អ្នកសារព័ត៌មាន និងអង្គការសង្គមស៊ីវិលផ្នែកប្រព័ន្ធផ្សព្វផ្សាយ ស្នើសុំយ៉ាងទទូចដល់មន្ត្រីនាំពាក្យតាមស្ថាប័នរដ្ឋ ឱ្យបំពេញតួនាទីរបស់ខ្លួនពេញលេញ។ ការលើកឡើងបែបនេះ ដោយសារមន្ត្រីនាំពាក្យតាមស្ថាប័នមួយចំនួនពិបាកទាក់ទង និងរើសអើង ក្នុងការផ្តល់ព័ត៌មានជូនអ្នកសារព័ត៌មាន។ ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលជំរុញឱ្យអ្នកសារព័ត៌មានសរសេរលិខិតផ្លូវការ ដាក់ជូនអង្គភាពមួយនេះ ដើម្បីរកដំណោះស្រាយ។
អ្នកសារព័ត៌មានឯករាជ្យត្អូញត្អែរថា ពួកគេមិនទទួលបានព័ត៌មានទូលំទូលាយពីក្រសួងស្ថាប័នរដ្ឋនៅឡើយទេ ព្រោះមន្ត្រីនាំពាក្យមួយចំនួន មិនបំពេញតួនាទីរបស់ខ្លួនឱ្យបានត្រឹមត្រូវ។ ជាមួយគ្នានេះ ការផ្សព្វផ្សាយព័ត៌មានតាមគេហទំព័រ ឬបណ្ដាញសង្គមផ្លូវការរបស់ស្ថាប័នរដ្ឋ ក៏នៅមិនទាន់គ្រប់គ្រាន់ និងមិនទាន់ពេលវេលានៅឡើយដែរ។
ការីនិពន្ធវិទ្យុសំឡេងប្រជាធិបតេយ្យវីអូឌី (VOD) លោក ពៅ មេត្តា ឱ្យដឹងថា អ្នកសារព័ត៌មាន ជួបការលំបាកច្រើន ដោយសារមន្ត្រីខ្លះមិនលើកទូរស័ព្ទ ខ្លះរើសអើងស្ថាប័ន ខ្លះទៀតផ្តល់សម្ភាសដោយមើលតាមប្រធានបទ ហើយខ្លះទៀតបញ្ចេញកំហឹង ឬជេរប្រមាថអ្នកសារព័ត៌មាននៅពេលពួកគេសួរចំចំណុចរសើប។ លោកយល់ថា មន្ត្រីនាំពាក្យមិនគួរប្រកាន់ឥរិយាបថបែបនេះទេ ពីព្រោះព័ត៌មានដែលពួកគេផ្តល់ទៅឱ្យអ្នកសារព័ត៌មាន មានសារសំខាន់យ៉ាងខ្លាំងសម្រាប់សាធារណជន ហើយម្យ៉ាងទៀត ព័ត៌មានទាំងនោះ អាចជួយលើកមុខមាត់ស្ថាប័នរដ្ឋទៀតផង៖ « អ៊ីចឹងអាហ្នឹងត្រូវមានការបណ្ដុះបណ្ដាលឱ្យគាត់យល់ពីវិធីសាស្ត្រក្នុងការនិយាយ ហើយឱ្យដឹងពីផលប្រយោជន៍ កុំឱ្យពេលខ្លះទៅជាការខឹងមួម៉ៅ ច្រឡោតដូចជាអ្នកដែលមិនសូវទទួលបានការអប់រំទៅវិញ។ អាហ្នឹងវាជារឿងអត់សមហេតុផល ហើយយើងត្រូវផ្សព្វផ្សាយជាសាធារណៈផង » ។
ស្រដៀងគ្នានេះ ការីនិពន្ធវិទ្យុសំឡេងសហរដ្ឋអាមេរិកវីអូអេ (VOA) លោក ស៊ុន ណារិន មានប្រសាសន៍ថា ទោះបីជារដ្ឋាភិបាលបង្កើតអង្គភាពនាំពាក្យនៅតាមក្រសួងស្ថាប័នរដ្ឋក៏ដោយ ក៏មន្ត្រីនាំពាក្យមួយចំនួន ហាក់មិនទាន់យល់អំពីតួនាទីរបស់ខ្លួននៅឡើយ។ លោកថា មន្ត្រីខ្លះបានស្តីបន្ទោសអ្នកសារព័ត៌មានថា សួរសំណួរក្នុងន័យមិនល្អចំពោះរដ្ឋាភិបាល ខ្លះគ្មានព័ត៌មានផ្តល់ឱ្យអ្នកកាសែត ហើយខ្លះទៀតធ្វើបុរេវិនិច្ឆ័យ ចំពោះស្ថាប័នព័ត៌មានវិជ្ជាជីវៈជាដើម។ លោកស្នើឱ្យរដ្ឋាភិបាលពិនិត្យ និងដោះស្រាយបញ្ហាអសកម្មទាំងនេះ ព្រមទាំងបន្ថែមចំនួនអ្នកនាំពាក្យឱ្យបានច្រើន ទៅតាមទំហំការងាររបស់ស្ថាប័ននីមួយៗ៖ «ការណ៍ដែលបដិសេធមិននិយាយ ទីមួយវាប៉ះពាល់ដល់សេរីភាពនៃសារព័ត៌មាន។ ទីពីរ ការដែលគាត់មិននិយាយ វានាំឱ្យខាតប្រយោជន៍រដ្ឋាភិបាលទេ មានន័យថា យើងមិនបានបញ្ចេញជំហរ ឬគំនិតរបស់រដ្ឋាភិបាល ឆ្លើយតបទៅនឹងករណីនោះបែបម៉េច អ៊ីចឹងវាសុទ្ធតែជារឿងអវិជ្ជមានរបស់រដ្ឋាភិបាលទេ។ អ៊ីចឹងការឆ្លើយតបប្រសើរជាងការមិនឆ្លើយតប » ។
អ្នកនាំពាក្យក្រសួងស្ថាប័នរដ្ឋ ដែលអ្នកសារព័ត៌មានពិបាកទាក់ទងបំផុតនាពេលបច្ចុប្បន្ននេះ រួមមាន អ្នកនាំពាក្យក្រសួងការងារ ក្រសួងសុខាភិបាល ក្រសួងកសិកម្ម ក្រសួងមហាផ្ទៃ ក្រសួងពាណិជ្ជកម្ម ក្រសួងព្រះបរមរាជវាំង ធនាគារជាតិនៃកម្ពុជា អង្គភាពប្រឆាំងអំពើពុករលួយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម និងអ្នកនាំពាក្យស្ថាប័នតុលាការ ជាពិសេសតុលាការនៅតាមខេត្ត។ ចំណែកស្ថាប័នខ្លះទៀត អ្នកនាំពាក្យហាក់រើសអើងអ្នកសារព័ត៌មាន ឬតម្រូវឱ្យអ្នកសារព័ត៌មានផ្ញើសំណួរទៅឱ្យពួកគេមុន តាមបណ្ដាញសង្គម ដូចជា អ្នកនាំពាក្យក្រសួងយុត្តិធម៌ ក្រសួងបរិស្ថាន ក្រសួងរ៉ែ និងថាមពល និងអ្នកនាំពាក្យតុលាការក្រុងភ្នំពេញជាដើម។ ដោយឡែកអ្នកនាំពាក្យស្ថាប័នខ្លះទៀត ពួកគេមានទម្លាប់បដិសេធផ្តល់ព័ត៌មាន ហើយបង្វែរឱ្យទៅសួរស្ថាប័នដទៃ មានជាអាទិ៍ អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី និងមន្ត្រីក្រសួងកិច្ចការនារី។
ប៉ុន្តែ មិនមែនគ្រប់ក្រសួងស្ថាប័នរដ្ឋ សុទ្ធតែមានអ្នកនាំពាក្យអសកម្ម និងមានចរិតរើសអើងនោះទេ។ ស្ថាប័នខ្លះ ក៏មានអ្នកនាំពាក្យសកម្ម និងស្វាគមន៍រាល់សំណួររបស់អ្នកសារព័ត៌មានដែរ។ ស្ថាប័នទាំងនោះ មានជាអាទិ៍ អង្គភាពនាំពាក្យរដ្ឋាភិបាល ក្រសួងអប់រំ ក្រសួងព័ត៌មាន ក្រសួងធម្មការ និងសាសនា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាដើម។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន ប្រាប់អាស៊ីសេរីថា មូលហេតុដែលលោកសកម្ម ក្នុងការផ្តល់ព័ត៌មានជូនអ្នកសារព័ត៌មាន ពីព្រោះថ្នាក់ដឹកនាំបានផ្តល់ទំនុកចិត្ត និងការទទួលខុសត្រូវឱ្យលោកធ្វើជាអ្នកនាំពាក្យ។ លោកទទួលស្គាល់ថា ពេលខ្លះលោកជ្រុលមាត់ប្រើសម្ដីទ្រគោះបោះបោកខ្លះ ព្រោះលោកថា សំណួររបស់អ្នកសារព័ត៌មាន ហួសពីដែនសមត្ថកិច្ចរបស់លោក។ ទោះជាយ៉ាងណា មេប៉ូលិសផ្កាយបីរូបនេះបញ្ជាក់ថា ការងាររបស់អ្នកនាំពាក្យ និងអ្នកសារព័ត៌មាន មិនអាចកាត់ផ្ដាច់ពីគ្នាបានឡើយ ព្រោះភាគីទាំងពីរធ្វើការជិតស្និទ្ធជាមួយគ្នា ដើម្បីផ្តល់ព័ត៌មាន និងបំភ្លឺជូនសាធារណជន៖ « ដោយសារគេចាត់ទុកជាអ្នកនាំពាក្យដូចខ្ញុំអ៊ីចឹង របស់អគ្គស្នងការដ្ឋាននគរបាលជាតិ អ៊ីចឹងគេចាត់ទុកសម្ដីខ្ញុំ ជាសម្ដីផ្លូវការសម្រាប់ព័ត៌មានរបស់នគរបាល។ អ៊ីចឹង បើខ្ញុំធ្វើផ្ដេសផ្ដាស ខ្ញុំមិនយកចិត្តទុកដាក់ បានន័យថា ខ្ញុំធ្វើឱ្យប៉ះពាល់ដល់ស្ថាប័នរបស់ខ្ញុំដែរ » ។
កាលពីខែសីហា ឆ្នាំ២០១៩ រដ្ឋាភិបាល លោក ហ៊ុន សែន បានបង្កើតអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល ដើម្បីប្រសិទ្ធភាពនៃការផ្តល់ព័ត៌មាន ជូនដល់សាធារណជនជាតិ និងអន្តរជាតិ អំពីការងារ សមិទ្ធផល និងគោលនយោបាយរបស់រដ្ឋាភិបាល។ អង្គភាពនេះ មានអ្នកនាំពាក្យតាមក្រសួងស្ថាប័ននីមួយៗ ជាសមាជិក។ តួនាទីសំខាន់របស់អង្គភាពនេះ គឺសម្របសម្រួលជាមួយបណ្ដាញសារព័ត៌មានជាតិ និងអន្តរជាតិ និងធានាឱ្យមានលំហូរព័ត៌មាន ប្រកបដោយប្រសិទ្ធភាព។
ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន មានប្រសាសន៍ថា នេះជាលើកទីមួយហើយ ដែលលោកឮអ្នកសារព័ត៌មានត្អូញត្អែរថា ពួកគេពិបាកទាក់ទងមន្ត្រីនាំពាក្យតាមស្ថាប័នរដ្ឋ។ លោកជំរុញឱ្យអ្នកសារព័ត៌មាន ដែលជួបប្រទះបញ្ហានេះ ធ្វើលិខិតជាលាយលក្ខណ៍អក្សរ ផ្ញើមកអង្គភាពរបស់លោក ដើម្បី រកដំណោះស្រាយបញ្ហានេះ។ ប៉ុន្តែ លោក ផៃ ស៊ីផាន មិនប្រាប់អំពីវិធានការយ៉ាងណាលើមន្ត្រីនាំពាក្យដែលអសកម្មទាំងនោះទេ ក្រោមហេតុផលថា នេះជារឿងផ្ទៃក្នុងរបស់អង្គភាពលោក៖ « អ្នកសារព័ត៌មានត្អូញត្អែរបានប្រយោជន៍អ្វី ? សរសេរសំបុត្រមកកាន់ខ្ញុំ មកដាក់ឱ្យខ្ញុំមក ខ្ញុំនឹងពិនិត្យមើល។ តែយ៉ាងណា ខ្ញុំខំប្រឹងប្រែងធ្វើសន្និសីទសារព័ត៌មានសម្រាប់ជូនដល់ទាំងអស់គ្នា ដើម្បីទទួលបានព័ត៌មាន មិនបាច់សួរ ក៏និយាយប្រាប់ដែរ » ។
ទោះជាយ៉ាងណា អ្នកសារព័ត៌មាន និងអ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយ ចាត់ទុកការលើកឡើងរបស់លោក ផៃ ស៊ីផាន នេះថា ជារឿងគួរឱ្យអស់សំណើច។ ពួកគេលើកឡើងថា លោក ផៃ ស៊ីផាន ផ្ទាល់ ក៏ធ្លាប់បដិសេធផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មានដែរ។ ដូច្នេះគ្មានផ្លូវទេ ដែលថា លោកមិនដឹងរឿងភាពអសកម្មរបស់អ្នកនាំពាក្យតាមស្ថាប័នរដ្ឋនេះ។
នាយកប្រតិបត្តិសម្ពន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា (CamboJA) លោក ណុប វី ថ្លែងថា អ្នកនាំពាក្យមួយចំនួន មានទម្លាប់បដិសេធ ឬរើសអើងអ្នកសារព័ត៌មាន ដោយសារតែយល់ថា អ្នកសារព័ត៌មាន មិនបានស្រង់សម្ដីល្អៗ របស់ពួកគេមកចុះផ្សាយ ដូចដែលពួកគេចង់បាន។ លោកថា ចំណុចនេះស្ដែងឱ្យឃើញថា អ្នកនាំពាក្យទាំងនោះ មិនទាន់យល់ច្បាស់អំពីតួនាទីរបស់ខ្លួន និងតួនាទីរបស់អ្នកសារព័ត៌មាន។ អ្នកជំនាញផ្នែកសារព័ត៌មានរូបនេះ គ្មានជំនឿថា ការដាក់លិខិតទៅអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលអាចដោះស្រាយបញ្ហានេះបានទេ៖ « ការដាក់លិខិត ការដាក់សំណូមពរផ្សេងៗ មើលទៅគ្រាន់តែជារូបភាពមួយលម្អទេ។ តាមពិត អ្វីដែលគាត់ដឹង គាត់ដឹងច្បាស់ណាស់ ព្រោះពួកគាត់សុទ្ធតែឆ្លងកាត់ជាអ្នកសារព័ត៌មានផង ហើយមួយចំនួនទៀត គឺគាត់ធ្លាប់បានបដិសេធមិនផ្តល់ព័ត៌មានផង » ។
អង្គការសង្គមស៊ីវិល និងអ្នកជំនាញផ្នែកសារព័ត៌មានលើកឡើងថា ដើម្បីដោះស្រាយរឿងភាពអសកម្មរបស់អ្នកនាំពាក្យនេះ គឺទាល់តែអង្គភាពជំនាញរបស់រដ្ឋាភិបាល ផ្តល់វគ្គបណ្ដុះបណ្ដាលឱ្យបានច្រើនដល់អ្នកនាំពាក្យ ឬមន្ត្រីព័ត៌មានតាំងពីថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ ដើម្បីឱ្យមន្ត្រីទាំងនោះយល់ដឹងកាន់តែច្បាស់អំពីតួនាទីរបស់ខ្លួន។ ម្យ៉ាងវិញទៀត ការបង្កើតឱ្យបាននូវច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន ក៏ជាយន្តការសំខាន់មួយទៀតដែរ ក្នុងការជួយឱ្យមានលំហូរព័ត៌មានកាន់តែប្រសើរពីស្ថាប័នរដ្ឋទៅកាន់អ្នកសារព័ត៌មាន និងសាធារណជន។
ជាងនេះទៅទៀត ក្រុមអ្នកធ្វើការក្នុងវិស័យសារព័ត៌មានស្នើសុំយ៉ាងទទូច ដល់រដ្ឋាភិបាល និងមន្ត្រីនាំពាក្យតាមស្ថាប័នរដ្ឋ កុំចាត់ទុកអ្នកសារព័ត៌មានជាសត្រូវ និងកុំចាត់ទុកវិជ្ជាជីវៈសារព័ត៌មានថា ជាបទល្មើស ពីព្រោះការងារសំខាន់បំផុតរបស់អ្នកសារព័ត៌មាន គឺផ្តល់ព័ត៌មានពិតជូនសាធារណជន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។