ស្ត្រីមួយចំនួនដែលបម្រើការងារក្នុងវិស័យសេវាកម្សាន្ត ឬKTVលើកឡើងថា ពួកមិនទាន់មានការងារថ្មីធ្វើនៅឡើយទេ និងត្អូញត្អែរថា ពួកគេកំពុងតែជួបការខ្វះខាតក្នុងការរស់នៅប្រចាំថ្ងៃ។ មន្ត្រីសង្គមស៊ីវិលដែលធ្វើការងារវិស័យនេះសង្កេតឃើញថា រដ្ឋាភិបាលហាក់មិនបង្ហាញដំណោះស្រាយឱ្យចំលើអ្នកបម្រើការងារក្នុងវិស័យសេវាកម្សាន្ត ឬKTV នៅឡើយទេ។
ស្ត្រីមួយចំនួនបម្រើការងារក្នុងវិស័យសេវាកម្សាន្តព្រួយបារម្ភថា បើការផ្អាកការងាររបស់ពួកគេនៅតែអូសបន្លាយព្រោះការរីករាលដាលនៃជំងឺកូវីដ១៩ កំពុងធ្វើឱ្យពួកគេ ដាច់បាយព្រោះឆ្នាំបាយរបស់ពួកគេមិនដឹងត្រូវផ្កាប់ចោលដល់ពេលណាទៀតនោះទេ។ ពួកគេក៏ចង់ឃើញរដ្ឋាភិបាល ឬស្ថាប័នពាក់ព័ន្ធគិតគូរដល់ពួកគេដូចកម្មករកម្មការិនីក្នុងវិស័យកាត់ដេរដែរ។
នារីបម្រើការងារនៅហាងខារ៉ាអូខេ ឬKTVមួយកន្លែងក្នុងក្រុងភ្នំពេញ កញ្ញា ស្រីលក្ខណ៍ រៀបរាប់ថា ដោយសារកន្លែងការងាររបស់កញ្ញាត្រូវផ្អាកកញ្ញាគ្មានលទ្ធភាពបង់ថ្លៃបន្ទប់ស្នាក់នៅ ដូច្នេះកញ្ញាបានទៅរស់នៅរួមគ្នាជាមួយសាច់ញាតិក្នុងបន្ទប់ជួលតូចមួយក្នុងរាជធានីដើម្បីរង់ចាំកន្លែងការងារបើកដំណើរការវិញ។ កញ្ញាឱ្យដឹងទៀតថា ពេលនេះសាច់ញាតិកញ្ញា ជារាប់រងចេញថ្លៃបន្ទប់ ប៉ុន្តែការហូបចុកប្រចាំថ្ងៃគឺកញ្ញាត្រូវចំណាយលុយខ្លះរួមគ្នាធ្វើបាយម្ហូបពិសាជុំគ្នា៖ «នៅបន្ទប់ជួលលុយនៅសល់តិចតួចចាយបណ្ដោះអាសន្នមិនថ្ងៃបើកគេ ? មិនដឹងថ្ងៃអស់លុយ»។
កញ្ញាឱ្យដឹងដែរថា កញ្ញាបានស្វះស្វែងរកការងារថ្មីធ្វើ ប៉ុន្តែរកមិនបានទេក្នុងពេលស្ថានភាពដែលជំងឺកូវីដ-១៩ កំពុងរីករាលដាលនេះ។ នារីបម្រើការងារនៅកន្លែងសេវាកម្សាន្តរូបនេះឱ្យដឹងដែរថា រយៈពេលប្រមាណ១ខែ នៃការអត់ការងារធ្វើនេះមិនឃើញរដ្ឋាភិបាល ឬស្ថាប័នពាក់ព័ន្ធផ្ដល់ដំណឹងឱ្យកញ្ញាថា ពួកគេនឹងផ្តល់ដំណោះស្រាយយ៉ាងណាដល់ក្រុមកញ្ញាដែលបម្រើការងារក្នុងវិស័យនេះនៅឡើយ៖ «ប៉ះពាល់អត់លុយអត់អីចាយពិបាករកលុយចាយទិញអង្ករទិញម្ហូបប្រចាំថ្ងៃ»។
រដ្ឋាភិបាលលោក ហ៊ុន សែន កាលពីថ្ងៃទី១៧ ខែមីនា បានផ្អាកបណ្ដោះអាសន្នរាល់ការជួបប្រជុំតាមទីសាធារណៈ ការប្រគុំតន្ត្រីដែលមានមនុស្សកុះករ ផ្អាកសេវាកម្មក្លឹបកម្សាន្ត ខារ៉ាអូខេ(KTV) និងរោងភាពយន្ត។
