អ្នក​ច្រៀង​រែប គា សុគន្ធ នឹង​មិន​ប្ដឹង​សាទុក្ខ​ទេ ព្រោះ​គ្មាន​ជំនឿ​លើ​តុលាការ

ដោយ សេក បណ្ឌិត
2021-07-02
Share
អ្នក​ច្រៀង​រែប គា សុគន្ធ នឹង​មិន​ប្ដឹង​សាទុក្ខ​ទេ ព្រោះ​គ្មាន​ជំនឿ​លើ​តុលាការ យុវជន គា សុគន្ធ តារាចម្រៀងរែបនៅខេត្តសៀមរាប ដែលត្រូវបានតុលាការខេត្តសៀមរាបកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៨ ខែ​​ពីបទ​​ញុះញង់​ឲ្យ​ប្រព្រឹត្តបទឧក្រិដ្ឋ​ជាអាទិ៍ កាល​ពីចុងខែធ្នូ ឆ្នាំ២០២០។
រូប​ ABA

អ្នក​ច្រៀងរែប (Rapper) រិះគន់​បញ្ហា​សង្គម យុវជន គា សុគន្ធ នឹង​​មិន​ប្តឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​ទៀត​នោះ​ទេ ដោយសារ​តែ​គ្មាន​ជំនឿ​លើ​តុលាការ​។ អ្នក​ការពារ​សិទ្ធិមនុស្ស​ថា ការ​ប្ដឹង ឬ​មិន​ប្ដឹង​សាទុក្ខ ​ជា​សិទ្ធិ​​សម្រេច​ផ្ទាល់ខ្លួន ប៉ុន្តែ​សហគមន៍​ជាតិ និង​អន្តរជាតិ​នៅ​តែ​មើល​ឃើញ​ថា យុវជន​រូប​នេះ​មិន​បាន​ប្រព្រឹត្ត​បទល្មើស​អ្វី​ឡើយ។

យុវជន​ គា សុគន្ធ ដែល​ជាប់​ពន្ធនាគារ​ដោយសារ​ច្រៀងរែប​រិះគន់​បញ្ហា​សង្គម​នោះ នៅ​តែ​ចាត់​ទុក​ថា ខ្លួន​គាត់​ជា​បុគ្គល​ស្អាតស្អំ មិន​បាន​ប្រព្រឹត្ត​បទល្មើស​អ្វី​ឡើយ។ ប៉ុន្តែ​ការ​សម្រេច​មិន​ប្ដឹង​សាទុក្ខ​នេះ គឺ​ដោយសារ​គាត់ និង​ក្រុម​គ្រួសារ ​គ្មាន​ជំនឿ​លើ​ស្ថាប័ន​តុលាការ។

ឪពុក​របស់​យុវជន គា សុគន្ធ គឺ​លោក ផល គា ប្រាប់​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី២ កក្កដា​ថា ក្រុម​គ្រួសារ​បាន​ពិភាក្សា​គ្នា​រួច​ហើយ​ថា នឹង​មិន​បន្ត​ក្ដីក្ដាំ​នេះ​ទៅ​តុលាការ​កំពូល​ទៀត​នោះ​ទេ ពី​ព្រោះ​ពួក​លោក​គ្មាន​ជំនឿ​ថា តុលាការ​ជាន់ខ្ពស់​មួយ​នេះ​អាច​ផ្តល់​យុត្តិធម៌​ដល់​កូន​របស់​លោក​បាន​ឡើយ។ ម្យ៉ាងវិញទៀត គ្រួសារ​របស់​លោក​កំពុង​ខ្វះខាត​ជីវភាព ស្រប​ពេល​ជំងឺ​កូវីដ-១៩ កំពុង​រាតត្បាត​ខ្លាំង ដូច្នេះ​ពួក​លោក​សុខ​ចិត្ត​នៅ​រង់ចាំ គា សុគន្ធ រួច​ផុត​ពី​ការ​ឃុំ​ឃាំង​តាម​កាល​កំណត់​របស់​តុលាការ​ជាន់​ទាប​វិញ៖ «ខ្ញុំ​សួរ​សុគន្ធ​ដែរ ប៉ុន្តែ​សុគន្ធ​ថា អស់​ជំនឿ​លើ​តុលាការ។ សុគន្ធ ថា នៅ​សល់​តែ​ពីរ​ខែ​ទៀត ទ្រាំ​ទៅ ទោះបី​ជា​ប្ដឹង​ដល់​ណា​ក៏​នៅ​តែ​ប៉ុណ្ណឹង​ឯង​ ដូច្នេះ​ខ្ញុំ​ក៏​មិន​ហ៊ាន​បង្ខំ​កូន»

