លោក ហ៊ុន សែន ដាក់គោលដៅប្ដឹងអ្នកសារព័ត៌មានដែលស្រង់សម្ដីលោកបាត់ខ្លឹមសារ
2020.11.25
មេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន សម្ដែងការខឹងសម្បារចំពោះអ្នកសារព័ត៌មានមួយចំនួនដែលស្រង់សម្ភីលោកដោយដុំៗ ដែលលោកថា ធ្វើឱ្យបាត់ខ្លឹមសារដើម។ លោកថា លោកត្រូវប្រើវិធានការច្បាប់ដើម្បីចាត់ការអ្នកសារព័ត៌មានទាំងនោះ។ អ្នកជំនាញផ្នែកសារព័ត៌មានថា នេះជាសារគំរាមកំហែងថ្មីមួយទៀតប្រឆាំងនឹងអ្នកសារព័ត៌មាន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅថ្ងៃទី២៥ តុលាថា លោកមិនពេញចិត្តឡើយចំពោះអ្នកសារព័ត៌មានដែលច្បិចយកចំណុចខ្លីណាមួយនៃសុន្ទរកថារបស់លោក យកមកចុះផ្សាយ ធ្វើឱ្យមានការភ័ន្តច្រឡំ។ លោកចង់ឱ្យស្ថាប័នព័ត៌មានចាក់ផ្សាយសម្ដីរបស់លោកឱ្យបានពេញលេញ ដោយមិនត្រូវកាត់ច្រៀកសម្ដីទាំងនោះឡើយ។ លោកអះអាងថា មានករណីខ្លះ លោកត្រូវតែប្តឹងអ្នកសារព័ត៌មានដែលស្រង់សម្ដីលោកដោយខ្លីយកទៅផ្សាយ។ ជាឧទាហរណ៍ អ្នកសារព័ត៌មានអនឡាញម្នាក់ដែលយកសម្ដីលោកទៅបង្ហោះលើហ្វេសប៊ុក ទាក់ទងនឹងរឿងឱ្យអ្នករត់ម៉ូតូឌុបលក់ម៉ូតូចាយ បើក្ស័យធនក្នុងពេលវិបត្តិកូវីដ-១៩ នោះជាដើម៖ «កន្លែងខ្លះ ខ្ញុំក៏ត្រូវប្តឹងដែរ សម្ដីរបស់ខ្ញុំម៉ាគគោក ម៉េចក៏មិនយកទៅបង្ហោះ ទៅបង្ហោះអ្វីអាសារតែមួយដុំហ្នឹង? ខ្ញុំត្រូវប្ដឹងដែរ ព្រោះរឿងហ្នឹងមិនមែនរឿងធម្មតាពេក។ វារឿងបង្កើតទៅជាការញុះញង់ បង្កើតឱ្យមានចលាចល។ សម្ដីរបស់ខ្ញុំមិនអាចកាត់យកមួយកង់ៗទេ។ មិនខ្វះទេ ឥលូវគេកំពុងផ្សាយបន្តផ្ទាល់ យកមកចាក់ឡើងវិញមើល វាមានន័យយ៉ាងម៉េច»។
ជាងនេះទៅទៀត លោក ហ៊ុន សែន បានបញ្ជាឱ្យមន្ត្រីរបស់លោក ថតទុករាល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន។ លោកថា ក្នុងករណីដែលអ្នកសារព័ត៌មានផ្សាយខ្លឹមសារសម្ភាសនោះមិនអស់សេចក្ដី នោះប្រព័ន្ធឃោសនារបស់លោក ត្រូវចុះផ្សាយបទសម្ភាសនោះទាំងដុល។
ទោះជាយ៉ាងណា អ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយចាត់ទុកប្រសាសន៍របស់លោក ហ៊ុន សែន នេះថា ជាការគំរាមកំហែងថ្មីមួយទៀតលើសេរីភាពសារព័ត៌មាន និងការងាររបស់អ្នកសារព័ត៌មាន។
នាយកប្រតិបត្តិសម្ពន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា (CamboJA) លោក ណុប វី ពន្យល់ថា ប្រសិនបើអ្នកសារព័ត៌មានស្រង់សម្ដីប្រភពដោយមិនត្រឹមត្រូវ នោះត្រឹមតែជាកំហុសវិជ្ជាជីវៈប៉ុណ្ណោះ។ លោកថា ប្រភពអាចធ្វើលិខិតស្នើសុំឱ្យស្ថាប័នព័ត៌មានកែតម្រូវការចុះផ្សាយរបស់ខ្លួន ដោយមិនត្រូវប្ដឹងផ្ដល់ ឬចាប់អ្នកសារព័ត៌មានដាក់ពន្ធនាគារនោះឡើយ ព្រោះវាផ្ទុយពីច្បាប់របបសារព័ត៌មាន និងរដ្ឋធម្មនុញ្ញកម្ពុជា៖ «ដោយសារលោកជាប្រមុខដឹកនាំរដ្ឋាភិបាល មានតួនាទីខ្ពស់ ហើយណាមួយពាក្យសម្តីរបស់លោកមានអំណាចខ្លាំងទៅទៀត អ៊ីចឹងហើយបើនៅក្នុងករណីនៃការគំរាមប្ដឹងអ៊ីចឹង ក៏វាអាចថា ជាសារមួយដែលធ្វើឱ្យបងប្អូនអ្នកសារព័ត៌មានខ្លះហ្នឹងមានការព្រួយបារម្ភ គាត់ភ័យខ្លាច ឬមួយក៏គាត់មានការដាក់គំនាបខ្លួនគាត់នៅពេលដែលគាត់សរសេរព័ត៌មានដែរ»។
ចំណែក ការីនិពន្ធវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) លោក ពៅ មេត្តា វិញ លើកឡើងថា វិជ្ជាជីវៈសារព័ត៌មាន មានគោលការណ៍ និងក្បួនខ្នាតត្រឹមត្រូវ ជាពិសេសសម្រាប់សារព័ត៌មានឯករាជ្យ។ លោកសង្កេតឃើញថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែថ្លែងសុន្ទរកថារយៈពេលជាច្រើនម៉ោង ហើយក្នុងសុន្ទរកថានីមួយៗមានលាយឡំទៅដោយរឿងបុគ្គល រឿងគ្រួសារ និងរឿងរ៉ាវកាលពីអតីតកាល ដូច្នេះអ្នកសារព័ត៌មានមិនអាចយកសម្ដីទាំងនោះមកផ្សាយទាំងអស់បានឡើយ។ លោកបន្តថា ករណីខ្លះទៀត អ្នកសារព័ត៌មានសម្ភាសមន្ត្រីរដ្ឋាភិបាលដើម្បីបានការឆ្លើយតប ឬការបកស្រាយបន្ថែមលើចំណុចណាមួយ មិនមែនជាបទសម្ភាសដែលត្រូវយកមកចាក់ផ្សាយទាំងស្រុងនោះទេ។
លោក ពៅ មេត្តា បន្ថែមថា ប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី រឿងប្រើច្បាប់ដើម្បីឆ្លើយតបនឹងការងាររបស់អ្នកសារព័ត៌មាននោះ នឹងប៉ះពាល់ដល់ការបំពេញវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាននៅកម្ពុជា៖ «យន្តការភ្លាមៗ យើងដឹងហើយថា គួរតែមានការឱ្យពិនិត្យ មានការឱ្យចុះផ្សាយឡើងវិញ អាហ្នឹងដំណាក់កាលយើងមាន។ ប៉ុន្តែគាត់ហាក់ដូចជា យើងមើលករណីជាក់ស្ដែងរឿងនោះ គឺប្ដឹងភ្លាម ចាប់ភ្លាម រុញទៅតុលាការភ្លាម ឃុំខ្លួនភ្លាម ហើយវាចូលហើយ ក្នុងការគំរាម ធ្វើឱ្យសារព័ត៌មានផ្សេងៗទៀត គាត់ខ្លាចតែម្ដង»។
កាលពីដើមខែមេសា កន្លងទៅ អាជ្ញាធរបានចាប់ខ្លួននាយកសារព័ត៌មានអនឡាញ ធីវហ្វេសប៊ុក (TVFB) លោក សុវណ្ណ រិទ្ធី ក្រោយពីលោកបានស្រង់សម្ដីលោក ហ៊ុន សែន មកបង្ហោះលើហ្វេសប៊ុករបស់លោកថា «បើអ្នករត់ម៉ូតូឌុបក្ស័យធន លក់ម៉ូតូចាយសិនទៅ រដ្ឋាភិបាលគ្មានលទ្ធភាពជួយនោះទេ»។ អាជ្ញាធរចោទលោកថា ផ្សាយព័ត៌មានមានចរិតញុះញង់ បង្កឱ្យប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម។ តុលាការបានកាត់ទោសអ្នកសារព័ត៌មានរូបនេះឱ្យជាប់ពន្ធនាគារចំនួន១៨ ខែ ដោយអនុវត្តទោស៥ ខែ និង២៨ ថ្ងៃ ហើយទោសនៅសល់ត្រូវព្យួរ។ សង្គមស៊ីវិលជាតិ និងអន្តរជាតិបានថ្កោលទោសករណីនេះថា ជារឿងអយុត្តិធម៌ ព្រោះលោក សុវណ្ណ រិទ្ធី ត្រឹមតែដកស្រង់សម្ដីផ្ទាល់របស់លោក ហ៊ុន សែន មកផ្សាយជាសាធារណៈ មិនបានបំភ្លៃពាក្យពេចន៍ ឬខ្លឹមសារអ្វីឡើយ។
អង្គការជាតិ និងអន្តរជាតិវាយតម្លៃថា សេរីភាពសារព័ត៌មាននៅកម្ពុជាបានធ្លាក់ចុះជាលំដាប់ចាប់តាំងពីចុងឆ្នាំ២០១៧ រហូតមក បន្ទាប់ពីរបបក្រុងភ្នំពេញ បានបិទស្ថាប័នព័ត៌មានឯករាជ្យ និងប្រេកង់វិទ្យុមួយចំនួន ចាប់ខ្លួនអតីតអ្នករាយការណ៍ព័ត៌មានអាស៊ីសេរីទាក់ទងនឹងអំពើចារកម្ម ចោទប្រកាន់ និងផ្ដន្ទាទោសអ្នកកាសែតពីបទញុះញង់ ព្រមទាំងការរឹតត្បិតសេរីភាពបញ្ចេញមតិលើប្រព័ន្ធអ៊ីនធឺណិត ជាដើម។ ការបង្ក្រាបលើសេរីភាពសារព័ត៌មាននេះ ធ្វើឡើងក្នុងបរិបទនៃការរំលាយគណបក្សសង្គ្រោះជាតិ និងការកម្ចាត់សំណល់របស់គណបក្សប្រឆាំងធំជាងគេមួយនេះ ដើម្បីធានាជ័យជម្នះផ្ដាច់មុខ និងការកាន់អំណាចយូរអង្វែងតទៅមុខទៀតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។