ស្ត្រីម្នាក់ទៀតដែលបម្រើការងារក្នុងវិស័យនេះដែរ តែសុំមិនបញ្ចេញឈ្មោះចង់ឃើញរដ្ឋាភិបាលបញ្ចេញថវិកាជួយដល់ក្រុមអ្នកបម្រើការងារក្នុងវិស័យសេវាកម្សាន្តដែរ។ កញ្ញាឱ្យដឹងដែរថា កញ្ញាជាជនបង្គោលក្នុងការរកប្រាក់ផ្គត់ផ្គង់គ្រួសារប៉ុន្តែនៅពេលជួបបញ្ហាដូចសព្វថ្ងៃ មិនត្រឹមតែប៉ះពាល់កញ្ញាទេ សូម្បីតែឪពុកម្ដាយនៅខេត្តក៏ជួបផលប៉ះពាល់ដែរ៖ «ចង់ឱ្យដោះស្រាយដូចជាការងារសង្គមជាចង់បានពួកខ្ញុំចង់បានដូចគ្នាដែរ ដើម្បីផ្គត់ផ្គង់ជីវភាពមួយខែទៅពីរទៅមុខទៀតដំណោះស្រាវជីវភាពពីមួយថ្ងៃទៅមួយថ្ងៃសម្រាប់ពួកខ្ញុំ»។
ចំណែក ស្រី លីន ជាអ្នកធ្វើការនៅក្លឹបខារ៉ាអូខេមួយកន្លែងក្នុងរាជធានីភ្នំពេញ ក៏បានត្អូញត្អែរពីបញ្ហាជំពាក់លុយធនាគារ ខណៈការងាររបស់ខ្លួនត្រូវបានផ្អាក។ ស្រី លីន បន្តថា ក្រៅពីប្រឈមនឹងខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ នាងក៏ពុំមានប្រាក់សម្រាប់បង់សងទៅធនាគារដែរ៖ «ឥឡូវគេជិតឈឹងមិនដឹងដោះស្រាយតាមវិធីយ៉ាងម៉ិចទៀតទេ ខ្ញុំក៏អត់យល់ដែរ បើឥឡូវយើងបាត់ចំណូលហើយចំណាយចេញរហូត»។
ស្ត្រីជាអ្នកធ្វើការនៅតាមក្លឹបកម្សាន្តនានាលើកឡើងថា វិធានការផ្អាកបណ្ដោះអាសន្ននូវទីតាំងក្លឹបកម្សាន្តខារ៉ាអូខេ(KTV)ដែលជាវិធានបន្ទាន់របស់រដ្ឋាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩នោះ បានធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពួកគេ។
កាលពីថ្ងៃទី៧ ខែមេសា រដ្ឋាភិបាលបានចេញសេចក្ដីណែនាំស្ដីពីការវិធានការបន្ថែមជួយដល់វិស័យឯកជននិងកម្មករនិយោជិកដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីការរីករាលនៃជំងឺកូវីដ១៩ ដោយរដ្ឋសម្រេចផ្ដល់ប្រាក់ឧបត្ថម្ភ ពីរខែចំនួន ៧០ដុល្លារសម្រាប់កម្មករ និយោជិកវិស័យកាត់ដេរ និងប្រាក់ចំនួន ៤០ដុល្លារក្នុងមួយខែសម្រាប់កម្មករនិយោជិក ១នាក់ដែលធ្វើការងារនៅក្នុងវិស័យទេសទេសចរណ៍ដូចជា សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងភ្នាក់ងារទេសចរណ៍។ ការផ្ដល់ប្រាក់ឧបត្ថម្ភនេះ និងមានសុពលភាពសម្រាប់រោងចក្រ សហគ្រាស និងអាជីវកម្មទាំងឡាយណាដែលបានឯកភាពព្យួរកិច្ចសន្យាការងារ ពីក្រសួងការងារចាប់ពីថ្ងៃទី១០ ខែមេសា។ រដ្ឋាភិបាលបញ្ជាក់ថា ការផ្តល់ប្រាក់នេះគឺជូនដល់កម្មករ និយោជិកបម្រើការងារនៅតាមរោងចក្រ សហគ្រាស និងអាជីវកម្មនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលបានចុះបញ្ជីផ្លូវការត្រឹមត្រូវនិងមានប័ណ្ណសមាជិក ប.ស.ស។
ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា អ្នកស្រី អ៊ូ ទេពផល្លីន សង្កេតឃើញថា សេចក្ដីប្រកាសរបស់រដ្ឋាភិបាលហាក់ចែងមិនសូវច្បាស់ថា អ្នកធ្វើការក្នុងវិស័យសេវាកម្សាន្ត ឬKTV អាចទទួលបានប្រាក់ឧបត្ថម្ភចំនួន ៤០ដុល្លារ ឬមិនអាចទទួលបាននោះទេ។ អ្នកស្រីបន្តថា កាលពីរដ្ឋាភិបាលសម្រេចផ្អាកបណ្ដោះអាសន្នសេវាកម្មក្លឹបកម្សាន្ត ខារ៉ាអូខេ(KTV) និងរោងភាពយន្តគឺមានការបញ្ជាក់ច្បាស់លាស់។ ប្រធានសហជីពរូបនេះយល់ថា រដ្ឋាភិបាលគួរមានការបញ្ជាក់ឱ្យច្បាស់លាស់ថា អ្នកធ្វើការងារក្នុងវិស័យសេវាកម្សាន្តត្រូវទទួលបានប្រាក់ឧបត្ថម្ភ ឬមិនត្រូវទទួលបាន៖ «យើងបារម្ភថា តើការចាត់ចែងការគិតគូររបស់រដ្ឋាភិបាលមានបានគិតគូរល្អិតល្អន់ ទៅដល់អ្នកដែលគាត់មិនអាចស្ថិតក្នុងប្រព័ន្ធដែលងាយស្រួល អត់ច្បាស់ ដូចកាលពីថ្ងៃទី១៧ គឺច្បាស់ក្រឡែតម៉ងដល់ពេលប្រកាសឱ្យលុយអត់ច្បាស់ក្រឡែតអ៊ីចឹង»។
អ្នកស្រី អ៊ូ ទេពផល្លីន ឱ្យដឹងថា អ្នកធ្វើការក្នុងវិស័យសេវាកម្សាន្ត ឬKTV ពួកគេមិនមានប័ណ្ណសមាជិក ប.ស.ស នោះទេ ប៉ុន្តែអ្នកស្រីយល់ថា ករណីនេះអ្នកបម្រើការងារក្នុងវិស័យនេះគ្មានប័ណ្ណសមាជិក ប.ស.ស ជាការធ្វេសប្រហែសរបស់រដ្ឋមិនបានចេញវិធានការតឹងរ៉ឹងទៅថៅកែ និងតម្រូវឱ្យកម្មករនិយោជិកទៅធ្វើប័ណ្ណនេះ៖ «ជុំវិញការលើកឡើងពីរបស់អ្នកធ្វើការក្នុងវិស័យកម្សាន្ត និងមន្ត្រីសហជីពនេះ អាស៊ីសេរីបានព្យាយាមសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ អ្នកនាំពាក្យបេឡាជាតិរបបសន្តិសុខសង្គម ហៅកាត់ថា ប.ស.ស លោក ជាវ ប៊ុនរិទ្ធិ និងអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន មិនបានទេ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែមេសា ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។ រីឯអ្នកនាំពាក្យក្រសួងកិច្ចការនារីអ្នកស្រី ម៉ាន ចិន្តា ក៏មិនអាចបញ្ជាក់បានដែរ ដោយអ្នកស្រីសុំមិនធ្វើការផ្ដល់បទសម្ភាសតាមទូរស័ព្ទដោយតម្រូវឱ្យផ្ញើសំនួរទៅប្រព័ន្ធតេឡេក្រាម ប៉ុន្តែអាស៊ីសេរីដាក់សំនួរទៅអ្នកស្រីមិនឆ្លើយតបនោះទេ។
អ្នកធ្វើការក្នុងវិស័យសេវាកម្សាន្ត និងសហជីពកម្មករក្នុងផ្នែកនេះរំពឹងថា រដ្ឋាភិបាលនឹងដោះស្រាយបញ្ហាជីវភាពក្រុមស្ត្រីក្នុងវ័យសេវាកម្សាន្ត ជាងនេះទៅទៀតនឹងជួយសម្របសម្រួល យ៉ាងណាឱ្យពួកគេអាចពន្យារពេលបង់ប្រាក់សងបំណុលធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។