អង្គការអន្តរជាតិទេសន្តរប្រវេសន៍ហៅកាត់ IOMរកឃើញថា មានជនទេសន្តរប្រវេសន៍ប្រហែល ២០០នាក់ មានជំងឺរបេង ចាប់តាំងពីខែមករា ឆ្នាំ២០២០ ដល់ខែមិថុនា ឆ្នាំ២០២១។
អង្គការ IOM បានសរសេរនៅលើហ្វេសប៊ុករបស់ខ្លួនថា អង្គការនេះបានរកឃើញអ្នកជំងឺរបេងទាំងនោះនៅពេលអង្គការនេះធ្វើតេស្ដអ្នកចំណាកស្រុកចំនួនជាង១៣០០០នាក់។ បើតាមអង្គការដដែលនេះអ្នកជំងឺរបេងទាំងនោះត្រូវបញ្ជូនបន្ត ដើម្បីទទួលសេវាព្យាបាល។
អង្គការ IOM សហការជាមួយក្រសួងសុខាភិបាល ដោយគាំទ្រការអនុវត្តគោលនយោបាយសុខភាពទេសន្តរប្រវេសន៍។ នៅខេត្តបន្ទាយមានជ័យអង្គការនេះអនុវត្តការស្រាវជ្រាវសកម្មជំងឺរបេង ដើម្បីធ្វើអោយសេវាបញ្ជូនទៅធ្វើតេស្តបន្ត និងទទួលការព្យាបាលកាន់តែប្រសើរឡើង។
បើទោះជាមានការរកឃើញអ្នកឆ្លងជំងឺរបេងក្នុងចំណោមអ្នកចំណាកស្រុកនេះក្ដីមន្រ្តីសុខាភិបាលអះអាងប្រាប់សារព័ត៌មានក្នុងស្រុកថា ចំនួនអ្នកកើតជំងឺនេះបានថយចុះបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។
ក្នុងឆ្នាំ ២០២០ អ្នកជំងឺរបេងចំនួនមានជិតបីម៉ឺនករណី (២៩ ១៣៦ ករណី) ក្នុងនោះអ្នកជំងឺភាគច្រើនបានជាសះស្បើយ។ ចំណែកអត្រាស្លាប់ ដោយសារជំងឺរបេងចាប់តាំងពីឆ្នាំ ២០១១ រហូតមកដល់ឆ្នាំ ២០១៩ គឺមានការធ្លាក់ចុះជាង៥០ភាគរយ។ កាលពីឆ្នាំ ២០១៩ មានអ្នកស្លាប់ដោយសាររបេងចំនួន ១៧ ករណី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។