មន្រ្តីសហព័ន្ធខ្មែរកម្ពុជាក្រោមឲ្យដឹងថា អាជ្ញាធរវៀតណាមបន្តធ្វើទុក្ខបុកម្នេញពលរដ្ឋខ្មែរក្រោម មិនឲ្យប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក (Facebook) ចែកចាយព័ត៌មានពីសកម្មភាពសហព័ន្ធ និងព័ត៌មានផ្សេងៗ ទៀត ដែលអាចឲ្យខ្មែរក្រោម ឈានទៅទាមទារសិទ្ធិស្វ័យសម្រេចដោយខ្លួនឯង ទៅថ្ងៃអនាគត។
តំណាងយុវជនខ្មែរក្រោម និងសហព័ន្ធខ្មែរកម្ពុជាក្រោមចាត់ទុកទង្វើរបស់រដ្ឋាភិបាលវៀតណាមថា មានចេតនាចង់លុបបំបាត់ជនជាតិខ្មែរក្រោម នៅលើទឹកដីកំណើត។ អាជ្ញាធរវៀតណាម កាលពីចុងខែមីនាមុននេះ បានចាប់ផ្ដើមតម្រូវឲ្យខ្មែរក្រោម ដែលកំពុងរស់នៅលើទឹកដីកំណើត ធ្វើអត្តសញ្ញាណប័ណ្ណថ្មី ដោយដាក់ថា ខ្មែរក្រោមមានសញ្ជាតិវៀតណាម ប៉ុន្តែមិនបានបញ្ជាក់ថា ខ្មែរក្រោមជាជនជាតិខ្មែរនោះទេ។ អត្តសញ្ញាណប័ណ្ណថ្មីនេះខុសពីអត្តសញ្ញាណប័ណ្ណចាស់ ពីព្រោះអត្តសញ្ញាណប័ណ្ណចាស់ មានបញ្ជាក់ថា ខ្មែរក្រោម ជាជនជាតិខ្មែរ និងកាន់សាសនាព្រះពុទ្ធ។ យុវជនខ្មែរក្រោម តោ ហ្វាងចឿង ប្រាប់អាស៊ីសេរីថា ពលរដ្ឋខ្មែរក្រោមជាច្រើននាក់ មិនពេញចិត្តនឹងអត្តសញ្ញាណប័ណ្ណថ្មីរបស់វៀតណាមនេះទេ ដោយសារតែអត្តសញ្ញាណប័ណ្ណថ្មីនេះ មិនបានបញ្ជាក់ថា ខ្មែរក្រោម ជាជនជាតិខ្មែរ។ លោកថា ពលរដ្ឋខ្មែរក្រោមបារម្ភថា ពួកគេនឹងបាត់បង់អត្តសញ្ញាណ ជាខ្មែរទៅថ្ងៃអនាគត៖ «បើសិនរដ្ឋាភិបាលមិនដាក់ជនជាតិ និងសាសនាដូច្នោះ ខ្មែរក្រោមខ្ញុំពិបាកនឹងឆ្លងកាត់ព្រំដែន ពិបាកទាំងអស់។ ខ្មែរក្រោមនឹងមិនមែនជាខ្មែរទៀត ជាជនជាតិយួនហើយ ខ្មែរក្រោមខ្ញុំមិនទទួលយកទេ»។
យុវជនខ្មែរក្រោម តោ ហ្វាងចឿង ថា យុវជនខ្មែរក្រោមកំពុងប្រមូលផ្ដុំគ្នា ធ្វើញត្តិទាមទារឲ្យអាជ្ញាធរវៀតណាមដាក់បញ្ចូលជនជាតិខ្មែរ នៅក្នុងអត្តសញ្ញាណប័ណ្ណថ្មីនេះ។
រដ្ឋាភិបាលវៀតណាម បានដាក់ចេញផែនការថ្មី កាលពីខែកុម្ភៈ ផ្លាស់ប្តូរអត្តសញ្ញាណប័ណ្ណចាស់ ទៅអត្តសញ្ញាណប័ណ្ណថ្មី ដែលមានឈីប (Chip) ដល់ពលរដ្ឋដែលមានអាយុចាប់ពី ១៤ឆ្នាំឡើងទៅ។ ក្រសួងសន្តិសុខសាធារណៈ គ្រោងនឹងផ្តល់អត្តសញ្ញាណប័ណ្ណទំនើបថ្មីនេះទៅឲ្យពលរដ្ឋវៀតណាមឲ្យបាន ៥០លាននាក់ នៅត្រឹមខែកក្កដាខាងមុខនេះ។

