ប្រពន្ធ​លោក កង សារ៉ន បន្ត​ទាមទារ​យុត្តិធម៌​ឱ្យ​ប្ដី​ដែល​រិះគន់​លំហូរ​ជនជាតិ​វៀតណាម​នៅ​កម្ពុជា

0:00 / 0:00

គ្រួសារ​អះអាង​ថា​លោក កង សារ៉ន ដែល​កំពុង​ជាប់ពន្ធនាគារ​រឿង​រិះគន់​គណបក្ស​កាន់​អំណាច​អសមត្ថភាព​ទប់ស្កាត់​លំហូរ​ពលរដ្ឋ​វៀតណាម​នៅ​កម្ពុជា នៅតែ​រក្សា​ជំហរ​រឹងមាំ​ក្នុង​ការ​ស្វែងរក​យុត្តិធម៌ ប៉ុន្តែ​លោក​បដិសេធ​ធ្វើ​សុំទោស​ជា​ថ្នូរ​ដោះលែង​បាន​សេរីភាព​ឡើងវិញ​។ មន្ត្រី​សិទ្ធិមនុស្ស​នៅតែ​ចាត់ទុក​សកម្មភាព​របស់​លោក កង សារ៉ន ជា​ការ​អនុវត្ត​សិទ្ធិ​សេរីភាព ហើយ​ស្នើ​ឱ្យ​តុលាការ​ពន្លឿន​នីតិវិធី និង​ផ្តល់​យុត្តិធម៌​ជូន​គាត់។

ពលរដ្ឋ​ដែល​រិះគន់​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ថា អសមត្ថភាព​ក្នុង​ការ​ទប់ស្កាត់​ជនជាតិ​វៀតណាម​ហូរ​ចូល​កម្ពុជា បន្ត​ទាមទារ​រក​យុត្តិធម៌។

ប្រពន្ធ​របស់​លោក កង សារ៉ន គឺ​លោកស្រី ហង្ស ត្រឹប ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃទី៧ ខែ​មករា ថា លោកស្រី​តែង​ចូល​សួរសុខទុក្ខ​ប្តី​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ ពីរ​ទៅ​បី​សប្តាហ៍​ម្តង គឺ​នៅ​ពេល​ដែល​លោកស្រី​សន្សំ​ប្រាក់​បាន​បន្តិចបន្តួច​ពី​ការ​លក់​នំ ខណៈ​ប្តី​លោកស្រី​កំពុង​កើត​ជំងឺលើសឈាម​ដោយ​ត្រូវការ​លេបថ្នាំ​ជាប្រចាំ​។ លោកស្រី​ឱ្យ​ដឹង​ថា បើ​ទោះ​បី​អាជ្ញាធរ​នៅ​បន្ត​អូសទាញ​ឱ្យ​ប្តី​លោកស្រី​ឡាយ​វីដេអូ​សុំទោស​ជា​សាធារណៈ​យ៉ាង​ណាក្តី ក៏​មក​ដល់ពេល​គាត់​នៅតែ​មិន​ព្រម​ធ្វើ​តាម ដោយ​រក្សា​ឆន្ទៈ និង​ស្មារតី​រឹងមាំ​ជា​ធម្មតា​ដដែល ពីព្រោះ​គាត់​យល់​ថា គាត់​គ្រាន់តែ​បញ្ចេញមតិ​រឿង​ពិត​ក្នុង​សង្គម ដោយ​មិនបាន​ប្រព្រឹត្ត​កំហុស​ដូច​ការចោទប្រកាន់​របស់​តុលាការ​ខេត្ត​ទេ។

លោកស្រី ហង្ស ត្រឹប៖ «ខ្ញុំ​នឹង​ទៅ​កំសត់​ខ្លួន ខ្ញុំ​ធ្លាប់​ឃើញ​ពេល​ប្តី​គ្រាន់ និយាយ​កោកៗ គឺ​កំសត់​ខ្លួន​ណាស់​ពីរ​នាក់​ម៉ែកូន​យំ​រាល់ថ្ងៃ គ្មាន​យុត្តិធម៌​ទេ គ្រាន់តែ​និយាយ​រឿង​យួន​ទៅ​ចាប់​ប្តី​របស់ខ្ញុំ​ដាក់​ពន្ធនាគារ ដោយ​មិន​រក​យុត្តិធម៌​ទេ គេ​និយាយ​រឿង​ហ្នឹង​ច្រើន​មិន​ខុស​អី គាត់​មិន​ខុស​អី​ទេ គេ​គាប​សង្កត់​ហ្នឹង​ឯង»។

លោក កង សារ៉ន ត្រូវ​បាន​អាជ្ញាធរ​ចោមរោម​ចាប់ និង​ឃុំខ្លួន​ដាក់​ក្នុង​ពន្ធនាគារ កាល​ពី​ថ្ងៃទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ បន្ទាប់​ពី​តុលាការ​ខេត្ត​បន្ទាយមានជ័យ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ចំនួន ៣​ឆ្នាំ ពាក់ព័ន្ធ​នឹង​ទស្សនៈ​នយោបាយ​របស់​លោក ដែល​លោក​បាន​បង្ហោះ​ក្នុង​គណនី​ហ្វេសប៊ុក​របស់​លោក​អំឡុង​ពេល​យុទ្ធនាការ​បោះឆ្នោត​ខែ​កក្កដា ឆ្នាំ​២០២៣។ នៅក្នុង​វីដេអូ​ផ្សាយ​ផ្ទាល់​នោះ លោក​បាន​ចោទ​ជា​សំណួរ​ថា តើ​ក្រោយពី​បក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ឆ្នោត នឹង​មាន​វិធានការ​ដេញ​ពលរដ្ឋ​វៀតណាម​ចេញ ឬ​បន្ត​ឱ្យ​ហូរ​ចូល​ដោយ​ខុសច្បាប់​បន្ត​ទៀត?

ក្រោយ​ការ​ចាប់​ឃុំខ្លួន​លោក កង សារ៉ន បណ្តាល​ឲ្យ​មានការ​រិះគន់​ព្រោងព្រាត​ពី​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម និង​មន្ត្រី​សិទ្ធិមនុស្ស​ថា ទង្វើ​របស់​អាជ្ញាធរ​គឺជា​ការរំលោភ​សិទ្ធិមនុស្ស និង​អ​មនុស្សធម៌​។ ពួកគេ​ទទូច​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ប្រើប្រាស់​យន្តការ​តុលាការ ដើម្បី​គំរាមកំហែង​ប្រជា​ពលរដ្ឋ​ដែល​ហ៊ាន​បញ្ចេញ​មតិ​រិះគន់​រឿង​ទាំងនេះ។

ជុំវិញ​រឿង​នេះ អ្នកសម្របសម្រួល​អង្គការ​លីកាដូ ខេត្តបន្ទាយមានជ័យ លោក ភុន ឈិន ថ្លែង​ថា ករណី​របស់​លោក កង សារ៉ន ត្រូវ​បាន​មជ្ឈដ្ឋាន​សាធារណៈ ចាត់ទុកថា ជា​សេរីភាព​បញ្ចេញមតិ​នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​។ លោក​មើល​ឃើញ​ថា ការ​បន្ត​ឃុំខ្លួន​លោក កង សារ៉ន មក​ដល់​ពេលនេះ​បាន​ធ្វើ​ឱ្យ​ជីវភាព​គ្រួសារ​កាន់តែ​យ៉ាប់យ៉ឺន ហើយ​លោក​យល់​ថា សាលាឧទ្ធរណ៍​បាត់ដំបង​គួរ​ពន្លឿន​សំណុំ​រឿង​នេះ ហើយ​ផ្តល់​យុត្តិធម៌​ដល់​ជនជាប់ចោទ​ឱ្យ​បាន​ឆាប់។

លោក ភុន ឈិន៖ «នៅ​ពេល​បាត់បង់​កម្លាំង​ពលកម្ម​នោះ វា​នឹង​ប៉ះពាល់​មួយ​ផ្នែក​ដល់​ជីវភាព​ប្រចាំថ្ងៃ​របស់​ពួកគាត់ ជាពិសេស​គ្រួសារ​ក៏​មាន​ជំពាក់​បំណុល​គេ​ផង​ដែរ អ៊ីចឹង​កាល​ណា​គាត់​មាន​បំណុល បាត់បង់​កម្លាំង​ពលកម្ម​ស្វែងរក​ប្រាក់ចំណូល​អ៊ីចឹង​វា​ធ្វើ​ឱ្យ​ប៉ះពាល់​ខ្លាំង​ណាស់​ដល់​ជីវភាព​គ្រួសារ​ពួកគាត់»។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​សាលាឧទ្ធរណ៍​ប្រចាំ​តំបន់​នៅ​បាត់ដំបង​អ្នកស្រី ទៀង សំបូរ ដើម្បី​សាកសួរ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​៧ ខែ​មករា។

លោក កង សារ៉ន រស់នៅ​ភូមិ​បន្ទាយ​១ ឃុំ​ទទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ​។ ក្រុម​គ្រួសារ​របស់​លោក​មាន​ម្តាយ​ជរា​អាយុ ១០២​ឆ្នាំ និង​កូនស្រី​គ​ថ្លង់​ម្នាក់​នៅក្នុង​បន្ទុក ចំណែក​ជីវភាព​គ្រួសារ​របស់​លោក​រស់​នៅ​ប្រកប​របរ​នេសាទ ត្រី ជីក​ទំពាំង​តាម​ព្រៃ និង​ធ្វើ​នំ​លក់​ប្តូរ​យក​ប្រាក់​កម្រៃ​បន្តិចបន្តួច​សម្រាប់​ចិញ្ចឹម​ជីវិត​ប្រចាំថ្ងៃ។

ប្រពន្ធ​លោក កង សារ៉ន ឱ្យ​ដឹង​ថា ចាប់តាំងពី​អាជ្ញាធរ​ដាក់​កម្លាំង​ឃ្លាំមើល​អ្នក​ខាងក្រៅ​ចូល​ទៅ​ទីនោះ រួម​ទាំង​សកម្មភាព​ដាក់​សម្ពាធ​ផ្សេងទៀត​មក បាន​កាត់​ផ្តាច់​ទំនាក់ទំនង​រវាង​គ្រួសារ​លោកស្រី និង​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង​និង​ក្រៅប្រទេស ដែល​អាណិត និង​ជួយ​ថវិកា​កន្លងទៅ​។ បញ្ហា​នេះ​ធ្វើ​ឱ្យ​លោកស្រី​កាន់តែ​លំបាក​ទាំង​សេដ្ឋកិច្ច និង​ផ្លូវចិត្ត​ធ្ងន់ធ្ងរ ដូច្នេះ​លោកស្រី​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​ស្រឡាញ់​យុត្តិធម៌​ទាំងអស់​បន្ត​ជួយ​ឧបត្ថម្ភ​ដល់​គ្រួសារ​លោកស្រី​ក្នុង​គ្រា​លំបាក​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។