ក្រសួងព័ត៌មានព្រមានអ្នកសារព័ត៌មានជាថ្មីឲ្យឈប់ចូលយកព័ត៌មាន ក្នុងតំបន់ហាមឃាត់។ ការព្រមាននេះ ដោយសារតែក្រសួងសង្កេតឃើញថា មួយរយៈចុងក្រោយនេះ មានអ្នកសារព័ត៌មានខ្លះ បានរាយការណ៍ខុសវិជ្ជាជីវៈ បង្កឲ្យមានភាពច្របូកច្របល់ ពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ១៩។ រីឯអ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយព្រួយបារម្ភថា ការហាមឃាត់អ្នកសារព័ត៌មាន មិនឲ្យចូលក្នុងតំបន់ហាមឃាត់ នឹងធ្វើឲ្យបាត់ប្រយោជន៍ពលរដ្ឋ។
ក្រសួងព័ត៌មាន លើកហេតុផលថា ការព្រមានចាត់វិធានការផ្លូវច្បាប់ប្រឆាំងអ្នកសារព័ត៌មាននេះ ដោយសារក្រសួងសង្កេតឃើញថា មានអ្នកសារព័ត៌មានជាតិ និងអ្នកសារព័ត៌មានអន្តរជាតិមួយចំនួន បានចុះទៅយកព័ត៌មាន និងផ្សាយផ្ទាល់អំពីសកម្មភាពនានានៅតំបន់បិទខ្ទប់ ជាពិសេស ក្នុងតំបន់ក្រហម ហើយអត្ថាធិប្បាយហេតុការណ៍ពាក់ព័ន្ធបច្ចេកទេសសុខាភិបាល និងសន្និដ្ឋានវាយតម្លៃបញ្ហា ដោយគ្មានមូលដ្ឋានច្បាស់លាស់។
ក្រសួងព័ត៌មានយល់ថា សកម្មភាពនេះ ធ្វើឲ្យសាធារណជនយល់ច្រឡំ និងមានភាពជ្រួលច្របល់នៅក្នុងសង្គម ហើយអាចប្រឈមនឹងគ្រោះថ្នាក់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ កាន់តែធ្ងន់ធ្ងរ។ ក្រសួងក៏សង្កេតឃើញថា អ្នកសារព័ត៌មានខ្លះ បានផ្សាយផ្ទាល់ ក្នុងតំបន់ហាមឃាត់ ដូចជាមណ្ឌលព្យាបាលជំងឺកូវីដ១៩ មន្ទីរពេទ្យរដ្ឋ និងមន្ទីរពេទ្យឯកជន ព្រមទាំងធ្វើសកម្មភាពដេញតាមថតរថយន្តសង្គ្រោះបន្ទាន់ ដើម្បីផ្សាយផ្ទាល់ជាដើម។ ក្រសួងព័ត៌មានព្រមានឲ្យអ្នកសារព័ត៌មានទាំងនោះ បញ្ឈប់សកម្មភាព និងព្រមានចាត់វិធានការច្បាប់។
អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ ប្រាប់អាស៊ីសេរីថា មានអ្នកសារព័ត៌មានតិចតួចបំផុត បានធ្វើសកម្មភាពខុសឆ្គង និងផ្សាយផ្ទាល់ក្នុងតំបន់ហាមឃាត់នេះ។ លោកអះអាងថា សកម្មភាពទាំងនេះ គឺខុសឆ្គងនឹងច្បាប់ និងវិជ្ជាជីវៈ៖ «ខ្ញុំយល់ថា បើសិនជាគាត់អនុវត្តទៅតាមអ្វី ដែលជាវិធានផ្លូវច្បាប់ សារាចរណែនាំ គឺគាត់នៅតែអាចបំពេញការងារជាប្រចាំរបស់គាត់ជាធម្មតាទេ»។
ចាប់តាំងពីរដ្ឋាភិបាលបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ របស់ខេត្តកណ្ដាលមក មានអ្នកសារព័ត៌មានតិចតួចបំផុត បានចុះថតរូប និងផ្សាយផ្ទាល់ពីទីតាំងបិទខ្ទប់។ អ្នកសារព័ត៌មានទាំងនោះ ក៏ថតបានសកម្មភាពប៉ូលិសចុះដេញវាយបង្ក្រាបពលរដ្ឋ ការមិនយកចិត្តទុកដាក់របស់អាជ្ញាធរ ក្នុងការចែកអំណោយ និងការមិនយកចិត្តទុកដាក់របស់គ្រូពេទ្យ នៅតាមមណ្ឌលចត្តាឡីស័កជាដើម។
