ក្រសួង​ព្រមាន​អ្នក​សារ​ព័ត៌មាន ឲ្យ​ឈប់​ចូល​​យក​ព័ត៌មាន​ក្នុង​តំបន់​ហាម​ឃាត់

ដោយ ហេង រស្មី
2021-05-04
Share
ក្រសួង​ព្រមាន​អ្នក​សារ​ព័ត៌មាន ឲ្យ​ឈប់​ចូល​​យក​ព័ត៌មាន​ក្នុង​តំបន់​ហាម​ឃាត់ រូបភាព​របស់​ពលរដ្ឋ​នៅ​ក្នុង​តំបន់​ឆ្លង​ជំងឺ​កូវីដ១៩ ក្នុង​សង្កាត់​ស្ទឹង​មានជ័យ ជា​តំបន់​អាជ្ញាធរ​ចាត់ទុក​ជា​តំបន់​ក្រហម ដង្ហោយរក​ជំនួយ​ស្បៀង​អាហារ នៅ​ថ្ងៃ​ទី៣០ ខែមេសា ឆ្នាំ២០២១ និង​ (ស្ដាំ) លោក មាស សុភ័ណ្ឌ អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន។
រូប៖ ពលរដ្ឋផ្ដល់​ឱ្យ និង​ហ្វេសប៊ុកក្រសួងព័ត៌មាន

ក្រសួង​ព័ត៌មាន​ព្រមាន​អ្នក​សារ​ព័ត៌មាន​ជា​ថ្មី​ឲ្យ​ឈប់​ចូល​យក​ព័ត៌មាន ក្នុង​តំបន់​ហាម​ឃាត់។ ការ​ព្រមាន​នេះ ដោយសារ​តែ​ក្រសួង​សង្កេត​ឃើញ​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ មាន​អ្នក​សារ​ព័ត៌មាន​ខ្លះ បាន​រាយការណ៍​ខុស​វិជ្ជាជីវៈ បង្ក​ឲ្យ​មាន​ភាព​ច្របូកច្របល់ ពាក់ព័ន្ធ​នឹង​ស្ថានភាព​ជំងឺ​កូវីដ១៩។ រីឯ​អ្នក​ជំនាញ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​​ព្រួយ​បារម្ភ​ថា ការ​ហាម​ឃាត់​អ្នក​សារ​ព័ត៌មាន មិន​ឲ្យ​ចូល​​ក្នុង​តំបន់​ហាម​ឃាត់ នឹង​ធ្វើ​ឲ្យ​បាត់​ប្រយោជន៍​ពលរដ្ឋ។

ក្រសួង​ព័ត៌មាន លើក​ហេតុផល​ថា ការ​ព្រមាន​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ប្រឆាំង​អ្នក​សារ​ព័ត៌មាន​នេះ ដោយសារ​ក្រសួង​សង្កេត​ឃើញ​ថា មាន​អ្នក​សារព័ត៌មាន​ជាតិ និង​អ្នក​សារព័ត៌មាន​អន្តរជាតិ​មួយ​ចំនួន បាន​ចុះ​ទៅ​យក​ព័ត៌មាន និង​ផ្សាយ​ផ្ទាល់​អំពី​សកម្មភាព​នានា​នៅ​តំបន់​បិទ​ខ្ទប់ ជា​ពិសេស ក្នុង​តំបន់​ក្រហម ហើយ​អត្ថាធិប្បាយ​​ហេតុ​ការណ៍​ពាក់ព័ន្ធ​​​បច្ចេកទេស​សុខាភិបាល​ និង​​សន្និដ្ឋាន​វាយ​តម្លៃ​បញ្ហា ដោយ​គ្មាន​មូលដ្ឋាន​​ច្បាស់​លាស់។

