ក្រសួងព័ត៌មាន អនុញ្ញាតឲ្យក្រុមអ្នកកាសែតឯករាជ្យបង្កើតសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា «ខេមបូចា» (CamboJA=Cambodian Journalist Alliance)។ អ្នកកាសែតភាគច្រើន ជាពិសេសក្រុមអ្នកកាសែត ឯករាជ្យ សម្ដែងការគាំទ្រ និងសង្ឃឹមថា សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា នឹងដើរតួនាទីសំខាន់ក្នុងការជួយពង្រឹងសេរីភាពសារព័ត៌មាន និងការពារអ្នកសារព័ត៌មាន។
សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជានេះ បង្កើតឡើងដោយក្រុមអ្នកកាសែតឯករាជ្យនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីមើលឃើញថា សមាគម និងក្លឹបអ្នកកាសែតកន្លងមកជាប់ពាក់ព័ន្ធ នឹងនិន្នាការនយោបាយ មិនបានបំពេញតួនាទីឲ្យបានសកម្ម និងត្រឹមត្រូវក្នុងការជួយអ្នកសារព័ត៌មាន ក្នុងពេលមានយុទ្ធនាការបង្ក្រាបលើប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានឯករាជ្យនៅកម្ពុជា។
ប្រធានសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា លោក ម៉ៃ ទិត្យថារ៉ា ដែលជាអ្នកសារព័ត៌មានស៊ើបអង្កេតល្បី ឈ្មោះមួយរូបមានប្រសាសន៍ថា សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា «ខេមបូចា» គឺជាស្ថាប័នអង្គការអ្នកសារព័ត៌មាន ដែលមានវិជ្ជាជីវៈ ឯករាជ្យ មិនមាននិន្នាការ ឬមិនធ្វើសកម្មភាពលំអៀង ទៅរកគណបក្សនយោបាយ។ លោកបន្តថា «ខេមបូចា»នឹងធ្វើសកម្មភាព ដើម្បីពង្រឹងវិជ្ជាជីវៈសារព័ត៌មាន ពង្រឹងសេរីភាពអ្នកសារព័ត៌មាន ពង្រឹងឯករាជ្យភាពរបស់ប្រព័ន្ធផ្សព្វផ្សាយ និងអំណាចសារព័ត៌មាន និងដើម្បីការពារអ្នកសារព័ត៌មាន៖ «អ្វីដែលយើងធ្វើសព្វថ្ងៃនេះ គឺយើងចង់លើកទឹកចិត្តទៅដល់ អ្នកសារព័ត៌មានថា យើងធ្វើការទាំងអស់គ្នាប្រកបដោយវិជ្ជាជីវៈ និងមិនមានការភ័យខ្លាច ហើយ ខេមបូចា យើងនឹងដើរតួនាទីជួយពួកគាត់ពង្រឹងផ្លូវចិត្តពួកគាត់ឲ្យពួកគាត់ធ្វើការដោយឯករាជភាព។ យើងពង្រឹងវិជ្ជាជីវៈតាមរយៈការបណ្ដុះបណ្ដាលវគ្គសិក្សាខ្លីៗ ដើម្បីឲ្យពួកគាត់យល់ដឹងអំពីក្រមសីលធម៌ អ្នកសារព័ត៌មាន របៀបសរសេររឿងបែបស៊ើបអង្កេត បែបបទយកការណ៍ជាដើម។ មួយទៀត បើអ្នកសារព័ត៌មានដែលធ្លាប់ធ្វើការដោយវិជ្ជាជីវៈហើយគាត់មានបញ្ហាអីកើតឡើង យើងនឹងសិក្សាផ្លូវច្បាប់ និងផ្ដល់មេធាវីការពារក្តីជូនគាត់»។
