លោក ស ខេង ទទូចដល់ស្ថាប័នពាក់ព័ន្ធឱ្យដោះស្រាយបញ្ហាជួញដូរមនុស្ស និងលុយកខ្វក់
2022.09.08

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង មានប្រសាសន៍កាលពីថ្ងៃទី៨ កញ្ញាម្សិលមិញនេះថា បញ្ហាជួញដូរមនុស្ស និងលុយកខ្វក់កំពុងជះឥទ្ធិពលមិនល្អដល់មុខមាត់របស់កម្ពុជា។ លោកអំពាវនាវដល់ក្រសួងស្ថាប័នពាក់ព័ន្ធចូលរួមឱ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះឱ្យមានប្រសិទ្ធភាពខ្ពស់៖ «ពីរចំណុចដែលខ្ញុំចង់បញ្ជាក់ទាក់ទងនឹងកត្តិយស និងមុខមាត់របស់ប្រទេសជាតិ។ ទីមួយ គឺទាក់ទងនឹងបញ្ជីប្រផេះនៃធនាគារនៅកម្ពុជា ហើយទីពីរទាក់ទងនឹងចំណាត់ថ្នាក់លេខ ៣ នៃការជួញដូរមនុស្ស។ អ៊ីចឹងហើយ ចំណុចទាំងពីរនេះ ខ្ញុំសូមអំពាវនាវស្វែងរកការគាំទ្រ ការមូលមតិជាមួយគ្នា ទើបអាចធ្វើទៅបានទាំងគោលការណ៍ គោលនយោបាយ ប្រតិបត្តិករ អ្នកអនុវត្ត អ្នកចាត់ចែង គឺឯកភាពគ្នាទាំងអស់ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងពីរនេះ»។
របាយការណ៍ក្រសួងមហាផ្ទៃឱ្យដឹងថា ក្នុងឆមាសទី១ នៃឆ្នាំ២០២២ នេះ សមត្ថកិច្ចបង្ក្រាបអំពើជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទបានចំនួន ៧៤ ករណី និងឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅតុលាការចំនួន ៨៣នាក់។
កាលពីខែមីនាកន្លងទៅ អង្គការឃ្លាំមើលអំពើលាងលុយកខ្វក់លើពិភពលោក ឈ្មោះក្រុមការងារហិរញ្ញវត្ថុ (FATF) ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស (Paris) ប្រទេសបារាំង (France) បានបន្តដាក់កម្ពុជាក្នុង «បញ្ជីប្រផេះ» នៃក្រុមប្រទេសមានហានិភ័យខាងអំពើលាងលុយកខ្វក់ ដែលពិភពលោកត្រូវបង្កើនការតាមដាន។ ដោយឡែកនៅខែកក្កដា ក្រសួងការបរទេសសហរដ្ឋអាមេរិកបានដាក់កម្ពុជាក្នុងបញ្ជីខ្មៅនៃការជួញដូរមនុស្ស ដែលនេះជាចំណាត់ថ្នាក់អាក្រក់បំផុតពុំធ្លាប់មានតាំងពីឆ្នាំ២០១៥ មក។
ទោះជាយ៉ាងណា កម្ពុជាមិនមែនមានកេរ្តិ៍ឈ្មោះអាក្រក់ដោយសាររឿងលុយកខ្វក់ និងបញ្ហាជួញដូរមនុស្សតែពីរមុខនេះទេ។ កេរ្តិ៍ឈ្មោះអាក្រក់បំផុតនោះ គឺការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរជាប្រព័ន្ធ និងការគាស់រំលើងគ្រឹះប្រជាធិបតេយ្យប្រព្រឹត្តដោយរដ្ឋាភិបាលលោក ហ៊ុន សែន ព្រមទាំងអំពើពុករលួយចាក់ស្រេះ និងការបរាជ័យនៃប្រព័ន្ធយុត្តិធម៌ថែមទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។