អ្នកច្រៀងរែប (Rapper) រិះគន់បញ្ហាសង្គម យុវជន គា សុគន្ធ នឹងមិនប្តឹងសាទុក្ខទៅតុលាការកំពូលទៀតនោះទេ ដោយសារតែគ្មានជំនឿលើតុលាការ។ អ្នកការពារសិទ្ធិមនុស្សថា ការប្ដឹង ឬមិនប្ដឹងសាទុក្ខ ជាសិទ្ធិសម្រេចផ្ទាល់ខ្លួន ប៉ុន្តែសហគមន៍ជាតិ និងអន្តរជាតិនៅតែមើលឃើញថា យុវជនរូបនេះមិនបានប្រព្រឹត្តបទល្មើសអ្វីឡើយ។
យុវជន គា សុគន្ធ ដែលជាប់ពន្ធនាគារដោយសារច្រៀងរែបរិះគន់បញ្ហាសង្គមនោះ នៅតែចាត់ទុកថា ខ្លួនគាត់ជាបុគ្គលស្អាតស្អំ មិនបានប្រព្រឹត្តបទល្មើសអ្វីឡើយ។ ប៉ុន្តែការសម្រេចមិនប្ដឹងសាទុក្ខនេះ គឺដោយសារគាត់ និងក្រុមគ្រួសារ គ្មានជំនឿលើស្ថាប័នតុលាការ។
ឪពុករបស់យុវជន គា សុគន្ធ គឺលោក ផល គា ប្រាប់អាស៊ីសេរីនៅថ្ងៃទី២ កក្កដាថា ក្រុមគ្រួសារបានពិភាក្សាគ្នារួចហើយថា នឹងមិនបន្តក្ដីក្ដាំនេះទៅតុលាការកំពូលទៀតនោះទេ ពីព្រោះពួកលោកគ្មានជំនឿថា តុលាការជាន់ខ្ពស់មួយនេះអាចផ្តល់យុត្តិធម៌ដល់កូនរបស់លោកបានឡើយ។ ម្យ៉ាងវិញទៀត គ្រួសាររបស់លោកកំពុងខ្វះខាតជីវភាព ស្របពេលជំងឺកូវីដ-១៩ កំពុងរាតត្បាតខ្លាំង ដូច្នេះពួកលោកសុខចិត្តនៅរង់ចាំ គា សុគន្ធ រួចផុតពីការឃុំឃាំងតាមកាលកំណត់របស់តុលាការជាន់ទាបវិញ៖ « ខ្ញុំសួរសុគន្ធដែរ ប៉ុន្តែសុគន្ធថា អស់ជំនឿលើតុលាការ។ សុគន្ធ ថា នៅសល់តែពីរខែទៀត ទ្រាំទៅ ទោះបីជាប្ដឹងដល់ណាក៏នៅតែប៉ុណ្ណឹងឯង ដូច្នេះខ្ញុំក៏មិនហ៊ានបង្ខំកូន » ។
តុលាការខេត្តសៀមរាបបានសម្រេចផ្ដន្ទាទោសយុវជន គា សុគន្ធ ឱ្យជាប់ពន្ធនាគារចំនួន ១៨ខែ ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ប៉ុន្តែអនុវត្តទោសត្រឹម ១ឆ្នាំ ដោយទោសនៅសល់ត្រូវព្យួរ។ សាលាឧទ្ធរណ៍បាត់ដំបងបានតម្កល់សាលក្រមផ្ដន្ទាទោសនេះទុកជាបានការដដែល កាលពីថ្ងៃទី១៦ មិថុនា។
គិតត្រឹមដើមខែកក្កដានេះ យុវជន គា សុគន្ធ បានជាប់ឃុំក្នុងពន្ធនាគារអស់រយៈពេល ១០ខែមកហើយ ដូច្នេះនៅសល់ប្រមាណ ២ខែទៀត អ្នកច្រៀងរែបរិះគន់បញ្ហាសង្គមរូបនេះ នឹងត្រូវរួចផុតពីការឃុំឃាំង។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ការប្ដឹង ឬមិនប្ដឹងសាទុក្ខ គឺជាសិទ្ធិរបស់យុវជន គា សុគន្ធ និងក្រុមគ្រួសារ ហើយមេធាវីអង្គការលោកនឹងគោរពតាមការសម្រេចចិត្តនោះ។ លោកថា ពួកគាត់នៅមានពេលប្រមាណ ២សប្តាហ៍ទៀត មុននឹងសាលដីកាសាលាឧទ្ធរណ៍បាត់ដំបងចូលជាធរមាន។
