សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ថ្កោលទោស​វៀតណាម​ដែល​គ្រោង​ចាប់​ផ្សឹក​ព្រះសង្ឃ​ខ្មែរ​ក្រោម

0:00 / 0:00

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ថ្កោលទោស​សមាគម​ព្រះសង្ឃ​វៀតណាម ដែល​គ្រោង​នឹង​ចាប់​ផ្សឹក​ព្រះ​ចៅអធិការ​វត្ត និង​ព្រះសង្ឃ​ខ្មែរក្រោម​ផ្សេងទៀត​ដែល​កំពុង​គង់​នៅ​វត្ត​មួយ​នៅ​ខេត្ត​លង់ហោរ។ វិធានការ​របស់​សមាគម​ព្រះសង្ឃ​វៀតណាម​នេះ ធ្វើឡើង​ក្រោយ​ពេល​ដែល​អាជ្ញាធរ​វៀតណាម​បាន​ប្រើ​ហិង្សា​ទៅ​លើ​ព្រះសង្ឃ​ខ្មែរក្រោម រឿង​ព្រះសង្ឃ​ដាក់​ទង់ជាតិ​តំណាង​ឲ្យ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ក្នុង​វត្ត។

សមាគម​ពុទ្ធសាសនា​របស់​រដ្ឋាភិបាល​វៀតណាម​មាន​គំរោង​នឹង​ដឹកនាំ​មន្ត្រី​សង្ឃ​វៀតណាម​និង​អាជ្ញាធរ​ទៅ​ដកហូត​សិទ្ធិ​ឬ​ចាប់​ផ្សឹក ព្រះចៅ​អធិការ​វត្ត​ប្រជុំ​ពល​មង្គលបុរី ឬ​ហៅថា​វត្ត (ទ្រនំ​សេក) និង​ព្រះសង្ឃ​ផ្សេងទៀត​នៅក្នុង​ខេត្ត​លង់​ហោរ​នៅ​ថ្ងៃទី​៣​ធ្នូ​។ នេះ​បើ​តាម​ការ​អះអាង​របស់​មន្ត្រី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​។ ប្រធាន​អន្តរ​សាសនា​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ព្រះអង្គ ធីធី ធម្មោ មាន​ថេរដីកា ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ព្រះអង្គ​ព្រួយបារម្ភ​ថា សមាគម​ពុទ្ធសាសនា​វៀតណាម​នឹង​ចាប់បង្ខំ​ផ្សឹក​អធិការ​វត្ត​ប្រជុំ​ពល​មង្គលបុរី គឺ​ព្រះអង្គ ថាច់ ច័ន្ទតារា និង​ព្រះសង្ឃ​ផ្សេងទៀត​ដោយ​ចោទប្រកាន់​ថា បាន​បំពាន​វិន័យ​ធម៌​។ ព្រះអង្គ ធីធី ធម្មោ បដិសេធ​ថា ព្រះចៅ​អធិការ​វត្ត​ប្រជុំ​ពល​មង្គលបុរី ឬ​ហៅថា​វត្ត​ទ្រនំសេក និង​ព្រះសង្ឃ​នៅ​ទី​នោះ​បាន​រំលោភ​វិន័យ​ព្រះសង្ឃ។

ព្រះអង្គ ធីធី ធម្មោ៖ «ព្រះសង្ឃ​តារា​មិនមែន​ជា​សមាជិកសមាគម​ព្រះសង្ឃ​វៀតណាម​ទេ។ ព្រះអង្គ​បាន​លាលែង​បាន​មួយឆ្នាំ​កន្លង​ទៅ​ហើយ​កាល​ពី​ឆ្នាំ​២០២២។ អាត្មា​ជឿ​ថា រដ្ឋាភិបាល​បាន​បំពាន សិទ្ធិមនុស្ស​និង​សិទ្ធិ​អ្នកបួស​ក្នុង​ព្រះពុទ្ធសាសនា​ហើយ​ទៅលើ​ជនជាតិ​ដើម»។

សមាគម​ពុទ្ធសាសនា​របស់​រដ្ឋាភិបាល​វៀតណាម​កាលពី​ថ្ងៃទី​១ ធ្នូ បាន​ចេញ​លិខិត​ចោទប្រកាន់ ព្រះអង្គ ថាច់ច័ន្ទតារា ថា បាន​រំលោភ​ធម៌​វិន័យ​ហើយ​គ្រោង​នឹង​ដក​តួនាទី ព្រះសង្ឃ​នៅ​ថ្ងៃទី​៣ ធ្នូ។ ទោះបីយ៉ាងណា ព្រះអង្គ យឿង ខាយ ដែល​កំពុង​គង់នៅ​វត្ត​ប្រជុំ​ពលមង្គលបុរី មាន​ថេរ​ដីកា​ថា សមាគម​ព្រះសង្ឃ​វៀតណាម បាន​យក​លេស​ធ្វើ​បាប​ព្រះសង្ឃ​ខ្មែរក្រោម ដោយសារតែ កាលពី​ថ្ងៃទី ២៨ វិច្ឆិកា ព្រះសង្ឃ​ខ្មែរក្រោម​បាន​យក​ទង់​កម្ពុជា​ក្រោម​មក​ដោត​ក្នុង​វត្ត ហើយ​អាជ្ញាធរ​វៀតណាម​បាន​ព្យាយាម​មក​រឹបអូស ហើយ​បាន​ប្រើប្រាស់​អំពើ​ហិង្សា​ទៅលើ​ព្រះសង្ឃ​ខ្មែរក្រោម​ថែម​ទៀត​ផង​។ ព្រះអង្គ យឿង ខាយ បន្ត​ថា អាជ្ញាធរ​វៀតណាម បាន​ព្យាយាម​ចូល​វត្ត​ដោយ​គ្មាន​ការ​អនុញ្ញាត​ទើប​ព្រះសង្ឃ​ខ្មែរក្រោម​ហាមឃាត់ ប៉ុន្តែ​ត្រូវ​អាជ្ញាធរ​ប្រើប្រាស់​ហិង្សា​វាយ​ទៅលើ​ព្រះចៅ​អធិការ​វត្ត​ប្រជុំ​ពល​មង្គលបុរី ព្រះអង្គ ថាច់ ច័ន្ទតារា។ ព្រះអង្គ យឿង ខាយ ធ្លាប់​ជា​សកម្មជន​សិទ្ធិមនុស្ស​មុន​បួស​ជា​ព្រះសង្ឃ​ហើយ​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម ព្យាយាម​ធ្វើទុក្ខបុកម្នេញ​ជាច្រើនលើក​ច្រើនសា​មក​ហើយ​ទើប​ភៀសខ្លួន​មក​បួស​ក្នុង​វត្ត​ប្រជុំ​ពល​មង្គលបុរី។

វិទ្យុ​អាស៊ីសេរី​មិនទាន់​អាច​ទាក់ទង​មន្ត្រី​សមាគម​ព្រះសង្ឃ​វៀតណាម​ដើម្បី​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​ទេ កាល​ពី​ថ្ងៃទី ២ ធ្នូ។ ប្រធាន​អន្តរ​សាសនា​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ព្រះអង្គ ធីធី ធម្មោ ព្រមាន​ថា ប្រសិនបើ​សមាគម​វៀតណាម​ចាប់​ព្រះសង្ឃ​ខ្មែរក្រោម​ផ្សឹក​មែន​នោះ សហព័ន្ធ​នឹង​ធ្វើ​ការ​តស៊ូ​មតិ​នៅ​លើ​ឆាក​អន្តរជាតិ​ជុំវិញ​ការ​រំលោភ​សិទ្ធិ​សាសនា​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។