អង្គការ​​អន្តរជាតិ​​បន្ត​​ថ្កោលទោស​តុលាការ​វៀតណាម​ដែល​បន្ត​ដាក់​ទោស​ខ្មែរក្រោម​៩នាក់

ដោយ យន់ សាមៀន
2024.12.08
អង្គការ​​អន្តរជាតិ​​បន្ត​​ថ្កោលទោស​តុលាការ​វៀតណាម​ដែល​បន្ត​ដាក់​ទោស​ខ្មែរក្រោម​៩នាក់ ព្រះសង្ឃ និង​សកម្មជន​ខ្មែរ​ក្រោម ដែល​កំពុង​ជាប់​ពន្ធនាគារ​ នៅ​កម្ពុជា​ក្រោម។
រូប៖ សហព័ន្ធខ្មែរក្រោម

អង្គការ​សិទ្ធ​មនុស្ស​អន្តរជាតិ​បាន​បន្ត​​ថ្កោលទោស​តុលាការ​វៀតណាម​ដែល​បន្ត​ផ្ដន្ទាទោស​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម​ឲ្យ​ជាប់​ពន្ធនាគារ​ដោយសារ​តែ​ការ​ទាមទារ​សិទ្ធិ​ស្វ័យ​សម្រេច។ អង្គការ​ទាំង​នោះ​ស្នើ​ឲ្យ​វៀតណាម​ដោះលែង​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម​ដោយ​ឥត​លក្ខខ័ណ្ឌ។

មូលនិធិ​សិទ្ធិ​មនុស្ស (Human Rights Foundation)  ថ្កោលទោស​តុលាការ​វៀតណាម​​ចំពោះ​ការ​កាត់ទោស​ព្រះសង្ឃ ៥​អង្គ​ និង​សកម្មជន​៤​នាក់​នៅ​វៀតណាម។

កាល​ពី​ថ្ងៃទី​២៦ ខែ​វិច្ឆិកា តុលាការ​វៀតណាម​បាន​កាត់ទោស​ព្រះសង្ឃ ៥​អង្គ និង​សកម្មជន​ខ្មែរ ក្រោម៤​នាក់ ឱ្យ​ជាប់​ពន្ធនាគារ​ចាប់​ពី ២​ឆ្នាំ ដល់ ៦​ឆ្នាំ ដោយ​ចោទ ប្រកាន់​ពី​បទ «​កេង​ចំណេញ​លើ​សិទ្ធិ​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ​» និង​បទ «​ការ​ចាប់ខ្លួន​ឃាត់​ខ្លួនឬ​ឃុំខ្លួន​មនុស្ស​ដោយ​ខុសច្បាប់​» តាម​ក្រមព្រហ្មទណ្ឌ​វៀតណាម។

ក្នុងចំណោម​ព្រះសង្ឃ ៥​អង្គ រួម​មាន​ព្រះចៅ​អធិការ​វត្ត​ទ្រនំ​សេក ព្រះតេជព្រះគុណ ថាច់ ចន្ទតារា ជាប់ទោស ៦​ឆ្នាំ និង​ព្រះតេជព្រះគុណ យឿង ខាយ ៥​ឆ្នាំ ៩​ខែ។

កាលពី​ខែ​ឧសភា កន្លង​ទៅ តុលាការ​វៀតណាម​បាន​កាត់ទោស​សកម្មជន​សិទ្ធិមនុស្ស​ខ្មែរ​កម្ពុជា​ក្រោម​ពីរ​នាក់​ផ្សេងទៀត គឺ​លោក ថាច់ កឿង និង​លោក តោ ហ្វាងចឿ​ង ឱ្យ​ជាប់​ពន្ធនាគារ ពី ៣ ដល់ ៤​ឆ្នាំ​ដែរ។

មូលនិធិ​សិទ្ធិ​មនុស្ស (Human Rights Foundation) ក្នុង​សេចក្ដីថ្លែងការណ៍​ចេញ​កាល​ពីថ្ងៃទី៥ ធ្នូ ចាត់​ទុក​ថា​ សាលក្រម​តុលាការ​វៀតណាម​ជា​ការ​វាយ​ប្រហារ​មួយ​ទៀត​មក​លើ​ប្រជាពលរដ្ឋ​ខ្មែរ​ក្រោម និង​ការ​រស់​នៅ​របស់​ពួក​គាត់។ មូលនិធិ​សិទ្ធិ​មនុស្ស​ថ្កោលទោស​ចំពោះ​ការ​ប្រើប្រាស់​ប្រព័ន្ធ​យុត្តិធម៌​ដើម្បី​កំណត់​គោលដៅ​និង​ឃុំ​ខ្លួន​ជនជាតិ​ដើម​​និង​សកម្មជន​ដោយ​គ្រាន់​តែ​អនុវត្ត​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពួកគាត់​ ចំពោះ​សេរីភាព​ខាង​សាសនា ការ​បញ្ចេញមតិ​ ការ​ប្រមូល​ផ្ដុំ និង​សមាគម។

ស្រដៀង​គ្នា​នេះ​ដែរ នាយក​អង្គការ​តស៊ូ​មតិ​សិទ្ធិមនុស្ស និង​ការងារ​ប្រចាំ​តំបន់​អាស៊ី (AHRLA) លោក ហ្វីល រ៉បឺតស៊ុន (Phil Robertson) បាន​ចេញ​សេចក្ដីថ្លែងការណ៍ នៅ​ថ្ងៃទី​២៧ វិច្ឆិកា ថា ជា​រឿង​ហួសចិត្ត​និង​មិន​អាច​ទទួល​យក​បាន ដែល​តុលាការ​វៀតណាម​បាន​កាត់​ទោស​ព្រះសង្ឃ និង​សកម្មជន​ការពារ​សិទ្ធិមនុស្ស​ខ្មែរ​កម្ពុជា​ក្រោម កាលពី​ថ្ងៃ​ទី​២៦ វិច្ឆិកា។

លោក​សង្កត់ធ្ងន់​ថា សកម្មភាព​ធ្វើ​ទុក្ខបុកម្នេញ​របស់​អាជ្ញាធរ​វៀតណាម​លើ​ខ្មែរ​កម្ពុជា​ក្រោម​នេះ ជា​ការ​បង្ហាញ​ឱ្យ​ឃើញ​កាន់តែ​ច្បាស់​ថា រដ្ឋាភិបាល​វៀតណាម​មិន​អត់ឱន​ឱ្យ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ចំពោះ​ការ​អនុវត្ត​សិទ្ធិ​ជំនឿ​សាសនា ភាសា វប្បធម៌ និង សិទ្ធិ​សេរីភាព​បញ្ចេញមតិ ដែល​អាជ្ញាធរ​វៀតណាម​បាន​គ្រប់គ្រង និង​បំបិទ​សិទ្ធិ​យ៉ាង​តឹងរ៉ឹង។

ចំណែក​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ដែល​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​វិញ​ចាត់​ទុក្ខ​ទង្វើ​របស់​វៀតណាម​ដែល​ជា​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ថា បាន​ធ្វើ​ផ្ទុយ​ទៅ​នឹង​កិច្ច​សន្យា​ជា​សមាជិក​ក្នុង​ការ​គោរព​និង​លើក​កម្ពស់​សិទ្ធិ​មនុស្ស។

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ស្នើ​ឲ្យ​សហរដ្ឋអាមេរិក​ដាក់​វៀតណាម​ជា​ប្រទេស​គួរ​ឲ្យ​បារម្ភ​ពី​បញ្ហា​រំលោភ​សិទ្ធ​សាសនា​។

របាយការណ៍​ក្រសួង​ការបរទេស​អាមេរិក​សម្រាប់​ឆ្នាំ​២០២៣​បង្ហាញ​ថា ទោះបី​រដ្ឋធម្មនុញ្ញ​វៀតណាម​អនុញ្ញាត​ឲ្យ​មាន​សិទ្ធិ​សេរីភាព​ផ្នែក​សាសនា​ក្តី​ ប៉ុន្តែ​ច្បាប់​ក៏​អនុញ្ញាត​ឲ្យ​អាជ្ញាធរ​រឹតត្បិត​សាសនា​ដោយ​យក​លេស​ដើម្បី​ការពារ​សន្តិសុខ​ជាតិ និង​ឯកភាព​សង្គម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
ប៉ូលិស​ថៃ​ស៊ើបអង្កេត​ឃើញ​ថា ករណី​ធ្វើឃាត​លើ​លោក លិម គិមយ៉ា មាន​ការ​រៀបចំ​ជា​ប្រព័ន្ធ ដោយ​មាន​មេខ្លោង​នៅ​កម្ពុជា
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។