សាមណេរ យឿង ខាយ សាងផ្នួសដើម្បីតស៊ូមតិទាមទារសិទ្ធិស្វ័យសម្រេចឲ្យពលរដ្ឋខ្មែរក្រោម
2023.01.10
យុវជនខ្មែរកម្ពុជាក្រោមដែលសកម្ម ធ្វើការងារផ្នែក សិទ្ធិមនុស្សលោក យឿង ខាយ បានសម្រេចចិត្តបួសជាសង្ឃ។ ទោះបី សាមណេរ យឿង ខាយ សាងផ្នួសក្តី ប៉ុន្តែព្រះអង្គប្តេជ្ញាបន្តធ្វើការតស៊ូមតិ ដើម្បីទាមទារសិទ្ធិស្វ័យសម្រេចឲ្យពលរដ្ឋខ្មែរក្រោម ដែលកំពុងរស់នៅលើទឹកដីកំណើត។
តើសាមណេរ យឿង ខាយ បានលះបង់អ្វីខ្លះ ដើម្បីបុព្វហេតុសិទ្ធិពលរដ្ឋខ្មែរក្រោម?
សាមណេរ យឿង ខាយ បានជ្រើសរើសយកវត្ត មង្គលបុរីទ្រនំសេក នៅខេត្ត លង់ហោរ ដែលវៀតណាមកំពុងធ្វើទុក្ខបុកម្នេញ ដើម្បីសាងផ្នួសសិក្សា ប្រតិបត្តិព្រះសាសនា និងបន្តធ្វើការពារផ្នែកសិទ្ធិមនុស្សដើម្បីឲ្យខ្មែរក្រោមទទួលបានសិទ្ធិស្វ័យសម្រេចទៅថ្ងៃអនាគត។ សាមណេរ យឿង ខាយ ធ្លាប់ជាយុវជនខ្មែរកម្ពុជាក្រោម ដែលសកម្មក្នុងវិស័យផ្នែកសិទ្ធិការងារ និងមនុស្ស។ កាលពីមុនបួសជាសង្ឃ សាមណេរ យឿង ខាយ ធ្លាប់ត្រូវបានអាជ្ញាធរវៀតណាមឃាត់ខ្លួនប្រមាណ ១០ដង និងរងការផាកពិន័យរឿងចែកចាយឯកសារ និងផ្សព្វផ្សាយពីសិទ្ធិជនជាតិដើម។
សាមណេរ យឿង ខាយ មានថេរដីកាថា វត្តមង្គលបុរីទ្រនំសេក ជាកន្លែងចាប់ផ្តើមធ្វើការងារតស៊ូមតិ ដើម្បីការពារសិទ្ធិមនុស្ស និងសាសនា៖
«ខ្ញុំជ្រើសរើសយកវត្តមង្គលបុរីទ្រនំសេកហ្នឹងទីមួយ គឺយើងមានឱកាសមើលថែ ក៏ដូចជាការពារសេរីភាពសាសនា ព្រះពុទ្ធសាសនា និងវត្តអារាមយើង។ ឥឡូវអាត្មាទើបបួស ប៉ុន្តែបើបួសយូរអាត្មានឹងនិមន្តផ្សព្វផ្សាយសិទ្ធិសម្រេចវាសនាដោយខ្លួនឯង»។
សាមណេរ យឿង ខាយ ប្រសូតកាលពីឆ្នាំ១៩៩៤ ក្នុងស្រុកជ្រោយញ ខេត្តឃ្លាំង។ សាមណេរ យឿង ខាយ មិនបានសិក្សាភាសាខ្មែរឲ្យបានជ្រៅជ្រះ គឺរៀនបានតែថ្នាក់ទី១០ ហើយឈប់រៀន ដើម្បីដើរធ្វើការងារស៊ីឈ្នួលគេ រហូតបានការងារនៅរោងចក្រ។ កាលនៅជាកម្មករ សាមណេរ យឿង ខាយ បានដើរតួនាទីជាសហជីព ដើម្បីជួយតស៊ូមតិកម្មករខ្មែរក្រោមផ្សេងទៀត មិនឲ្យថៅកែរំលោភសិទ្ធិការងារ និងអាចឈប់សម្រាកដោយមានប្រាក់ខែ ក្នុងបុណ្យសំខាន់ៗរបស់ខ្មែរក្រោម ដូចជា បុណ្យសែនដូនតា និងបុណ្យចូលឆ្នាំថ្មីជាដើម។
សាមណេរ យឿង ខាយ ធ្លាប់ដឹកនាំប្រតិភូខ្មែរក្រោមជួបតំណាងស្ថានទូតអាមេរិក ដើម្បីជម្រាបទូតអំពីការធ្វើទុក្ខបុកម្នេញផ្នែកសាសនាខ្មែរក្រោម។ ប្រហែលជាដោយសារតែព័ត៌មាននេះហើយ បានជាសហរដ្ឋអាមេរិកកាលពីដើមខែធ្នូ បានដាក់ប្រទេសវៀតណាមក្នុងបញ្ជីឃ្លាំមើល ជាប្រទេសចូលរួម និងធ្វើឲ្យការរំលោភសិទ្ធិសេរីភាពសាសនាធ្ងន់ធ្ងរ ហើយគណៈកម្មការទទួលបន្ទុកផ្នែកសេរីភាពសាសនាអន្តរជាតិសហរដ្ឋអាមេរិកក៏ស្នើឲ្យវៀតណាមកុំធ្វើទុក្ខបុកម្នេញសិទ្ធិសាសនារបស់ខ្មែរក្រោម។ ករណីរំលោភបំពានសិទ្ធិរបស់វៀតណាមទៅលើសាមណេរ យឿង ខាយ ក៏ត្រូវបានអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្ដីពីសិទ្ធិជនជាតិដើម វប្បធម៌ អប់រំ និងសេរីភាពសាសនា ដាក់សំណួររដ្ឋាភិបាលកុម្មុយនិស្តវៀតណាមបកស្រាយ។
អ្នកជំនាញអង្គការសហប្រជាជាតិ សំដែងក្តីបារម្ភជាពិសេសលើករណីវៀតណាមឃាត់ខ្លួនសាមណេរ យឿង ខាយ យកទៅឃុំសួរចម្លើយអស់ជាច្រើនម៉ោងនិងបង្ខំឲ្យសារភាពទោស ដែលមិនបានប្រព្រឹត្ត។
កន្លងមកទោះបីជាសហរដ្ឋអាមេរិក និងអង្គការសិទ្ធិមនុស្សអន្តរជាតិរកឃើញថា វៀតណាមបន្តរំលោភសិទ្ធិមនុស្ស និងសាសនាក្តី ក៏រដ្ឋាភិបាលបានបន្តបដិសេធដែរ។ ទោះបី អាជ្ញាធរវៀតណាមបន្តឃ្លាំមើលនិងតាមដាននិងធ្វើបាបក៏ដោយ ក៏សាមណេរ យឿង ខាយ សន្យានឹងបន្តការងារផ្នែកសិទ្ធិមនុស្ស និងសាសនា ដើម្បីសិទ្ធិស្វ័យសម្រេចរបស់ខ្មែរក្រោមទៅថ្ងៃអនាគត៖
«អាត្មាបួសដើម្បីការពារព្រះពុទ្ធសាសនាខ្មែរក្រោម ជំនឿក៏ដូចជាវត្តអារាមដែលខ្មែរក្រោមយើងបន្សល់ទុករាប់ពាន់ឆ្នាំមក។ ទៅអនាគតតាមនិស្ស័យបើនិស្ស័យអស់ អាត្មាអាចសឹកចេញបន្តបម្រើសង្គមដូចកាលនៅគ្រហស្ថជាធម្មតា»។
ពាក់ព័ន្ធនឹងការប្ដេជ្ញារបស់សាមណេរ យឿង ខាយ នេះដែរ ប្រធាននាយកដ្ឋានសហព័ន្ធខ្មែរកម្ពុជាក្រោម ព្រះភិក្ខុ សឺង យ៉ឹង រតនា មានថេរដីកាថា នេះជាឧទាហរណ៍ល្អមួយ ក្នុងការជួយយុវជនខ្មែរក្រោមលះបង់ដើម្បីហេតុសិទ្ធិស្វ័យសម្រេចរបស់ជនជាតិខ្មែរក្រោម៖
«ការសាងផ្នួសរបស់សាមណេរពិតជាការសម្រេចចិត្តដ៏អស្ចារ្យក៏ជាសកម្មភាពទ្វេដងសម្រាប់ការតស៊ូទាមទារសិទ្ធិសេរីភាពក្នុងនាមជាខ្មែរក្រោមជាម្ចាស់ស្រុកជនជាតិដើម ព្រោះតួនាទីរបស់ព្រះសង្ឃមានឱកាសច្រើនសម្រាប់ការផ្សព្វផ្សាយនូវប្រពៃណី ទំនៀមទម្លាប់ អក្សរសាស្ត្រ និងសិទ្ធិសម្រេចវាសនាដោយខ្លួនឯងនៅលើទឹកដីកម្ពុជាក្រោម»។
សហព័ន្ធខ្មែរកម្ពុជាក្រោមឲ្យដឹងថា ព្រះសង្ឃ ពលរដ្ឋ និងជាពិសេសយុវជនខ្មែរក្រោមបានបន្តជម្នះ ការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរវៀតណាមដើម្បីទាមទារសិទ្ធិស្វ័យសម្រេចទៅថ្ងៃអនាគត។ ពួកគេបានបន្តងើបឡើងប្រមូលផ្ដុំគ្នាតស៊ូមតិ ទោះបីជាអាជ្ញាធរវៀតណាម បានប្រើប្រាស់យុទ្ធសាស្ត្រ គំរាមកំហែង ហិង្សា និងចាប់ដាក់ពន្ធនាគារក្ដី។
បច្ចុប្បន្នសហព័ន្ធបានប្រើប្រាស់បណ្ដាញសង្គមផ្សព្វផ្សាយអប់រំឲ្យពលរដ្ឋខ្មែរក្រោមដឹងពីសិទ្ធិរបស់ជាជនជាតិដើម រហូតដល់ពួកគេហ៊ានទាមទារជាសាធារណៈឲ្យវៀតណាមគោរពសិទ្ធិ ដែលមានចែងក្នុងច្បាប់អន្តរជាតិ។ កាលពីឆ្នាំ២០២២ គឺឆ្នាំប្រវត្តិសាស្ត្រមួយ ដែលខ្មែរក្រោមអាចរៀបចំដោយជោគជ័យ នូវព្រឹត្តិការណ៍សំខាន់ៗ ដើម្បីអបអរសាទរសេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិជនជាតិដើម (UNDRIP) និងសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស ទោះបីវៀតណាមរារាំងក្ដី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។