សមាគម​ខ្មែរ​កម្ពុជា​ក្រោម​នៅ​កម្ពុជា​និង​ប្រទេស​ថៃ​កំពុង​ស្វែង​រក​មេធាវី​ និង​ថវិកា​​ជួយ​ជនភៀស​ខ្លួន​ខ្មែរ​ក្រោម ដែល​កំពុង​ជាប់​ឃុំ​នៅ​ថៃ

0:00 / 0:00

សមាគម​ខ្មែរ​កម្ពុជា​ក្រោម​នៅ​កម្ពុជា​និង​ប្រទេសថៃ​កំពុង​ស្វែង​រក​មេធាវី​និង​ថវិកា​ដើម្បី​ជួយ​ដល់​ជនភៀស​ខ្លួន​ខ្មែរ​កម្ពុជា​ក្រោមដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ថៃក្រោយ​សមត្ថកិច្ចថៃ​ចាប់​ខ្លួន​ពួកគេ​ពី​បទ​ចូលនិង​ធ្វើការងារ​នៅ​ថៃ​ដោយ​ខុស​ច្បាប់។ ជនភៀសខ្លួន​ខ្មែរក្រោម​អាច​នឹង​ត្រូវ​អាជ្ញាធរ​ថៃ​បញ្ជូន​ទៅ​កម្ពុជា​ឬ​វៀតណាមប្រសិនបើ​ពួកគេគ្មាន​ថវិកា​ដើម្បី​បង់​ប្រាក់​សុំនៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន។

តុលាការថៃ​នៅ​ទីក្រុង​បាងកក តម្រូវ​ឲ្យ​ជនភៀសខ្លួន​ខ្មែរ​កម្ពុជា​ក្រោម​ចំនួន​ដប់​នាក់បង់​ប្រាក់ជិត​២​ពាន់​ដុល្លារ​ក្នុង​ម្នាក់ៗ​ដើម្បី​បាន​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្នប្រសិន​មិន​ដូច្នោះ​ទេតុលាការ​នឹង​បន្ត​ឃុំខ្លួន​ពួកគេរហូត​ដល់​ពេល​ត្រូវ​បណ្តេញ​ចេញ​ពី​ប្រទេស​ថៃ។ កាលពីថ្ងៃទី១៤ ខែតុលា សមត្ថកិច្ច​ថៃ​បាន​ចាប់​ខ្លួនជនភៀសខ្លួន​ខ្មែរ​កម្ពុជា​ក្រោម​ចំនួន​១០​នាក់នៅពេល​ពួកគេ​កំពុង​ធ្វើការងារ​នៅ​ផ្សារ​មួយ​កន្លែងដើម្បី​រក​ប្រាក់​ចិញ្ចឹម​ជីវិត។តុលាការថៃ​បាន​ចោទ​ប្រកាន់​ពួកគេ​ពីបទ​ចូល​និង​ធ្វើការងារ​នៅ​ស្រុក​ថៃដោយ​ខុស​ច្បាប់។

ប្រធាន​សមាគម​ជនភៀសខ្លួន​ខ្មែរ​ក្រោម​ប្រចាំ​ប្រទេសថៃលោក ឡឹម កែវសំណាង មាន​ប្រសាសន៍​ប្រាប់​វិទ្យុអាស៊ីសេរី​ថាបច្ចុប្បន្ន​សមាគម​កំពុងស្វែងរក​ជំនួយ​ជា​ថវិកា​ដើម្បី​ជួយ​បង់​ប្រាក់​ដល់​តុលាការ​ដើម្បី​ឲ្យ​ជនភៀសខ្លួន​ទាំង​នោះអាច​នៅ​ក្រៅឃុំ​បណ្តោះអាសន្ន។ លោកថា ជនភៀស​ខ្លួន​ទាំង​នោះគ្មាន​លទ្ធភាព​ស្វែងរក​ថវិកា​ក្នុង​ម្នាក់ៗ​ជិត​​ពីរពាន់​ដុល្លារ​ដើម្បី​អាច​នៅ​ឃុំឡើយ៖

«ដោះស្រាយ​បញ្ហា​ជូន​ពួក​គាត់​ផង។សូម​បញ្ជាក់​ថាអ្នកត្រូវ​ចាប់ខ្លួន​ក៏​មាន​មនុស្ស​ចាស់ៗ​បីបួន​នាក់​ដែរ។គាត់​អាយុ​៦០​ឆ្នាំ​ហើយហើយ​មិន​ដឹងគាត់​នៅ​ក្នុង​គុក​យ៉ាង​ណាព្រោះ​គាត់​មាន​រោគ​ប្រចាំ​ខ្លួន»។

