ពលរដ្ឋ និង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ស្នើ​រដ្ឋាភិបាល​វៀតណាម​ដាក់​ខ្មែរ​ក្រោម ជា​ជន​ជាតិ​ខ្មែរ​ក្នុង​អត្តសញ្ញាណ​ប័ណ្ណ​ថ្មី

ដោយ យន់ សាមៀន
2021-04-06
Share
ពលរដ្ឋ និង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ស្នើ​រដ្ឋាភិបាល​វៀតណាម​ដាក់​ខ្មែរ​ក្រោម ជា​ជន​ជាតិ​ខ្មែរ​ក្នុង​អត្តសញ្ញាណ​ប័ណ្ណ​ថ្មី យុវជន តោ ហ្វាងជឿង ខ្មែរកម្ពុជា​ក្រោម និង​ព្រះភិក្ខុ ស៊ឺង យ៉ឹងរតនា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម។
រូប៖ ហ្វេសប៊ុក To Hoang Chuong និង​សហព័ន្ធ​ខ្មែរកម្ពុជាក្រោម

មន្រ្តី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ឲ្យ​ដឹង​ថា អាជ្ញាធរ​វៀតណាម​បន្ត​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពលរដ្ឋ​ខ្មែរ​ក្រោម មិន​ឲ្យ​ប្រើប្រាស់​បណ្ដាញ​សង្គម ហ្វេសប៊ុក (Facebook) ចែកចាយ​ព័ត៌មាន​ពី​សកម្មភាព​សហព័ន្ធ​ និង​ព័ត៌មាន​ផ្សេងៗ ទៀត ដែល​អាច​ឲ្យ​ខ្មែរក្រោម ឈាន​ទៅ​ទាមទារ​សិទ្ធិ​ស្វ័យ​សម្រេច​ដោយខ្លួនឯង ទៅ​ថ្ងៃ​អនាគត។

តំណាង​យុវជន​ខ្មែរ​ក្រោម និង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ចាត់​ទុក​ទង្វើ​របស់​រដ្ឋាភិបាល​វៀតណាម​ថា មាន​ចេតនា​ចង់​លុប​បំបាត់​ជន​ជាតិ​ខ្មែរ​ក្រោម នៅ​លើ​ទឹក​ដី​កំណើត​។ អាជ្ញាធរ​វៀតណាម កាល​ពី​ចុង​ខែមីនា​មុន​នេះ បាន​ចាប់​ផ្ដើម​តម្រូវ​ឲ្យ​ខ្មែរ​ក្រោម ដែល​កំពុង​រស់​នៅ​លើ​ទឹក​ដី​កំណើត ធ្វើ​អត្តសញ្ញាណ​ប័ណ្ណ​ថ្មី ដោយ​ដាក់​ថា ខ្មែរ​ក្រោម​មាន​សញ្ជាតិ​វៀតណាម ប៉ុន្តែ​មិន​បាន​បញ្ជាក់​ថា ខ្មែរ​ក្រោម​ជា​ជនជាតិ​ខ្មែរ​នោះ​ទេ។ អត្តសញ្ញាណ​ប័ណ្ណ​ថ្មី​នេះ​ខុស​ពី​អត្តសញ្ញាណ​ប័ណ្ណ​ចាស់​ ពី​ព្រោះ​អត្តសញ្ញាណ​ប័ណ្ណ​ចាស់ មាន​បញ្ជាក់​ថា ខ្មែរ​ក្រោម ជា​ជន​ជាតិ​ខ្មែរ និង​កាន់​សាសនា​ព្រះពុទ្ធ។ យុវជន​ខ្មែរ​ក្រោម តោ ហ្វាង​ចឿង ប្រាប់​អាស៊ី​សេរី​ថា ពលរដ្ឋ​ខ្មែរ​ក្រោម​ជា​ច្រើន​នាក់ មិន​ពេញ​ចិត្ត​នឹង​អត្តសញ្ញាណ​ប័ណ្ណ​ថ្មី​របស់​វៀតណាម​នេះ​ទេ ដោយសារតែ​អត្តសញ្ញាណ​ប័ណ្ណ​ថ្មី​នេះ មិនបាន​បញ្ជាក់​ថា ខ្មែរ​ក្រោម ជា​ជន​ជាតិ​ខ្មែរ។ លោក​ថា ពលរដ្ឋ​ខ្មែរ​ក្រោម​បារម្ភ​ថា ពួក​គេ​នឹង​បាត់បង់​​​អត្តសញ្ញាណ ជា​ខ្មែរ​ទៅ​ថ្ងៃ​អនាគត៖ «បើ​សិន​រដ្ឋាភិបាល​មិន​ដាក់​ជន​ជាតិ និង​សាសនា​ដូច្នោះ ខ្មែរ​ក្រោម​ខ្ញុំ​ពិបាក​នឹង​ឆ្លង​កាត់​ព្រំដែន ពិបាក​ទាំង​អស់។ ខ្មែរ​ក្រោម​នឹង​មិនមែន​ជា​ខ្មែរ​ទៀត ជា​ជន​ជាតិ​យួន​ហើយ ខ្មែរ​ក្រោម​ខ្ញុំ​មិន​ទទួល​យក​ទេ»

យុវជន​ខ្មែរ​ក្រោម តោ ហ្វាង​ចឿង ថា យុវជន​ខ្មែរ​ក្រោម​កំពុង​ប្រមូល​ផ្ដុំ​គ្នា ធ្វើ​ញត្តិ​ទាមទារ​ឲ្យ​អាជ្ញាធរ​វៀតណាម​ដាក់​បញ្ចូល​ជន​ជាតិ​ខ្មែរ នៅ​ក្នុង​អត្ត​សញ្ញាណ​ប័ណ្ណ​ថ្មី​នេះ។

រដ្ឋាភិបាល​វៀតណាម បាន​ដាក់​ចេញ​ផែនការ​ថ្មី កាល​ពី​ខែ​កុម្ភៈ ផ្លាស់​ប្តូរ​អត្តសញ្ញាណ​ប័ណ្ណ​ចាស់ ទៅ​អត្តសញ្ញាណ​ប័ណ្ណ​ថ្មី ដែល​មាន​ឈីប (Chip) ដល់​ពលរដ្ឋ​ដែល​មាន​អាយុ​ចាប់​ពី ១៤ឆ្នាំ​ឡើង​ទៅ។ ក្រសួង​សន្តិសុខ​សាធារណៈ គ្រោង​នឹង​ផ្តល់​អត្តសញ្ញាណ​ប័ណ្ណ​ទំនើប​ថ្មី​នេះ​ទៅ​ឲ្យ​ពលរដ្ឋ​វៀតណាម​ឲ្យ​បាន ៥០លាន​នាក់ នៅ​ត្រឹម​ខែកក្កដា​ខាង​មុខ​នេះ។

Vietnamese_ID.jpg
អត្តសញ្ញាណប័ណ្ណ​វៀតណាម​ប្រភេទ​ថ្មី

ពាក់ព័ន្ធ​នឹង​បញ្ហា​អត្តសញ្ញាណ​ប័ណ្ណ​ថ្មី​នេះ​ដែរ ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ព្រះភិក្ខុ ស៊ឺង យ៉ឹងរតនា ចាត់​ទុក​គម្រោង​បង្កើត​អត្តសញ្ញាណ​ប័ណ្ណ​ថ្មី​របស់​វៀតណាម​នេះ​ថា ជា​យុទ្ធសាស្ត្រ​បំបាត់​ពូជសាសន៍​ខ្មែរ​ក្រោម​រាប់​លាន​នាក់ កំពុង​រស់​នៅ​ក្នុង​ខេត្ត​ទាំង ២១ នៅ​លើ​ទឹក​ដី​កំណើត៖ «អ្វី​ដែល​មាន​ការ​ព្រួយ​បារម្ភ​ហ្នឹង គឺ​អាជ្ញាធរ​វៀតណាម​អត់​ដាក់​សាសនា​នៅ​លើ​អត្តសញ្ញាណ​ប័ណ្ណ​ថ្មី​នោះ​ទេ ដូច្នោះ​ហើយ​យើង​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​បញ្ហា​ទាំង​នោះ​នេះ​ ប្រសិន​បើ​វៀតណាម​មិន​ដាក់​ទៅ គេ​រាយការណ៍​ទៅ​អន្តរជាតិ​ទៅ​ថា ខ្មែរ​ក្រោម​មិន​មែន​ជា​ខ្មែរ ហើយ​មិន​មាន​អ្នក​កាន់​ព្រះពុទ្ធ​សាសនា នៅ​លើ​ទឹក​ដី​កម្ពុជា​ក្រោម នេះ​ជា​យុទ្ធសាស្ត្រ មហិច្ឆតា​របស់​រដ្ឋាភិបាល​វៀតណាម ដើម្បី​លុយ​បំបាត់​ពូជ​សាសន៍​ខ្មែរ​ក្រោម នៅ​លើ​ទឹក​ដី​កម្ពុជា​ក្រោម»

ក្រៅ​ពី​រឿង​ជនជាតិ​ខ្មែរ​នេះ ព្រះភិក្ខុ ស៊ឺង យ៉ឹងរតនា ក៏​ស្នើ​ឲ្យ​អាជ្ញាធរ​វៀតណាម ដាក់​បញ្ចូល​ថា ខ្មែរ​ក្រោម​កាន់​សាសនា​ព្រះពុទ្ធ នៅ​ក្នុង​អត្តសញ្ញាណ​ប័ណ្ណ​ថ្មី។ ព្រះ​អង្គ​មាន​ថេរ​ដីកា​បន្ត​ថា ខ្មែរ​ក្រោម​ជា​អ្នក​ប្រតិបត្តិ ព្រះពុទ្ធសាសនា ដូច្នោះ​វា​ចាំបាច់ ដែល​អាជ្ញាធរ​វៀតណាម ដាក់​សាសនា​ព្រះពុទ្ធ​ក្នុង​អត្តសញ្ញាណ​ប័ណ្ណ​ថ្មី៖ «ខ្មែរ​ក្រោម​ជា​អ្នក​កាន់​ព្រះពុទ្ធ​សាសនា គោរព​ព្រះពុទ្ធ​សាសនា​ហ្នឹង​រាប់​ពាន់​ឆ្នាំ​មក​ហើយ ដូច្នោះ​រដ្ឋាភិបាល​វៀតណាម​ត្រូវ​តែ​ដាក់​ខ្មែរ​ក្រោម ក្នុង​អត្តសញ្ញាណ​ប័ណ្ណ​ថា ជា​អ្នក​កាន់​ព្រះពុទ្ធ​សាសនា ព្រោះ​ថា ព្រះពុទ្ធ​សាសនា​នេះ ជា​ដួង​ព្រលឹង​របស់​ជន​ជាតិ​ខ្មែរ​ក្រោម»

ក្តី​បារម្ភ​របស់​យុវជន និង​ព្រះ​សង្ឃ​ខ្មែរ​ក្រោម​ថា រដ្ឋាភិបាល​វៀតណាម​ចង់​បំបាត់ ជនជាតិ​ខ្មែរ​ក្រោម​តាម​រយៈ​ការ​ធ្វើ​អត្ត​សញ្ញាប័ណ្ណ​ថ្មី​នេះ​ គឺ​ដោយសារ​តែ​ចាប់​តាំងពី​អាណានិគមនិយម​បារាំង​បាន​កាត់​ទឹក​ដី​ខ្មែរ​ក្រោម មាន​ចំនួន ២១ខេត្ត ទៅ​ឲ្យ​វៀតណាម​ទាំង​ខុសច្បាប់ កាល​ពី​ថ្ងៃ​ទី ៤ មិថុនា ឆ្នាំ១៩៤៩មក

វៀតណាម​បាន​ចិញ្ចឹម​ចិត្ត​បំបាត់​ពូជ​សាសន៍​ខ្មែរ​ក្រោម នៅ​លើ​ទឹក​ដី​កំណើត តាម​រយៈ​ការ​បង្ខំ​និង​​បញ្ចុះ​បញ្ចូល​ខ្មែរ​ក្រោម​ឲ្យ​បោះបង់​ពូជ​សាសន៍​ខ្មែរ ជ្រើសរើស​យក​ជន​ជាតិ​វៀតណាម​វិញ។ វៀតណាម ក៏​បាន​កែប្រែ​ប្រវត្តិសាស្ត្រ​ពិត និង​ប្តូរ​ឈ្មោះ​ខេត្ត​ខ្មែរ ដោយ​ដាក់​ឈ្មោះ​ជា​វៀតណាម​វិញ។ មក​ទល់​នឹង​ខែ​មិថុនា​ខាង​មុខ​នេះ កម្ពុជា​ក្រោម​បាន​បាត់បង់​ទឹក​ដី​អស់​រយៈ​ពេល ៧២ឆ្នាំ​ហើយ។ បច្ចុប្បន្ន​ខ្មែរ​ក្រោម​រស់​នៅ​លើ​ទឹកដី​កំណើត និង​នៅ​ប្រទេស​មួយ​ចំនួន​ក្នុង​ពិភព​លោក កំពុង​ធ្វើ​យុទ្ធនាការ​ទាមទារ​សិទ្ធិ​ស្វ័យ​សម្រេច​ខ្លួន​ឯង​ទៅ​ថ្ងៃ​អនាគត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល