​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​ផង​ដែរ។ លោក​បន្ត​ថា ការ​ធ្វើ​បាតុកម្ម​លើក​នេះ​គឺជា​ការ​ដាក់​សម្ពាធ​បន្ថែម​ទៅ​កាន់​រដ្ឋាភិបាល​ឱ្យ​គោរព​ច្បាប់​អន្តរជាតិ ដោះលែង​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​ដោយ​ឥត​លក្ខខណ្ឌ។

លោក លី មុនី៖ «ដោយ​យើង​យល់​ឃើញ​ថា សិទ្ធិ​សេរីភាព​អ្វី​ក៏ដោយ​តែងតែ​កើតឡើង​ដោយ​ការ​ទាមទារ មិនមែន​រដ្ឋាភិបាល​វៀតណាម ឬក៏​នរណា​គេ​ឱ្យ​យើង​ទេ​គឺថា​កើតឡើង​ពី​ការ​ទាមទារ ដូច​យើង​បានឃើញ​ស្រាប់​ហើយ​ការ​រស់រាន​មានជីវិត​សព្វថ្ងៃ​របស់​បងប្អូន​ខ្មែរ​កម្ពុជា​ក្រោម​ក៏​អាស្រ័យ​លើ​វីរបុរស​ខ្មែរក្រោម​ដែល​បាន​ពលី​ជីវិត​ជាច្រើន សាច់​ស្រស់​ឈាម​ស្រស់​ដើម្បី​បុព្វហេតុ​ជាតិ»

ចំណែក​អ្នកដឹកនាំ​ធ្វើបាតុកម្ម​នៅ​ប្រទេស​កាណាដា លោក តោ វុឌ្ឍី ថា ការ​ធ្វើ​បាតុកម្ម​មាន​គោលបំណង​ឱ្យ​ប្រជាជន​ប្រទេស​កាណាដា​បានដឹង​ពី​ការរំលោភ​សិទ្ធិមនុស្ស​នៅ​ដែនដី​កម្ពុជា​ក្រោម និង​ក៏​ជា​សារ​មួយ​បង្ហាញថា​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កាណាដា​មិនបាន​បំភ្លេច​ពី​ទុក្ខ​លំបាក​ពលរដ្ឋ​ខ្មែរក្រោម​នោះ​ដែរ។

លោក តោ វុឌ្ឍី៖ «ប៉ុន្តែ​ដូច​ថា​យើង​ធ្វើ​ហ្នឹង​ដើម្បី​ឱ្យ​កូនចៅ​យើង​ផង ជាពិសេស​បងប្អូន​ដែល​មាន​កូនចៅ​ទៅ​ហ្នឹង​យើង​ដឹង​ថា អ្វី​ដែល​យួន​កំពុង​ធ្វើ​ទុក​បុក​ម្នេញ​ដល់​បងប្អូន​កូនចៅ​យើង​នៅ​ស្រុក​អ៊ីចឹង​ទៅ​ជាពិសេស​ប្អូន​នៅ​នេះ ឬ​បងប្អូន​ខ្លះ​ខំ​តែ​ធ្វើការ​អត់​ដឹង​រឿង​អត់​ដឹង​អី យើង​ប្រមែ​ប្រមូលគ្នា​ទៅ​ដើម្បី​រំលឹកស្មារតី​បងប្អូន​ឬ​កូនៗ ក្មេងៗ ដែល​នៅ​ដែនដី​នេះ»

រហូត​មក​ដល់​ពេល​នេះ មាន​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​ចំនួន ១៣​អង្គ​/​នាក់​ហើយ​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​នៅ​ខេត្ត​ព្រះ​ត្រពាំង ខេត្ត​ឃ្លាំង និង​ខេត្ត​លង់ហោរ ចាប់​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​។ ក្រៅពីនោះ​អាជ្ញាធរ​វៀតណាម​ក៏បាន​បណ្ដេញ​សកម្មជន​សង្ឃ​ខ្មែរក្រោម​ព្រះ​ភិក្ខុ គឹម សំរិន្ទ ចេញ​ពី​វត្ត​និង​វាយកម្ទេច​សាលាឆទាន​ពុទ្ធសាសនា​ខ្មែរក្រោម​នៅ​ភូមិកន្រែង ខេត្ត​លង់ហោរ រាប​ដល់​ដី។