លោក ឡឹម កែវសំណាង បន្ត​ថាក្នុង​ចំណោម​ជនភៀសខ្លួន​ខ្មែរ​កម្ពុជា​ក្រោម​ចំនួន​១០​នាក់មាន​តែបី​នាក់​ទេ​ដែល​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន​ផ្តល់​ឋានៈជា​ជន​ភៀស​ខ្លួន។ពួកគេមួយ​ចំនួន​បាន​មក​សុំសិទ្ធិជ្រកកោន​នៅ​ថៃអស់រយៈពេល​ជិត​មួយ​ទសវត្សរ៍​ហើយ ប៉ុន្តែ អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន (UNHCR) មិនបាន​ជួយឲ្យ​បាន​ពួកគេ​បាន​ទៅ​រស់​នៅ​ប្រទេស​ទីបី​នៅ​ឡើយ​ទេ។ លោក ឡឹម កែវសំណាង ដែល​ជា​ជនភៀសខ្លួនពីកម្ពុជា​ក្រោមសមត្ថកិច្ច​ក្រុង​ភ្នំពេញ​តាម​ចាប់​ដោយ​សារ​តែ​ពីឆ្នាំ២០០៨ កាល​នោះលោក​នៅ​ជា​ព្រះសង្ឃបាន​ចូលរួម​ធ្វើ​បាតុកម្ម​ប្រឆាំង​ស្ថានទូត​វៀតណាមរឿងបន្លំ​ប្រវត្តិសាស្រ្តទឹកដី​ខ្មែរក្រោម​លើក​ឡើង​ថាសព្វថ្ងៃ​លោក​និង​ពលរដ្ឋខ្មែរក្រោម​ជា​ជនភៀស​ខ្លួន​កំពុង​ជួប​វិបត្តិ ដោយសារតែ ​(UNHCR) ​មិន​បាន​ផ្តល់​ប្រាក់​ឧបត្ថម្ភ​គ្រប់គ្រាន់​នៅ​ប្រទេស​ថៃ​បានទើប​ជនភៀស​ខ្លួន​ខ្លះត្រូវ​បង្ខំចិត្ត​ដើររក​ការងារ​ធ្វើ​ទាំង​ខុស​ច្បាប់។ លោកព្រួយបារម្ភថា ប្រសិនបើ​គ្មានការ​ជួយ​អន្តរាគមន៍ពី (UNHCR)​ និង​អង្គការ​សិទ្ធិ​មនុស្ស​ទេជនភៀសខ្លួន​ដែល​កំពុង​ជាប់​ពន្ធនាគារអាចត្រូវ​គេ​បញ្ជូន​ទៅ​ប្រទេស​វៀតណាម ហើយ​នឹង​ត្រូវ​អាជ្ញាធរ​វៀតណាម ធ្វើទុក្ខបុកម្នេញ។

វិទ្យុអាស៊ីសេរីបាន​ព្យាយាម​ទាក់ទង​មន្រ្តី​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុកជនភៀសខ្លួន​(UNHCR) ប្រចាំ​នៅ​ទីក្រុង​បាងកក​ជាច្រើន​លើក​តាម​រយៈអឺម៉ែលប៉ុន្តែមិន​ទាន់​ទទួល​បាន​ការ​ឆ្លើយតប​នៅ​ឡើយ​ទេ​មក​ទល់​នឹង​ថ្ងៃទី១៩ ខែតុលា។

ពាក់ព័ន្ធនឹងរឿងអាជ្ញាធរ​ថៃ​ចាប់​ខ្លួន​ជនភៀស​ខ្មែរកម្ពុជា​ក្រោម​នេះ​ដែរអគ្គលេខាធិការ​សមាគមខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិមនុស្សនិង​អភិវឌ្ឍន៍ លោក សឺន ជុំជួន មានប្រសាសន៍ថា អង្គការ​របស់​លោកកំពុង​ទាក់ទងនឹង​អង្គការ​សិទ្ធិមនុស្ស​នៅ​ថៃដើម្បី​ផ្តល់​មេធាវីការពារក្តី​ឲ្យ​ពលរដ្ឋខ្មែរ​កម្ពុជា​ក្រោម។​លោកសំណូមពរឲ្យ​រដ្ឋាភិបាល​កម្ពុជាជួយអន្តរាគមន៍​ជនភៀសខ្លួន​ខ្មែរកម្ពុជា​ក្រោម​ដែល​កំពុង​ជាប់​ពន្ធនាគារនៅថៃ​ឲ្យ​មាន​សេរីភាពព្រោះខ្មែរ​ក្រោម​ក៏​ខ្មែរ​ដែរ៖

«ទោះបីគាត់​ចាកចេញ​ពី​កម្ពុជា​ក្តីនៅប្រទេសថៃ​ក្តី​គាត់ជា​ជន​ជាតិ​ខ្មែរ​រដ្ឋធម្មនុញ្ញ​ការពារ​ជន​នៅក្រៅ​ប្រទេស​សញ្ជាតិខ្មែរ​នៅ​ក្រៅ​ប្រទេស។ទូតខ្មែរថៃនៅក្រៅ​ប្រទេសគួរ​តែអន្តរាគមន៍​ទៅរដ្ឋាភិបាលថៃ​ឲ្យមាន​ការ​ដោះលែង​ពួក​គេ»។

សព្វថ្ងៃ ជនភៀសខ្លួនខ្មែរក្រោម ដែលកំពុង​រស់​នៅ​ភៀសខ្លួន​ក្នុង​ប្រទេសថៃ​មានជាងពីររយ​នាក់ដែល​ពួកគេ​បាន​រត់​គេច​ពី​ការ​តាមធ្វើទុក្ខ​បុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​វៀតណាមនិង​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។