ពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក ជួប​ជុំ​គ្នា​រំលឹក​ខួប​៣១​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស

ដោយ សេក បណ្ឌិត
2022.10.23
Share on WhatsApp
Share on WhatsApp
ពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក ជួប​ជុំ​គ្នា​រំលឹក​ខួប​៣១​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស សហគមន៍ខ្មែរនៅ​ក្រុងឡូវែល (Lowell) រដ្ឋម៉ាស្សាជូសែត(Massachusetts)  សហរដ្ឋអាមេរិក រៀបចំកិច្ចពិភាក្សា ស្តីពី​ «តម្លៃ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស» ដែល​ធ្វើឡើង​មុន​មួយ​ថ្ងៃ​នៃ​ការ​រម្លឹក​ខួប​៣១ ឆ្នាំ​នៃ​កិច្ចព្រម​ព្រៀង​សន្តិភាព​ក្រុង​បារីស​២៣ តុលា ឆ្នាំ១៩៩១។
រូប៖ RFA

ពលរដ្ឋខ្មែរអាមេរិកកាំង សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ នៅតែរំពឹង​ទៅលើ​កិច្ចព្រម​ព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​​២៣ តុលា ឆ្នាំ១៩៩១ ថា​អាច​នាំ​ឲ្យ​កម្ពុជា​ផ្សះផ្សា​ការ​បែក​បាក់​ជាតិ និង​អាច​ឈាន​ទៅ​ស្តារ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ឲ្យ​រស់​ឡើង​វិញ​បាន។ ពួកគាត់​មើល​ឃើញ​ថា ការ​ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន ប្រកាសថា សព្វ​ថ្ងៃ​នេះ កម្ពុជា​កំពុង​មាន​សន្តិភាព​ពេញលេញ​នោះ ​គឺ​ជា​សន្តិភាព​ក្លែងក្លាយ​ជាការ​បន្លំភ្នែក​អន្តរជាតិ​ប៉ុណ្ណោះ។ ការលើក​ឡើងនេះ ធ្វើឡើង​នៅក្នុង​កិច្ចពិភាក្សា​ធំ​មួយ​នៅ​ក្រុងឡូវែល (Lowell)​ រដ្ឋម៉ាស្សាជូសែត (Massachusetts) សហរដ្ឋអាមេរិក​ ស្តីពី​​ «តម្លៃ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស» ដែល​ធ្វើឡើង​មុន​មួយ​ថ្ងៃ​នៃ​ការ​រម្លឹក​ខួប​៣១ ឆ្នាំ​នៃ​កិច្ចព្រម​ព្រៀង​សន្តិភាព​ក្រុង​បារីស​២៣ តុលា ឆ្នាំ១៩៩១។

ពលរដ្ឋខ្មែរ អង្គការ​សង្គមស៊ីវិល​ជាតិ និង​អន្តជាតិ​ព្រមទាំង សមាជិក​ព្រឹទ្ធសភា​អាមេរិក​មួយ​ចំនួន​ចង់​ឲ្យ​ភាគី​នយោបាយ​របស់​កម្ពុជា​វិល​ទៅ​រក​គោលការណ៍​ដើម​ក្នុង​ការ​ស្វែង​រក​សន្តិភាព​ដូច​កាល​ពី​ឆ្នាំ១៩៩១ ដែល​ជា​អំឡុង​ពេល​បង្កើត​ឡើង​នូវ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ២៣ ខែតុលា។

ព្រឹទ្ធសមាជិក អ៊ែត ម៉ាគី (Ed Markey) ជា​ប្រធាន​អនុគណៈកម្មាធិការ​ទំនាក់ទំនង​បរទេស​ព្រឹទ្ធសភា ស្តីពី ​អាស៊ីបូព៌ា និង​ប៉ាស៊ីហ្វិក មក​ពី​រដ្ឋម៉ាស្សាជូស្សិត​ (Massachusetts) បាន​ចូលរួម​ជា​កិត្តិយស​ក្នុង​ការ​​ចូលរួម​គោរព​ខួបនៃការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​តាមរយៈ​សារ​វីដេអូ ជា​មួយ​សហគមន៍​ខ្មែរ​ដែល​បាន​រៀបចំ​ក្រុម​ពិភាក្សា​ធំមួយ​នៅក្នុង​សាកលវិទ្យា​ក្រុង​ឡូវែល (LOWELL)​ ​រដ្ឋម៉ាស្សាជូស្សិត​​ (Massachusetts) ​​កាល​ពី​ថ្ងៃទី២២ ខែតុលា គឺនៅ​មុន​មួយ​ថ្ងៃ​នៃ​ខួប​៣១​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​នេះ

តាមរយៈសារ​ជា​វីដេអូ​នោះ ព្រឹទ្ធសមាជិក អ៊ែត ម៉ាគី (Ed Markey) ថ្លែង​ថា សមាជិក​សហគមន៍​ខ្មែរ​ជា​ច្រើន​បាន​ភៀស​ខ្លួន​ចេញ​ពី​សង្រ្គាម​ស៊ីវិល​ដ៏ឃោរឃៅ ដើម្បី​មក​រស់​នៅ​សហរដ្ឋ​អាមេរិក​ រួម​ទាំង​នៅ​រដ្ឋ (Massachusetts) នេះផង ហើយ​ពួកគាត់​បាន​ក្លាយ​ជា​សសរស្តម្ភ​នៃ​សហគមន៍​របស់​សហរដ្ឋ​អាមេរិក។ ចំណែកកិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស គឺ​ជាមូលដ្ឋាន​គ្រឹះ​សម្រាប់​លទ្ធិប្រជាធិបតេយ្យ រួម​ទាំង​ការ​អនុម័ត​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា ដែលធានានូវសិទ្ធិរបស់​ប្រជាពលរដ្ឋ​ទាំង​អស់ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​គួរ​ឲ្យ​សោក​ស្ដាយ៖

«សិទ្ធិ​ទាំងនោះ​កំពុង​រង​ការ​រំលោភ​បំពាន​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា។ លោក ហ៊ុន សែន និង​គណបក្ស​របស់​លោក​បាន​បរាជ័យ​ក្នុង​ការ​សម្រេច​តាម​ការ​សន្យា​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីសកាល​ពី​ខែសីហា ខ្ញុំ​បាន​ដឹក​នាំ​គណៈប្រតិភូ​សភា​មក​កម្ពុជា ខ្ញុំបាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ធ្វើតាម​ការ​សន្យា​បែប​ប្រជាធិបតេយ្យ​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ហើយ​ប្រកាន់​យក​នូវ​សេរីភាព​នៃ​ការ​បញ្ចេញមតិ សិទ្ធិស៊ីវិល និង​សិទ្ធិ​នយោបាយ​ ដែល​មនុស្ស​ជាច្រើន​បាន​តស៊ូ​យ៉ាង​ស្វិតស្វាញ​ដើម្បី​ទទួល​បាន»

លោក អ៊ែត ម៉ាគី បាន​កោត​សសើរ​ចំពោះ​សមាជិក​នៃ​សង្គម​ស៊ីវិល​កម្ពុជា ដែល​លោក​បាន​ជួប​ក្នុង​ដំណើរ​ទស្សនៈកិច្ច​របស់​លោក ដែល​បង្ហាញ​ពី​ភាព​ក្លាហាន​ និង​ការ​តស៊ូមតិ​ដោយ​មិន​ចេះ​នឿយ​ហត់ ដើម្បី​ដោះស្រាយ​វិបត្តិ​អាកាសធាតុ ដើម្បី​ទទួល​បាន​សិទ្ធិ​ការងារ​ដីធ្លី​កាន់​តែ​ប្រសើរ និង​ការ​ជំរុញ​ឱ្យ​មាន​ការ​បោះឆ្នោត​មួយ​ដោយ​សេរី និង​យុត្តិធម៌​នៅឆ្នាំ២០២៣

«ចំពោះ​សកម្មជន​ដែល​ខ្ញុំ​បាន​ជួប​ក្នុង​អំឡុង​ពេល វត្តមាន​របស់​ខ្ញុំ​នៅ​កម្ពុជា និង​សហគមន៍​នៅ​ទី​នេះ ខ្ញុំ​ចង់​ប្រាប់​ឲ្យ​ដឹង​ថា សហរដ្ឋ​អាមេរិក​ឈរ​ជា​មួយ​អ្នក​សភា​សហរដ្ឋ​អាមេរិក​ឈរ​ជា​មួយ​អ្នក ខ្ញុំ​ឈរ​ជា​មួយ​អ្នក។ នៅឆ្នាំនេះ គណៈកម្មាធិការ​ទំនាក់ទំនង​បរទេស​ព្រឹទ្ធសភា បាន​អនុម័ត​ជា​ឯកច្ឆ័ន្ទ អំពី​លទ្ធិ​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​របស់​ខ្ញុំសេចក្តីព្រាង​ច្បាប់​ទ្វេភាគី​នេះ បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​ការ​ប្តេជ្ញា​ចិត្ត​ក្រោម​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ហើយ​វា​បាន​បដិសេធ​លោក ហ៊ុន សែន និង​រដ្ឋាភិបាល​របស់​គាត់​មិន​ឲ្យ គាប​សង្កត់​សិទ្ធិ​ប្រជាពលរដ្ឋ​ដោយសេរី។ ខ្ញុំសូមបញ្ជាក់ថា រដ្ឋាភិបាល​របស់គាត់​មិន​អាច​កំណត់​និយម​ន័យ​លទ្ធិប្រជាធិបតេយ្យ​បាន​ទេយើងមិន​អាច​អនុញ្ញាត​ឱ្យ​គាត់​ធ្វើ​បែប​នោះ​បាន​ទេខ្ញុំនឹង​បន្តធ្វើការ​ដើម្បី​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​នេះ​ឲ្យ​ទៅ​ជាច្បាប់»

លោក​បន្តថា ភាព​ជាដៃគូ​រវាង​សហរដ្ឋ​អាមេរិក និង​កម្ពុជា ចាប់​ផ្តើម​តាំង​ពី​យូរ​លង់ណាស់មក​ហើយ​ ទោះបី​មាន​បញ្ហា​ខ្លះ ប៉ុន្តែ​ចេញ​ពី​ប្រវត្តិសាស្ត្រ​ដ៏​លំបាក​នោះ ពលរដ្ឋខ្មែរ​អាមេរិកាំង​ បាន​ចូល​រួម​ចំណែក​យ៉ាង​សំខាន់សម្រាប់​ប្រទេស​ជាតិ​ទាំងអស់គ្នាការ​រួបរួម​គ្នា​នេះ អាច​បន្ត​បុព្វហេតុ​រួម​សម្រាប់​អនាគត​ប្រទេសកម្ពុជា​ដែល​បំពេញ​តាម​ការ​សន្យា នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។ ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស អ្នកស្រី មូរ សុខហួរ ដែលសហគមន៍​ខ្មែរ​អញ្ចើញ​ឲ្យ​ចូល​ជា​វាគ្មិន​ក្នុង​កិច្ចពិភាក្សា​ស្តីពី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថា​ប្រសាសន៍​របស់​ព្រឹទ្ធសមាជិក អ៊ែត ម៉ាគី (Ed Markey) គឺ​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​នៅ​កម្ពុជា​សព្វ​ថ្ងៃ ជា​ពិសេស​ការ​រំលោភ​សិទ្ធិមនុស្ស សិទ្ធិនយោបាយ ហើយ​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​សម្លាប់​ប្រជាធិបតេយ្យ ដែល​ទាំង​នេះ​ដើរ​ផ្ទុយ​ពី​កិច្ចព្រមព្រៀង​សន្តិភាព​នៃ​ក្រុង​ប៉ារីស៖

«អ្វី​ដែល​ព្រឹទ្ធសមាជិក អ៊ែត ម៉ាគីលើកឡើង​មក​នេះ​សុទ្ធតែ​មាន​ភស្តុតាង​ទាំងអស់ ហើយ​លោក​បាន​សន្យា​ថា លោក​នឹង​ជម្រុញ​ទៅ​ទៀត​ហើយ​លោក​នៅ​ជាមួយ​អ្នក​ប្រជាធិបតេយ្យ នៅជាមួយ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុងប៉ារីស»

ទាក់ទង​ការ​លើកឡើង​នេះ វិទ្យុអាស៊ីសេរី ពុំទាន់​អាច​ទាក់ទង​មន្រ្តី​រដ្ឋាភិបាល​លោក ហ៊ុន សែន ដើម្បី​ឆ្លើយ​តប​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅថ្ងៃទី២២ ខែតុលា។ចំណែក​មន្រ្តី​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក ដែល​សហគមន៍​ខ្មែរ​អញ្ចើញ​ឲ្យ​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ស្តីពី​កិច្ចព្រមព្រៀង​សន្តិភាព​នៃ​ក្រុងប៉ារីស ក៏មិន​អាច​មក​ចូលរួម​បាន​ដែរក៏ប៉ុន្តែ​ជា​ញឹកញាប់ ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល លោក ហ៊ុន សែន ថ្លែង​អះអាង​ថា កម្ពុជា​កំពុង​មាន​សន្តិភាព​ពេញលេញផ្ទុយ​ពី​ការ​អះអាង​នេះ ប្រជាពលរដ្ឋខ្មែរ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​មើល​ឃើញ​ថា សន្តិភាព​សព្វ​ថ្ងៃនេះ គឺជា​សន្តិភាព​ក្លែងក្លាយ និង​ជា​សន្តិភាព​បន្លំភ្នែក​អន្តរជាតិ។

ពលរដ្ឋខ្មែរ​អាមេរិកកាំង រស់នៅ​ក្រុងឡូវែល (LOWELL) រដ្ឋម៉ាស្សាជូស្សិត (Massachusetts) ថ្លែង​បា្រប់​វិទ្យុអាស៊ីសេរី​កាលពី​ថ្ងៃទី២២ ខែតុលាថា សន្តិភាព​ក្លែងក្លាយ​នេះ ធ្វើឲ្យ​ពលរដ្ឋ​ក្នុង​ស្រុក​រង​ទុក្ខ​វេទនា ​ជាង​កាល​ពី​លោក​រត់​ភៀស​ខ្លួន​មក​ក្រៅ​ប្រទេស​ដោយ​សារ​រឿង​នយោបាយ និង​សង្គ្រាម​កាលពី​ជាង​២០​ឆ្នាំ​មុន​នោះ​ទៅ​ទៀត៖

«ការ​រំលោភ​សិទ្ធិនេះ កាន់​តែ​ខ្លាំង​ជាង​មុន ព្រោះ​ថា​លោក ហ៊ុន សែន គាត់​ជិះ​សេះ​លែង​ដៃ គ្មាន​អ្នក​ណា​ធ្វើអី​គាត់ ព្រោះ​គណបក្ស​ប្រឆាំង​អត់​បាន​នៅជា​មួយ​គាត់ គាត់​ចង់​ធ្វើ​ស្អី​ក៏​បាន»

ទាក់ទង​រឿង​កិច្ចព្រមព្រៀង​សន្តិភាព​នេះ​ដែរ សមាជិក​ក្រុម​ប្រឹក្សា​ក្រុង​ឡូវែល (LOWELL) ​និង​ជា​សមាជិក​ក្រុម​ការងារ​រៀបចំ​កិច្ចប្រជុំ​ពិភាក្សា​ស្តីពី​កិច្ចព្រមព្រៀង​សន្តិភាព​នៃ​ក្រុង​ប៉ារីស​លោក នួន វាសនា មាន​ប្រសាសន៍​ថា កិច្ច​ពិភាក្សា​នេះ​ទទួល​បាន​ព័ត៌មាន និង​មតិ​វិជ្ជមាន​ពី​អ្នក​ចូលរួម​ជា​ច្រើន ​ដែល​ពួកគេ​ចង់​ឲ្យ​គ្រប់​ភាគី​បក្ស​នយោបាយ​ងាក​ទៅ​រក​កិច្ច​ចរចារ​រក​សន្តិភាព​សម្រាប់​កម្ពុជា​ឡើង​វិញ​ដោយ​ផ្អែក​លើ​កិច្ចព្រមព្រៀង​សន្តិភាព​នៃ​ក្រុង​ប៉ារីស៖

«យើង​ឮសំឡេង​ពលរដ្ឋ​យើងថា ទាមទារ​ឲ្យ​គោរព​កិច្ចព្រមព្រៀង​សន្តិភាព​នៃ​ក្រុង​ប៉ារីសព្រោះ​កិច្ចព្រមព្រៀង​នេះ​នៅ​មាន​ចំនុច​ច្រើន​ណាស់​ដែល​មិន​ទាន់​បាន​អនុវត្ត​នៅ​ឡើយ ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​អនុវត្ត»

ក្រៅពី​នៅក្រុង​ឡូវែល (LOWELL) ​ពលរដ្ឋខ្មែរ​នៅ​រដ្ឋផ្សេង​ទៀត​នៃ​សហរដ្ឋ​អាមេរិក ដូចជា​នៅរដ្ឋកាលីហ្វ័រញ៉ា ជាដើម​ក៏​មាន​ការ​ជួបជុំគ្នា​រម្លឹក​ខួប​៣១​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​នៃ​ក្រុង​ប៉ារីស​នេះដែរ និង​បាន​លើកឡើង​នូវ​សេចក្តីប្រាថ្នា​ប្រហាក់​ប្រហែល​គ្នា​នេះ​ដែរ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។