ក្រសួងមហាផ្ទៃបដិសេធការចោទថា មនុស្សជំនិតលោក ហ៊ុន សែន ឃុបឃិតជាមួយជនជាតិចិនប្រព្រឹត្តឧក្រិដ្ឋកម្មបច្ចេកវិទ្យា
2022.08.12
មន្ត្រីប៉ូលិសជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ លើកឡើងថា ការផ្សព្វផ្សាយរបស់សារព័ត៌មានអន្តរជាតិមួយចំនួនដែលនិយាយអំពីក្រុមមន្ត្រី និងឧកញ៉ាដែលស្និទ្ធនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាមានជាប់ពាក់ព័ន្ធជាមួយជនជាតិចិនធ្វើជំនួញជួញដូរមនុស្សនៅកម្ពុជាគឺជារឿងបំភ្លៃខុសពីការពិត និងមានចេតនាអាក្រក់ណាមួយមកលើកម្ពុជា។ ប្រតិកម្មរបស់មន្ត្រីក្រសួងមហាផ្ទៃបែបនេះ ឆ្លើយតបទៅនឹងស្ថាប័នសារព័ត៌មានអន្តរជាតិដែលបានលាតត្រដាងអំពីមន្ត្រីជាន់ខ្ពស់ និងក្រុមឧកញ៉ាមួយចំនួនទៀតកំពុងមានទំនាក់ទំនងជាមួយក្រុមឧក្រិដ្ឋជនចិនពាក់ព័ន្ធនឹងប្រតិបត្តិការក្រុមហ៊ុនឆបោកទ្រង់ទ្រាយធំតាមបច្ចេកវិទ្យា។
មន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ ប្រតិកម្មខ្លាំងៗ និងចាត់ទុកការផ្សព្វផ្សាយរបស់សារព័ត៌មានអន្តរជាតិមួយចំនួនដែលនិយាយអំពីឧក្រិដ្ឋកម្មជួញដូរមនុស្សនៅកម្ពុជាថា ជាយុទ្ធនាការផ្សព្វផ្សាយរបស់ក្រុមបក្សប្រឆាំង ដើម្បីធ្វើឱ្យកម្ពុជាស្ថិតក្នុងប្រទេសមួយដែលមានកេរ្តិ៍ឈ្មោះអាក្រក់។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១១ សីហាថា ស្ថាប័នសារព័ត៌មានអន្តរជាតិដែលបានផ្សព្វផ្សាយចោទប្រកាន់ចំពោះក្រុមឧកញ៉ា និងមន្ត្រីរដ្ឋាភិបាលមួយចំនួនមានជាប់ពាក់ព័ន្ធជាមួយជនជាតិចិនចាប់ជំរិតមនុស្សនោះ គឺធ្វើឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់។ លោកថា ប្រព័ន្ធផ្សព្វផ្សាយទាំងនោះគ្មានវិជ្ជាជីវៈ ទម្លាក់កំហុសដល់កម្ពុជា ដើម្បីឱ្យពិភពលោកមើលឃើញថា ជាប្រទេសមួយដែលមានកេរ្តិ៍ឈ្មោះមិនល្អតែប៉ុណ្ណោះ៖ «ខ្ញុំគិតថា នេះ ជាយុទ្ធនាការនៃបណ្ដាញព័ត៌មានប្រឆាំង។ ឆ្កែចេះតែព្រូសហើយ។ ប៉ុន្តែ នៅកម្ពុជានៅតែទៅមុខ។ ទុកឱ្យឆ្កែព្រូសទៅចុះ។ យើងនិយាយដោយចាត់ទុកថាជាព័ត៌មានលម្អៀង ខុសវិជ្ជាជីវៈ ហើយជាព័ត៌មានបង្អាប់ មានសម្អុយកិត្តិយសកម្ពុជា ហើយយើងចាត់ទុកថាឆ្កែវាព្រូសទៅចុះ។ ជីវិតវាឆ្កែហើយ វាព្រូសហើយ ទៅខាំអីនឹងឆ្កែ។ កន្លែងល្អគគុក កម្ពុជាមិនមែនជារឿងដល់ថ្នាក់ហ្នឹងទេ»។
កាលពីថ្ងៃទី១៥ ខែកក្កដាកន្លងទៅស្ថាប័នសារព័ត៌មានអន្តរជាតិអាល់ហ្សា ហ្ស៊ីរ៉ា (Al Jazeera) បានផ្សព្វផ្សាយរបាយការណ៍ស៊ើបអង្កេតមួយស្ដីពីទាសករតាមប្រព័ន្ធអ៊ីនធឹណិត (Internet) នៅកម្ពុជាដែលប្រតិបត្តិការដោយក្រុមហ៊ុនចិនដែលមានទំនាក់ទំនងជាមួយមានអ្នកមានលុយមាននៃរបបលោក ហ៊ុន សែន នៅពីក្រោយខ្នង។ អាល់ហ្សា ហ្ស៊ីរ៉ា រកឃើញថា បណ្ដាញក្រុមហ៊ុនចិនកំពុងប្រតិបត្តិការចាប់ជំរិត និងបង្ខាំងមនុស្សមកពីបណ្ដាប្រទេសជុំវិញតំបន់អាស៊ីរាប់ពាន់នាក់ ដើម្បីឱ្យពួកគេធ្វើការងារឆបោកមនុស្សនៅតាមលើប្រព័ន្ធអនឡាញ (Online) ដែលមានទំហំទឹកប្រាក់រាប់រយលានដុល្លារសហរដ្ឋអាមេរិក។
