ជនភៀសខ្លួន​ខ្មែរ​ចំនួន ៦​នាក់ ដែល​កំពុង​ជាប់ឃុំ​នៅ​ថៃ​មាន​បញ្ហា​សុខភាព និង​ខ្វះខាត​អាហារ

ជនភៀសខ្លួន​ខ្មែរ​ចំនួន ៦ នាក់ ដែល​ត្រូវ​បាន​អាជ្ញាធរ​ថៃ ចាប់់​ឃុំខ្លួន​ប្រទេស​នៅ​ថៃ កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០២៣ កំពុង​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ និង​មិន​មាន​អាហារ​បរិភោគ​គ្រប់គ្រាន់។ មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ទៅ​រដ្ឋាភិបាល​ថៃ​ឱ្យ​គោរព​គោលការណ៍​សិទ្ធិមនុស្ស​លើ​អ្នក​ជាប់ឃុំ។

សង្គម​ស៊ីវិល និង​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ព្រួយបារម្ភ​ពី​បញ្ហា​សុខភាព​របស់​ជនភៀសខ្លួន​ខ្មែរ​ចំនួន ៦​នាក់ ដែល​ជាប់ឃុំ នៅក្នុង​ប្រទេស ថៃ​ថា កំពុង​ឈឺ​ធ្ងន់ធ្ងរ និង​មាន​សុខភាព​ទ្រុឌទ្រោម​ខ្លាំង ហើយ​មិន​មាន​អាហារ​បរិភោគ​គ្រប់គ្រាន់។

ជនភៀសខ្លួន​ខ្មែរ​ទាំង ៦​នាក់ ក្នុង​នោះ កញ្ញា អេង ម៉ាឡៃ ហៅ​សូ មេត្ដា និង​ប្អូនៗ​របស់​កញ្ញា ២​នាក់​ទៀត ហើយ​ខ្មែរក្រោម ២​នាក់ និង​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់ គឺ​លោក ថន ចន្ថា។ ពួកគាត់​ត្រូវ​អាជ្ញាធរ​ថៃ​ចាប់ខ្លួន កាលពី​ចុង​ខែ​ធ្នូ​ឆ្នាំ​២០២៣ អំឡុង​ពេល​ពួកគាត់​ចូលរួម​វគ្គ​បណ្តុះបណ្តាល ស្ដីពី​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង ប៉ារីស​នៅ​ទីក្រុង​បាងកក។

សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​លោក ស្រ៊ុន ស្រ៊ន ប្រាប់​វិទ្យុ​អាស៊ី សេរី​នៅ​ថ្ងៃទី​១៨ ខែឧសភា ថា លោក​បាន​និយាយ​ជាមួយ​ជនភៀសខ្លួន​ទាំង ៦ នាក់ ដើម្បី​តាមដាន​ពី​ស្ថានភាព​របស់​ពួកគាត់​នៅក្នុង​មណ្ឌល​ឃុំខ្លួន ខណៈ​ពួកគាត់​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​និយាយ​ទូរស័ព្ទ​ជាមួយ​ក្រុម​គ្រួសារ និង​មិត្តភក្ដិ រយៈពេល​មួយ​ម៉ោង​ជា​រៀងរាល់ថ្ងៃ។

លោក​ថា ពួកគាត់​ទាំង ៦​នាក់​កំពុង​ប្រឈម​បញ្ហា​សុខភាព ហើយ​កញ្ញា សូ មេត្ដា និង​ប្អូន​របស់​នាង គឺ​មិន​មាន​អាហារ​បរិភោគ​គ្រប់គ្រាន់ ហើយ​គ្រួសារ ក៏​មិនអាច​ទៅ​សួរសុខទុក្ខ​ពួកគាត់​បាន ខណៈ​ខ្មែរក្រោម​ពីរ​នាក់​ទៀត សុខភាព​ក៏​ចុះ​ខ្សោយ​ដែរ។

លោក ស្រ៊ុន ស្រ៊ន៖ «សូមេត្តា គាត់​មាន​ជំងឺ​ដែរ ដោយសារតែ​ការ​ហូបចុក​នៅ​ទីនោះ គឺ​ខ្វះខាត​ខ្លាំង​។ ធម្មតា​អ្នក​ជាប់​ឃុំឃាំង​ដទៃៗ គេ​មានគ្រួសារ​ទៅ​មើល ឬ​គេ​ផ្ដល់​ជា​ថវិកា​ឬ​សម្ភារៈ​អី ដើម្បី​គាត់​បាន​ហូបចុក​គ្រប់គ្រាន់​ល្មម​រស់ ប៉ុន្តែ​ពួកគាត់ ៣ នាក់​បងប្អូន គឺ​អត់​ទេ​។ អត់​មាន​ហូប​គ្រប់​ទេ ដែល​ធ្វើ​ឱ្យ​សុខភាព​របស់​គាត់​ទ្រុឌទ្រោម​ខ្លាំង»។