អ្នកសារព័ត៌មានក្នុងស្រុកម្នាក់ លោក ឡេង ដេត គាំទ្រចំពោះការមិនផ្សាយផ្ទាល់សកម្មភាពមួយចំនួន ក្នុងតំបន់បិទខ្ទប់ ព្រោះប៉ះពាល់ដល់សិទ្ធិពលរដ្ឋ។ លោក សង្កេតឃើញថា មានអ្នកសារព័ត៌មានខ្លះ បានអត្ថាធិប្បាយគ្មានវិជ្ជាជីវៈពិតមែន និងបានដេញតាមផ្សាយផ្ទាល់ បានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិបុគ្គល។ ប៉ុន្តែយ៉ាងណា លោកចង់ឲ្យអ្នកសារព័ត៌មានសហការគ្នា ជាមួយអាជ្ញាធរ ដើម្បីឲ្យមានការផ្សាយព័ត៌មានពិតប្រាកដជូនពលរដ្ឋ៖ «អ្នកសារព័ត៌មានប្រៀបដូចជាមន្ត្រីសម្របសម្រួលមួយអ៊ីចឹង។ អ៊ីចឹង ! ដើម្បីបានព័ត៌មានពិត យើងត្រូវមានប្រភពច្រើនណាស់ ដើម្បីយើងយកព័ត៌មានហ្នឹងមកផ្សាយ។ មិនមែនចាំបាច់តែយើងដេញតាមរថយន្តពេទ្យ ឬតាមសមត្ថកិច្ច ហើយយើងផ្សាយឲ្យអ្នកមើល ឬប្រជាពលរដ្ឋទស្សនានោះទេ»។
អ្នកជំនាញផ្នែកសារព័ត៌មាន ក៏សង្កេតឃើញថា មានអ្នកសារព័ត៌មានខ្លះ បានអត្ថាធិប្បាយខុសវិជ្ជាជីវៈ និងបង្កឲ្យពលរដ្ឋខឹងសម្បារ។ នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា លោក ណុប វី យល់ថា អ្នកសារព័ត៌មានតិចតួច ដែលមិនបានឆ្លងកាត់ការបណ្ដុះបណ្ដាលត្រឹមត្រូវ បានបំពេញការងារមានភាពចន្លោះប្រហោងច្រើន ក្នុងតំបន់បិទខ្ទប់។
តែយ៉ាងណា អ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយរូបនេះ ព្រួយបារម្ភថា ការហាមឃាត់អ្នកសារព័ត៌មាន មិនឲ្យចូលក្នុងតំបន់ហាមឃាត់ នឹងធ្វើឲ្យបាត់ប្រយោជន៍ពលរដ្ឋ។ លោក ណុប វី ស្នើសុំអាជ្ញាធរ អនុញ្ញាតឲ្យអ្នកសារព័ត៌មាន ដែលឆ្លងកាត់ការបណ្ដុះបណ្ដាលត្រឹមត្រូវ និងមានបច្ចេកទេសការពារជំងឺកូវីដ១៩ អាចធ្វើសកម្មភាព ចុះយកព័ត៌មានដោយសេរី៖ «ចំណុច ១ទៀត នៅក្នុងករណីដែលយើងហាមប្រាម កាត់ផ្ដាច់ការយកព័ត៌មាន សម្រាប់ខ្ញុំ ខ្ញុំមានការព្រួយបារម្ភ។ កន្លងមកយើងដឹងហើយថា ការផ្សព្វផ្សាយព័ត៌មានអំពីកង្វះខាត និងការផ្គត់ផ្គង់ផ្សេងៗ ជាការអំពាវនាវឲ្យមានការគាំទ្រស្បៀងអាហារសម្រាប់កម្មករ សម្រាប់ប្រជាពលរដ្ឋរស់នៅតំបន់ដែលខ្ទប់ ក៏ជាហេតុមួយដែលអ្នកសារព័ត៌មានចូលរួមចូលជ្រោមជ្រែងក្នុងការផ្សព្វផ្សាយនូវព័ត៌មានហ្នឹងដែរ»។
អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន បានបន្តដាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជាថា មានសេរីភាពសារព័ត៌មានទាប នៅឆ្នាំ២០២០ គឺស្ថិតនៅលេខរៀងទី១៤៤ ក្នុងចំណោមប្រទេស ១៨០។ កម្ពុជាបានធ្លាក់ចុះចំណាត់ថ្នាក់ ផ្នែកសេរីភាពផ្នែកសារព័ត៌មាន ចាប់តាំងពីរដ្ឋាភិបាល បើយុទ្ធនាការបង្ក្រាបសារព័ត៌មាន ដែលហ៊ានរិះគន់ កាលពីឆ្នាំ២០១៧៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។