ក្រុម​អ្នក​សារព័ត៌មាន​ឯករាជ្យ ស្នើ​ឱ្យ​រដ្ឋាភិបាល​ពន្លឿន​ការ​អនុម័ត​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ដើម្បី​លើក​កម្ពស់​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត

ក្រុម​អ្នក​សារព័ត៌មាន​ឯករាជ្យស្នើសុំ​ឱ្យ​រដ្ឋាភិបាល​ពន្លឿន​អនុម័ត​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មានដើម្បី​លើក​កម្ពស់​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពិតនិង​បញ្ហា​នៅ​ក្នុង​សង្គម។ការ​លើក​ឡើង​នេះ​ធ្វើ​ឡើងបន្ទាប់​ពី​លោក ហ៊ុន សែន ថ្លែង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថាច្បាប់​ស្ដី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាននឹង​ត្រូវ​អនុម័ត​នៅ​ក្នុង​អាណត្តិ​ទី៧។

ការ​អនុម័ត​ច្បាប់​ស្ដី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មានមិន​ត្រឹមតែ​លើក​កម្ពស់​សិទ្ធិ​អ្នក​សារព័ត៌មាន​ប៉ុណ្ណោះ​ទេតែ​ក៏​នឹង​លើក​កម្ពស់​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​ដើម្បី​ដោះស្រាយ​បញ្ហា​នៅ​ក្នុង​សង្គម​ជាតិ​ផង​ដែរ។

អ្នក​សារព័ត៌មាន​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក វីអូអេ (VOA) លោក ស៊ុន ណារិន ប្រាប់​វិទ្យុអាស៊ីសេរី​ថារដ្ឋាភិបាល​គួរ​ពន្លឿន​ការ​អនុម័ត​ច្បាប់​ស្ដី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ឱ្យ​បាន​ឆាប់ដើម្បី​បង្ក​ភាព​ងាយ​ស្រួល​ដល់​អ្នក​សារព័ត៌មាន​វិជ្ជាជីវៈអាច​បំពេញ​ការងារ​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធិ​ភាព។លោក​បន្ថែម​ថាការ​លើក​ឡើង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជំរុញ​ឱ្យ​អ្នក​សារព័ត៌មាន​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​បញ្ហា​អំពើ​ពុក​រលួយឬ​ភាព​អសកម្ម​របស់​មន្ត្រី​រាជការ​ក្នុង​ការ​បំពេញ​ការងារនឹង​មិន​មាន​ប្រសិទ្ធិ​ភាព​ឡើយខណៈ​ច្បាប់​ស្ដី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នៅ​តែ​មិន​ទាន់​មាន​នៅ​ឡើយ។ ទោះ​ជា​យ៉ាង​ណា លោក ស៊ុន ណារិន សំណូមពរ​ដល់​អាជ្ញាធរ​ឱ្យ​បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​អ្នក​សារព័ត៌មានដែល​នឹង​ចុះ​យក​ព័ត៌មាន​នៅ​ពេល​បោះ​ឆ្នោត​ក្នុង​ខែកក្កដាឆ្នាំ២០២៣​នេះ៖

«ខ្ញុំ​លើក​ទឹក​ចិត្ត​ឱ្យ​អាជ្ញាធរ​មាន​ការ​គោរព​ការងារ​របស់​សារព័ត៌មាន ប្រសិន​បើ​គាត់​ចុះ​ទៅ​តាម​បណ្ដា​ខេត្ត​កុំ​មាន​ការ​គំរាម​កំហែង នៅ​ថ្ងៃ​បោះ​ឆ្នោត​អនុញ្ញាត​ឱ្យ​គាត់​ចូល​រាយការណ៍​ការ​បោះឆ្នោត​ដោយ​សេរី នៅ​មុន​ការ​បោះឆ្នោត សុំ​កុំ​មាន​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​សារព័ត៌មាន ដូច​ថា​មិន​មាន​ការ​ឱ្យ​ជួល​ម៉ោង​ផ្សាយ ឬ​ក៏​ពាក្យ​បណ្ដឹង​អ្វី​ទៅ​កាន់​សារព័ត៌មាន ដែល​គាត់​ហ៊ាន​ធ្វើ​ព័ត៌មាន​រសើប ព័ត៌មាន​ដែល​មាន​ប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​បោះ​ឆ្នោត​នៅ​ក្នុង​ការ​សម្រេច​ចិត្ត»។

ការ​ស្នើ​សុំ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​នៅ​ក្នុង​ពិធី​សំណេះ​សំណាល​ជា​មួយ​អ្នក​សារព័ត៌មាន​ដោយ​ផ្ទាល់​លើក​ទី៥កាល​ពី​ថ្ងៃ​ទី១៥ ខែមករា ថា រដ្ឋាភិបាល​គ្រោង​នឹង​អនុម័ត​ច្បាប់​ស្ដី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ឱ្យ​បាន​នៅ​ក្នុង​អាណត្តិ​ទី៧ ដោយ​លោក​អះអាង​ថាសេចក្ដី​ព្រាង​ច្បាប់​នេះ កំពុង​ស្ថិត​នៅ​ដំណាក់​កាល​ត្រួត​ពិនិត្យ​នៅ​ក្រសួង​យុត្តិធម៌លើ​ផ្នែក​ដាក់​ទោសនិង​ពិន័យ​លើ​អ្នក​រំលោភ​បំពាន​ច្បាប់​នេះ៖

«យើង​រំពឹង​ថា ច្បាប់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន នឹង​ចេញ​នៅ​អាណត្តិ​ទី​៧​ក្រោយ​ការ​បោះឆ្នោត គឺ​អាច​ថា​ប្រាកដ​ជា​ក្នុង​ចន្លោះ​ឆ្នាំ២០២៤ ឬ២០២៥។ យើង​ចង់​ប្រមូល​ផ្ដុំ​នូវ​មតិ​យោបល់​ទាំង​ឡាយ​ពី​គ្រប់​ទិស​ទី ដើម្បី​ឱ្យ​ច្បាប់​មួយ​នេះ​ចេញ​ទៅ​បាន​ផល​ប្រយោជន៍​ទាំង​អស់​គ្នា»។

ជាមួយ​គ្នា​នេះលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ផ្ដល់​អនុសាសន៍​៨ចំណុច​ដល់​ក្រសួងអាជ្ញាធរ​រាជធានី​ខេត្តនិង​អ្នក​សារព័ត៌មាន​អនុវត្ត​ដើម្បី​លើក​កម្ពស់​វិស័យ​ព័ត៌មាន។ អនុសាសន៍​ទាំង​នោះ​រួម​មាន ជំរុញ​ឱ្យ​អ្នក​សារព័ត៌មាន​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​អំពើ​ពុករលួយនិង​ភាព​អសកម្ម​របស់​មន្ត្រីរាជការលុប​បំបាត់​ព័ត៌មាន​មិន​ពិតនិង​ព័ត៌មាន​ក្លែងក្លាយនិង​រួមគ្នា​ផ្សព្វផ្សាយ​ពី​ការ​ចាក់​វ៉ាក់សាំង កូវីដ ១៩ ជាដើម។ ទោះ​ជា​យ៉ាង​ណាការ​សំណេះ​សំណាល​ជា​មួយ​អ្នក​សារព័ត៌មាន​នេះលោក​នាយករដ្ឋមន្ត្រីមិន​បាន​ផ្ដល់​ឱកាស​ដល់​អ្នក​សារព័ត៌មាន​ឯករាជ្យ​បង្ហាញ​ពី​ក្ដី​កង្វល់និង​ការ​លំបាក​របស់​ពួកគេ​ក្នុង​ពេល​បំពេញ​ការងារ​យក​ព័ត៌មាន​ឡើយជាពិសេស​បញ្ហា​អាជ្ញាធរ​ដែល​មិន​សហការ​ជាមួយ​អ្នក​សារព័ត៌មាន។ អ្នក​សារព័ត៌មាន​ប្រមាណ​៥.០០០នាក់ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះភាគ​ច្រើន​គឺជា​អ្នក​សារព័ត៌មាន​ដែល​មាន​និន្នាការ​គាំទ្រ​រដ្ឋាភិបាល។

ជុំវិញ​រឿង​នេះអ្នក​សារព័ត៌មាន​សំឡេង​ប្រជាធិបតេយ្យ លោក ហ៊ី ឆាយ យល់​ឃើញ​ថាការ​លើក​ឡើង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ណែនាំ​ឱ្យ​អាជ្ញាធរ​កុំ​ចាត់​ទុក​អ្នក​សារព័ត៌មាន​គឺជា​សត្រូវនឹង​មិន​មាន​ប្រសិទ្ធិ​ភាព​ឡើយ។លោក​អះអាង​ថាក្រុម​អាជ្ញាធរ​នៅ​តែ​បន្ត​គំរាម​កំហែង​ម្ដង​ម្កាល​មក​លើ​រូប​លោកតាម​រយៈ​ការ​ប្រើប្រាស់​ពាក្យ​សំដី​មិន​សមរម្យនិង​ហាម​ឃាត់​មិន​ឱ្យ​ចូល​យក​ព័ត៌មាន​នៅ​កន្លែង​កើត​មាន​បញ្ហា​រំលោភ​សិទ្ធិមនុស្ស។ក្នុង​នាម​ជា​អ្នក​សារព័ត៌មានដែល​ធ្លាប់​បាន​រង​អំពើ​ហិង្សា​ពី​ក្រុម​កង​អង្គ​រក្ស​លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ពេល​ចុះ​យក​ព័ត៌មាន​នៅ​តំបន់​ភ្នំ​តាម៉ៅ​កាល​ពីឆ្នាំ២០២២កន្លង​ទៅ លោក ហ៊ី ឆាយ បន្ថែម​ថាដើម្បី​បង្ហាញ​ឆន្ទៈ​ថា​រដ្ឋាភិបាល​ចង់​លើក​កម្ពស់​សេរីភាព​សារព័ត៌មាននិង​ការ​គោរព​សិទ្ធិ​អ្នក​សារព័ត៌មាន​ពិត​មែន​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាលត្រូវ​ជំរុញ​ឱ្យ​អនុម័ត​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មានឱ្យ​បាន​ឆាប់ៗប្រសើរ​ជាង​គ្រាន់​តែ​និយាយ​តែ​មាត់។

ចំណែក ​នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ខេមបូចា (CamboJA) លោក ណុប វី គាំទ្រ​ចំពោះ​ការ​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​ពន្លឿន​ការ​អនុម័ត​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​សារព័ត៌មាន​ព្រោះ​អ្នក​សារព័ត៌មាន​វិជ្ជាជីវៈ​អាច​ប្រើ​ច្បាប់​នេះ​ជា​មូលដ្ឋានដើម្បី​ស្នើនិង​ទទួល​បាន​ស្រប​ច្បាប់​នូវ​ព័ត៌មាន​ចាំបាច់​ពី​ស្ថាប័ន​សាធារណៈ​របស់​រដ្ឋ ដើម្បី​សរសេរ​ព័ត៌មាន​បែប​ស្រាវជ្រាវ​ជា​ប្រយោជន៍​ជាតិ។លោក​បន្ថែម​ថាអ្នកសារព័ត៌មាន​មាន​តួនាទី​សំខាន់​ក្នុង​ការ​នាំ​យក​បញ្ហា​នៅ​ក្នុង​សហគមន៍​ផ្សព្វផ្សាយ​ទៅ​ដល់​សាធារណជននិង​ភាគី​ពាក់ព័ន្ធ​ឱ្យ​បាន​ដឹងនិង​រក​ដំណោះ​ស្រាយ​ទៅ​លើ​បញ្ហា​នោះ។ លោកថា អាជ្ញាធរ និង​ភាគី​ពាក់ព័ន្ធ​នានាមិន​ត្រូវ​រើស​អើងឬ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​អ្នក​សារព័ត៌មាន​នោះ​ឡើយ៖

«ទាក់ទង​ជា​មួយ​ការ​ប្រើប្រាស់​អំពើ​ហិង្សា ការ​ប្រើប្រាស់​ពាក្យ​សំដី​ប្រមាថ ឬ​មួយ​ការ​ប្រើប្រាស់​ពាក្យ​អសុរោះ​អី​ហ្នឹង គឺ​យើង​មិន​គួរ​ប្រើ​ទេ ជា​ពិសេស​ទៅ​លើ​អ្នក​សារព័ត៌មាន ដែល​គាត់​មាន​តួនាទី​មួយ បម្រើ​សាធារណៈ​ជន​ទូទៅ ហើយ​មាន​តួនាទី​ដូច​អ្នក​បញ្ជូន​សារ​អញ្ចឹង គឺ​គាត់​មិន​គួរ​មាន​សត្រូវ​ទេ»។

អង្គការ​អ្នក​រាយការណ៍​គ្មាន​ព្រំដែន (Reporters Without Borders) បាន​ចេញ​ផ្សាយ​របាយការណ៍​ស្ដី​ពី​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ពិភព​លោក​សម្រាប់​ឆ្នាំ២០២២បាន​រក​ឃើញ​ថា​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​នៅ​តែ​មាន​ការ​រឹតត្បិតដោយ​កម្ពុជា​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​រៀង​ទី​១៤២ក្នុង​ចំណោម​ប្រទេស​ចំនួន​១៨០។

ក្រុម​អ្នក​សារព័ត៌មាន អង្គការ​សិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ​នៅ​តែ​បន្ត​រិះគន់ រដ្ឋាភិបាល​កម្ពុជា​ថា មាន​ចេតនា​ពន្យារ​ពេល​ម្ដង​ហើយ​ម្ដង​ទៀត ក្នុង​ការ​អនុម័ត​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន គោល​ដៅ​​បន្ត​រឹតត្បិត​សេរីភាព​សារព័ត៌មាន។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​សន្យា​នៅ​ចំពោះ​មុខ​អ្នកសារព័ត៌មាន​ប្រមាណ​៦ពាន់​នាក់​កាល​ពី​ឆ្នាំ២០២០ថា លោក​នឹង​ជំរុញ​ឲ្យ​ច្បាប់​ស្ដីពី​សិទ្ធ​ទទួល​បាន​ព័ត៌មាន​​ចេញ​ជា​រូបរាង​នៅ​ត្រឹម​ឆ្នាំ២០២០ ប៉ុន្តែ​ក្នុង​ពេល​ជួប​អ្នកសារព័ត៌មាន​ថ្មីៗ​នេះ លោក​បែរ​ជា​លើក​ឡើង​ថា ច្បាប់​នេះ​នឹង​ត្រូវ​អនុម័ត​នៅ​អាណត្តិ​ទី៧ ពោល​គឺ​នៅ​ក្នុង​ឆ្នាំ២០២៤ ឬ២០២៥ ទៅវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។