ក្រសួង​ព័ត៌មាន​យល់​ថា សកម្មភាព​នេះ ធ្វើ​ឲ្យ​សាធារណជន​យល់​ច្រឡំ និង​មាន​ភាព​ជ្រួល​ច្របល់​នៅ​ក្នុង​សង្គម ហើយ​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ១៩ កាន់​តែ​ធ្ងន់ធ្ងរ។ ក្រសួង​ក៏​សង្កេត​ឃើញ​ថា អ្នក​សារ​ព័ត៌មាន​ខ្លះ បាន​ផ្សាយ​ផ្ទាល់ ក្នុង​​តំបន់​ហាម​ឃាត់ ដូចជា​មណ្ឌល​ព្យាបាល​ជំងឺ​កូវីដ១៩ មន្ទីរពេទ្យ​រដ្ឋ និង​មន្ទីរ​ពេទ្យ​ឯកជន ព្រម​ទាំង​ធ្វើ​សកម្មភាព​ដេញ​តាម​ថត​រថយន្ត​សង្គ្រោះ​បន្ទាន់ ដើម្បី​ផ្សាយ​ផ្ទាល់​ជា​ដើម។ ក្រសួង​ព័ត៌មាន​ព្រមាន​ឲ្យ​អ្នក​សារ​ព័ត៌មាន​ទាំង​នោះ បញ្ឈប់​សកម្មភាព និង​ព្រមាន​ចាត់​វិធានការ​ច្បាប់។

អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន លោក មាស សុភ័ណ្ឌ ប្រាប់​អាស៊ី​សេរី​ថា មាន​អ្នក​សារ​ព័ត៌មាន​តិច​តួច​បំផុត បាន​ធ្វើ​សកម្មភាព​ខុស​ឆ្គង និង​ផ្សាយ​ផ្ទាល់​ក្នុង​តំបន់​ហាម​ឃាត់​នេះ។ លោក​អះអាង​ថា សកម្មភាព​ទាំង​នេះ គឺ​ខុស​ឆ្គង​នឹង​ច្បាប់ និង​វិជ្ជា​ជីវៈ៖ «ខ្ញុំ​យល់​ថា បើ​សិន​ជា​គាត់​អនុវត្ត​ទៅ​តាម​អ្វី ដែល​ជា​វិធាន​ផ្លូវ​ច្បាប់ សារាចរ​ណែនាំ គឺ​គាត់​នៅ​តែ​អាច​បំពេញ​ការងារ​ជា​ប្រចាំ​របស់​គាត់​ជា​ធម្មតា​ទេ»

ចាប់​តាំង​ពី​រដ្ឋាភិបាល​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ របស់​ខេត្ត​កណ្ដាល​មក មាន​អ្នក​សារ​ព័ត៌មាន​តិច​តួច​បំផុត បាន​ចុះ​​ថតរូប និង​ផ្សាយ​ផ្ទាល់​ពី​ទីតាំង​បិទ​ខ្ទប់។ អ្នក​សារ​ព័ត៌មាន​ទាំង​នោះ ក៏​ថត​បាន​សកម្មភាព​ប៉ូលិស​ចុះ​ដេញ​វាយ​បង្ក្រាប​ពលរដ្ឋ ការ​មិន​យក​ចិត្ត​ទុក​ដាក់​របស់​អាជ្ញាធរ ក្នុង​ការ​ចែក​អំណោយ និង​ការ​មិន​យក​ចិត្ត​ទុក​ដាក់​របស់​គ្រូពេទ្យ នៅ​តាម​មណ្ឌល​ចត្តាឡីស័ក​ជា​ដើម។

អ្នក​សារ​ព័ត៌មាន​ក្នុង​ស្រុក​ម្នាក់ លោក ឡេង ដេត គាំទ្រ​ចំពោះ​ការ​មិន​ផ្សាយ​ផ្ទាល់​សកម្មភាព​មួយ​ចំនួន ក្នុង​តំបន់​បិទ​ខ្ទប់ ព្រោះ​ប៉ះពាល់​ដល់​សិទ្ធិ​ពលរដ្ឋ។ លោក សង្កេត​ឃើញ​ថា មាន​អ្នក​សារ​ព័ត៌មាន​ខ្លះ បាន​អត្ថាធិប្បាយ​គ្មាន​វិជ្ជាជីវៈ​ពិត​មែន និង​បាន​ដេញ​តាម​ផ្សាយ​ផ្ទាល់ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​បុគ្គល។ ប៉ុន្តែ​​យ៉ាង​ណា លោក​ចង់​ឲ្យ​អ្នក​សារ​ព័ត៌មាន​សហការ​គ្នា ជាមួយ​អាជ្ញាធរ ដើម្បី​ឲ្យ​មាន​ការ​ផ្សាយ​ព័ត៌មាន​ពិត​ប្រាកដ​ជូន​ពលរដ្ឋ៖ «អ្នក​សារ​ព័ត៌មាន​ប្រៀប​ដូច​ជា​មន្ត្រី​សម្របសម្រួល​មួយ​អ៊ីចឹង។ អ៊ីចឹង! ដើម្បី​បាន​ព័ត៌មាន​ពិត​ យើង​ត្រូវ​មាន​ប្រភព​ច្រើន​ណាស់​ ដើម្បី​យើង​យក​ព័ត៌មាន​ហ្នឹង​មក​ផ្សាយ។ មិន​មែន​ចាំ​បាច់​តែ​យើង​ដេញ​តាម​រថយន្ត​ពេទ្យ ឬ​តាម​សមត្ថកិច្ច​ ហើយ​យើង​ផ្សាយ​ឲ្យ​អ្នក​មើល ឬ​ប្រជាពលរដ្ឋ​ទស្សនា​នោះ​ទេ»

