ក្រុមអង្គការសិទ្ធិមនុស្សអន្តរជាតិ ទាមទារឲ្យរដ្ឋាភិបាលកម្ពុជា បញ្ឈប់ការចាប់ខ្លួនតាមទំនើងចិត្តចំពោះអ្នករិះគន់គម្រោងCLV
2024.08.29
ក្រុមអង្គការសិទ្ធិមនុស្សអន្តរជាតិ ទាមទារឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងមនុស្សដែលត្រូវបានអាជ្ញាធរចាប់ឃុំខ្លួនតាមទំនើងចិត្តដោយសារតែពួកគាត់អនុវត្តសិទ្ធិបញ្ចេញមតិរិះគន់កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ(CLV-DTA)រវាងកម្ពុជា ឡាវ និងវៀតណាម។ ប៉ុន្តែអ្នកនាំពាក្យបក្សកាន់អំណាច ឆ្លើយតបថា ការលើកឡើងរបស់ក្រុមអង្គការសិទ្ធិមនុស្សអន្តរជាតិនេះ មិនឆ្លុះបញ្ចាំងពីការពិតនោះទេ ខណៈអ្នកឃ្លាំមើល យល់ថា ប្រសិនបើរដ្ឋាភិបាល មិនដោះស្រាយតាមការទាមទារនេះ កម្ពុជានឹងរងទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមទៀតពីសហគមន៍អន្តរជាតិ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) និងអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានចេញសេចក្តីថ្លែង ការណ៍រួមគ្នាមួយនៅថ្ងៃទី២៨ ខែសីហា ពាក់ព័ន្ធនឹងអាជ្ញាធររដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត ចាប់ខ្លួនមនុស្សចំនួន៩៤នាក់ ដោយសារពួកគាត់ មិនគាំទ្រកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍរវាងកម្ពុជា ឡាវ និងវៀតណាម។ អង្គការសិទ្ធិមនុស្សអន្តរជាតិទាំងពីរ ពិនិត្យឃើញថា ក្នុងចំណោមមនុស្ស៩៤នាក់ដែលត្រូវបានចាប់ខ្លួននោះ មាន៥៩នាក់ គឺជាសកម្មជនសិទ្ធិមនុស្ស សកម្មជនបរិស្ថាន និងសកម្មជនផ្សេងៗទៀត រួមទាំងកុមារមួយចំនួនផងដែរ។អ្នកទាំង៥៩នាក់ កំពុងជាប់ឃុំបណ្តោះអាសន្ន និងជាប់ចោទពីបទញុះញង់ និងរួមគំនិតក្បត់ ដោយសារតែការបញ្ចេញទស្សនៈដោយសន្តិវិធី។ អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ និងអង្គការលើកលែងទោសអន្តរជាតិ ទាមទារឲ្យរដ្ឋាភិបាលក្រុងភ្នំពេញ លុបចោលការចោទប្រកាន់ និងប្រគល់សេរីភាពជូនពួកគាត់ឡើងវិញ។
នាយករងប្រចាំតំបន់អាស៊ីនៃ យូមែន រ៉ៃត៍ វ៉ច្ឆ អ្នកស្រី ប្រៃយូនី លឺ (Bryony Lau) លើកឡើងក្នុងសេចក្តីថ្លែងការណ៍ថា ការចាប់ខ្លួនទ្រង់ទ្រាយធំលើអ្នករិះគន់តំបន់ត្រីកោណអភិវឌ្ឍ គឺជាការខិតខំប្រឹងប្រែងដោយចេតនារបស់អាជ្ញាធររដ្ឋាភិបាល ដើម្បីបំភិតបំភ័យអ្នករិះគន់ និងរារាំងពួកគាត់មិនឲ្យធ្វើបាតុកម្មនៅទីក្រុងភ្នំពេញ និងចែករំលែកទស្សនៈនៅលើបណ្ដាញសង្គម។ អ្នកស្រីសង្កត់ធ្ងន់ថា ការចោទប្រកាន់ និងការឃុំខ្លួនដោយមិនត្រឹមត្រូវតាមគោលការណ៍ច្បាប់នេះ បង្ហាញថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មិនបានគោរពសិទ្ធិពលរដ្ឋកម្ពុជា និងកាតព្វកិច្ចសិទ្ធិមនុស្សអន្តរជាតិនោះទេ។