លោក ម៉ៃ ទិត្យថារ៉ា ឲ្យដឹងថា សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជានេះ នឹងទទួលយកអ្នកសារព័ត៌មានទាំងអស់ដោយគ្មានការរើសអើងក្នុងនោះក៏មានអ្នកសារព័ត៌មានពលរដ្ឋផងដែរ។ អ្នកសារព័ត៌មានរូបនេះ បញ្ជាក់ថា ស្ថាប័នអង្គការអ្នកសារព័ត៌មានមួយនេះ ប្រើប្រាស់ថវិកាខ្លួនឯង និងកំពុងរកជំនួយពីអង្គការដៃគូ ដែលធ្វើការលើកស្ទួយវិស័យសារព័ត៌មានឯករាជ្យ ប៉ុន្តែមិនទទួលលុយជំនួយពីរដ្ឋាភិបាល ឬគណបក្សនយោបាយនោះទេ៖ « ចំពោះថវិកាសព្វថ្ងៃនេះ យើងប្រើប្រាស់ថវិការបស់គណៈកម្មការនាយករបស់យើង គឺគណៈកម្មការនាយកបង់ប្រចាំឆ្នាំ។ បន្ទាប់មកយើងនឹងយកថវិការបស់សមាជិករបស់យើងមកប្រើប្រាស់ ហើយយើងកំពុងសម្លឹងមើល និងសហការជាមួយដៃគូដែលគាត់ធ្វើការ លើកស្ទួយសេរីភាពសារព័ត៌មាននិងការពារអ្នកសារព័ត៌មាន»។
ក្រុមអ្នកសារព័ត៌មានភាគច្រើន ជាពិសេស អ្នកសារព័ត៌មានឯករាជ្យ បានសម្ដែងការគាំទ្រ ចំពោះការបង្កើតសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជានេះ ខណៈដែលការបង្កើតក្លឹប ឬសមាគមអ្នកកាសែតមុនៗ ពួកគេមិនសូវចាប់អារម្មណ៍នោះទេ ថែមទាំងរិះគន់ទៀតផង។
អ្នកកាសែតមកពីវិទ្យុវីអូឌី (VOD) របស់មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) លោក ពៅ មេត្តា លើកឡើងថា ការបង្កើតសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជានេះ គឺមានភាពចាំបាច់ ទោះបីជាសមាគម និងក្លឹបអ្នកកាសែតច្រើនហើយក៏ដោយ។ លោកកត់សម្គាល់ថា សមាគម និងក្លឹប អ្នកកាសែតទាំងនោះ មិនបានបំពេញតួនាទីឲ្យបានសកម្ម និងឆ្លើយតបឲ្យបានគ្រប់គ្រាន់នោះទេ ក្នុងពេលរដ្ឋាភិបាលបង្ក្រាបទៅលើប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានឯករាជ្យតាំងពីឆ្នាំ២០១៧ ដូចជា បិទកាសែត ឌឹ ខេមបូឌា ដេលី ចាប់ខ្លួនអ្នកយកព័ត៌មានអាស៊ីសេរី ហើយអ្នកសារព័ត៌មានមួយចំនួន ត្រូវបានគំរាមកំហែង ព្រមទាំងឈប់ផ្ដល់កាតសម្គាល់អ្នកសារព័ត៌មានជាដើម។ ប៉ុន្តែសមាគម និងក្លឹបអ្នកកាសែតទាំងនោះ បែរជានៅស្ងប់ស្ងាត់ទៅវិញ៖ « ខ្ញុំសង្ឃឹមថា ក្រុមថ្មីនេះ នឹងដើរតួនាទីសំខាន់ក្នុងការជួយ ពង្រឹងសមត្ថភាពវិជ្ជាជីវៈក្នុងការផ្ដល់ព័ត៌មានពិតដល់ប្រជាពលរដ្ឋ ព្រោះយើងដឹងហើយថា មនុស្ស កាលណាទទួលបានព័ត៌មានពិត នឹងទទួលបានចំណេះដឹងពិត និងការសម្រេចចិត្តត្រឹមត្រូវ។ បើកាលណាមនុស្សទទួលបានព័ត៌មានមិនពិត ជាព័ត៌មានកុហក នាំឲ្យការសម្រេចចិត្តខុសនិង ចំណេះដឹងរបស់គាត់មិនច្បាស់។ ដូច្នេះសង្ឃឹមថា ក្រុមនេះនឹងជំរុញដល់អ្នកសារព័ត៌មានផ្ដល់ពិត ដល់ប្រជាពលរដ្ឋ ហើយការពារដល់អ្នកសារព័ត៌មាននោះផង ព្រោះថា បើអ្នកសារព័ត៌មាននោះ ត្រូវបានគំរាមកំហែង បាត់បង់សិទ្ធិមួយចំនួន តើគាត់មានឱកាស និងលទ្ធភាពណាទៅផ្ដល់ព័ត៌មាន ដល់សាធារណជន»។
មិនខុសគ្នាប៉ុន្មានឡើយ ស្ថាបនិកគេហទំព័រសារព័ត៌មានខ្មែរណាស់ លោក ជា ធិរិទ្ធិ លើកឡើងថា ការបង្កើតសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជានេះ ធ្វើឲ្យលោកភាពកក់ក្ដៅក្នុងការប្រកបវិជ្ជាជីវៈ ជាអ្នក សារព័ត៌មាន។ លោកមើលឃើញថា ថ្នាក់ដឹកនាំនិងស្ថាប័នមួយនេះមានគោលដៅនិងឆន្ទៈពិត ប្រាកដក្នុងការជួយជ្រោមជ្រែងអ្នកសារព័ត៌មានឯករាជ្យខុសពីស្ថាប័នមុនៗ ដែលមានការខ្លាចរអា មិនហ៊ានជួយអ្នកសារព័ត៌មានពិតប្រាកដនោះទេ៖ « យើងស្វាគមន៍នឹងរីករាយមែនទែន។ ខ្ញុំសង្ឃឹមថា ខេមបូចា នឹងក្លាយជាស្ថាប័នសំខាន់មួយក្នុងការការពារសិទ្ធិសេរីភាពរបស់អ្នកសាព័ត៌មាន ដែល បំពេញវិជ្ជាជីវៈត្រឹមត្រូវក្នុងប្រទេសរបស់យើង ព្រោះកន្លងមកយើងដឹងថា មានស្ថាប័នជាច្រើន អះអាងថា ខ្លួនជាអ្នកការពារអ្នកកាសែត ប៉ុន្តែធាតុពិតជាក់ស្ដែង ខ្ញុំឃើញផ្ទាល់ គឺស្ថាប័នទាំងនោះ មិនបានធ្វើការងារខ្លួនដោយត្រឹមត្រូវឡើយ ព្រោះពួកគាត់ភាគច្រើនមាននិន្នាការផ្សេងៗ ដែលគាត់មិន អាចការពារអ្នកសារព័ត៌មានវិជ្ជាជីវៈ ដែលជួបបញ្ហានោះទេ។ ជាក់ស្ដែងករណីអ្នកកាសែតអាស៊ីសេរី គឺមានតែអ្នកកាសែតក្មេងៗ ជំនាន់ក្រោយមួយចំនួន អ្នកកាសែតប្រកបវិជ្ជាជីវៈមួយចំនួនប៉ុណ្ណោះ សុខចិត្តដើរផ្ដិតមេដៃ ដើម្បីគាំទ្រ និងបង្ហាញជំហរការពារអ្នកកាសែតគ្នាឯង នៅពេលដែលមានបញ្ហា»។
ការបង្កើតសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា«ខេមបូចា» (CamboJA) ដោយក្រុមអ្នកកាសែត ឯករាជ្យនេះ គឺចំពេលដែលមានការរិះគន់ខ្លាំងៗ ថា សេរីភាពសារព័ត៌មាននៅកម្ពុជារយៈពេល ២ឆ្នាំចុងក្រោយនេះអាក្រក់ខ្លាំង ដោយសារតែគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន ព្យាយាមកម្ចាត់ប្រព័ន្ធផ្សព្វផ្សាយដែលរិះគន់ខ្លួន។ សន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០១៩ ដែលចេញផ្សាយដោយអង្គការអ្នករាយការណ៍គ្មានព្រំដែន (Reporters Without Border) បង្ហាញថា កម្ពុជាជាប់លេខ ១៤៣ ដែលមានន័យថា ចំណាត់ថ្នាក់នេះ កម្ពុជានៅតែស្ថិតក្នុងចំណោមប្រទេសដែលមានស្ថានភាពលំបាកផ្នែកសេរីភាពសារព័ត៌មាន។ រីឯអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បានចេញសេចក្ដីថ្លែងការណ៍ កាលពីខែកក្កដាថា របបលោក ហ៊ុន សែន នៅតែចាត់ទុកអ្នកសារព័ត៌មានជាចំណាប់ខ្មាំង ដើម្បីដាក់ទណ្ឌកម្មអ្នក ដែលហ៊ានរិះគន់របបរបស់លោក។ អង្គការអន្តរជាតិនេះ អំពាវនាវឱ្យរដ្ឋាភិបាលបរទេស និងម្ចាស់ជំនួយ ចាត់ទុកសេរីភាពសារព័ត៌មានរបស់កម្ពុជាថា បានស្លាប់ដូចគ្នានឹងលទ្ធិប្រជាធិបតេយ្យដែរ ហើយជំរុញរបបក្រុងភ្នំពេញ ឱ្យទម្លាក់ចោលការចោទប្រកាន់មិនសមទំនងនេះលើអ្នកសារព័ត៌មាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។