រីឯ​សកម្មជន​គណបក្សប្រឆាំង​ម្នាក់ គឺ​លោក ថន ចន្ថា ដែល​ធ្លាប់​ត្រូវ​ជន​មិន​ស្គាល់ មុខ​លួច​វាយ​បាក់​ឆ្អឹងខ្នង និង​បែកក្បាល ក៏​កំពុង​ឈឺ​ធ្ងន់ និង​ត្រូវ​ការ​លេបថ្នាំ​ជា​ប្រចាំ​ផង​ដែរ។

លោក ស្រ៊ុន ស្រ៊ន៖ «គាត់​ត្រូវ​ការ​ហូប​ថ្នាំ​ជាប្រចាំ ដើម្បី​ការពារ​ឆ្អឹង​របស់​គាត់ ប៉ុន្តែ​តាំងនៅ​ក្នុង​មន្ទីរឃុំឃាំង​ពី​ខែ​ធ្នូ ឆ្នាំ​២០២៣ ដល់​ឥឡូវនេះ គឺ​គាត់​បាន​ដាច់​ថ្នាំ ដែល​ធ្វើ​ឱ្យ​សុខភាព​របស់​គាត់​ធ្ងន់ធ្ងរ និង​ទ្រុឌទ្រោម​ខ្លាំង​មែនទែន»។

លោក ស្រ៊ុន ស្រ៊ន ស្នើ​ទៅ​រដ្ឋាភិបាល​ឱ្យ​ពិនិត្យមើល​ឡើងវិញ និង​ដោះលែង​ជនភៀសខ្លួន​ខ្មែរ ទាំង ៦​នាក់​ឱ្យ​បាន​នៅ​ក្រៅ​ឃុំ​។ លោក​ចាត់ទុក​ការ​ចាប់ខ្លួន​ពួកគាត់ អំឡុង​ពេល​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ស្ដីពី​កិច្ចព្រមព្រៀង សន្តិភាព ទីក្រុង​ប៉ារីស និង​មាន​ប័ណ្ណ​អង្គការ​សហប្រជាជាតិ UN ផង​នោះ គឺជា​ការ​រំលោភ​ច្បាប់​អន្តរជាតិ។

លោក ស្រ៊ុន ស្រ៊ន៖ «សង្ឃឹម​រដ្ឋាភិបាល អនុគ្រោះ​ឱ្យ​អ្នក​ទាំង​៦ នាក់ នៅ​ក្រៅ​ឃុំ ពីព្រោះ​ជា​ចំណែក​មួយ​ដែល​បង្ហាញ​ថា រដ្ឋាភិបាល​ថៃ​ពិតជា​យកចិត្តទុកដាក់ ចំពោះ​ទំនាក់ទំនង​អន្តរជាតិ ដោយសារ​បងប្អូន​ទាំងអស់​នោះ សុទ្ធ​តែ​មាន​ប័ណ្ណUNផង ហើយ​គាត់​មក​រៀន​ច្បាប់​ជាមួយ​ពួក​ខ្ញុំ​ផង​។ អ៊ីចឹង​មិន​គួរ​ណា រឿង​នេះ​ក្លាយ​ជា​ចំណុច​អាក្រក់​របស់​រដ្ឋាភិបាល​ថៃ​ទេ»។

ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​គណបក្ស​ភ្លើងទៀន និង​ជា​សមាជិក​គណៈកម្មការ នាយក លោក លី ម៉េងឃៀង ព្រួយ​បារម្ភ​ពី​សុខភាព និង​សុវត្ថិ​អ្នក​ជាប់ឃុំ ខណៈ​ពួកគាត់​មិនអាច​ទៅ​ចូល​សួរសុខទុក្ខ​បាន ដោយសារ​លោក​ក៏​ជា​មុខសញ្ញា ដែល​អាជ្ញាធរ​ថៃ​តាម​ឃ្លាំមើល​ដែរ។