Kk1.jpeg
ខ្មែរ​កម្ពុជា​ក្រោម​ធ្វើ​​បាតុកម្ម​នៅមុខ​ស្ថានទូត​វៀតណាម​ នៅ​ទីក្រុង​ប៉ារីស (Paris) ប្រទេស​បារាំង នៅ​ថ្ងៃទី១១ ឧសភា ២០២៤។ រូប៖ ផ្ដល់ឱ្យ

វិទ្យុ​អាស៊ីសេរី​មិនទាន់​អាច​សុំ​ការ​ឆ្លើយតប​រឿង​នេះ​ពី​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា នៅ​ថ្ងៃទី១១ ខែ​ឧសភា។

ទោះជា​យ៉ាងណា តំណាង​រដ្ឋាភិបាល​វៀតណាម បាន​ឆ្លើយតប​នៅ​កិច្ចប្រជុំ​ក្នុង​អង្គការ​សហប្រជាជាតិ ស្ដីពី​ការ​ត្រួត​ពិនិត្យ​ឡើងវិញ​ជា​សកល​តាម​កាលកំណត់ (UPR) ជុំ​ទី ៤ កាលពី​ថ្ងៃទី ០៧ ខែឧសភា ថា​រដ្ឋាភិបាល ទីក្រុង​ហាណូយ​បាន​ធ្វើការ​យ៉ាង​ខ្ជាប់ខ្ជួន​ដើម្បី​អនុវត្ត​អនុសាសន៍​ដែល​បាន​ធ្វើឡើង​ក្នុង​អំឡុង​ការ​ត្រួត​ពិនិត្យ​ឡើង​វិញ​ជា​សកល​តាម​កាលកំណត់​ចុងក្រោយ​ក្នុង​ឆ្នាំ ២០១៩។ ការ​លើកឡើង​នេះ​ផ្ទុយ​នឹង​ទង្វើ​របស់​វៀតណាម ដែល​បន្ត​ធ្វើ​ទុក្ខបុកម្នេញ​ខ្មែរក្រោម។អនុប្រធាន​ទី​២ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ប្រចាំ​ទ្វីបអឺរ៉ុប លោក ត្រឹង សារុង ឱ្យ​ដឹង​ថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នឹង​បន្ត​ធ្វើ​បាតុកម្ម​នៅ​តាម​ប្រទេស​ផ្សេងៗ​នៅក្នុង​ទ្វីបអឺរ៉ុប និង​មាន​យុទ្ធនាការ​តស៊ូ​មតិ​ផ្សេងៗ ទៀត រហូត​ដល់​រដ្ឋាភិបាល​វៀតណាម​គោរព​សិទ្ធិ​ជនជាតិ​ដើម​ខ្មែរក្រោម​។ លោក ត្រឹង សារុង អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ​ផ្សេងៗ ទៀត​បន្ត​ចូលរួម និង​គាំទ្រ​យុទ្ធនាការ​ដើម្បី​នាំ​យក​បញ្ហា​សិទ្ធិមនុស្ស​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម​ឱ្យ​អន្តជាតិ​បាន​ដឹង។

លោក ត្រឹង សារុង៖ «យើង​ចង់​បង្ហាញ​ឱ្យ​គេ​ឃើញថា​រដ្ឋាភិបាល​កុម្មុយនិស្ត​យួន​ហ្នឹង តើ​គាត់​បាន​ធ្វើ​អី​ខ្លះ​មក​លើ​បងប្អូន​ខ្មែរក្រោម​យើង យើង​ចង់​បង្ហាញ​ឱ្យ​គេ​ឃើញ​កន្លែង​ហ្នឹង»

កាល​ពី​ថ្ងៃ​ទី៧ ខែ​ឧសភា បាតុករ​រាប់​រយ​នាក់​ដឹកនាំ​ដោយ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន​នាំ​បាតុករ​ធ្វើ​បាតុកម្ម​នៅ​មុខ​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ​នាទី​ក្រុង​ហ្សឺណែវ (Geneva) ប្រទេស​ស្វីស (Switzerland) ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ប្រទេស​វៀតណាម​ដោះលែង​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។