អ្នក​ជំនាញ​ផ្នែក​សារព័ត៌មាន ក៏​សង្កេត​ឃើញ​ថា មាន​អ្នក​សារព័ត៌មាន​ខ្លះ បាន​អត្ថាធិប្បាយ​ខុស​វិជ្ជាជីវៈ និង​បង្ក​ឲ្យ​ពលរដ្ឋ​ខឹង​សម្បារ។ នាយក​ប្រតិបត្តិ​សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា លោក ណុប វី យល់​ថា អ្នក​សារព័ត៌មាន​តិច​តួច ដែល​មិន​បាន​ឆ្លង​កាត់​ការ​បណ្ដុះ​បណ្ដាល​ត្រឹមត្រូវ បាន​បំពេញ​ការងារ​មាន​ភាព​ចន្លោះ​ប្រហោង​ច្រើន ក្នុង​តំបន់​បិទ​ខ្ទប់។

តែ​យ៉ាង​ណា អ្នក​ជំនាញ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​រូប​នេះ ព្រួយ​បារម្ភ​ថា ការ​ហាម​ឃាត់​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ចូល​ក្នុង​តំបន់​ហាម​ឃាត់ នឹង​ធ្វើ​ឲ្យ​បាត់​ប្រយោជន៍​ពលរដ្ឋ។ លោក ណុប វី ស្នើសុំ​អាជ្ញាធរ​ អនុញ្ញាត​ឲ្យ​អ្នក​សារព័ត៌មាន​ ដែល​ឆ្លង​កាត់​ការ​បណ្ដុះ​បណ្ដាល​ត្រឹមត្រូវ​ និង​មាន​បច្ចេកទេស​ការពារ​​ជំងឺ​កូវីដ១៩ អាច​ធ្វើ​សកម្មភាព ​ចុះ​យក​ព័ត៌មាន​ដោយ​សេរី៖ «ចំណុច ១ទៀត នៅ​ក្នុង​ករណី​ដែល​យើង​ហាម​ប្រាម កាត់​ផ្ដាច់​ការ​យក​ព័ត៌មាន​ សម្រាប់​ខ្ញុំ​ ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ។ កន្លង​មក​យើង​ដឹង​ហើយ​ថា ការ​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​កង្វះ​ខាត និង​ការ​ផ្គត់ផ្គង់​ផ្សេងៗ ជា​ការ​អំពាវនាវ​ឲ្យ​មាន​ការ​គាំទ្រ​ស្បៀង​អាហារ​សម្រាប់​កម្មករ​ សម្រាប់​ប្រជាពលរដ្ឋ​រស់​នៅ​តំបន់​ដែល​ខ្ទប់ ក៏​ជា​ហេតុ​មួយ​ដែល​អ្នក​សារព័ត៌មាន​ចូល​រួម​ចូល​ជ្រោមជ្រែង​ក្នុង​ការ​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ហ្នឹង​ដែរ»

អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំ​ដែន បាន​បន្ត​ដាក់​ចំណាត់​ថ្នាក់​ប្រទេស​កម្ពុជា​ថា មាន​សេរីភាព​សារ​ព័ត៌មាន​ទាប នៅ​ឆ្នាំ២០២០ គឺ​ស្ថិត​​នៅ​លេខ​រៀង​ទី១៤៤ ក្នុង​ចំណោម​ប្រទេស ១៨០។ កម្ពុជា​បាន​ធ្លាក់​ចុះ​ចំណាត់​ថ្នាក់ ផ្នែក​សេរីភាព​ផ្នែក​សារ​ព័ត៌មាន ចាប់​តាំង​ពី​រដ្ឋាភិបាល បើ​យុទ្ធនាការ​បង្ក្រាប​សារ​ព័ត៌មាន ដែល​ហ៊ាន​​រិះគន់ ​កាល​ពី​ឆ្នាំ២០១៧៕



កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល