សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានបង្កើតវិទ្យុ ទូរទស្សន៍ និងសារព័ត៌មាន តាមបណ្ដាញអ៊ិនធឹណិត ដើម្បីផ្សព្វផ្សាយព័ត៌មានពិតជូនដល់ពលរដ្ឋខ្មែរក្រោម កំពុងរស់នៅលើទឹកដីកំណើតឲ្យយល់ដឹងពីសិទ្ធិជាជនជាតិដើម។ ក្រៅពីផ្តល់ព័ត៌មានពិតដល់ពលរដ្ឋខ្មែរក្រោម សារព័ត៌មានតាមបណ្ដាញអ៊ិនធឹណិតនេះ ក៏ដើរតួនាទីយ៉ាងសំខាន់ ជម្រាបព័ត៌មានជូនសហគមន៍អន្តរជាតិឲ្យដឹង ពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជាក្រោម បង្កឡើងដោយអាជ្ញាធរវៀតណាមផងដែរ។
វិទ្យុសំឡេងកម្ពុជាក្រោម (VOKK) និងសារព័ត៌មានព្រៃនគរ កំពុងដើរតួនាទីយ៉ាងសំខាន់ ដើម្បីពាំនាំព័ត៌មានតាមប្រព័ន្ធអ៊ិនធឹណិតទៅឱ្យដល់ខ្មែរកម្ពុជាក្រោម ដែលកំពុងរស់នៅក្រោមការត្រួតត្រារបស់របបកុម្មុយនិស្តវៀតណាម។ សព្វថ្ងៃនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម ក៏បានប្រើប្រាស់បណ្ដាញសង្គម ដូចជា ហ្វេសប៊ុក (Facebook) និង យូធូប (Youtube) ដើម្បីផ្សព្វផ្សាយ ព័ត៌មានបន្តពី គេហទំព័រ (VOKK) និងសារព័ត៌មានព្រៃនគរ ដោយសារតែពលរដ្ឋខ្មែរក្រោម ងាយទទួលបានព័ត៌មានទាំងនោះ តាមបណ្តាញសង្គម។ សហព័ន្ធកាលពីពេលថ្មីៗ ក៏បានបង្កើតកម្មវិធីព័ត៌មានប្រចាំសប្ដាហ៍ថ្មីមួយ ផ្សាយតាមបណ្ដាញសង្គម (Facebook) ដែលមានឈ្មោះថា "អរុណសួស្ដីកម្ពុជាក្រោម" ។ កម្មវិធីនេះ ផ្សាយរាល់ថ្ងៃអាទិត្យ នៅម៉ោង ៧ព្រឹក ដែលមានរយៈពេលមួយម៉ោង។ "អរុណសួស្ដីកម្ពុជាក្រោម" សង្ខេបព័ត៌មាន និងព្រឹត្តិការណ៍ប្រចាំសប្ដាហ៍ កើតឡើងនៅកម្ពុជាក្រោម រួមទាំងនៅជុំវិញពិភពលោក និងសកម្មភាពតស៊ូមតិរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ដើម្បីផ្តល់ សិទ្ធិជាជនជាតិដើមកំណើតដល់ពលរដ្ឋខ្មែរក្រោម។ ព័ត៌មានទាំងនេះ ផ្សាយបន្តផ្ទាល់នៅលើទំព័រ(Facebook) ដែលមានអាសយដ្ឋាន facebook.com/vokk.net។
អនុប្រធាននាយកដ្ឋានព័ត៌មាន សហព័ន្ធខ្មែរកម្ពុជាក្រោម និងជានិពន្ធនាយក (VOKK) និងព្រៃនគរ ព្រះភិក្ខុ ថាច់ ប្រីជា គឿន មានថេរដីកាថា សារព័ត៌មានតាមបណ្ដាញអ៊ិនធឹណិត ដើរតួនាទីសំខាន់ក្នុងការផ្តល់ចំណេះដឹង និងព័ត៌មាន ដល់ពលរដ្ឋខ្មែរក្រោម ដែលកំពុងរស់នៅ ក្រោមរបបដែលកំពុងលាក់បាំងព័ត៌មានពិត៖ «សារព័ត៌មានព្រៃនគរ និងវិទ្យុសំឡេងខ្មែរកម្ពុជាក្រោមហ្នឹងមានសារៈសំខាន់ខ្លាំងណាស់ ពីព្រោះខ្មែរក្រោមបច្ចុប្បន្ននេះ គ្មានព័ត៌មានណាមួយជាព័ត៌មានឯករាជ្យ។ ផ្សាយដំណឹងពិតស្ដីពីកម្ពុជាក្រោម។ យើងសារព័ត៌មាន (VOKK) និងព្រៃនគរតែងតែយកព័ត៌មានពិតពីកម្ពុជាក្រោមទាក់ទងនឹងការរំលោភសិទ្ធិមនុស្សផ្សេងៗ»។
ព្រះភិក្ខុ ថាច់ ប្រីជា គឿន បន្តទៀតថា កម្មវិធីព័ត៌មានរបស់សហព័ន្ធបានផ្តល់កម្លាំងចិត្ត សេចក្ដីក្លាហានដល់ពលរដ្ឋខ្មែរក្រោម និងជាចន្លុះបំភ្លឺផ្លូវ ហើយនឹងក្លាយជាយាននាំឲ្យពលរដ្ឋខ្មែរក្រោមអាចទាមទារសិទ្ធិស្វ័យសម្រេចដោយខ្លួនឯងនៅថ្ងៃអនាគត៖ «ព័ត៌មានយើងជាព័ត៌មានពិតសម្រាប់បំរើខ្មែរក្រោម។ យើងនិយាយ ពីភូមិសាស្ត្រ ប្រវត្តិសាស្ត្រកម្ពុជា និយាយពីខេត្តព្រះត្រពាំងអ៊ីចឹងទៅ គាត់មិនធ្លាប់ឮ ដូចជា ពួកគាត់ភ្ញាក់ខ្លួន។ ពួកគាត់ដឹងថា ទឹកដីកម្ពុជាក្រោម ជាទឹកដីរបស់ខ្លួន តែយួនហ្នឹងមកដាក់អាណានិគមយកទៅកែវប្បធម៌ និងប្រវត្តិសាស្ត្រ»។
វិទ្យុសំឡេងកម្ពុជាក្រោម (VOKK) ត្រូវបានសហព័ន្ធបង្កើតឡើងកាលពីឆ្នាំ ២០០១ ចំណែកឯសារព័ត៌មានព្រៃនគរ ត្រូវបានសហព័ន្ធបង្កើតឡើង កាលពីឆ្នាំ២០០៨ ដែលដំបូងឡើយបោះពុម្ពជាកាសែតនៅកម្ពុជា។ សារព័ត៌មានទាំងពីរនេះ មានមូលដ្ឋាននៅទីក្រុង សានហូសេ (San Jose) រដ្ឋកាលីហ្វរនីញ៉ា (California) និងមានបុគ្គលិក ក្នុងប្រទេសមួយចំនួនក្នុងពិភពលោក។ បុគ្គលិកទាំងនោះ ធ្វើការងារដោយមិនយកប្រាក់កម្រៃឡើយ។ លោកអ្នកនាងអាចចូលទៅស្ដាប់ ទស្សនា និងអានព័ត៌មានរបស់ វិទ្យុសំឡេងកម្ពុជាក្រោម (VOKK) ដែលមានអាសយដ្ឋាន www.VOKK.Netនិងសារព័ត៌មានព្រៃនគរ ដែលមានអាសយដ្ឋាន www.preynokornews.info។
ពាក់ព័ន្ធនឹងកម្មវិធីព័ត៌មានរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមនេះ យុវជនខ្មែរក្រោមមួយចំនួនប្រាប់អាស៊ីសេរីថា ពួកគេបានទទួលព័ត៌មានពិតជាច្រើនបន្ទាប់ពីបានទស្សនា និងស្ដាប់កម្មវិធីទាំងនោះ ហើយព័ត៌មានទាំងនោះបានកែប្រែស្ថានភាពរស់នៅរបស់ពួកគេ។ យុវជនខ្មែរក្រោម លោក តោ ហ្វាងចឿង ដែលកំពុងរងការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរវៀតណាមមានប្រសាសន៍ថា ក្រោយលោកបានតាមដាន និងស្ដាប់ព័ត៌មានរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម លោកយល់ដឹងច្រើនពីបញ្ហាសិទ្ធិមនុស្ស ហើយហ៊ានងើបឡើងតស៊ូទាមទារសិទ្ធិជាជនជាតិដើមកំណើត៖ «សិទ្ធិមនុស្សហ្នឹង យើងចេះប្រើប្រាស់សិទ្ធិរបស់យើង ជាពិសេស យើងបានដឹងព័ត៌មាន ការភ័យខ្លាចរបស់យើងវា រសាយ»។
យុវជន តោ ហ្វាងចឿង មិនបានលាក់ទុកចំណេះដឹងក្រោយពីលោកស្តាប់ និងទស្សនាព័ត៌មានសហព័ន្ធខ្មែរកម្ពុជាក្រោមនោះទេ។ លោកក៏បានប្រើប្រាស់បណ្ដាញសង្គម (Facebook) ផ្ទាល់ខ្លួនរបស់លោកចែករំលែកព័ត៌មានទាំងនោះ រហូតដល់អាជ្ញាធរវៀតណាម បានផាកពិន័យលោក ជាច្រើនរយដុល្លារ។ បច្ចុប្បន្ន វៀតណាមបន្តទាមទារប្រាក់ពិន័យទាំងនោះ ទោះបីជីវភាពរបស់យុវជនខ្មែរក្រោម កំពុងរងផលប៉ះពាល់ដោយសារតែ ជំងឺ Covid-19 ក៏ដោយចុះ។ ទោះបីយ៉ាងណា យុវជន តោ ហ្វាងចឿង បដិសេធមិនសងប្រាក់ពិន័យ នោះទេ ពីព្រោះលោកបញ្ជាក់ថា លោកនិយាយតែពិត ពីប្រវត្តិសាស្ត្រខ្មែរក្រោម។
របាយការណ៍សេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០២០ របស់អង្គការអ្នកកាសែតគ្មានព្រំដែន (Reporters Without Borders) បានដាក់ចំណាត់ថ្នាក់វៀតណាមនៅលេខ ១៧៥ ក្នុងចំណោម ប្រទេស១៨០។ អង្គការអ្នកកាសែតគ្មានព្រំដែនឲ្យដឹងថា សារព័ត៌មាននៅវៀតណាម ធ្វើតាមតែបញ្ជារបស់របបកុម្មុយនិស្តវៀតណាម ហើយមានតែអ្នកសារព័ត៌មានឯករាជ្យ និង ប្លុកហ្គើ (Bloggers) ជាប្រភពផ្តល់ព័ត៌មានពិត ប៉ុន្តែពួកគេកំពុងទទួលរងការធ្វើទុក្ខបុកម្នេញ។ យ៉ាងហោចណាស់ក៏មាន អ្នកសារព័ត៌មានឯករាជ្យវៀតណាមចំនួន ២៥នាក់ត្រូវបានតុលាការវៀតណាមចាប់ឲ្យជាប់ពន្ធនាគារ ហើយពួកគេក៏រងការបំពានផ្សេងៗ ទៀតដែរ។
ពាក់ព័ន្ធនឹងការរឹតត្បិតសេរីភាពសារព័ត៌មាននៅវៀតណាមនេះ ដែរ ព្រះភិក្ខុ ថាច់ ប្រីជា គឿន និងសហព័ន្ធខ្មែរកម្ពុជាក្រោមកំពុងរិះរកមធ្យោបាយបង្កើត កម្មវិធីផ្សេងៗ ទៀត ដើម្បីផ្តល់ព័ត៌មានបន្ថែមទៅដល់ពលរដ្ឋខ្មែរក្រោម រស់នៅលើទឹកដីកំណើត ដែលកំពុងស្រេកឃ្លាន ការពិត។ បច្ចុប្បន្ន សហព័ន្ធក៏កំពុងចងក្រងសៀវភៅ និងឯកសារប្រវត្តិសាស្ត្រផ្សេងទៀតៗ បន្ថែមទៀត ជាជំនួយស្មារតី និងចំណេះដឹងដល់ខ្មែរក្រោម ដើម្បីពួកគេអាចអាន និងសិក្សា ចៀសវាងវៀតណាមបំភ័ន្តប្រវត្តិពិតរបស់ទឹកដីកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។