ក្រុមអ្នកសារព័ត៌មានវិជ្ជាជីវៈមួយចំនួន បង្ហាញចំណាប់អារម្មណ៍ផ្សេងៗ គ្នាអំពីខួប ៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ពួកគាត់លើកឡើងថា សេរីភាពបញ្ចេញមតិនិងសេរីភាពសារព័ត៌មានដែលបានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនោះ កំពុងរងការរំខានយាយីពីរដ្ឋាភិបាលឯកបក្ស។ អ្នកសារព័ត៌មានទាំងនេះជំរុញឲ្យអ្នកសារព័ត៌មានដទៃទៀត រួមទាំងសង្គមស៊ីវិល និងប្រជាពលរដ្ឋ គួរតែប្រើប្រាស់តួនាទីរបស់ខ្លួន ចូលរួមផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីចំណុចខ្វះខាតរបស់រដ្ឋាភិបាល ដើម្បីឲ្យមានការកែលម្អឡើងវិញ។
រយៈពេលជាង ៤ឆ្នាំចុងក្រោយនេះ សេរីភាពសារព័ត៌មាន ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស កាលពី ៣០ឆ្នាំមុននោះ កំពុងរងការបង្ក្រាបយ៉ាងខ្លាំង បន្ទាប់ពីរបបលោក ហ៊ុន សែន កំពុងបោះពួយយ៉ាងលឿនទៅរករបបផ្ដាច់ការតាមរយៈការក្រសោបយកអំណាចទាំងស្រុងមកក្ដាប់តែម្នាក់ឯង។ ទោះជាបែបនេះក្តី ក្រុមអ្នកសារព័ត៌មានវិជ្ជាជីវៈ នៅតែផ្ដល់តម្លៃដល់កិច្ចព្រមព្រៀងមួយនេះ ហើយនាំគ្នាផលិតអត្ថបទព័ត៌មានផ្សេងៗ គ្នាដើម្បីឲ្យប្រជាពលរដ្ឋបានយល់ដឹង និងជំរុញឲ្យរដ្ឋាភិបាល ងាកមកគោរពនិងអនុវត្តតាមកិច្ចព្រមព្រៀងជាអន្តរជាតិមួយនេះឲ្យបានពេញលេញឡើងវិញ។
អ្នកសារព័ត៌មានជាន់ខ្ពស់នៃវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) លោក ញឹម សុខន ថ្លែងថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅតែមានសុពលភាព និងមានខ្លឹមសារល្អ ប៉ុន្តែលោកសោកស្តាយដែល ៣០ឆ្នាំមកនេះ ក្រុមអ្នកកាន់អំណាចមិនបានអនុវត្តឲ្យបានត្រឹមត្រូវ និងពេញលេញនោះទេ។ លោកបន្តថា សូម្បីតែសេរីភាពរបស់អ្នកសារព័ត៌មានដែលធានាការពារជាពិសេសនៅក្នុងច្បាប់ស្ដីពីរបបសារព័ត៌មាន និងមានកំណត់នៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសក្តី ក៏អ្នកសារព័ត៌មាននៅតែរងការគំរាមកំហែង ការធ្វើទុក្ខបុកម្នេញ ការចាប់ខ្លួន និងការចោទប្រកាន់ដោយមិនសមទំនងពីសំណាក់អាជ្ញាធរ និងតុលាការដដែល៖ «ចាប់តាំងពីប្រទេសយើង បាត់នូវប្រព័ន្ធពហុបក្ស មានតែឯកបក្សនេះ ឃើញថា សេរីភាពនេះ ស្ថិតក្នុងរង្វង់មួយដែលគេគូសឲ្យយើងដើរ។ ទី២ ធ្វើម៉េចដើម្បីឲ្យរដ្ឋាភិបាលងាកមកលើកកម្ពស់ឡើងវិញ តួនាទីអ្នកកាសែត មានតែយើងបន្តទៅមុខ។ អ្វី ដែលយើងគិតថាជាបេសកកម្មត្រូវដើម្បីជួយសង្គម តម្លាភាពសង្គម និងយុត្តិធម៌សង្គម គឺយើងត្រូវតែទៅមុខ ហើយយើងជួយស្រែកគ្នាទៅ។ ស្រែកកាន់តែច្រើន និងកាន់តែលឺ គឺរដ្ឋាភិបាល គាត់នឹងយកចិត្តទុកដាក់ដែរ។ បើយើងគ្រប់គ្នាអត់ស្រែកហើយនាំគ្នាខ្លាចនិងគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន ពេលនោះ វាអត់អាចជោគជ័យអីបានទេ»។
លោក ញឹម សុខន បន្តថា ខួប ៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ ស្ថាប័នរបស់លោក នឹងមានវេទិកាពិភាក្សាដេញដោលអំពីចំណុចល្អ និងចំណុចខ្វះខាតនៃការអនុវត្តតាមកិច្ចព្រមព្រៀងជាអន្តរជាតិនេះ។ ចំណែកខ្លួនលោកផ្ទាល់វិញ លោកនឹងសរសេរអត្ថបទព័ត៌មានមួយអំពីការបរាជ័យរបស់រដ្ឋាភិបាលក្នុងការបង្កើតប្រព័ន្ធតុលាការឯករាជ្យ៖ «ក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស មានចំណុចមួយគេ ជំរុញឲ្យរដ្ឋាភិបាល ត្រូវធានាពីប្រព័ន្ធយុត្តិធម៌ឯករាជ្យ ហើយយើងមើលបច្ចុប្បន្ននេះ រដ្ឋាភិបាលយើង អត់ទាន់ធ្វើបានទេកន្លែងហ្នឹង ដែលរងការរិះគន់ថា ចាប់ចងមនុស្ស ដោយសេរី និងស្រេចតែចិត្តតាមឥទ្ធិនយោបាយអី ។ល។ ដែលមានការរិះគន់ពីអង្គការសហប្រជាជាតិនោះ។ មុំនេះដែលខ្ញុំគិតថា សំខាន់ ព្រោះកាលណាប្រព័ន្ធយុត្តិធម៌ មួយអត់ឯករាជ្យ មានន័យថា ប្រព័ន្ធប្រជាធិបតេយ្យវាអត់ដើរទេ ការប្រកួតប្រជែងអំណាចវាខ្វះតម្លាភាព ការរៀបចំការបោះឆ្នោតក៏វាមិនអាចសេរីត្រឹមត្រូវ និងយុត្តិធម៌បាន ហើយការផ្ទេអំណាចដោយសន្តិវិធីក៏វាមិនអាចទៅរួចដែរ»។
អ្នកសារព័ត៌មានមួយរូបទៀតដែលកំពុងធ្វើការនៅគេហទំព័រថ្មីៗ លោក រំដួល ចិត្រា លើកឡើងថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅតែមានតម្លៃ។ លោកជំរុញឱ្យភាគីពាក់ព័ន្ធជាពិសេសរដ្ឋាភិបាល ត្រូវតែគោរព និងអនុវត្តកិច្ចព្រមព្រៀងនេះឲ្យបានពេញលេញ បើពុំនោះទេ ប្រទេសកម្ពុជា នឹងកាន់តែវិលទៅរកស្ថានភាពអាក្រក់ឡើងវិញ ទាំងសេរីភាពសារព័ត៌មាន ទាំងសិទ្ធិមនុស្ស សេដ្ឋកិច្ច និងអភិបាលកិច្ច។ លោកឲ្យដឹងថា ក្នុងខួប ៣០ឆ្នាំនេះ គេហទំព័រថ្មីៗ ក៏នឹងចេញផ្សាយអត្ថបទព័ត៌មានអំពីប្រវត្តិនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងព្រឹត្តិការណ៍ផ្សេងៗ ទៀតដែរ ដើម្បីឲ្យប្រជាពលរដ្ឋបានដឹង និងចងចាំ៖ «យើងជាអ្នកព័ត៌មានដើម្បីជួយឲ្យកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ ឲ្យមានការគោរពឲ្យបានត្រឹមត្រូវនោះ គឺយើងគួរតែមានសិក្សាស្រាវជ្រាវបន្ថែមជុំវិញមាត្រា ក៏ដូចជាតាមដានរាល់ការអនុវត្តរបស់ថ្នាក់ដឹកនាំ ក៏ដូចជាអ្នកនយោបាយ ថាតើការបកស្រាយ ការដឹកនាំនោះមានការអនុវត្តត្រឹមត្រូវតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីសហើយឬនៅ»។
ស្រដៀងគ្នានេះប្រធានគ្រប់គ្រងផ្នែកវិទ្យុនៃអង្គការមជ្ឈមណ្ឌលព័ត៌មានស្ត្រីកម្ពុជា អ្នកស្រី ហង្ស សម្ផស្ស មានប្រសាសន៍ថា កាលពីដំបូងៗ ឡើយ ប្រទេសកម្ពុជា បានអនុវត្តតាមកិច្ចព្រមព្រៀងបានល្អប្រសើរ។ ប៉ុន្តែចុងក្រោយនេះ អ្នកស្រីពិនិត្យឃើញថា មានបញ្ហាជាច្រើនបានកើតឡើង ដូចជាប្រទេសកម្ពុជា បានវិលទៅរបបដឹកនាំបែបឯកបក្សវិញ ជាមួយនឹងការគាបសង្កត់លើសំឡេងរិះគន់ និងសេរីភាពសារព័ត៌មាន៖ « រយៈពេលចុងក្រោយនេះ យើងហាក់ដូចដើរឃ្លាតឆ្ងាយពីកិច្ចព្រមព្រៀងហ្នឹង ដោយសារសេរីភាពសារព័ត៌មាន សេរីភាពរបស់ពលរដ្ឋ ការសម្តែងមតិ ការចូលរួមអីផ្សេងៗ សូម្បីតែរឿងសង្គម រឿងបរិស្ថាន ក៏មានការរឹតត្បិត ដូច្នេះធ្វើឲ្យប៉ះពាល់ខ្លាំងដល់ប្រជាពលរដ្ឋទាំងអស់តែម្តង។ អ្វីដែលប្រជាពលរដ្ឋធ្វើ ក៏ដើម្បីប្រយោជន៍សង្គម យុវជនធ្វើក៏ដើម្បីប្រយោជន៍សង្គម តែគាត់បែរជារងការចោទប្រកាន់និងការភ័យខ្លាចទៅវិញ។ ខ្ញុំយល់ថា បើនៅតែបន្តបែបនេះទៀត ប្រទេសកម្ពុជាទាំងមូល រងផលប៉ះពាល់ ព្រោះយើងចង់បានប្រទេសប្រជាធិបតេយ្យ។ សព្វថ្ងៃនេះតើយើងមានប្រជាធិបតេយ្យពិតប្រាកដអត់ ឬយើងមានតែនៅលើក្រដាស ដូច្នេះហើយបានយើងក្នុងនាមជាពលរដ្ឋចង់ឲ្យអនុវត្តតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស»។
អ្នកស្រី ហង្ស សម្ភស្ស បន្ថែមថា ខួប ៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ វិទ្យុស្ត្រី នឹងមានកម្មវិធីផ្សាយផ្ទាល់ពិសេស ព្រមទាំងផលិតអត្ថបទព័ត៌មានផ្សេងៗដូចរាល់ឆ្នាំដែរ។ ទោះជាយ៉ាងណា អ្នកស្រីបញ្ជាក់ថា ស្ថិតក្នុងស្ថានភាពមិនអំណោយផលបែបនេះ អ្នកសារព័ត៌មាននៃវិទ្យុស្ត្រី បានរឹតត្បិតខ្លួនឯងដោយមិនហ៊ានសរសេរព័ត៌មានដែលស៊ីជម្រៅ និងប្រធានបទរសើបៗដូចមុនឡើយ។
ទាក់ទងករណីនេះ វិទ្យុអាស៊ីសេរី មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ បានទេ ដោយទូរស័ព្ទចូល តែពុំមានអ្នកទទួល។
ជុំវិញបញ្ហានេះដែរ អ្នករាយការណ៍ព័ត៌មានឲ្យវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) លោក ស៊ុន ណារិន លើកឡើងថា សេរីភាពសារព័ត៌មានដែលជាមូលដ្ឋានគ្រឹះមួយនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា កំពុងធ្លាក់ចុះដុនដាបខ្លាំងតាំងពីឆ្នាំ២០១៧ មក ដែលមិនស្របនឹងអ្វីដែលបានកំណត់ក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនោះទេ។ អ្នកសារព័ត៌មានឯករាជ្យរូបនេះ ឲ្យដឹងថា ឆ្នាំនេះស្ថាប័នរបស់លោក បានធ្វើព័ត៌មានច្រើនទាក់ទងនឹងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ព្រោះជាខួប ៣០ឆ្នាំផង និងដោយសារ ស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ កាន់តែធ្លាក់ចុះធ្ងន់ធ្ងរផង៖ «កាលណាយើងផ្សាយពីកិច្ចព្រមព្រៀងនេះ ប្រជាពលរដ្ឋ គាត់យល់ថា គាត់មានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ សិទ្ធិសេរីភាពក្នុងការប្រមូលផ្តុំ សិទ្ធិសេរីភាពការអានព័ត៌មាន ទទួលបានព័ត៌មានក្នុងការនិយាយជាមួយសារព័ត៌មាន ជាដើម។ ដូច្នេះខ្ញុំគិតថា នេះគឺជាការចូលរួមហើយ។ ខ្ញុំក៏លើកទឹកចិត្តឲ្យអ្នកសារព័ត៌មានផ្សេងៗទៀត មានការផ្សព្វផ្សាយពីខ្លឹមសារឬក៏អ្វីដែលកើតឡើង ដូចជាការដើរផ្ទុយពីកិច្ចព្រមព្រៀងនេះ គឺយើងផ្សាយទៅ ហើយពលរដ្ឋបានយល់ដឹងបន្ថែម»។
ការបង្ក្រាបទ្រង់ទ្រាយធំលើសេរីភាពសារព័ត៌មានរយៈពេលជាង ៤ឆ្នាំចុងក្រោយនេះ ត្រូវបានក្រុមអ្នកសង្កេតការណ៍វាយតម្លៃថា ជាការបំបិទសំឡេងឯករាជ្យ ទន្ទឹមគ្នានឹងការកម្ចាត់គណបក្សប្រឆាំង ដើម្បីធានាជ័យជម្នះ និងស្ថិរភាពអំណាចសម្រាប់គណបក្សប្រជាជនកម្ពុជា។
ក្រុមអ្នកសារព័ត៌មានឯករាជ្យ ស្នើយ៉ាងទទូចដល់រដ្ឋាភិបាលលោក ហ៊ុន សែន ឱ្យបើកលំហសេរីភាពសារព័ត៌មាន ស្តារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឲ្យស្របតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសវិញ ដើម្បីកុំឲ្យកម្ពុជា មានវិបត្តិធ្ងន់ធ្ងរដូចអតីតកាល និងទទួលរងការដាក់ទណ្ឌកម្មពីប្រទេសលោកសេរី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។