លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា រដ្ឋាភិបាលរបស់លោកនឹងប្រឹងប្រែងទប់ស្កាត់ការជួញដូរមនុស្សនៅកម្ពុជាឱ្យអស់ពីលទ្ធភាព ដើម្បីភាពសុខសាន្តរបស់ពលរដ្ឋ។ មន្ត្រីសង្គមស៊ីវិល យល់ថា ប្រសិនបើរដ្ឋាភិបាលនៅតែមិនចាត់វិធានការទៅលើមន្ត្រី ដែលប្រព្រឹត្តអំពើរលួយដូចសព្វថ្ងៃនោះ បញ្ហាការជួញដូរមនុស្សនឹងនៅតែកើតមានដដែល។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសក្នុងវេទិកាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦ នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ជ្រោយចង្វារ រាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៩ កញ្ញាថា ការជួញដូរមនុស្សដោយមួយផ្នែកកើតចេញល្បែងស៊ីសង ដូច្នេះរដ្ឋាភិបាលរបស់លោកនឹងទប់ស្កាត់ការជួយដូរមនុស្សនៅកម្ពុជាឱ្យមានប្រសិទ្ធភាព ដើម្បីភាពសុខសាន្តរបស់ពលរដ្ឋ។ លោកបញ្ជាក់ថា ចាប់ពីឆ្នាំនេះតទៅរដ្ឋាភិបាលកម្ពុជានឹងយកថ្ងៃទី២០ ខែសីហារៀងរាល់ឆ្នាំ ដើម្បីធ្វើទិវាជាតិអន្តរសាសនាប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនៅកម្ពុជា។ លោកថា ក្រសួងមហាផ្ទៃតែមួយមិនអាចធ្វើការងារនេះបានគ្រប់ជ្រុងជ្រោយនោះទេ ពោលគឺទាល់តែក្រសួងនិងស្ថាប័នពាក់ព័ន្ធធ្វើសកម្មភាពព្រមៗ គ្នាទើបទប់ស្កាត់ការជួញដូរមនុស្សបានជោគជ័យ៖ «ដែលវាបញ្ហាសាំញ៉ាំមិនមែនគ្រាន់តែកម្ពុជាដាច់ដោយឡែកទេ តែវាពាក់ព័ន្ធដែលខ្ញុំបានលើកអំបាញ់មិញ មានគ្រប់កន្លែងទាំងអស់នៅលើពិភពលោក គ្រាន់តែចិតនឹងច្រើនតែប៉ុណ្ណោះ។ ឯកម្ពុជាបើសិនជាមិនប្រយ័ត្នទេយើងនឹងក្លាយទៅជាទីកន្លែងសុវត្ថិភាពសម្រាប់ឧក្រិដ្ឋជនដែលមកធ្វើសកម្មភាពនៅក្នុងប្រទេសរបស់យើង។ ហើយយកប្រទេសយើងធ្វើជាឈ្នាន់សម្រាប់ផលិតគ្រឿងញៀន ដែលគេយកមកពីក្រៅតែមកផលិតនៅកម្ពុជា រួចហើយចែកចាយទៅវៀតណាម ទៅថៃនឹងចែកចាយទៅប្រទេសផ្សេងទៀត » ។
នេះគឺជាការប្រកាសដ៏កម្រមួយក្នុងការទទួលស្គាល់អំពើជួញដូរមនុស្ស និងប្ដេជ្ញាខំប្រឹងទប់ស្កាត់ឲ្យមានប្រសិទ្ធភាព ខណៈកន្លងមក រដ្ឋាភិបាលលោក ហ៊ុន សែន តែងតែច្រានចោលរបាយការណ៍រកឃើញនានា ដែលថា កម្ពុជាក្លាយជាសម្បុកជួញដូរមនុស្សពីក្នុងតំបន់អាស៊ាន ដើម្បីបង្ខំឲ្យធ្វើការងារឆបោកតាមប្រព័ន្ធអនឡាញ។