តុលាការ​ខេត្ត​សៀមរាប​បាន​សម្រេច​ផ្ដន្ទាទោស​យុវជន គា សុគន្ធ ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន ១៨ខែ ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ប៉ុន្តែ​អនុវត្ត​ទោស​ត្រឹម ១ឆ្នាំ ដោយ​ទោស​នៅសល់​ត្រូវ​ព្យួរ។ សាលាឧទ្ធរណ៍​បាត់​ដំបង​បាន​តម្កល់​សាលក្រម​ផ្ដន្ទាទោស​នេះ​ទុក​ជា​បាន​ការ​ដដែល​ កាល​ពី​ថ្ងៃ​ទី១៦ មិថុនា។

គិត​ត្រឹម​ដើម​ខែកក្កដា​នេះ យុវជន គា សុគន្ធ បាន​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​អស់​រយៈ​ពេល ១០ខែ​មក​ហើយ ដូច្នេះ​នៅ​សល់​ប្រមាណ ២ខែទៀត អ្នក​ច្រៀងរែប​រិះគន់​បញ្ហា​សង្គម​រូប​នេះ នឹង​ត្រូវ​រួច​ផុត​ពី​ការ​ឃុំឃាំង។

នាយករង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ការ​ប្ដឹង ឬ​មិន​ប្ដឹង​សាទុក្ខ​ គឺ​ជា​សិទ្ធិ​របស់​យុវជន គា សុគន្ធ និង​ក្រុម​គ្រួសារ ហើយ​មេធាវី​អង្គការ​លោក​នឹង​គោរព​តាម​ការ​សម្រេច​ចិត្ត​នោះ។ លោក​ថា ពួកគាត់​នៅ​មាន​ពេល​ប្រមាណ ២សប្តាហ៍​ទៀត មុន​នឹង​សាលដីកា​សាលាឧទ្ធរណ៍​បាត់​ដំបង​ចូល​ជា​ធរមាន។

ទោះ​ជា​យ៉ាង​ណា លោក អំ សំអាត ពន្យល់​ថា ការ​មិន​ប្ដឹង​សាទុក្ខ​នឹង​ធ្វើ​ឱ្យ​បាត់​ប្រយោជន៍​សម្រាប់​យុវជន គា សុគន្ធ ព្រោះ​នេះ​មានន័យ​ស្មើនឹង​ការ​ទទួល​ស្គាល់​ទោស​កំហុស។ លោក​សង្កត់​ធ្ងន់​ថា សហគមន៍​ជាតិ និង​អន្តរជាតិ​នៅ​តែ​មើល​ឃើញ​ថា យុវជន គា សុគន្ធ មិន​បាន​ប្រព្រឹត្ត​បទល្មើស​អ្វី​ឡើយ«រឿង​របស់​គាត់​ហ្នឹង​តាំង​ពី​ដើម​មក ជា​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ទេ។ វា​មិន​មែន​ទាក់​ទង​នឹង​បទល្មើស​នៃ​ការ​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​នៅ​ក្នុង​សង្គម​អ្វី​នោះ​ទេ។ ដូច​ជា​មិន​មាន​ទេ ព្រោះ​ចេតនា​របស់​គាត់​ គឺ​តែង​និពន្ធ​ចម្រៀង ហើយ​គាត់​ច្រៀងរែប​ហ្នឹង ​ដើម្បី​ស្វែងរក​ថវិកា​តាម​យូធូប។ អា​ហ្នឹង​វា​ជា​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​របស់​គាត់​»

អាជ្ញាធរ​បាន​ចាប់​ខ្លួន​យុវជន គា សុគន្ធ កាល​ពី​ដើម​ខែកញ្ញា ឆ្នាំ២០២០ ពាក់ព័ន្ធ​នឹង​ការ​និពន្ធ និង​ច្រៀង​ចម្រៀង​រែប បង្ហោះ​តាម​បណ្ដាញ​សង្គម​​យូធូប (YouTube) និង​ហ្វេសប៊ុក (Facebook)។ បទចម្រៀង​ទាំងនោះ រៀបរាប់​ពី​រឿងរ៉ាវ​ឈឺចាប់​នៅ​ក្នុង​សង្គម​ដូចជា អំពើ​អយុត្តិធម៌ បញ្ហា​សេដ្ឋកិច្ច​ធ្លាក់​ចុះ កំណើន​ពលរដ្ឋ​ធ្វើ​ចំណាកស្រុក និង​ពលរដ្ឋ​ក្រីក្រ​ដើរ​សុំ​ទាន បញ្ហា​ព្រំដែន អំពើ​ពុក​រលួយ​ និង​ការ​ធ្លាក់​ចុះ​គុណធម៌​ជាដើម។ វីដេអូ​ចម្រៀង​​ចុងក្រោយ​របស់ គា សុគន្ធ ដែល​មាន​ចំណងជើង​ថា «ដីខ្មែរ» មាន​អ្នក​ចូល​ទស្សនា​រាប់​លាន​ដង និង​ចែក​រំលែក​យ៉ាង​ច្រើន​តាម​បណ្ដាញ​សង្គម។ គា សុគន្ធ បាន​បង្ហោះ​ចម្រៀង​​ទាំង​នោះ​ជា​បន្តបន្ទាប់ តាំង​ពី​ចុង​ឆ្នាំ ២០១៨ ប៉ុន្តែ​អាជ្ញាធរ​មិន​មាន​ចំណាត់​ការ​ណា​មួយ​នោះ​ទេ។ រហូត​ទាល់​តែ​មក​ដល់​អំឡុង​ឆ្នាំ២០២០ ពេល​ដែល​របប​លោក ហ៊ុន សែន បើក​យុទ្ធនាការ​​បង្ក្រាប​ទ្រង់ទ្រាយ​ធំ​ជា​ថ្មី​ម្ដង​ទៀត​លើ​សំឡេង​ប្រឆាំង និង​ក្រុម​អ្នក​បញ្ចេញ​មតិ​រិះគន់​របប​នេះ ទើប​អាជ្ញាធរ​បាន​ចាប់​ខ្លួន​យុវជន គា សុគន្ធ។

ក្រុម​​អ្នក​ច្បាប់​មក​ពី មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​នៃ​គណៈមេធាវី​អាមេរិក (ABA) បាន​ពិនិត្យ​ឃើញ​ថា សំណុំ​រឿង​របស់​យុវជន គា សុគន្ធ នេះ គឺ​ជា​ករណី​រំលោភ​សិទ្ធិមនុស្ស និង​បំពាន​ទៅ​លើ​នីតិវិធី​ច្បាប់ ទាំង​ទិដ្ឋភាព​ច្បាប់​ជាតិ និង​អន្តរជាតិ។ ក្រុម​អ្នក​ជំនាញ​ដដែល​គូស​បញ្ជាក់​ថា ការ​ដែល​តុលាការ​សម្រេច​ផ្ដន្ទាទោស គា សុគន្ធ ដោយ​គ្មាន​​ភស្តុតាង​រឹងមាំ​នោះ បង្ហាញ​ថា ទាំង​ចៅក្រម និង​តំណាង​អយ្យការ​ដែល​កាន់​សំណុំ​រឿង​នេះ បាន​ខកខាន​បំពេញ​កាតព្វកិច្ច​តាម​ផ្លូវ​ច្បាប់​របស់​ខ្លួន ក្នុង​ការ​ស្វែង​រក​ការ​ពិត និង​ផ្តល់​យុត្តិធម៌​ជូន​​​​ពលរដ្ឋ ស្រប​តាម​ច្បាប់​កម្ពុជា និង​កតិកាសញ្ញា​ស្តីពី​សិទ្ធិពលរដ្ឋ និង​សិទ្ធិ​នយោបាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល