ខណៈទិវាសេរីភាពសារព័ត៌មានពិភពលោក កាន់តែខិតចូលមកដល់ អ្នកជំនាញក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ នៅថ្ងៃទី២៩ ខែមេសា ក្នុងវេទិកាជជែកដេញដោលមួយក្នុងរាជធានីភ្នំពេញ នាំគ្នាលើកតម្កើងអ្នកសារព័ត៌មាន ថាបានតួនាទីយ៉ាងសំខាន់ដើម្បីរួមចំណែកពង្រឹងការអនុវត្តអភិបាលកិច្ចល្អនៅកម្ពុជា។ ទន្ទឹមគ្នានេះ អ្នកជំនាញអះអាងថា ការអនុវត្តការងាររបស់អ្នកសារព័ត៌មានបានល្អ លុះត្រាតែរដ្ឋាភិបាលសម្របសម្រួលផ្ដល់ព័ត៌មានប្រកបដោយតម្លាភាព។
ប្រធានបទនៃទិវាសេរីភាពសារព័ត៌មាន ឆ្នាំ២០១៦ គឺ "ការទទួលព័ត៌មាន និងសេរីភាពជាមូលដ្ឋាន៖ នេះជាសិទ្ធិរបស់អ្នក"។ ប្រធានបទនេះឯងដែលនាំឲ្យមានការចាប់អារម្មណ៍ពីសំណាក់រដ្ឋមន្ត្រីក្រសួងព័ត៌មាន បណ្ដាញអ្នកសារព័ត៌មាន និងអង្គការសង្គមស៊ីវិល ក្រឡេកមើលឡើងវិញពីតួនាទីរបស់អ្នកសារព័ត៌មាន និងបច្ចេកវិទ្យាដែលកំពុងផ្លាស់ប្ដូរការអនុវត្តអភិបាលល្អ និងលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា ក្នុងរយៈកាលចុងក្រោយនេះ។
សម្រាប់ប្រធានក្លឹបអ្នកកាសែតកម្ពុជា លោក ប៉ែន បូណា គូសបញ្ជាក់ថា អ្នកសារព័ត៌មាននេះហើយដែលផ្ដល់ព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ជូនដល់សាធារណជន ដើម្បីឲ្យប្រជាពលរដ្ឋទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ ដែលផ្ដល់ជាមូលដ្ឋានគ្រឹះមួយក្នុងការសម្រេចចិត្តបានប្រសើរឡើង៖ «អ្នកសារព័ត៌មាន មានសំណាងជាងគេ ដោយសំឡេងរបស់យើងឮឆ្ងាយ សំឡេងរបស់យើងមានឥទ្ធិពល។ អ៊ីចឹងហើយ គេឲ្យតម្លៃអ្នកសារព័ត៌មានជាអំណាចទី៤។ ដូច្នេះ អ្នកសារព័ត៌មានធ្វើការក្នុងអំណាចមួយដែលមានឥទ្ធិពលក្នុងសង្គម»។
ថ្លែងនៅក្នុងកិច្ចពិភាក្សាស្ដីពីសិទ្ធិអ្នកសារព័ត៌មាន និងការលើកកម្ពស់អភិបាលកិច្ចល្អ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ មានប្រសាសន៍ថា អ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈ និងក្រមសីលធម៌ ដើរតួនាទីជំរុញឲ្យមានការផ្លាស់ប្ដូរជាវិជ្ជមាន ពិសេសជំរុញឲ្យមានការចូលរួមពីប្រជាពលរដ្ឋធ្វើសកម្មភាពការងារសង្គម៖ «អ្នកសារព័ត៌មានគាត់ផ្សាយព័ត៌មានពិតប្រាកដ និងទទួលខុសត្រូវចំពោះព័ត៌មានដែលផ្សាយ។ គាត់ជាអ្នកផ្ដល់សំឡេងដល់អ្នកអត់សំឡេង»។
ទោះបីជាយ៉ាងណា ការស្វះស្វែងរកប្រភពព័ត៌មានរបស់អ្នកសារព័ត៌មានដើម្បីចែកចាយដល់ប្រជាពលរដ្ឋនៅជួបឧបសគ្គ។ ឧបសគ្គនេះ ត្រូវបាននាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) លោក ប៉ា ងួនទៀង រៀបរាប់ថា ការផ្សព្វផ្សាយព័ត៌មានរសើបដូចជា ការកាប់ព្រៃឈើ អំពើពុករលួយ តុលាការ ឬនយោបាយ នៅខ្វះការសហការផ្ដល់ព័ត៌មានពីស្ថាប័នរដ្ឋ ធ្វើឲ្យអ្នកសារព័ត៌មាន លំបាកផលិតរបាយការណ៍ស៊ីជម្រៅ៖ «កាលណាយើងអត់ហ៊ានផ្សាយអ៊ីចឹងទេ ការដឹកនាំសង្គមហ្នឹង គឺជិះសេះលែងដៃ ស្រេចតែចិត្ត គ្មានអភិបាលកិច្ចល្អ។ កាលណាបាត់បង់អភិបាលកិច្ចល្អ គឺជួបប្រទះនឹងហានិភ័យច្រើនណាស់»។
អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (Reporters without borders) បានដាក់ចំណាត់ថ្នាក់លេខ១២៨ ក្នុងចំណោម ១៨០ប្រទេស ផ្នែកសេរីភាពសារព័ត៌មានសម្រាប់ប្រទេសកម្ពុជា ហើយអះអាងថា រដ្ឋាភិបាលកម្ពុជា បន្តឈ្លបមើលដោយប្រយោល និងត្រួតពិនិត្យទៅលើប្រព័ន្ធផ្សព្វផ្សាយ ហើយអ្នកសារព័ត៌មានបន្តប្រឈមនឹងគ្រោះថ្នាក់ពេលចុះយកព័ត៌មាន ពិសេសព័ត៌មានរសើបទាក់ទងនឹងការកាប់បំផ្លាញ និងជួញដូរព្រៃឈើ ការនេសាទខុសច្បាប់ ការជួញដូរមនុស្ស និងការរុករកធនធានរ៉ែ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។