ក្រុមអង្គការអន្តរជាតិថ្កោលរដ្ឋាភិបាលកម្ពុជា និងថៃ ដែលនិរទេសជនភៀសខ្លួនខ្មែរ ៦នាក់ទាំងបង្ខំ
2024.12.01
ក្រុមអង្គការសិទ្ធិមនុស្សអន្តរជាតិថ្កោលទោស អាជ្ញាធរថៃនិងកម្ពុជា ហើយទាមទាររដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ដោះលែងជនភៀសខ្លួនខ្មែរ ៦នាក់ ដែលថៃទើបបញ្ជូនមកដាក់គុកនៅកម្ពុជា ដោយសារហេតុផលនយោបាយ។ អង្គការសិទ្ធិមនុស្សទាំងនោះ ចាត់ទុកការបញ្ជូនជនភៀសខ្លួនឱ្យប្រឈមនឹងការធ្វើទុក្ខបុកម្នេញ ជាប់ពន្ធនាគារនៅលើទឹកដីកំណើតវិញថា ជាទង្វើគាបសង្កត់ឆ្លងដែន រំលោភច្បាប់អន្តរជាតិក្នុងទិសដៅបំបិទមាត់អ្នករិះគន់ ឬអ្នកដែលមាននិន្នាការផ្ទុយរដ្ឋាភិបាលដែលត្រូវបញ្ឈប់ជាបន្ទាន់។
ក្រុមអង្គការសិទ្ធិមនុស្សនៅក្នុងតំបន់ជាច្រើនបានចេញលិខិតព្រមៗគ្នា ថ្កោលទោសរដ្ឋាភិបាកម្ពុជានិងថៃ ចំពោះទង្វើរំលោភលើកាតព្វកិច្ចសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិ ពាក់ព័ន្ធនឹងការចាប់បញ្ចូនជនភៀសខ្លួនខ្មែរ ៦នាក់ទៅកម្ពុជាវិញ។
ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស ហៅការនិរទេសសកម្មជននយោបាយទាំង៦នាក់ នេះ ថាជាការគាបសង្កត់ឆ្លងដែន និងបំពានលើគោលការណ៍ច្បាប់អន្តរជាតិ ជាពិសេសច្បាប់ស្ដីពីការមិនចាប់បញ្ជូនជនភៀសខ្លួន យកទៅធ្វើទុក្ខបុកម្នេញនៅប្រទេសកំណើតវិញ។
ក្រុមសមាជិកអាស៊ានដើម្បីសិទ្ធិមនុស្ស ហៅកាត់ APHR លើកឡើងថាការនិរទេសជនភៀសខ្លួននយោបាយទាំងនេះ គឺជាការគាបសង្កត់ឆ្លងដែនដ៏ធំមួយនៅតំបន់អាស៊ីអាគ្នេយ៍ ដែលរបបផ្តាច់ការបានសហការគ្នាកាន់តែខ្លាំងឡើង ដើម្បីកំណត់គោលដៅ និងបំបិទមាត់អ្នករិះគន់ឆ្លងដែន ដែលអាស៊ានត្រូវអនុម័តវិធានការដ៏រឹងមាំមួយ ដើម្បីការពារអ្នកការពារសិទ្ធិមនុស្ស សង្គមស៊ិវិល អ្នកសារព័ត៌មាន ដោយធានាថា ពួកគេអាចបញ្ចេញទស្សនៈដោយសេរី និងមិនខ្លាចការសងសឹកពីរដ្ឋអំណាច។
សមាជិកក្រុមប្រឹក្សាភិបាលAPHR និងជាអតីតតំណាងរាស្ត្រនៃប្រទេសថៃ លោក កាសិត ភិរម្យ (Kasit Piromya) រិះគន់ថា អំពើនេះមិនត្រឹមតែបំផ្លាញដល់គ្រួសារពួកគេទេ ប៉ុន្តែជាការបរាជ័យនៃការប្តេជ្ញាចិត្តរបស់អាស៊ានចំពោះសិទ្ធិមនុស្ស។
ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស ក៏ជំរុញឱ្យមេដឹកនាំអាស៊ានធ្វើសកម្មភាពឱ្យបានម៉ឺងម៉ាត់ ដើម្បីបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តនៅក្នុងតំបន់ចំពោះយុត្តិធម៌ លទ្ធិប្រជាធិបតេយ្យ និងសេរីភាពជាមូលដ្ឋាន។
ចំណែកអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិយូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បញ្ជាក់ថាអាជ្ញាធរថៃនិរទេសសកម្មជននយោបាយកម្ពុជា ចំនួន ៦នាក់រួមជាមួយក្មេងប្រុសម្នាក់ទៅកម្ពុជាវិញ ដោយធ្វើឱ្យពួកគេប្រឈមហានិភ័យចំពោះការកាត់ទោស និងធ្វើបាបនៅកម្ពុជា បង្ហាញថារដ្ឋាភិបាលថៃបានរំលោភលើកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន។
ប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំតំបន់អាស៊ី អ្នកស្រី អេឡែន ភាសុន (Elaine Pearson) ថ្លែងថាអាជ្ញាធររដ្ឋាភិបាលថៃ ចាប់បញ្ជូនជនភៀសខ្លួនកាលពីថ្ងៃទី២៥ ខែវិច្ឆិកា មិនបានឆ្លងការត្រួតពិនិត្យពីតុលាការ និងមិនបានយកចិត្តទុកដាក់អនុវត្តគោលការណ៍ការការពារសិទ្ធិជនភៀសខ្លួនផង។ អ្នកស្រីយល់ថាអាជ្ញាធរថៃមិនគួរចូលដៃក្នុងអំពើគាបសង្កត់ ការធ្វើទុក្ខបុកម្នេញឆ្លងដែនរបស់អាជ្ញាធរកម្ពុជាទៅជនភៀសខ្លួននយោបាយនេះទេ។
អ្នកស្រី អេឡែន ភាសុន៖ «អាជ្ញាធរថៃនិងកម្ពុជាបានឃុបឃិតគ្នាដើម្បីគាបសង្កត់លើអ្នករិះគន់ដែលកំពុងភៀសខ្លួន ដូច្នេះនាយករដ្ឋមន្រ្តីថ្មីរបស់ថៃនិងកម្ពុជាគួរបញ្ជាក់ជំហរថាពួកគេខុសពីអ្នកកាន់តំណែងពីមុន ហើយធានាថារដ្ឋាភិបាលរបស់ពួកគេគោរពកាតព្វកិច្ចសិទ្ធិមនុស្សអន្តរជាតិរបស់ខ្លួន »។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិមួយនេះ បានអំពាវនាវឱ្យអាជ្ញាធរកម្ពុជាត្រូវទម្លាក់ចោលការចោទប្រកាន់ ក្រោមហេតុផលនយោបាយ ប្រឆាំងនឹងជនភៀសខ្លួនទាំងអស់នេះជាបន្ទាន់ និងដោះលែងពួកគេដោយគ្មានលក្ខខណ្ឌផងដែរ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា និងអ្នកនាំពាក្យក្រសួងការបរទេសលោក ជុំ សុន្ទរី ដើម្បីបកស្រាយបានទេ នៅថ្ងៃទី៣០ ខែវិច្ឆិកា។
ជនភៀសខ្លួន ដែលអាជ្ញាធរថៃបានចាប់ខ្លួន ហើយបានបញ្ជូនឱ្យអាជ្ញាធររដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត កាលពីនៅថ្ងៃទី២៥ ខែវិច្ឆិកា រួមមាន៖ លោក ប៉ែន ច័ន្ទសង្គ្រាម លោកស្រី ហុង អាន លោក មាន ចាន់ថុន ព្រមទាំងពលរដ្ឋខ្មែរក្រោម គឺលោកស្រី ស៊ឹង គន្ធា លោកស្រី យ៉ិន ចន្ធូ និងលោកស្រី វ៉ន ច័ន្ទរចនា។
អាជ្ញាធរកម្ពុជាបានឃុំខ្លួនពួកគាត់នៅពន្ធនាគារផ្សេងៗគ្នា ដូចជាពន្ធនាគារម៣ នៅរាជធានីភ្នំពេញ ពន្ធនាគារខេត្តកណ្តាល និងពន្ធនាគារម៣ ត្រពាំងផ្លុង នៅខេត្តត្បូងឃ្មុំ ជាប់ព្រំដែនប្រទេសវៀតណាម ដោយតុលាការចោទពីបទ «អំពើក្បត់ជាតិ។ ចំណែកក្មេងដែលជាចៅប្រុសរបស់លោកស្រី ហុង អាន ត្រូវបានសមត្ថកិច្ចដោះលែងឱ្យទៅគ្រួសារវិញ នៅពេលទៅដល់ប្រទេសកម្ពុជា។
ប៉ុន្តែគ្រួសារចាត់ទុកការចាប់បញ្ជូនជនភៀសខ្លួនទាំងនេះយកទៅដាក់ពន្ធនាគារនៅកម្ពុជាថាជាអំពើឃោរឃៅ និងអមនុស្សធម៌។
ជុំវិញរឿងនេះ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក យិន ម៉េងលី មានប្រសាសន៍ថា រដ្ឋាភិបាលប្រទេសប្រជាធិបតេយ្យឱ្យតម្លៃលើសេរីភាពបញ្ចេញមតិ ដោយមិនចាត់ទុកជាបទល្មើសនោះទេ។ លោកមើលឃើញថា សហគមន៍អន្តរាជាតិបានរិះគន់ និងថ្កោលទោសរដ្ឋាភិបាលកម្ពុជា និងថៃជាបន្តបន្ទាប់ ពាក់ព័ន្ធការនិរទេសសកម្មជននយោបាយខ្មែរកន្លងមក។ លោក យិន ម៉េងលី យល់ថាភាគីពាក់ព័ន្ធត្រូវគោរពកាតព្វកិច្ចរបស់ខ្លួន ក្នុងការការពារសិទ្ធិភៀសខ្លួនចេញពីកម្ពុជា ទៅសុំសិទ្ធិជ្រកកោននៅប្រទេសថៃ ហើយរដ្ឋាភិបាលកម្ពុជាគួរបើកលំហសេរីភាពពលរដ្ឋឱ្យប្រសើរឡើងវិញ។
លោក យិន ម៉េងលី៖ «យើងក៏ចង់ឱ្យរដ្ឋាភិបាលកម្ពុជា បើកលំហសេរីភាពឡើងវិញ យើងមើលឃើញថាទាំងអស់នេះ វាពាក់ព័ន្ធនឹងលំហសេរីភាពពលរដ្ឋ ជាជាងការអនុវត្តច្បាប់ ជាជាងបទល្មើសព្រហ្មទណ្ឌ »។
ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន (UNHCR) ចាត់ទុក ការចាប់បញ្ជូនជនភៀសខ្លួនខ្មែរចំនួន ៦នាក់ពីប្រទេសថៃឱ្យជាប់ពន្ធនាគារនៅកម្ពុជាថា ជាអនុវត្តផ្ទុយ ឬរំលោភលើច្បាប់ជាតិ និងអន្តរជាតិ ក្នុងការធានាសិទ្ធិរបស់ជនភៀសខ្លួន ដែលទទួលស្គាល់ដោយអង្គការសហប្រជាជាតិ។ UNHCR អំពាវនាវឱ្យប្រទេសថៃរក្សាការប្ដេជ្ញាចិត្តរបស់ខ្លួន ក្រោមច្បាប់ក្នុងស្រុក និងអនុសញ្ញាអន្តរជាតិ រួមទាំងច្បាប់ទប់ស្កាត់ និងបង្ក្រាប ការធ្វើទារុណកម្ម និងការបាត់ខ្លួនដោយបង្ខំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។