ពលរដ្ឋខ្មែរអាមេរិកកាំង សង្គមស៊ីវិលជាតិ និងអន្តរជាតិ នៅតែរំពឹងទៅលើកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស២៣ តុលា ឆ្នាំ១៩៩១ ថាអាចនាំឲ្យកម្ពុជាផ្សះផ្សាការបែកបាក់ជាតិ និងអាចឈានទៅស្តារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សឲ្យរស់ឡើងវិញបាន។ ពួកគាត់មើលឃើញថា ការដែលរដ្ឋាភិបាលលោក ហ៊ុន សែន ប្រកាសថា សព្វថ្ងៃនេះ កម្ពុជាកំពុងមានសន្តិភាពពេញលេញនោះ គឺជាសន្តិភាពក្លែងក្លាយជាការបន្លំភ្នែកអន្តរជាតិប៉ុណ្ណោះ។ ការលើកឡើងនេះ ធ្វើឡើងនៅក្នុងកិច្ចពិភាក្សាធំមួយនៅក្រុងឡូវែល (Lowell) រដ្ឋម៉ាស្សាជូសែត (Massachusetts) សហរដ្ឋអាមេរិក ស្តីពី «តម្លៃនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស» ដែលធ្វើឡើងមុនមួយថ្ងៃនៃការរម្លឹកខួប៣១ ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងបារីស២៣ តុលា ឆ្នាំ១៩៩១។
ពលរដ្ឋខ្មែរ អង្គការសង្គមស៊ីវិលជាតិនិងអន្តជាតិព្រមទាំងសមាជិកព្រឹទ្ធសភាអាមេរិកមួយចំនួនចង់ឲ្យភាគីនយោបាយរបស់កម្ពុជាវិលទៅរកគោលការណ៍ដើមក្នុងការស្វែងរកសន្តិភាពដូចកាលពីឆ្នាំ១៩៩១ដែលជាអំឡុងពេលបង្កើតឡើងនូវកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ ខែតុលា។
ព្រឹទ្ធសមាជិក អ៊ែត ម៉ាគី (Ed Markey) ជាប្រធានអនុគណៈកម្មាធិការទំនាក់ទំនងបរទេសព្រឹទ្ធសភាស្តីពី អាស៊ីបូព៌ានិងប៉ាស៊ីហ្វិកមកពីរដ្ឋម៉ាស្សាជូស្សិត (Massachusetts) បានចូលរួមជាកិត្តិយសក្នុងការចូលរួមគោរពខួបនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសតាមរយៈសារវីដេអូជាមួយសហគមន៍ខ្មែរដែលបានរៀបចំក្រុមពិភាក្សាធំមួយនៅក្នុងសាកលវិទ្យាក្រុងឡូវែល (LOWELL) រដ្ឋម៉ាស្សាជូស្សិត (Massachusetts) កាលពីថ្ងៃទី២២ ខែតុលាគឺនៅមុនមួយថ្ងៃនៃខួប៣១ឆ្នាំនៃកិច្ចព្រមព្រៀងនេះ។
តាមរយៈសារជាវីដេអូនោះ ព្រឹទ្ធសមាជិក អ៊ែត ម៉ាគី (Ed Markey) ថ្លែងថាសមាជិកសហគមន៍ខ្មែរជាច្រើនបានភៀសខ្លួនចេញពីសង្រ្គាមស៊ីវិលដ៏ឃោរឃៅដើម្បីមករស់នៅសហរដ្ឋអាមេរិករួមទាំងនៅរដ្ឋ (Massachusetts) នេះផង ហើយពួកគាត់បានក្លាយជាសសរស្តម្ភនៃសហគមន៍របស់សហរដ្ឋអាមេរិក។ ចំណែកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសគឺជាមូលដ្ឋានគ្រឹះសម្រាប់លទ្ធិប្រជាធិបតេយ្យរួមទាំងការអនុម័តរដ្ឋធម្មនុញ្ញកម្ពុជាដែលធានានូវសិទ្ធិរបស់ប្រជាពលរដ្ឋទាំងអស់ប៉ុន្តែបច្ចុប្បន្ននេះគួរឲ្យសោកស្ដាយ៖
«សិទ្ធិទាំងនោះកំពុងរងការរំលោភបំពានដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែននិងគណបក្សប្រជាជនកម្ពុជា។ លោក ហ៊ុន សែននិងគណបក្សរបស់លោកបានបរាជ័យក្នុងការសម្រេចតាមការសន្យានៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។កាលពីខែសីហាខ្ញុំបានដឹកនាំគណៈប្រតិភូសភាមកកម្ពុជាខ្ញុំបានជំរុញឱ្យរដ្ឋាភិបាលធ្វើតាមការសន្យាបែបប្រជាធិបតេយ្យនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសហើយប្រកាន់យកនូវសេរីភាពនៃការបញ្ចេញមតិសិទ្ធិស៊ីវិលនិងសិទ្ធិនយោបាយដែលមនុស្សជាច្រើនបានតស៊ូយ៉ាងស្វិតស្វាញដើម្បីទទួលបាន»។
លោក អ៊ែត ម៉ាគី បានកោតសសើរចំពោះសមាជិកនៃសង្គមស៊ីវិលកម្ពុជាដែលលោកបានជួបក្នុងដំណើរទស្សនៈកិច្ចរបស់លោកដែលបង្ហាញពីភាពក្លាហាននិងការតស៊ូមតិដោយមិនចេះនឿយហត់ដើម្បីដោះស្រាយវិបត្តិអាកាសធាតុដើម្បីទទួលបានសិទ្ធិការងារដីធ្លីកាន់តែប្រសើរនិងការជំរុញឱ្យមានការបោះឆ្នោតមួយដោយសេរីនិងយុត្តិធម៌នៅឆ្នាំ២០២៣៖
«ចំពោះសកម្មជនដែលខ្ញុំបានជួបក្នុងអំឡុងពេលវត្តមានរបស់ខ្ញុំនៅកម្ពុជានិងសហគមន៍នៅទីនេះខ្ញុំចង់ប្រាប់ឲ្យដឹងថាសហរដ្ឋអាមេរិកឈរជាមួយអ្នកសភាសហរដ្ឋអាមេរិកឈរជាមួយអ្នកខ្ញុំឈរជាមួយអ្នក។ នៅឆ្នាំនេះគណៈកម្មាធិការទំនាក់ទំនងបរទេសព្រឹទ្ធសភាបានអនុម័តជាឯកច្ឆ័ន្ទអំពីលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជារបស់ខ្ញុំ។សេចក្តីព្រាងច្បាប់ទ្វេភាគីនេះបានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាគោរពការប្តេជ្ញាចិត្តក្រោមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសហើយវាបានបដិសេធលោកហ៊ុន សែននិងរដ្ឋាភិបាលរបស់គាត់មិនឲ្យគាបសង្កត់សិទ្ធិប្រជាពលរដ្ឋដោយសេរី។ ខ្ញុំសូមបញ្ជាក់ថារដ្ឋាភិបាលរបស់គាត់មិនអាចកំណត់និយមន័យលទ្ធិប្រជាធិបតេយ្យបានទេ។យើងមិនអាចអនុញ្ញាតឱ្យគាត់ធ្វើបែបនោះបានទេ។ខ្ញុំនឹងបន្តធ្វើការដើម្បីអនុម័តសេចក្តីព្រាងច្បាប់នេះឲ្យទៅជាច្បាប់»។
លោកបន្តថាភាពជាដៃគូរវាងសហរដ្ឋអាមេរិកនិងកម្ពុជាចាប់ផ្តើមតាំងពីយូរលង់ណាស់មកហើយទោះបីមានបញ្ហាខ្លះប៉ុន្តែចេញពីប្រវត្តិសាស្ត្រដ៏លំបាកនោះពលរដ្ឋខ្មែរអាមេរិកាំងបានចូលរួមចំណែកយ៉ាងសំខាន់សម្រាប់ប្រទេសជាតិទាំងអស់គ្នា។ ការរួបរួមគ្នានេះអាចបន្តបុព្វហេតុរួមសម្រាប់អនាគតប្រទេសកម្ពុជាដែលបំពេញតាមការសន្យានៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ អនុប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងភៀសខ្លួននៅក្រៅប្រទេស អ្នកស្រី មូរ សុខហួរ ដែលសហគមន៍ខ្មែរអញ្ចើញឲ្យចូលជាវាគ្មិនក្នុងកិច្ចពិភាក្សាស្តីពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថាប្រសាសន៍របស់ព្រឹទ្ធសមាជិក អ៊ែត ម៉ាគី (Ed Markey) គឺឆ្លុះបញ្ចាំងពីការពិតនៅកម្ពុជាសព្វថ្ងៃជាពិសេសការរំលោភសិទ្ធិមនុស្សសិទ្ធិនយោបាយហើយរដ្ឋាភិបាលលោក ហ៊ុន សែន បានសម្លាប់ប្រជាធិបតេយ្យដែលទាំងនេះដើរផ្ទុយពីកិច្ចព្រមព្រៀងសន្តិភាពនៃក្រុងប៉ារីស៖
«អ្វីដែលព្រឹទ្ធសមាជិកអ៊ែតម៉ាគីលើកឡើងមកនេះសុទ្ធតែមានភស្តុតាងទាំងអស់ហើយលោកបានសន្យាថាលោកនឹងជម្រុញទៅទៀតហើយលោកនៅជាមួយអ្នកប្រជាធិបតេយ្យនៅជាមួយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស»។
ទាក់ទងការលើកឡើងនេះ វិទ្យុអាស៊ីសេរី ពុំទាន់អាចទាក់ទងមន្រ្តីរដ្ឋាភិបាលលោក ហ៊ុន សែន ដើម្បីឆ្លើយតបជុំវិញបញ្ហានេះបានទេនៅថ្ងៃទី២២ខែតុលា។ចំណែកមន្រ្តីស្ថានទូតខ្មែរប្រចាំនៅសហរដ្ឋអាមេរិកដែលសហគមន៍ខ្មែរអញ្ចើញឲ្យមកចូលរួមក្នុងកិច្ចប្រជុំពិភាក្សាស្តីពីកិច្ចព្រមព្រៀងសន្តិភាពនៃក្រុងប៉ារីសក៏មិនអាចមកចូលរួមបានដែរ។ ក៏ប៉ុន្តែជាញឹកញាប់ប្រមុខដឹកនាំរដ្ឋាភិបាល លោក ហ៊ុន សែន ថ្លែងអះអាងថាកម្ពុជាកំពុងមានសន្តិភាពពេញលេញ។ ផ្ទុយពីការអះអាងនេះប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសមើលឃើញថាសន្តិភាពសព្វថ្ងៃនេះគឺជាសន្តិភាពក្លែងក្លាយនិងជាសន្តិភាពបន្លំភ្នែកអន្តរជាតិ។
ពលរដ្ឋខ្មែរអាមេរិកកាំង រស់នៅក្រុងឡូវែល (LOWELL) រដ្ឋម៉ាស្សាជូស្សិត (Massachusetts) ថ្លែងបា្រប់វិទ្យុអាស៊ីសេរីកាលពីថ្ងៃទី២២ខែតុលាថា សន្តិភាពក្លែងក្លាយនេះធ្វើឲ្យពលរដ្ឋក្នុងស្រុករងទុក្ខវេទនាជាងកាលពីលោករត់ភៀសខ្លួនមកក្រៅប្រទេសដោយសាររឿងនយោបាយនិងសង្គ្រាមកាលពីជាង២០ឆ្នាំមុននោះទៅទៀត៖
«ការរំលោភសិទ្ធិនេះកាន់តែខ្លាំងជាងមុនព្រោះថាលោកហ៊ុន សែនគាត់ជិះសេះលែងដៃគ្មានអ្នកណាធ្វើអីគាត់ព្រោះគណបក្សប្រឆាំងអត់បាននៅជាមួយគាត់គាត់ចង់ធ្វើស្អីក៏បាន»។
ទាក់ទងរឿងកិច្ចព្រមព្រៀងសន្តិភាពនេះដែរសមាជិកក្រុមប្រឹក្សាក្រុងឡូវែល (LOWELL) និងជាសមាជិកក្រុមការងាររៀបចំកិច្ចប្រជុំពិភាក្សាស្តីពីកិច្ចព្រមព្រៀងសន្តិភាពនៃក្រុងប៉ារីសលោក នួន វាសនា មានប្រសាសន៍ថាកិច្ចពិភាក្សានេះទទួលបានព័ត៌មាននិងមតិវិជ្ជមានពីអ្នកចូលរួមជាច្រើនដែលពួកគេចង់ឲ្យគ្រប់ភាគីបក្សនយោបាយងាកទៅរកកិច្ចចរចាររកសន្តិភាពសម្រាប់កម្ពុជាឡើងវិញដោយផ្អែកលើកិច្ចព្រមព្រៀងសន្តិភាពនៃក្រុងប៉ារីស៖
«យើងឮសំឡេងពលរដ្ឋយើងថា ទាមទារឲ្យគោរពកិច្ចព្រមព្រៀងសន្តិភាពនៃក្រុងប៉ារីសព្រោះកិច្ចព្រមព្រៀងនេះនៅមានចំនុចច្រើនណាស់ដែលមិនទាន់បានអនុវត្តនៅឡើយដែលទាមទារឲ្យរដ្ឋាភិបាលអនុវត្ត»។
ក្រៅពីនៅក្រុងឡូវែល (LOWELL) ពលរដ្ឋខ្មែរនៅរដ្ឋផ្សេងទៀតនៃសហរដ្ឋអាមេរិកដូចជានៅរដ្ឋកាលីហ្វ័រញ៉ា ជាដើមក៏មានការជួបជុំគ្នារម្លឹកខួប៣១ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពនៃក្រុងប៉ារីសនេះដែរនិងបានលើកឡើងនូវសេចក្តីប្រាថ្នាប្រហាក់ប្រហែលគ្នានេះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។