លោក លី ម៉េងឃៀង៖ «ពួក​ខ្ញុំ​ដែល​នៅ​ទីនេះ​ស្វែង ដើម្បី​សុំ​អន្តរាគមន៍​ណាមួយ​នោះ ក៏​ពុំ​ទាន់​ទទួល​បាន​ដំណឹង ឬក៏​ព័ត៌មាន​អី​ទាំងអស់​។ អ៊ីចឹង​យើង​មានតែ​ការ​រង់ចាំ​ថា នឹង​មាន​ចំណាត់ការ​បែប​ណា ពី​សំណាក់​អាជ្ញាធរ​ថៃ ក៏ដូចជា មន្ត្រី​ខាង​ពន្ធនាគារ​ថៃ​ហ្នឹង អាច​បញ្ជូន​គាត់​យក​មក​ព្យាបាល​នៅ​ខាងក្រៅ​ឬ»។

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (Licadho) លោក អំ សំអាត​យល់​ថា ប្រទេស​ថៃ​មិនមែន​ជា​កន្លែង​សុវត្ថិភាព សម្រាប់​សកម្មជន​នយោបាយ សិទ្ធិមនុស្ស និង​សកម្មជន​សង្គម ក្នុង​ការ​សុំ​សិទ្ធិ​ជ្រកកោន​ទៀត​ទេ ពីព្រោះ​កន្លង​មក សកម្មជន​ដែល​ស្វែងរក​សិទ្ធិ​ជ្រកកោន​នៅ​ថៃ ទោះបីជា​ទទួល​ស្គាល់​ពី​ឧត្ដមស្នងការ​សហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន​ក៏ដោយ ក៏​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់ខ្លួន និង​បញ្ជូន​មក​កម្ពុជា​វិញ។

រីឯ​សកម្មជន​មួយ​ចំនួន​ទៀត លោក​ថា ក៏​ត្រូវ​អាជ្ញាធរ​ថៃ​ចាប់ខ្លួន និង​ចោទ​ប្រកាន់ ពាក់ព័ន្ធ​នឹង​ការ​ឆ្លង​ដែន និង​ស្នាក់នៅ​ដោយ​ខុសច្បាប់ ហើយ​ដាក់​ពន្ធនាគារ​ថែមទៀត។

លោក អំ សំអាត ស្នើ​ទៅ​ឧត្ដមស្នងការ​នៃ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន គួរ​យកចិត្តទុកដាក់ និង​ជួយ​ជ្រោមជ្រែង​ពិនិត្យ​បញ្ហា​សុខភាព បញ្ហា​ស្នាក់នៅ​ឱ្យ​បាន​ដិតដល់​បន្ថែម​ទៀត និង​ស្នើ​ឱ្យ​ថៃ​គោរព​សិទ្ធិមនុស្ស។

លោក អំ សំអាត៖ «ថៃ​ត្រូវតែ​គោរព​គោលការណ៍​សិទ្ធិមនុស្ស ទោះបី​គាត់​ជា​អ្នក​ជាប់ឃុំ ក៏​គាត់​មាន​សិទ្ធិ​ទទួល​បាន​ការ​ថែទាំ​សុខភាព ព្យាបាល​ផ្នែក​សុខភាព និង​របប​អាហារ​ក្នុង​ការ​ទទួលទាន​ដូចគ្នា​ផង​ដែរ»។

បច្ចុប្បន្ន​មាន​ជនភៀសខ្លួន​ខ្មែរ​ប្រមាណ​៧០​នាក់ កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ថៃ ដើម្បី​គេច​ចេញ​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​ខ្មែរ​ដោយសារ​ពួកគេ​រិះគន់​ភាព​អសកម្ម​របស់​រដ្ឋាភិបាល​ខ្មែរ​និង​គេច​ពី​ការ​បង្ខំ​ចុះចូល​ជាមួយ​គណបក្ស​កាន់អំណាច។

កាល​ពី​ថ្ងៃ​ទី១៦ ខែ​ឧសភា អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស Human Rights Watch បាន​ចេញ​របាយការណ៍​មួយ លាតត្រដាង​ថា រដ្ឋាភិបាល​ថៃ កំពុង​ជួយ​ប្រទេស​ជិត​ខាង ដូច​យ៉ាង​កម្ពុជា ក្នុង​ការ​បង្ក្រាប​ជនភៀសខ្លួន និង​អ្នកប្រឆាំង​ដែល ស្វែង​រក​សិទ្ធិ​ជ្រកកោន​លើទឹក​ដី​ថៃ។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស ចាត់ទុក​វិធានការ​របស់​រដ្ឋាភិបាល​ថៃ ក្នុង​ការ​បង្ក្រាប​សំឡេង​ប្រឆាំង​ឆ្លង​ប្រទេស​ថា ជា​ទង្វើ​បំពាន​ច្បាប់​អន្តរជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។