ចាប់តាំងពីចុងខែកក្កដាមក ប្រជាពលរដ្ឋខ្មែរទាំងក្នុងប្រទេស និងក្រៅប្រទេស បានបង្ហាញក្តីកង្វល់ និងទាមទារឲ្យរដ្ឋាភិបាល ដកខេត្តខ្មែរទាំង៤ នៅភាគឦសានចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ ដើម្បីកុំឲ្យរងការឈ្លានពានទឹកដីនិងសេដ្ឋកិច្ចពីប្រទេសវៀតណាម ដូចធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ។ ប៉ុន្តែរដ្ឋាភិបាលរបស់ត្រកូល''ហ៊ុន''មិនពិចារណាចំពោះក្តីកង្វល់របស់ពលរដ្ឋខ្មែរនោះទេ ថែមទាំងបញ្ជាឲ្យសមត្ថកិច្ចចាប់ខ្លួនសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ៣នាក់មានលោក ស្រ៊ុន ស្រ៊ន ជាដើម និងព្រមានបង្ក្រាបបង្ហូរឈាម និងប្រើប្រាស់គុកច្រវាក់ចំពោះពលរដ្ឋដែលហ៊ានធ្វើបាតុកម្មនៅទីក្រុងភ្នំពេញ និងបញ្ចេញមតិរឿងទឹកដីនេះ។ លើសពីនេះ បើទោះបីជាអ្នករិះគន់រស់នៅក្រៅប្រទេសក្តី ក៏អតីតនាយករដ្ឋមន្ត្រីនិងជាប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បញ្ជាឲ្យសមត្ថកិច្ច តាមធ្វើទុក្ខបុកម្នេញដល់សមាជិកក្រុមគ្រួសារនៅស្រុកខ្មែរដែរ។
ទោះជាយ៉ាងណា ប្រជាពលរដ្ឋខ្មែរក្រៅប្រទេសដូចជានៅកូរ៉េខាងត្បូង ជប៉ុន អូស្ត្រាលី កាណាដា អាមេរិក ទ្វីបអឺរ៉ុប ជាដើម នៅតែធ្វើបាតុកម្មទ្រង់ទ្រាយធំ ដើម្បីប្រឆាំងនឹងគំនិតរបស់លោក ហ៊ុន សែន ដែលដាក់ខេត្តខ្មែរទាំង៤ អភិវឌ្ឍរួមគ្នាជាមួយវៀតណាម និងឡាវ។ ជាការឆ្លើយតប រដ្ឋាភិបាលរបស់ត្រកូល ''ហ៊ុន'' បានបញ្ជាឲ្យអាជ្ញាធររឹតបន្តឹងសន្តិសុខ និងរឹតត្បិតការធ្វើដំណើរ និងការជួបជុំទូទាំងប្រទេស។ ក្រុមមន្ត្រីអង្គការសង្គមស៊ីវិលក្នុងស្រុក សកម្មជននយោបាយ សកម្មជននានា បានក្លាយជាគោលដៅនៃការតាមដានរបស់អាជ្ញាធរ។
បន្ទាប់មកទៀត អាជ្ញាធរ បានបង្កើនការចាប់ខ្លួនមនុស្សជាបន្តបន្ទាប់ដោយភាគច្រើនជាសកម្មជននយោបាយបក្សប្រឆាំង សកម្មជនសិទ្ធិមនុស្ស សកម្មជនសង្គម សកម្មជនបរិស្ថាន និងសាច់ញាតិរបស់សកម្មជននយោបាយនៅក្រៅប្រទេស ដូចជាប្អូនប្រុសរបស់លោក ហៃ វណ្ណា ឈ្មោះហៃ វណ្ណនិត ជាដើម។ អាជ្ញាធរ បានចាប់ខ្លួន និងបញ្ជូនពួកគាត់ទៅឃុំក្នុងពន្ធនាគារស្ងាត់ៗដោយមិនឲ្យក្រុមគ្រួសារបានដឹងនោះទេ។ គ្រួសារខ្លះ បាត់ប្តីបាត់កូន រកមិនឃើញ ក៏ទៅពឹងគ្រូទាយផងក៏មាន ទម្រាំកូនឬប្តីពួកគាត់ ទូរស័ព្ទប្រាប់ពីក្នុងពន្ធនាគារមកវិញ។យុវជនមួយចំនួនដូចជាយុវជននៃសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ និងយុវជននៃអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជនជាដើម មិនបាននិយាយរិះគន់តំបន់ត្រីកោណអភិវឌ្ឍនោះទេ ប៉ុន្តែពួកគាត់ បែរជាត្រូវបានអាជ្ញាធរ ចាប់ខ្លួនដោយគ្រាន់តែបង្ហោះសារបណ្ដាញសង្គមរឿងអយុត្តិធម៌សង្គម និងទាមទារឲ្យអាជ្ញាធរដោះលែងមិត្តភក្ដិរបស់គាត់។
សេចក្តីថ្លែងការណ៍រួមរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ និងអង្គការលើកលែងទោសអន្តរជាតិ ឲ្យដឹងថា គិតចាប់ពីចុងខែកក្កដា ដល់ថ្ងៃទី២៨ សីហា មនុស្ស៩៤នាក់ ត្រូវបានចាប់ខ្លួន ប៉ុន្តែមកទល់ពេលនេះ មានមនុស្ស៥៩នាក់ កំពុងជាប់ឃុំបណ្ដោះអាសន្ន។ ក្នុងនោះ២១នាក់ជាប់ចោទពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋដែលប្រឈមជាប់ពន្ធនាគារដល់២ឆ្នាំ។ចំណែកមនុស្ស៣៣នាក់ទៀត ជាប់ចោទពីបទរួមគំនិតក្បត់ ក្នុងនោះមានទាំងយុវជនវ័យក្មេង៤នាក់របស់សមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ ដែលអាចប្រឈមជាប់ពន្ធនាគារដល់១០ឆ្នាំ។
នាយករងប្រចាំតំបន់អាស៊ីអាគ្នេយ៍ អាស៊ីបូព៌ានិងការិយាល័យប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃអង្គការលើកលែងទោសអន្តរជាតិអ្នកស្រី ខេត ស៊ូតស៊ី (Kate Schuetze) ថ្លែងថា ការរឹតត្បិតតាមអំពើចិត្តលើសេរីភាពនៃការធ្វើចលនា ការជួបជុំដោយសន្តិវិធី និងសេរីភាពនៃការបញ្ចេញមតិ គឺមិនបង្ហាញពីភាពត្រឹមត្រូវតាមគោលការណ៍ច្បាប់អន្តរជាតិនោះទេ។ អ្នកស្រីបន្តថា ការបៀតបៀនលើសកម្មជននិងគ្រួសាររបស់ពួកគាត់ គឺមិនអាចទទួលយកបានឡើយ។ អ្នកស្រីបន្ថែមថា វាជារឿងគួរឲ្យភ្ញាក់ផ្អើលចំពោះការឆ្លើយតបយ៉ាងធ្ងន់ដៃរបស់រដ្ឋាភិបាលកម្ពុជា ដោយចាប់ឃុំខ្លួនយុវជន និងកុមារមួយចំនួនមិនស្របតាមគោលការណ៍ច្បាប់ និងចោទប្រកាន់ពីបទឧក្រិដ្ឋកម្មធ្ងន់ធ្ងរប្រឆាំងរដ្ឋថែមទៀត។ តំណាងអង្គការលើកលែងទោសអន្តរជាតិរូបនេះ ជំរុញឲ្យប្រទេសជាដៃគូអភិវឌ្ឍរបស់កម្ពុជា អំពាវនាវជាសាធារណៈនិងរួមគ្នាទាមទារឲ្យរដ្ឋាភិបាលកម្ពុជា បញ្ឈប់ការរំលោភបំពានទៅលើសេរីភាពបញ្ចេញមតិ និងសេរីភាពជួបជុំដោយសន្តិវិធីនេះតទៅទៀត។
ឆ្លើយតបនឹងរឿងនេះ អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន ថ្លែងចោទប្រកាន់អង្គការសិទ្ធិមនុស្សអន្តរជាតិទាំងពីរនេះ មានចេតនានយោបាយប្រឆាំងរដ្ឋាភិបាលកម្ពុជា។ លោក នៅតែការពារវិធានការអាជ្ញាធររដ្ឋាភិបាលថា ជាការអនុវត្តច្បាប់ មិនមែនធ្វើឡើងតាមទំនើងចិត្តនោះទេ។
លោក សុខ ឥសាន៖ «បើប្រៀបធៀបនឹងច្បាប់របស់កម្ពុជាដូចដែលខ្ញុំបញ្ជាក់មិញនេះ គឺមាត្រា៣១ មាត្រា៤១ ជំពូកទី៣នៃរដ្ឋធម្មនុញ្ញ ការវាយតម្លៃរបស់អង្គការសិទ្ធិមនុស្ស និងការអនុវត្តច្បាប់នៅកម្ពុជានេះមិនស្របទៅ តាមសភាពការណ៍ពិតជាក់ស្តែងនៅកម្ពុជាទេ»។
ទោះជាយ៉ាងណា អ្នកឃ្លាំមើល យល់ថា ការឆ្លើយតបរបស់អ្នកនាំពាក្យបក្សកាន់អំណាចដែលមិនព្រមទទួលស្គាល់កំហុសបែបនេះ នឹងមិនផ្តល់ផលជាវិជ្ជមានសម្រាប់កម្ពុជានោះទេ។
ប្រធានអង្គការសម្ពន្ធខ្មែរដើម្បីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្តីពីកម្ពុជា លោក អ៊ិន ណាត មានប្រសាសន៍ថា លោក គាំទ្រចំពោះសេចក្តីថ្លែងការណ៍រួមរបស់អង្គការសិទ្ធិមនុស្សអន្តរជាតិទាំងពីរ ព្រោះឆ្លុះបញ្ចាំងពីការពិត។ លោក សោកស្តាយដែលរដ្ឋាភិបាល មិនត្រឹមតែមិនកោតសរសើរចំពោះពលរដ្ឋនិងយុវជនដែលឈឺឆ្អាលនិងព្រួយបារម្ភអំពីវាសនាទឹកដីប្រទេសជាតិនោះទេ ថែមទាំងចាប់ខ្លួនពួកគាត់ទៅទៀត ដែលលោកចាត់ទុកថា ទង្វើនេះផ្ទុយពីច្បាប់រដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
លោក អ៊ិន ណាត៖ .«ការទាមទារនេះ ខ្ញុំគិតថា រដ្ឋាភិបាលគួរតែយកចិត្តទុកដាក់ហើយស្វែងរកដំណោះស្រាយឲ្យសមរម្យបំផុត ពីព្រោះការថ្កោលទោស ការចេញសេចក្តីថ្លែងការណ៍រួមគ្នានេះ វានឹងនាំមកនូវផលអវិជ្ជមានច្រើន។ វាអាចធ្វើឲ្យសហគមន៍អន្តរជាតិ ដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើកម្ពុជាហើយពេលនោះ ប្រជាជនកម្ពុជា កាន់តែរងទុក្ខវេទនា ។យើងឃើញហើយបច្ចុប្បន្ននេះ ប្រជាជនកំពុងតែជួបការលំបាកស្ទើរតែគ្រប់បែបយ៉ាង។ ការដកEBAរបស់សហភាពអឺរ៉ុប និងដកGSPរបស់អាមេរិក បានធ្វើឲ្យកម្ពុជាមានបញ្ហារួចហើយទៅហើយដោយសារតែទណ្ឌកម្មសេដ្ឋកិច្ច»។
លោក អ៊ិន ណាត បន្ថែមថា អង្គការសិទ្ធិមនុស្សអន្តរជាតិទាំងពីរនេះ មានឥទ្ធិពលទៅលើប្រទេសម្ចាស់ជំនួយ ដូច្នេះប្រសិនបើរដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត នៅតែព្រងើយកន្តើយចំពោះការអំពាវនាវម្តងហើយម្តងទៀត រដ្ឋាភិបាលកម្ពុជាខ្លួនឯង នឹងកាន់តែឯកោដូចអតីតកាលដោយសារសម្ពាធសេដ្ឋកិច្ច នយោបាយ និងសម្ពាធកាទូតពីប្រទេសលោកសេរី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។