ពលរដ្ឋខ្មែរក្រោមរងការរិតត្បិតប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ
2023.04.16
ស្របពេលដែលពលរដ្ឋខ្មែរនៅកម្ពុជាប្រារព្ធពិធីចូលឆ្នាំថ្មី នៅឯកម្ពុជាក្រោមឯណោះវិញ ពលរដ្ឋខ្មែរក្រោមក៏កំពុងប្រារព្ធពិធីចូលឆ្នាំថ្មីដែរ។ សម្រាប់ឆ្នាំថ្មីនេះតើពលរដ្ឋខ្មែរក្រោមមានក្តីប្រាថ្នាអ្វីខ្លះដែរ?
ក្តីបំណងប្រាថ្នារបស់ពលរដ្ឋខ្មែរក្រោមសម្រាប់ឆ្នាំថ្មី គឺការទទួលសិទ្ធិសេរីភាព និងសិទ្ធិស្វ័យសម្រេចទៅថ្ងៃអនាគត។ សកម្មជនសិទ្ធិមនុស្សខ្មែរក្រោមលោក តោ ហ្វាងចឿង ប្រាប់វិទ្យុអាស៊ីសេរីថា សម្រាប់ឆ្នាំថ្មីនេះលោកនៅតែមានក្តីប្រាថ្នាថា ពលរដ្ឋខ្មែរក្រោមនឹងទទួលបានសិទ្ធិស្វ័យសម្រេចទៅពេលអនាគត។
លោក តោ ហ្វាងចឿង៖ «បំណងប្រាថ្នាប្អូនចុងក្រោយគឺចង់ឲ្យសហព័ន្ធប្តឹងទៅរដ្ឋាភិបាលវៀតណាម ឲ្យគោរពសិទ្ធិមនុស្សនិងសិទ្ធិជនជាតិដើមខ្មែរក្រោម។»
យុវជន តោ ហ្វាងចឿង ធ្លាប់ត្រូវបានអាជ្ញាធរ វៀតណាម ផាកពិន័យជាច្រើនរយដុល្លារដោយសារតែលោកបានប្រើប្រាស់បណ្ដាញសង្គមដើម្បីផ្សព្វផ្សាយពីសិទ្ធិមនុស្ស និងប្រវត្តិទឹកដីខ្មែរកម្ពុជាក្រោម។ ទោះបីមានការធ្វើទុក្ខបុកម្នេញពីវៀតណាមក៏ដោយក៏លោកបន្តធ្វើសកម្មភាពផ្នែកសិទ្ធមនុស្ស និងផ្សព្វផ្សាយចំណេះដឹងស្តីពីសិទ្ធិជនជាតិដើម។ ចំណែកយុវជនខ្មែរក្រោមនៅខេត្តព្រះត្រពាំងលោក ថាច់ កឿងប្រាប់វិទ្យុអាស៊ីសេរីថា អាជ្ញាធរវៀតណាមហាមឃាត់ខ្មែរក្រោមមិនឲ្យជួបជុំគ្នាដើម្បីប្រារព្ធពិធីចូលឆ្នាំថ្មីនៅផ្ទះរបស់លោក ដោយសារតែអាជ្ញាធរចាត់ទុកលោកជាសកម្មជនសិទ្ធិជនជាតិដើម។ លោកបន្តថា អាជ្ញាធរវៀតណាមក៏បានដាក់កន្លែងត្រួតពិនិត្យ នៅតាមផ្លូវហាមឃាត់មិនឲ្យយុវជនខ្មែរក្រោមជិះម៉ូតូដើម្បីដើរលេងពេលចូលឆ្នាំខ្មែរដែរ។
អាណានិគមនិយមបារាំងបានកាត់ទឹកដីខ្មែរក្រោម មានចំនួន ២១ខេត្ត ទៅឲ្យវៀតណាមទាំងខុសច្បាប់ កាលពីថ្ងៃទី៤ ខែមិថុនាឆ្នាំ១៩៤៩។ មកទល់ពេលនេះ រយៈពេល ៧៤ឆ្នាំមកហើយ។ បច្ចុប្បន្នខ្មែរក្រោមនៅទូទាំងពិភពលោកកំពុងធ្វើយុទ្ធនាការអហិង្សាដើម្បីទាមទារសិទ្ធិស្វ័យសម្រេចដោយខ្លួនឯងពីវៀតណាម។
ខ្មែរក្រោមមានចំនួនប្រមាណ ៧លាននាក់ កំពុងរស់នៅក្នុងខេត្តចំនួន២១ ជាដែនដីកំណើត។ ទោះបីវៀតណាម ទទួលស្គាល់និងអនុម័តសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្តីពីជនជាតិដើមតាំងពីឆ្នាំ២០០៧ ក៏ដោយចុះប៉ុន្តែវៀតណាមនៅតែមិនទទួលស្គាល់ខ្មែរក្រោមជាជនជាតិដើម។ រដ្ឋាភិបាលវៀតណាមមិនបានអនុញ្ញាតឲ្យខ្មែរក្រោមអាចឈប់សំរាករយៈពេលបីថ្ងៃ ដើម្បីប្រារព្ធបុណ្យចូលឆ្នាំថ្មីបានទេ។
លោកនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម ម៉ិញជីញ (Pham Minh Chinh) កាលពីចុងខែមីនា បានចេញលិខិតជូនពរពលរដ្ឋខ្មែរក្រោម ប៉ុន្តែលោកចាត់ទុកខ្មែរក្រោមជាជនជាតិភាគតិច និងមិនបានឲ្យឈប់សម្រាកដល់ខ្មែរកម្ពុជាក្រោមនោះទេ។
ព្រះភិក្ខុ សឺង យ៉ឹងរតនា ជាព្រះចៅអធិការវត្តខេមររង្សីនៅទីក្រុងសាន់ហូស្សេ និងជាប្រធាននាយកដ្ឋានព័ត៌មានសហព័ន្ធខ្មែរកម្ពុជាក្រោមសោកស្ដាយដែលវៀតណាមនៅតែចិញ្ចឹមចិត្តមិនទទួលស្គាល់ខ្មែរក្រោម និងផ្តល់សិទ្ធិជនជាតិដើមឲ្យខ្មែរក្រោម។
ព្រះភិក្ខុ សឺង យ៉ឹងរតនា៖ «ការពិតទៅរដ្ឋាភិបាលវៀតណាមមានគំនិត និងមហិច្ឆតាលុបប្រពៃណី និងទំនៀមទម្លាប់ខ្មែរនៅដែនដីកម្ពុជាក្រោមដែលជាម្ចាស់ស្រុកជនជាតិដើមក្នុងឱកាសបុណ្យចូលឆ្នាំថ្មី»។
ព្រះភិក្ខុ សឺង យ៉ឹងរតនា បន្តទៀតថា វៀតណាមត្រូវតែអនុញ្ញាតឲ្យខ្មែរក្រោមអាចឈប់សម្រាកបុណ្យជាតិរយៈពេលបីថ្ងៃដូចបុណ្យចូលឆ្នាំវៀតណាមដែរ។
សេចក្តីប្រកាសសកលរបស់អង្គការសហប្រជាជាតិស្ដីពីជនជាតិដើម កំណត់ពី សិទ្ធិការពារវប្បធម៌ និងអត្តសញ្ញាណ សិទ្ធិទទួលបាន ការអប់រំសុខភាព ការងារភាសា។ ការហាមឃាត់ការរើសអើងប្រឆាំងនឹងជនជាតិដើមភាគតិច និងលើកកម្ពស់ការចូលរួមយ៉ាងពេញលេញរបស់ជនជាតិ លើគ្រប់វិស័យ ដែលពួកគេអាចធ្វើបាន។
ទោះបីជាយ៉ាងណាក៏ដោយ ថ្មីៗនេះ យុវជនខ្មែរក្រោមប្រមាណ ១០នាក់ត្រូវបានវៀតណាម ហៅទៅគំរាមកំហែងឲ្យឈប់ធ្វើសកម្មភាពតស៊ូមតិ ដើម្បីទទួលបានសិទ្ធិស្វ័យសម្រេច។ វៀតណាមបានធ្វើទុក្ខបុកម្នេញយុវជនទាំងនោះដោយសារតែពួកគេ ប្រើប្រាស់បណ្ដាញសង្គមផ្សព្វផ្សាយសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្តីពីជនជាតិដើម។
ងាកមកការប្រារព្ធពិធីចូលឆ្នាំថ្មីរបស់ពលរដ្ឋខ្មែរក្រោមវិញ ក្រៅតែទៅវត្ត និងលេងល្បែងប្រជាប្រិយ និងជួបជុំសាច់ញាតិ យុវជនខ្មែរក្រោមក៏មានសារសំខាន់មួយទៅរដ្ឋាភិបាលវៀតណាម គឺពួកគេបាននាំគ្នាដោតទង់ជាតិខ្មែរកម្ពុជាក្រោម នៅមុខផ្ទះរបស់ពួកគេរៀងៗខ្លួនដើម្បីបង្ហាញក្តីប្រាថ្នាថា ពួកគេចង់មានសិទ្ធិស្វ័យសម្រេច។ ក្នុងពេលចូលថ្មីនេះ ព្រះភិក្ខុ សឺង យ៉ឹងរតនា ក៏ចង់ឲ្យខ្មែរក្រោមទូទាំងប្រទេសទទួលសិទិ្ធសេរីភាព ដើម្បីអាចកំណត់វាសនាខ្លួនឯងបានទៅថ្ងៃអនាគត។
ព្រះភិក្ខុ សឺង យ៉ឹងរតនា៖ «ក្នុងនាមជាព្រះសង្ឃខ្មែរក្រោមសូមប្រគេននិងជូនពរឆ្នាំថ្មី ពលរដ្ឋខ្មែរក្រោមនៅដែនដីកម្ពុជាក្រោមឲ្យមានសុខភាពល្អនិងឆាប់បានទទួលសិទ្ធិសេរីភាពក្នុងខ្មែរក្រោមជាម្ចាស់ស្រុក»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។