ពាក់ព័ន្ធនឹងបញ្ហាអត្តសញ្ញាណប័ណ្ណថ្មីនេះដែរ ប្រធាននាយកដ្ឋានព័ត៌មាននៃសហព័ន្ធខ្មែរកម្ពុជាក្រោម ព្រះភិក្ខុ ស៊ឺង យ៉ឹងរតនា ចាត់ទុកគម្រោងបង្កើតអត្តសញ្ញាណប័ណ្ណថ្មីរបស់វៀតណាមនេះថា ជាយុទ្ធសាស្ត្របំបាត់ពូជសាសន៍ខ្មែរក្រោមរាប់លាននាក់ កំពុងរស់នៅក្នុងខេត្តទាំង ២១ នៅលើទឹកដីកំណើត៖ «អ្វីដែលមានការព្រួយបារម្ភហ្នឹង គឺអាជ្ញាធរវៀតណាមអត់ដាក់សាសនានៅលើអត្តសញ្ញាណប័ណ្ណថ្មីនោះទេ ដូច្នោះហើយយើងមានការព្រួយបារម្ភចំពោះបញ្ហាទាំងនោះនេះ ប្រសិនបើវៀតណាមមិនដាក់ទៅ គេរាយការណ៍ទៅអន្តរជាតិទៅថា ខ្មែរក្រោមមិនមែនជាខ្មែរ ហើយមិនមានអ្នកកាន់ព្រះពុទ្ធសាសនា នៅលើទឹកដីកម្ពុជាក្រោម នេះជាយុទ្ធសាស្ត្រ មហិច្ឆតារបស់រដ្ឋាភិបាលវៀតណាម ដើម្បីលុយបំបាត់ពូជសាសន៍ខ្មែរក្រោម នៅលើទឹកដីកម្ពុជាក្រោម»។
ក្រៅពីរឿងជនជាតិខ្មែរនេះ ព្រះភិក្ខុ ស៊ឺង យ៉ឹងរតនា ក៏ស្នើឲ្យអាជ្ញាធរវៀតណាម ដាក់បញ្ចូលថា ខ្មែរក្រោមកាន់សាសនាព្រះពុទ្ធ នៅក្នុងអត្តសញ្ញាណប័ណ្ណថ្មី។ ព្រះអង្គមានថេរដីកាបន្តថា ខ្មែរក្រោមជាអ្នកប្រតិបត្តិ ព្រះពុទ្ធសាសនា ដូច្នោះវាចាំបាច់ ដែលអាជ្ញាធរវៀតណាម ដាក់សាសនាព្រះពុទ្ធក្នុងអត្តសញ្ញាណប័ណ្ណថ្មី៖ «ខ្មែរក្រោមជាអ្នកកាន់ព្រះពុទ្ធសាសនា គោរពព្រះពុទ្ធសាសនាហ្នឹងរាប់ពាន់ឆ្នាំមកហើយ ដូច្នោះរដ្ឋាភិបាលវៀតណាមត្រូវតែដាក់ខ្មែរក្រោម ក្នុងអត្តសញ្ញាណប័ណ្ណថា ជាអ្នកកាន់ព្រះពុទ្ធសាសនា ព្រោះថា ព្រះពុទ្ធសាសនានេះ ជាដួងព្រលឹងរបស់ជនជាតិខ្មែរក្រោម»។
ក្តីបារម្ភរបស់យុវជន និងព្រះសង្ឃខ្មែរក្រោមថា រដ្ឋាភិបាលវៀតណាមចង់បំបាត់ ជនជាតិខ្មែរក្រោមតាមរយៈការធ្វើអត្តសញ្ញាប័ណ្ណថ្មីនេះ គឺដោយសារតែចាប់តាំងពីអាណានិគមនិយមបារាំងបានកាត់ទឹកដីខ្មែរក្រោម មានចំនួន ២១ខេត្ត ទៅឲ្យវៀតណាមទាំងខុសច្បាប់ កាលពីថ្ងៃទី ៤ មិថុនា ឆ្នាំ១៩៤៩មក
វៀតណាមបានចិញ្ចឹមចិត្តបំបាត់ពូជសាសន៍ខ្មែរក្រោម នៅលើទឹកដីកំណើត តាមរយៈការបង្ខំនិងបញ្ចុះបញ្ចូលខ្មែរក្រោមឲ្យបោះបង់ពូជសាសន៍ខ្មែរ ជ្រើសរើសយកជនជាតិវៀតណាមវិញ។ វៀតណាម ក៏បានកែប្រែប្រវត្តិសាស្ត្រពិត និងប្តូរឈ្មោះខេត្តខ្មែរ ដោយដាក់ឈ្មោះជាវៀតណាមវិញ។ មកទល់នឹងខែមិថុនាខាងមុខនេះ កម្ពុជាក្រោមបានបាត់បង់ទឹកដីអស់រយៈពេល ៧២ឆ្នាំហើយ។ បច្ចុប្បន្នខ្មែរក្រោមរស់នៅលើទឹកដីកំណើត និងនៅប្រទេសមួយចំនួនក្នុងពិភពលោក កំពុងធ្វើយុទ្ធនាការទាមទារសិទ្ធិស្វ័យសម្រេចខ្លួនឯងទៅថ្ងៃអនាគត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។