ក្រុមសហជីពកម្មករ និងសាច់ញាតិ បន្តទាមទារយុត្តិធម៌ជូន លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករដ៏ល្បីល្បាញម្នាក់ ដែលត្រូវបានឃាតកបាញ់សម្លាប់នៅក្បែរវត្តលង្កា រាជធានីភ្នំពេញ កាលពី ១៥ឆ្នាំមុន។ ការបន្តទាមទារនេះ ដោយសារសំណុំរឿងឃាតកម្មដ៏ក្ដៅនេះ នៅតែស្ថិតក្នុងភាពអាថ៌កំបាំងនៅឡើយ ទោះបីជាមន្ត្រីរបបលោក ហ៊ុន សែន អះអាងថា សំណុំរឿងនេះ កំពុងស៊ើបអង្កេតអស់រយៈពេល ១៥ឆ្នាំមកហើយក្ដី។
ឃាតកម្មទៅលើលោក ជា វិជ្ជា ដែលកម្មករចាត់ទុកជាមេដឹកនាំសហជីពដ៏ក្លាហាន ហ៊ានពុះពារតវ៉ាដើម្បីផលប្រយោជន៍ជូនកម្មករបានអូសបន្លាយអស់រយៈពេល ១៥ឆ្នាំមកហើយក្ដី ប៉ុន្តែក្រុមគ្រួសាររបស់លោក និងក្រុមមេដឹកនាំសហជីពមួយចំនួន នៅតែបន្តស្រែកទាមទារស្វែងរកយុត្តិធម៌ដដែល។
ក្រុមគ្រួសារ និងក្រុមសហជីព ឲ្យដឹងថា ពួកគេគ្រោងនឹងជួបជុំគ្នាមុខរូបសំណាករបស់លោក ជា វិជ្ជា នៅក្បែរវិមានឯករាជ្យ នៅថ្ងៃទី២២ ខែមករាខាងមុខនេះ ដើម្បីដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធរបស់លោក។
អតីតប្រធានសហជីពសេរីកម្មករ និងត្រូវជាប្អូនប្រុសបង្កើតរបស់លោកជា វិជ្ជា គឺលោក ជា មុនី លើកឡើងថា លោកនឹងរង់ចាំយុត្តិធម៌សម្រាប់បងប្រុសរបស់លោកអស់មួយជីវិត។ លោក ជា មុនី ទទូចឲ្យអាជ្ញាធរនៃរបបក្រុងភ្នំពេញ ស្វែងរកចាប់ខ្លួនឃាតកពិតមកផ្ដន្ទាទោសតាមច្បាប់ បើពុំចង់ ឲ្យមានការចោទប្រកាន់ និងការរិះគន់ផ្សេងៗទៅលើរបបដឹកនាំរបស់ខ្លួន៖ « យើងឃើញថា ករណីឃាតកម្មផ្សេងៗ ទៀតកំប៉ិកកំប៉ុក គេអាចចាប់ឃាតកពិតបាន។ តែករណីឃាតកម្មធំៗ ដូចជា ឃាតកម្មលើលោក ជា វិជ្ជា លោក ឈុត វុទ្ធី និងចុងក្រោយបណ្ឌិត កែម ឡី គឺរដ្ឋាភិបាល តែងតែលើកឡើងដោះសារហូត ហើយឃាតកពិត នៅតែមានសេរីភាព។ ១៥ឆ្នាំហើយ សូមបង្ហាញឃាតកពិតទៅ។ មិនបាច់បង្កើតគណៈកម្មការអីវែងឆ្ងាយទេ ព្រោះបង្កើតហើយរកមិនឃើញដដែល។ អ្នកពាក់ព័ន្ធឃាតកម្មនេះ ឥឡូវមានវ័យចំណាស់អស់ហើយ អ្នកខ្លះទឹកនោមផ្អែម អ្នកខ្លះឈឺ » ។
លោក ជា មុនី បន្តថា សមត្ថកិច្ចរបបក្រុងភ្នំពេញ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការស្វែងរក ឃាតកសម្លាប់ លោក ជា វិជ្ជា ក៏ប៉ុន្តែ សំខាន់នៅត្រង់ថា ពួកគេមានឆន្ទៈក្នុងការស្វែងរកចាប់ខ្លួនដែរឬអត់?៖ « ខ្ញុំបាននិយាយហើយក្នុងរបបនេះ គឺរកមិនឃើញឃាតកដែលបាញ់សម្លាប់លោក ជា វិជ្ជា ទេ។ ប៉ុន្តែរបបក្រោយទៀត ប្រហែលជាគេមានទឹកចិត្តរកច្រើនជាង។ ទោះយ៉ាងណា ខ្ញុំថា បើរបបនេះ គាត់ចង់កែប្រែទម្រង់ប្រព័ន្ធតុលាការ ខ្ញុំគិតថា ងាយស្រួលណាស់ក្នុងការចាប់ជនដៃដល់ ឬឃាតកពិត ព្រោះជនដៃដល់ដែលបាញ់សម្លាប់លោក ជា វិជ្ជា វាមានអត្តសញ្ញាណអស់ហើយ មិនអាចរត់រួចទេ » ។
លោក ជា វិជ្ជា ត្រូវបានឃាតកបាញ់សម្លាប់នៅតូបលក់កាសែតជិតវត្តលង្កា ក្រុងភ្នំពេញ កាលពីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ ក្នុងពេលដែលប្រទេសកម្ពុជា កំពុងជួបវិបត្តិនយោបាយរវាងគណបក្សចំនួន៣ ក្រោយពេលបោះឆ្នោត ឆ្នាំ២០០៣ គឺគណបក្សហ៊្វុនស៊ិនប៉ិច គណបក្សប្រជាជនកម្ពុជា និងគណបក្សសម រង្ស៊ី។
លោក ជា វិជ្ជា ក្រៅពីជាមេដឹកនាំសហជីពនោះ លោកក៏ជាសកម្មជនគណបក្ស សម រង្ស៊ី ដែរ។លោកតែងតែដឹកនាំកម្មករធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល ដើម្បីទាមទារផលប្រយោជន៍ផ្សេងៗជូន កម្មករ។
ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ដែលជាមនុស្សជិតស្និទ្ធជាមួយលោក ជា វិជ្ជា លើកឡើងថា ក្រុមសហជីព និងកម្មករ នៅតែចង់ឃើញរបបក្រុងភ្នំពេញ ស្វែងរកយុត្តិធម៌ជូនក្រុម គ្រួសាររបស់លោក ជា វិជ្ជា ព្រោះរយៈពេល ១៥ឆ្នាំនេះ ពួកគេបានរស់នៅក្នុងភាពឈឺចាប់ដោយសារ គ្មានពន្លឺយុត្តិធម៌ទាល់តែសោះ៖ « ម្តងហើយម្តងទៀត ទោះបីជាពេលវេលាណាក៏ដោយចុះ យើងនៅតែប្រកាន់ជំហរជំរុញ និងទាមទារឲ្យវែកមុខឃាតកពិតឲ្យឃើញ ដើម្បីផ្តល់យុត្តិធម៌ជូនលោក ជា វិជ្ជា និងក្រុមគ្រួសារសាច់ញាតិរបស់គាត់ » ។
អាស៊ីសេរី មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានទេនៅ ថ្ងៃទី១៣ ខែមករា ដោយលោកពុំទទួលទូរស័ព្ទ។
រីឯអ្នកនាំពាក្យរបបក្រុងភ្នំពេញ លោក ផៃ ស៊ីផាន បដិសេធមិនឆ្លើយតបអំពីសុំណុំរឿងឃាតកម្មលោក ជា វិជ្ជា នោះទេ៖ « សូមទាក់ទងទៅក្រសួងយុត្តិធម៌ ឯកឧត្តម គឹម សន្តិភាព ព្រោះខ្ញុំមិនដឹងរឿងនេះទេ » ។
អាស៊ីសេរីបានព្យាយាមទាក់ទងទៅអ្នកនាំពាក្យក្រសួងយុត្តិធម៌គឺលោក គឹម សន្តិភាព និងលោក ជិន ម៉ាលីន ប៉ុន្តែលោកទាំងពីរមិនទទួលទូរស័ព្ទនោះទេ។
ទោះយ៉ាងណាក្តី អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានប្រាប់វិទ្យុវីអូអេ (VOA ) ថា សមត្ថកិច្ច នៅតែបន្តការស៊ើបអង្កេតករណីឃាតកម្មលើលោក ជា វិជ្ជា ប៉ុន្តែលោកថា ករណីឃាតកម្មនេះ មិនមានការសហការពីសាក្សី។ លោកបន្ថែមថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យស៊ើបអង្កេតករណីនេះ រហូតឃាតកពិតត្រូវបានរកឃើញ។
លោក រ៉ុង ឈុន ចាត់ទុកថា ការបកស្រាយរបស់ក្រសួងមហាផ្ទៃ គឺដដែល គ្មានអ្វីថ្មី និងគ្មានឆន្ទៈ ពិតនោះទេ ក្នុងរយៈពេល ១៥ឆ្នាំមកនេះ។ លោកបន្តថា សំណុំរឿងឃាតកម្មលើលោក ជា វិជ្ជា នេះ មិនពិបាកស្វែងរកឃាតកពិតនោះទេ ប្រសិនបើអាជ្ញាធរនៃរបបក្រុងភ្នំពេញ មានឆន្ទៈពិតប្រាកដ៖ « អ្វីដែលលំបាកនោះ គឺគ្មានឆន្ទៈវែកមុខរកឃាតកពិត ព្រោះនៅពេលគេគំរាមកំហែងលោក ជា វិជ្ជា នោះ ខ្ញុំបានជូនគាត់ទៅជួបប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ដើម្បីយកលេខទូរស័ព្ទឲ្យគាត់ជួយស្រាវជ្រាវ។ ពេលនោះប៉ូលិសផ្តល់ចម្លើយវិញថា គាត់មិនហ៊ានប៉ះពាល់ទេ ព្រោះមន្ត្រីនោះមានឋានៈធំណាស់ ដែលគំរាមសម្លាប់លោក ជា វិជ្ជា។ ដូច្នេះ សូមលោក ជា វិជ្ជា រកកន្លែងមានសុវត្ថិភាព។ ដូច្នេះ ខ្ញុំគិតថា សំណុំរឿងឃាតកម្មនេះ គឺមានពាក់ព័ន្ធជាមួយមន្ត្រី ដែលមានឋានៈធំនៅក្នុងជួររដ្ឋាភិបាល។នេះបើតាមការអះអាងរបស់ប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាលនៅរាជធានីភ្នំពេញ » ។
នៅក្នុងខែកក្កដា ឆ្នាំ២០០៣ លោក ជា វិជ្ជា ត្រូវបានគេគំរាមសម្លាប់ បន្ទាប់ពីលោកប្រកាសឲ្យសមាជិកសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាទាំងអស់គាំទ្រគណបក្ស សម រង្ស៉ី។ ទោះ បីមានសារគំរាមសម្លាប់ក្តី លោក ជា វិជ្ជា មិនព្រមចាកចេញពីប្រទេសកម្ពុជាឡើយ ព្រោះលោកចង់តស៊ូដើម្បីផលប្រយោជន៍កម្មករ សិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ក្រោយការស្លាប់របស់លោក ជា វិជ្ជា គឺមានការពុះកញ្ជ្រោល យ៉ាងខ្លាំងពីសហគមន៍ជាតិ និងអន្តរជាតិក្នុងការទាមទារឲ្យរដ្ឋាភិបាលស្វែងចាប់ខ្លួនឃាតក។ មន្ត្រីសិទ្ធិមនុស្សលើកឡើងថា ដើម្បីទប់ស្ថានការណ៍បានខ្លះនៅកាលណោះ សមត្ថកិច្ចបានចាប់ឃាតកសិប្បនិមិត្ត គឺ ប៊ន សំណាង និង សុខ សំអឿន ក្នុងការបង្វែរពីការស្វែងរកឃាតកពិត និងដើម្បីឲ្យសាធារណជនស្ងប់ចិត្ត។ ទីបំផុត តុលាការកំពូល ក៏បានសម្រេចចិត្តដោះលែងអ្នកទាំងពីរវិញ ហើយបង្វែរសំណុំរឿងឲ្យសាលាឧទ្ធរណ៍ស៊ើបអង្កេតសំណុំរឿងនេះឡើងវិញ។
អតីតស្នងការរាជធានីភ្នំពេញ លោក ហេង ពៅ ធ្លាប់ប្រាប់កាសែតបរទេស មុនពេលលោក ហ៊ុន សែន មិនទាន់ចាប់ខ្លួនលោកពីប្រទេសម៉ាឡេស៊ី ថា អតីតអគ្គស្នងការនគរបាលជាតិកម្ពុជា លោក ហុក ឡងឌី បានបញ្ជាឲ្យលោកចាប់ សុខ សំអឿន និង ប៊ន សំណាង។ តែមន្ត្រីលោក ហ៊ុន សែន បានបដិសេធការអះអាងរបស់លោក ហេង ពៅ នៅពេលនោះ។
កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ លោក ហ៊ុន សែន ក៏បានបង្កើតគណៈកម្មការអន្តរក្រសួងស៊ើប អង្កេតពិសេសលើឃាតកម្មសម្លាប់លោក ជា វិជ្ជា និងមេសហជីពពីររូបផ្សេងទៀត គឺលោក ហ៊ី វុទ្ធី និងលោក រស់ សុវណ្ណារ៉េត ប៉ុន្តែមកទល់ពេលនេះ អាជ្ញាធរនៃរបបលោក ហ៊ុន សែន មិនទាន់បាន បង្ហាញតម្រុយណាមួយពីការស៊ើបអង្កេតនេះនៅឡើយ។
មជ្ឈដ្ឋានមួយចំនួន បានចោទប្រកាន់ថា មូលហេតុដែលរបបលោក ហ៊ុន សែន គ្មានឆន្ទៈស្វែងរក ឃាតកពិតនេះ គឺដោយសាររបបលោក ហ៊ុន សែន ជាអ្នកនៅក្រោយខ្នងការសម្លាប់លោក ជា វិជ្ជា ព្រោះលោក ជា វិជ្ជា គឺជាវីរជនកម្មករ និងជាសកម្មជនគណបក្សប្រឆាំងផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។