ទោះជាយ៉ាងណា លោក អំ សំអាត ពន្យល់ថា ការមិនប្ដឹងសាទុក្ខនឹងធ្វើឱ្យបាត់ប្រយោជន៍សម្រាប់យុវជន គា សុគន្ធ ព្រោះនេះមានន័យស្មើនឹងការទទួលស្គាល់ទោសកំហុស។ លោកសង្កត់ធ្ងន់ថា សហគមន៍ជាតិ និងអន្តរជាតិនៅតែមើលឃើញថា យុវជន គា សុគន្ធ មិនបានប្រព្រឹត្តបទល្មើសអ្វីឡើយ៖ « រឿងរបស់គាត់ហ្នឹងតាំងពីដើមមក ជាសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិទេ។ វាមិនមែនទាក់ទងនឹងបទល្មើសនៃការញុះញង់ឱ្យមានភាពវឹកវរនៅក្នុងសង្គមអ្វីនោះទេ។ ដូចជាមិនមានទេ ព្រោះចេតនារបស់គាត់ គឺតែងនិពន្ធចម្រៀង ហើយគាត់ច្រៀងរែបហ្នឹង ដើម្បីស្វែងរកថវិកាតាមយូធូប។ អាហ្នឹងវាជាសេរីភាពក្នុងការបញ្ចេញមតិរបស់គាត់ » ។
អាជ្ញាធរបានចាប់ខ្លួនយុវជន គា សុគន្ធ កាលពីដើមខែកញ្ញា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងការនិពន្ធ និងច្រៀងចម្រៀងរែប បង្ហោះតាមបណ្ដាញសង្គមយូធូប (YouTube) និងហ្វេសប៊ុក (Facebook)។ បទចម្រៀងទាំងនោះ រៀបរាប់ពីរឿងរ៉ាវឈឺចាប់នៅក្នុងសង្គមដូចជា អំពើអយុត្តិធម៌ បញ្ហាសេដ្ឋកិច្ចធ្លាក់ចុះ កំណើនពលរដ្ឋធ្វើចំណាកស្រុក និងពលរដ្ឋក្រីក្រដើរសុំទាន បញ្ហាព្រំដែន អំពើពុករលួយ និងការធ្លាក់ចុះគុណធម៌ជាដើម។ វីដេអូចម្រៀងចុងក្រោយរបស់ គា សុគន្ធ ដែលមានចំណងជើងថា «ដីខ្មែរ» មានអ្នកចូលទស្សនារាប់លានដង និងចែករំលែកយ៉ាងច្រើនតាមបណ្ដាញសង្គម។ គា សុគន្ធ បានបង្ហោះចម្រៀងទាំងនោះជាបន្តបន្ទាប់ តាំងពីចុងឆ្នាំ ២០១៨ ប៉ុន្តែអាជ្ញាធរមិនមានចំណាត់ការណាមួយនោះទេ។ រហូតទាល់តែមកដល់អំឡុងឆ្នាំ២០២០ ពេលដែលរបបលោក ហ៊ុន សែន បើកយុទ្ធនាការបង្ក្រាបទ្រង់ទ្រាយធំជាថ្មីម្ដងទៀតលើសំឡេងប្រឆាំង និងក្រុមអ្នកបញ្ចេញមតិរិះគន់របបនេះ ទើបអាជ្ញាធរបានចាប់ខ្លួនយុវជន គា សុគន្ធ។
ក្រុមអ្នកច្បាប់មកពី មជ្ឈមណ្ឌលសិទ្ធិមនុស្សនៃគណៈមេធាវីអាមេរិក(ABA) បានពិនិត្យឃើញថា សំណុំរឿងរបស់យុវជន គា សុគន្ធ នេះ គឺជាករណីរំលោភសិទ្ធិមនុស្ស និងបំពានទៅលើនីតិវិធីច្បាប់ ទាំងទិដ្ឋភាពច្បាប់ជាតិ និងអន្តរជាតិ។ ក្រុមអ្នកជំនាញដដែលគូសបញ្ជាក់ថា ការដែលតុលាការសម្រេចផ្ដន្ទាទោស គា សុគន្ធ ដោយគ្មានភស្តុតាងរឹងមាំនោះ បង្ហាញថា ទាំងចៅក្រម និងតំណាងអយ្យការដែលកាន់សំណុំរឿងនេះ បានខកខានបំពេញកាតព្វកិច្ចតាមផ្លូវច្បាប់របស់ខ្លួន ក្នុងការស្វែងរកការពិត និងផ្តល់យុត្តិធម៌ជូនពលរដ្ឋ ស្របតាមច្បាប់កម្ពុជា និងកតិកាសញ្ញាស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។