អង្គការនិងសមាគមអ្នកសារព័ត៌មានចំនួន ៤ស្ថាប័ន អំពាវនាវឲ្យក្រសួងព័ត៌មានស្ដារឡើងវិញ នូវសិទ្ធិរបស់អ្នកសារព័ត៌មាន ក្នុងការចូលទៅយកព័ត៌មានដោយសុវត្ថិភាព នៅតំបន់ក្រហម ក្នុងរាជធានីភ្នំពេញ។
ប្រធានសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA) លោក ណុប វី ប្រាប់អាស៊ីសេរីនៅព្រលប់ថ្ងៃទី៦ ឧសភាថា ក្រុមអ្នកសារព័ត៌មានទទូចដល់ក្រសួងព័ត៌មានឲ្យពិនិត្យឡើងវិញ នូវការអនុញ្ញាតឲ្យប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអ្នកសារព័ត៌មានឯករាជ្យមិនមានស្ថាប័ន (Freelance Journalists) ដែលមានប័ណ្ណបញ្ជាក់អត្តសញ្ញាណនៅមានសុពលភាព អាចបំពេញមុខងាររបស់ពួកគេបាន ដោយចុះទៅយកព័ត៌មាននៅតំបន់ក្រហម៖ « យើងយល់ឃើញថា ការចេញសេចក្ដីជូនដំណឹងនេះ គឺបន្តដាក់សម្ពាធ និងការរឹតត្បិតចំពោះការងាររបស់អ្នកសារព័ត៌មាន ដោយសារកន្លងមក ក្រសួងព័ត៌មាន អនុញ្ញាតឲ្យអ្នកសារព័ត៌មានមួយចំនួន ឲ្យទៅយកព័ត៌មាននៅតំបន់បិទខ្ទប់។ ដូចនេះយើងយល់ឃើញថា ការអនុញ្ញាតឲ្យចុះទៅយកព័ត៌មាននៅតំបន់ក្រហម ជាតួនាទីរបស់អ្នកសារព័ត៌មាន ដែលមិនអាចខ្វះបាន និងតម្រូវការប្រជាពលរដ្ឋ ដែលត្រូវការទទួលបាននូវព័ត៌មាន »។
សេចក្ដីថ្លែងការណ៍របស់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃទី៦ ខែឧសភា បញ្ជាក់ថា ពួកគេបានត្រៀមខ្លួនទទួលយកហានិភ័យនិងចាត់វិធានការការពារខ្លួន ដែលចាំបាច់ ដើម្បីចុះយកព័ត៌មានក្នុងតំបន់ក្រហម ទៅតាមវិធីដែលអាចការពារខ្លួនពួកគេ និងការពារសុវត្ថិភាពសាធារណៈបាន។ សេចក្ដីថ្លែងការណ៍បន្តថា ការរឹតត្បិតសិទ្ធិអ្នកសារព័ត៌មានឯករាជ្យមួយចំនួននេះ គឺជាការរឹតត្បិត ដែលធ្វើឲ្យប៉ះពាល់ដល់ការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាល ក្នុងកិច្ចការពារសេរីភាពសារព័ត៌មាន និងការទទួលបានព័ត៌មាន។
ក្រុមអ្នកសារព័ត៌មានទាំងនោះរួមមាន សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(CamboJA) មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) សហព័ន្ធអ្នកសារព័ត៌មានអន្តរជាតិ (IFJ) និង ក្លឹមអ្នកសារព័ត៌មានបរទេសនៃកម្ពុជា(OPCC)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។