សហជីពសកលអ៊ិនដាសស្រ្ទីអល (IndustriALL Global Union) ថ្កោលទោសចំពោះការចាប់ខ្លួនលោក ជា ចាន់ និងទាមទារឱ្យដោះលែងប្រធានសហជីពរោងចក្រ វីងស្ដារស៊ូ រូបនេះ ជាបន្ទាន់ដោយចាត់ទុកការចាប់ និងឃុំខ្លួនលោក ជា ចាន់ថា ជាការបង្ក្រាប និងបញ្ឈប់សកម្មភាពរបស់សហជីព។ ការលើកឡើងនេះ គឺបន្ទាប់ពី ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ស្ពឺ ឃុំខ្លួនប្រធានសហជីពកម្ពុជាប្រចាំរោងចក្រ វីងស្តារស៊ូ (Wing Stars Shoes) លោក ជា ចាន់ ក្នុងពន្ធនាគារ តាមបណ្ដឹងថៅកែក្រុមហ៊ុនវីងស្តារស៊ូ។
ពីទីក្រុងហ្សឺណែវ (Geneva) ប្រទេសស្វីស (Switzerland) សហជីពសកលឈ្មោះ អ៊ិនដាសស្រ្ទីអល (IndustriALL Global Union) បានសរសេរលិខិតមួយទៅកាន់ នាយកក្រុមហ៊ុនផលិតស្បែងជើងកម្ពុជា វីងស្តាស៊ូ ខូអិលធិឌី (Wing Stars Shoes Cambodia Co., LTD.) ឈ្មោះ ជៀ ជីងទីង (Chiu Ching TING) ដោយបង្ហាញថា សហជីពសកលបានទទួលព័ត៌មានពីសហព័ន្ធសហជីពកម្ពុជា (CATU) អំពីការចាប់ខ្លួន លោក ជា ចាន់ ប្រធានសហជីពរោងចក្រ វីងស្ដារស៊ូ បន្ទាប់ពីក្រុមហ៊ុន វីងស្ដារស៊ូ ដាក់ពាក្យបណ្ដឹង ដើម្បីប្រឆាំងនឹងលោក ជា ចាន់ និងសហការីរបស់គាត់ពីបទ «លួច» ។
សហជីពសកលថ្កោលទោសចំពោះការចោទប្រកាន់លើលោក ជា ចាន់ ដោយចាត់ទុកការចោទប្រកាន់នេះថា ជារឿងមិនពិត និងជាឧបាយកលបង្ក្រាបសហជីពក្នុងគោលបំណងបញ្ឈប់សកម្មភាពរបស់សហជីពក្នុងស្រុក។
ប្រភពដដែលលើកឡើងថា ការចាប់ខ្លួន ធ្វើឡើងស្របពេល ដែលលោក ជា ចាន់ និងសហការីរបស់លោក ខិតខំប្រឹងប្រែងក្នុងការបង្កើតសហជីពនៅក្នុងក្រុមហ៊ុន។
សហជីពអន្តរជាតិ ក៏បានរំឭកថា កាលពីខែមករា ក្រុមហ៊ុនវីងស្ដារស៊ូ បានផ្ញើសារទៅគំរាមកំហែងលោក ជា ចាន់ និងស្ថាបនិកសហជីពផ្សេងទៀត ដោយទាមទារឱ្យសកម្មជនសហជីពទម្លាក់នូវផែនការបង្កើតសហជីព ហើយនៅពេលដែលសកម្មជនសហជីពមិនព្រម ចំពោះសម្ពាធគំរាមកំហែងនោះ ហើយនៅតែបន្តដំណើរការចុះបញ្ជិកាសហជីព លោក ជា ចាន់ ក៏ត្រូវប៉ូលិសចាប់ខ្លួន។
សហជីពសកល បានអះអាងថា ជាការចាំបាច់ណាស់ ដែលក្រុមហ៊ុនស្បែងជើងកម្ពុជា វីងស្ដារស៊ូ ត្រូវដកចេញនូវរបាយការណ៍មិនពិតរបស់ប៉ូលិស ហើយដោះលែងលោក ជា ចាន់ ជាបន្ទាន់ និងបញ្ចប់រាល់ការគំរាមកំហែងលើសមាជិកសម្ដ័ន្ធសហជីព។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងនាយកក្រុមហ៊ុន វីងស្ដារស៊ូ ដើម្បីសុំការបកស្រាយ បញ្ហានេះ បានទេ នៅថ្ងៃទី២៣ ខែកុម្ភៈ។ រីឯអ្នកនាំពាក្យក្រសួងការងារ លោក កត្តា អ៊ន ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី ២៣ កុម្ភៈ ថា លោកកំពុងជាប់ប្រជុំ។
ប្រធានគ្រប់គ្រងកម្មវិធីការងារ នៃអង្គការសង់ត្រាល់ លោក ឃុន ថារ៉ូ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៣ កុម្ភៈ ថា សហជីពសកលផ្ញើលិខិតទៅកាន់នាយកក្រុមហ៊ុន វីងស្ដារស៊ូ នេះ គឺជាសារមួយបញ្ជាក់ថា ក្រុមហ៊ុន វីងស្ដារស៊ូ ត្រូវតែលើកកម្ពស់ និងទទួលស្គាល់សិទ្ធិសេរីភាពផ្នែកសហជីព។ ប៉ុន្តែក្នុងករណីនេះ ក្រុមហ៊ុន វីងស្ដារស៊ូ មិនអនុវត្តតាមនោះ លោកជឿជាក់ថា សហព័ន្ធសហជីពអន្តរជាតិ នឹងជំរុញទៅក្រុមហ៊ុនធំ ដែលជាម្ចាស់របស់ក្រុមហ៊ុន វីងស្ដារស៊ូ ដែលទទួលបានការបញ្ជាទិញរបស់ក្រុមហ៊ុនជប៉ុន។
លោក ឃុន ថារ៉ូ៖ «ចំណុចនេះ យើងគិតថា វាជាការជំរុញ ហើយក៏ដូចជាការដាក់សម្ពាធទៅឱ្យក្រុមហ៊ុនដែរ ពីព្រោះថា ការចាប់ខ្លួនថ្នាក់ដឹកនាំសហជីពនេះ វាកើតចេញពីបណ្ដឹងរបស់ក្រុមហ៊ុន ហើយវាកើតនៅក្នុងទន្ទឹមគ្នា នៅក្នុងការសហជីពរបស់សហព័ន្ធសហជីពកម្ពុជា(CATU)រៀបចំរចនាសម្ព័ន្ធនៅសហជីពមូលដ្ឋានរៀបចំនៅការបោះឆ្នោត រៀបចំដំណើរការចុះបញ្ជីការនៅក្នុងក្រុមហ៊ុុនហ្នឹង។ អ៊ីចឹងវាហាក់ដូចចៃដន្យនៅក្នុងអំឡុងពេលហ្នឹង គួរផ្សំទៅនឹងភាពមិនប្រក្រតីទៅដែលយើងធ្វើការស៊ើបអង្កេតនេះ យើងអាចនិយាយបានថា បញ្ហានេះ វាអាចកើតចេញពីការរើសអើងសហជីព ហើយហ្នឹងការគំរាមកំហែងទៅដល់សហជីពឯករាជ្យដែលរៀបចំបង្កើតនៅក្នុងក្រុមហ៊ុនហ្នឹង»។
លោក ឃុន ថារ៉ូ លើកឡើងថា អង្គការសង់ត្រាល់ នឹងសរសេរលិខិតជាផ្លូវការមួយ ប្ដឹងទៅក្រុមហ៊ុនរបស់ជប៉ុន ដែលជាម្ចាស់បញ្ជាទិញពីក្រុមហ៊ុន វីងស្ដាស៊ូ ឱ្យចាត់វិធានការអនុលោមតាមក្រមសីលធម៌ ឬផ្នែកច្បាប់ រួមទាំងអំពាវនាវឱ្យដោះលែងលោក ជា ចាន់ ជាបន្ទាន់។
កាលពីថ្ងៃទី១៨ ខែកុម្ភៈចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ស្ពឺ បានចេញ ដីកាបង្គាប់ឱ្យឃុំខ្លួនប្រធានសហជីពកម្ពុជាប្រចាំរោងចក្រ វីងស្តារស៊ូ (Wing Stars Shoes) លោក ជា ចាន់ ក្នុងពន្ធនាគារបណ្តោះអាសន្ន តាមបណ្ដឹងរបស់ថៅកែក្រុមហ៊ុន វីងស្ដារស៊ូ ដែលចោទប្រកាន់លោក ជា ចាន់ «លួចសម្ភារៈនៅក្នុងរោងចក្រ» ។
ការចោទប្រកាន់លើលោក ជា ចាន់នេះ ធ្វើឡើងស្របពេលលោកបានព្យាយាមបង្កើតសហជីព ដើម្បីការពារផលប្រយោជន៍កម្មករនៅកន្លែងការងារ។
លោក ជា ចាន់ រួមទាំងស្ថាបនិកសហជីព៩នាក់ទៀត ត្រូវបានក្រុមកម្មករ
បោះឆ្នោត រើសរើសឱ្យជាក្លាយតំណាងកាលពីថ្ងៃទី១០ ខែមករា។ ប៉ុន្តែក្រោយពួកគេជូនដំណឹងស្តីពីការបង្កើតសហជីព ស្រាប់តែភាគីក្រុមហ៊ុនបានព្យាយាម
បញ្ចុះបញ្ចូលនិងផ្ញើសារបំភិតបំភ័យក្នុងគោលបំណងឱ្យលោក ជា ចាន់ និងសមាជិកស្ថាបនិកសហជីពផ្សេងទៀតបោះបង់ការបង្កើតសហជីព ដើម្បីការពារសិទ្ធិនៅកន្លែងធ្វើការ។
សហព័ន្ធសហជីពកម្ពុជា អំពាវនាវឱ្យតុលាការដោះលែង លោក ជា ចាន់ ដោយចាត់ទុកសកម្មភាពចាប់ខ្លួន និងចោទនេះថា ជាការរំលោភបំពាន និងគំរាមកំហែងធ្ងន់ធ្ងរមកលើសេរីភាពផ្នែកសហជីព ដែលធានាដោយច្បាប់ជាតិ និងអនុសញ្ញារបស់អង្គការអន្តរជាតិខាងការងារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។