កន្លងមក ស្ថាប័នអន្តរជាតិមួយចំនួន ក៏រកឃើញថា លោក ហ៊ុន សែន រួមទាំងក្មួយរបស់លោក គឺលោក ហ៊ុន តូ ព្រមទាំងក្រុមមន្ត្រី និងឧកញ៉ាមួយចំនួន ដែលជិតស្និតជាមួយលោក ក៏មានជាប់ទំនាក់ទំនងជាមួយក្រុមមេឧក្រិដ្ឋជនជួញដូរមនុស្សដែលជាជនជាតិចិនដែរ។ ជាពិសេស អ្នកជំនួញចិនដែលពាក់ព័ន្ធរឿងឆបោក ក៏ធ្លាប់ផ្ដល់យន្តហោះទំនើបជូនលោក ហ៊ុន សែន ទៅប្រជុំនៅញូវយ៉ក (New York) ទៀតផង។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា សាទរនឹងវិធានការរបស់លោក ហ៊ុន សែន ទប់ស្កាត់ការជួញដូរនេះ ក៏ប៉ុន្តែលោកហាក់គ្មានជំនឿលើចំណាត់ការរបស់រដ្ឋាភិបាលនោះទេ។ លោកកត់សំគាល់ថា កន្លងមកលោកនាយករដ្ឋមន្ត្រីក៏ធ្លាប់បានសន្យាថា នឹងកាត់កលោកចោលប្រើសិនបើការពារព្រៃឈើនៅកម្ពុជាមិនបាន ក៏ប៉ុន្តែរហូតមកដល់ពេលនេះបទល្មើសព្រៃឈើនៅតែកើតមានដដែល។ លោក នី សុខា បន្តថា ចំពោះការដែលរដ្ឋាភិបាលកំណត់យកថ្ងៃទី២០សីហា ដើម្បីប្រារព្ធទិវាជាតិអន្តរសាសនា ដើម្បីប្រឆាំងការជួញដូរមនុស្សនោះ លោកថា នឹងមិនបានផលប្រយោជន៍អ្វីជាដុំកំភួននោះទេ ប្រសិនបើអាជ្ញាធរពាក់ព័ន្ធនៅតែគ្មានសកម្មភាពជាក់ស្ដែងជាប្រចាំ ដើម្បីទប់ស្កាត់ការជួញដូរមនុស្ស។ លោកបញ្ជាក់ថា មូលហេតុដែលមិនអាចទប់ស្កាត់ការជួញដូរមនុស្សនៅកម្ពុជាបាន ដោយសារតែការប្រព្រឹត្តអំពើពុករលួយ ហើយរដ្ឋាភិបាលមិនចាត់វិធានការមន្ត្រីខិលខូចទាំងនោះ៖ «ពីព្រោះអ្នកដែលជួញដូរមនុស្សជាក្រុមអ្នកមានមិនមែនអ្នកក្រីក្រទេ។ អាហ្នឹងទី១ ទី២ ភាពយុត្តិធម៌ជាពិសេសប្រព័ន្ធយុត្តិធម៌នៅកម្ពុជាគឺត្រូវតែដំណើរការឱ្យបាន កុំឱ្យមាននិទ្ទណ្ឌភាពនៅក្នុងប្រទេសកម្ពុជា ពីព្រោះថា បើសិនមាននិទ្ទណ្ឌភាពមានន័យថាអ្នកប្រព្រឹត្តនូវអំពើជួញដូរមនុស្សអ្នកដែលស៊ុមគ្រលុំពុករលួយនៅក្នុងអំពើជួញដូរមនុស្សអាចរួចខ្លួនពីសំណាញ់ច្បាប់អានេះក៏មិនអាចធានាបាននូវការទប់ស្កាត់នៃការជួញដូរមនុស្សបានដែរ » ។
ដោយឡែក សមាជិកក្រុមប្រឹក្សាអ្នកឃ្លាំមើលកម្ពុជាលោក រ៉ុង ឈុន មើលឃើញថា ផែនការរបស់លោក ហ៊ុន សែន ភាគច្រើនជាផែនការបែបពពុះសាប៊ូ ដែលមានសកម្មភាពតែមួយប្រាវ ក៏សាបរលាបទៅវិញ។ លោកបន្តថា បញ្ហានេះកើតឡើងដោយសារតែការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ ស្របពេលដែល លោក ហ៊ុន សែន មិនបានតាមដានការងាររបស់ខ្លួនដែលបានដាក់ជូនមន្ត្រីថ្នាក់ក្រោមឱ្យបានជាប់លាប់៖ «អ៊ីចឹងវាធ្វើឱ្យក្រុមហ៊ុនល្អៗ ហ្នឹងគេមិនពិចារណា ហើយអ្នកដែលគ្រោងមកវិនិយោគទុន អាហ្នឹងក៏គេរារែកក្នុងការមកវិនិយោគទុននៅកម្ពុជាដែរ។ អ៊ីចឹង វានៅសល់តែក្រុមហ៊ុន ដែលមិនល្អកេរ្តិ៍ឈ្មោះហ្នឹងចេះតែរកស៊ីទៅរំលោភល័ក្ខខ័ណ្ឌ ការងាររំលោភសិទ្ធកម្មកររំលោភអីសព្វបែបយ៉ាងអីចឹងទៅ។ ដូចក្រុមហ៊ុនណាហ្គាវើលដ៍មកដល់ឥឡូវនេះមិនទាន់ផ្ដល់ដំណោះស្រាយឱ្យកម្មករអី អាហ្នឹងវាសុទ្ធតែបញ្ហាហើយ » ។
មួយរយៈចុងក្រោយនេះរូបភាពនៃការជួញដូរមនុស្សនៅក្នុងប្រទេសកម្ពុជា មានលក្ខណៈទ្រង់ទ្រាយធំ និងកាន់តែសាហាវ។ របាយការណ៍ស្រាវជ្រាវរបស់ស្ថាប័នអន្តរជាតិ រកឃើញថា មេក្លោងជួញដូរមនុស្សភាគច្រើនជាជនចិន បានឃុំឃាំង ប្រើហិង្សា វាយដំ និងប្រើដំបងឆក ដើម្បីបង្ខំឲ្យជនជាតិខ្មែរ និងជនបរទេសជាច្រើនរួមមានជនជាតិថៃ (Thai) ម៉ាឡេ (Malaysian) ចិន (Chinese) តៃវ៉ាន់(Taiwan) ហ្វីលីពីន (Filipinos) និងវៀតណាម (Vietnamese) ធ្វើការងារឆបោកតាមបណ្ដាញអ៊ីនធឺណិតជុំវិញពិភពលោក។ ជនរងគ្រោះមួយចំនួន បានលោតទម្លាក់ពីលើអាគាររត់គេចចេញពីកន្លែងឃុំឃាំងទាំងនោះ។ អាជ្ញាធរប្រទេសមួយចំនួន ក៏បានជួយសង្គ្រោះពលរដ្ឋរបស់ខ្លួនចេញពីប្រទេសកម្ពុជាជាបន្តបន្ទាប់ដែរ។
ដោយឡែក កាលពីថ្ងៃទី១៩ ខែកក្កដា ក្រសួងការបរទេសអាមេរិក បានចេញរបាយការណ៍ស្តីពីការជួញដូរមនុស្សដោយបានទម្លាក់ចំណាត់ថ្នាក់កម្ពុជាមកកម្រិតទី៣ អាក្រក់បំផុត ពុំធ្លាប់មានតាំងពីឆ្នាំ២០១៥ មក និងក្រោយពេលដែលកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់កម្រិតទី២ ក្រោមការឃ្លាំមើលអស់រយៈពេល ៣ឆ្នាំជាប់ៗ គ្នាចាប់តាំងពីឆ្នាំ២០១៩ មក។
របាយការណ៍លើកឡើងថា រដ្ឋាភិបាលកម្ពុជាពុំបានគោរពតាមពេញលេញនូវស្តង់ដារអប្បបរមាដើម្បីលុបបំបាត់នូវអំពើជួញដូរមនុស្ស និងពុំបានខិតខំប្រឹងប្រែងគួរឱ្យកត់សម្គាល់ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សឡើយ។ របាយការណ៍ក៏បញ្ជាក់ថា អាជ្ញាធរកម្ពុជាពុំបានបើកការស៊ើបអង្កេត ឬនាំយកមន្ត្រីដែលជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋផ្អែកតាមសេចក្ដីរាយការណ៍គួរឱ្យជឿទុកចិត្តភាគច្រើន ជាពិសេសនៅពេលដែលពាក់ព័ន្ធនឹងក្រុមអាជីវករអសីលធម៌ ដែលបានបង្ខំឱ្យបុរស ស្ត្រី និងកុមាររាប់ពាន់នាក់នៅទូទាំងប្រទេសកម្ពុជាធ្លាក់ចូលក្នុងការជួញដូរមនុស្សក្នុងវិស័យសេវាកម្មកម្សាន្ត ឡឥដ្ឋ និងប្រតិបត្តិការបែបឆបោកនៅលើប្រព័ន្ធអ៊ីនធឺណិត ជាដើម។
មន្ត្រីអង្គការសង្គមស៊ីវិលជឿជាក់ថា ប្រសិនបើរដ្ឋាភិបាល នៅតែមិនចាប់មន្ត្រីដែលប្រព្រឹត្តអំពើពុករលួយមកផ្ដន្ទាទោសឱ្យបានធ្ងន់ធ្ងរតាមច្បាប់ទេនោះ កម្ពុជានឹងមានកេរ្តិ៍ឈ្មោះកាន់តែអាក្រក់នៅលើឆាកអន្តរជាតិ ជាពិសេសអាចនឹងមានដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចបន្ថែមទៀតមកលើកម្ពុជា៕
កំណត់សម្គាល់៖ អត្ថបទនេះ ត្រូវបានធ្វើបច្ចុប្បន្នភាពឡើងវិញ ដោយមានបញ្ចូលព័ត៌មានបន្ថែម។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។