អាល់ហ្សា ហ្ស៊ីរ៉ា បានរកឃើញថា អ្នកជំនួញម្នាក់ដែលមានឥទ្ធិពលក្នុងរបបលោក ហ៊ុន សែន គឺឧកញ៉ា ទ្រី ភាព ក៏មានអគារសហគ្រាសសម្រាប់ឱ្យជនជាតិចិនប្រតិបត្តិការអាជីវកម្មចាប់ជំរិតមនុស្សធ្វើទារុណកម្មក្នុងអគារដែលមានសភាពងងឹត ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តពោធិ៍សាត់ដែរ។ ប្រភពដដែល បានផ្សព្វផ្សាយទៀតថា សមាជិកព្រឹទ្ធសភារបស់បក្សកាន់អំណាចគឺលោក កុក អាន បានបើកមុខជំនួញផ្នែកវិស័យធនាគារ និងមានអគារជាច្រើនក្នុងខេត្តព្រះសីហនុសម្រាប់បង្ខាំងមនុស្សបង្ខំឱ្យធ្វើការខុសច្បាប់។ ក្រៅពីនេះ ក៏មានក្មួយប្រុសលោកហ៊ុន សែន គឺឧកញ៉ា ហ៊ុន តូ ផងដែរ។ លើសពីនេះទៀត អាល់ហ្សា ហ្ស៊ីរ៉ា ក៏បានលាតត្រដាងទៀតថា ក្រុមវិនិយោគិនជាជនជាតិចិនមានអគារសម្រាប់បង្ខាំងមនុស្សធ្វើទារុណកម្ម ហើយមានទំនាក់ទំនងជាមនុស្សក្រុមមនុស្សដែលស្និទ្ធនឹងត្រូវកូល ហ៊ុន នោះ គឺពួកគេសុទ្ធសឹងតែមានប្រវត្តិរឿងរ៉ាវអាស្រូវជាអ្នកជាប់ទោសនៅប្រទេសចិន ពាក់ព័ន្ធនឹងករណីជួញដូរមនុស្ស និងអំពើពុករលួយខ្នាតអន្តរជាតិ។
ទន្ទឹមគ្នានេះ របាយការណ៍ស្ដីពីការជួញដូរមនុស្សឆ្នាំ២០២២ របស់ក្រសួងការបរទេសអាមេរិកចេញផ្សាយកាលពីថ្ងៃទី១៩ ខែកក្កដា បានទម្លាក់ចំណាត់ថ្នាក់កម្ពុជាមកកម្រិតទី៣ ដែលមានន័យថា អាក្រក់បំផុត និងពុំធ្លាប់មានចាប់តាំងពីឆ្នាំ២០១៥ មក។ របាយការណ៍អាមេរិកបង្ហាញថា កម្ពុជាដើរថយក្រោយ និងគ្មានឆន្ទៈក្នុងការលុបបំបាត់ការជួញដូរមនុស្សដោយសារ បញ្ហាអំពើពុករលួយជាប្រព័ន្ធ ដែលបានរារាំងដល់ការអនុវត្តច្បាប់។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មិនបានបញ្ជាក់ឡើយថា អាជ្ញាធរនឹងបើកការស៊ើបអង្កេត ចំពោះក្រុមឧកញ៉ាដែលរងការចោទប្រកាន់ថា កំពុងប្រតិបត្តិការចាប់បង្ខាំងមនុស្សនៅលើកទឹកដីកម្ពុជាបែបណានៅឡើយទេ។ បន្ថែមពីនេះ លោកចាត់ទុករបាយការណ៍របស់សហរដ្ឋអាមេរិកថា អាងជាប្រទេសមហាអំណាចបែរជាបង្ហាញទិន្នន័យបែបលម្អៀង និងមានចេតនាដាក់សម្ពាធដល់កម្ពុជា៖ «ត្រូវហើយការលើកឡើងរបស់អាមេរិក ធម្មតាខ្លា និងចៀម លោកអើយ មិនចាំបាច់ទៅប្រណាំងអីខ្លា និងចៀម។ ទោះជាចៀម ផឹកទឹកក្រោមខ្លាហ្នឹង ក៏ខុសដែរ។ លក្ខណៈថា ទទួលស្គាល់ទៅ។ បើគាត់ [អាមេរិក] មានគំនិតអ៊ីចឹងទៅហើយ យើងមិនតវ៉ា ទៅចាប់ទោសអូសដំណើរអីក៏មិនបានដែរ។ របាយការណ៍យើងមាន លទ្ធផលល្អវាមានច្រើន ប៉ុន្តែគេ [អាមេរិក] មើលតែទោសយើង គេមិនបានគិតពីអ្វីដែលយើងខិតខំផងហ្នឹង»។
ផ្ទុយពីការអះអាងរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃរូបនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង តែងលើកឡើងជាសាធារណៈហូរហែមកថា ទោះបីជាកម្ពុជាត្រូវបានអាមេរិកចោទថាគ្មានឆន្ទៈក្នុងការលុបបំបាត់ករណីជួញដូរមនុស្សនេះយ៉ាងណាក្ដី ប៉ុន្តែ លោក ស ខេង បានបន្តណែនាំដល់មន្ត្រីជំនាញឱ្យមានការពង្រឹងសមត្ថភាពបង្ក្រាបករណីក្រុមឈ្មួញជួញដូរមនុស្សនេះ ដើម្បីធានាសន្តិសុខសង្គម និងជនបរទេសនៅកម្ពុជា។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកផ្នែកសិទ្ធិមនុស្សអង្គការលីកាដូ (LICAHDO) លោក អំ សំអាត លើកឡើងថា វាមិនមែនជារឿងចម្លែកឡើយសម្រាប់មន្ត្រីរដ្ឋាភិបាលកម្ពុជា ដែលតែងតែច្រានចោលរាល់របាយការណ៍នានារបស់អង្គការជាតិ និងអន្តរជាតិដែលតែងតែរកឃើញបញ្ហាកំពុងកើតឡើងនៅកម្ពុជា។ ទោះជាយ៉ាងណា លោកថា ទន្ទឹមនឹងការច្រានចោលរបាយការណ៍ ដែលលាតត្រដាងអំពីឧក្រិដ្ឋកម្មជួញដូរមនុស្សនេះ រដ្ឋាភិបាលគួរពិចារណាបើកការស៊ើបអង្កេត និងបង្ហាញលទ្ធផលដើម្បីឱ្យមហាជនអស់មន្ទិលសង្ស័យ៖ «ដូចជាករណីជួញដូរមនុស្ស បើយើងពិនិត្យទៅមានការខ្វះខាត ខ្វះចន្លោះ យើងពង្រឹងបន្ថែមនូវយន្តការ ឬក៏ការអនុវត្តច្បាប់ ឱ្យបានតឹងរ៉ឹង ហើយបង្កើនយន្តការឱ្យមានប្រសិទ្ធិភាពក្នុងការជួញដូរមនុស្ស អាហ្នឹងល្អប្រសើរផលប្រយោជន៍កម្ពុជាយើង។ សារព័ត៌មាននីមួយៗ វាមានក្រមសីលធម៌ និងវិជ្ជាជីវៈរបស់គេ ធ្វើការរកនូវព័ត៌មានដើម្បីធ្វើការផ្សព្វផ្សាយ»។
រដ្ឋាភិបាលលោក ហ៊ុន សែន និងក្រុមមនុស្សមួយចំនួនដែលស្និទ្ធនឹងលោក បានរងការរិះគន់ធ្ងន់ៗថា កំពុងមានទំនាក់ទំនងជាមួយនឹងក្រុមហ៊ុនចិនជាច្រើនក្នុងខេត្តព្រះសីហនុដែលបានបើកប្រតិបត្តិការធ្វើជំនួញបែបឧក្រិដ្ឋកម្ម ចាប់បង្ខាំងមនុស្សឱ្យធ្វើការឆបោកតាមប្រព័ន្ធអ៊ីនធឹណែត។ ថ្វីដ្បិត អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ បានប្រឹងប្រែងបកស្រាយហាក់ការពារអ្នកជំនួញមានឥទ្ធិពលក្នុងស្រុក និងក្រុមហ៊ុនចិនយ៉ាងណាក្ដី ក៏កន្លងទៅជនបរទេសដែលរួចខ្លួនចេញពីកន្លងឃុំឃាំងបានអះអាងថាពួកគេពិតជាជនរងគ្រោះ។
កន្លងទៅ មិនត្រឹមតែសារព័ត៌មានអន្តរជាតិនោះទេ អាជ្ញាធរប្រទេសដទៃ ដូចជាថៃ (THAI) ម៉ាឡេស៊ី (MALAYSIA) និងឥណ្ឌូនេស៊ី (INDONESEA) ជាដើម សុទ្ធតែអះអាងថា មានជនជាតិរបស់ខ្លួន ត្រូវបានចាញ់បោកក្រុមហ៊ុនចិន ឲ្យធ្វើការងារខុសច្បាប់ និងត្រូវជនជាតិចិនឃុំឃាំងក្នុងអគារធ្វើទារុណកម្ម។ ប៉ុន្តែអាជ្ញាធរប្រទេសទាំងនោះ បានសហការជាមួយអាជ្ញាធរកម្ពុជាជួយសង្គ្រោះបានជាបន្តបន្ទាប់ ហើយបញ្ជូនទៅប្រទេសកំណើតវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។