សកម្មជនសិទ្ធិមនុស្សខ្មែរកម្ពុជាក្រោមស្នើរដ្ឋាភិបាលភ្នំពេញឱ្យធ្វើអន្តរាគមន៍ទៅរដ្ឋាភិបាលវៀតណាមឲ្យដោះលែងព្រះសង្ឃ និងសកម្មជនខ្មែរក្រោម ដែលវៀតណាមចាប់ឃុំ
2024.10.25
សកម្មជនសិទ្ធិមនុស្ស និងអង្គការសិទ្ធិមនុស្សខ្មែរកម្ពុជាក្រោមស្នើរដ្ឋាភិបាលភ្នំពេញអន្តរាគមន៍ទៅរដ្ឋាភិបាលវៀតណាមឲ្យដោះលែងព្រះសង្ឃ និងសកម្មជនខ្មែរក្រោម ដែលវៀតណាមចាប់ដាក់ពន្ធនាគារ។ សំណើនេះធ្វើឡើងមុនពេលប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងដឹកនាំដង្ហែកឋិនទៅវត្តនៅកម្ពុជាក្រោមនៅខែវិច្ឆិកាខាងមុខ។
អង្គការសិទ្ធិមនុស្សខ្មែរកម្ពុជាក្រោមនិងសកម្មជនសិទ្ធិមនុស្សស្វាគមន៍គម្រោងដង្ហែកឋិនទៅវត្តនៅកម្ពុជាក្រោមរបស់លោក ហ៊ុន សែន ប៉ុន្តែពួកគេក៏ចង់ឲ្យរដ្ឋាភិបាលកម្ពុជាដោះស្រាយបញ្ហារំលោភសិទ្ធិមនុស្សនិងសាសនាព្រះពុទ្ធរបស់អាជ្ញាធរវៀតណាមមកលើព្រះសង្ឃនិងពលរដ្ឋខ្មែរក្រោមផងដែរ។ ពួកគេក៏ស្នើឲ្យពលរដ្ឋទាំងអស់កុំយល់ច្រឡំថា វៀតណាមនឹងគោរពសិទ្ធិខ្មែរក្រោមដោយសារតែកឋិនរបស់ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែនលើកដំបូង ទាំងដែលលោកបានដឹកនាំប្រទេស រាប់ទសវត្សរ៍មកហើយក្ដី។
សកម្មជនសិទ្ធិមនុស្សកំពុងរស់នៅលើទឹកដីខេត្តព្រះត្រពាំង លោក ថាច់ ង៉ា ប្រាប់វិទ្យុអាស៊ីសេរីថា លោកចង់ឃើញមន្ត្រីរដ្ឋាភិបាលកម្ពុជា ដែលដង្ហែកឋិនទៅវត្តនៅកម្ពុជាក្រោម ហ៊ានទាមទារឲ្យវៀតណាមគោរពសិទ្ធិមនុស្ស និងព្រះសង្ឃខ្មែរក្រោម។
លោក ថាច់ ង៉ា «ខ្មែរក្រោមត្រូវការឲ្យរដ្ឋាភិបាលកម្ពុជាផ្ដាំផ្ញើឲ្យវៀតណាមមើលថែពលរដ្ឋខ្មែរក្រោមឲ្យដូចវៀតណាមផ្ដាំផ្ញើឲ្យរដ្ឋាភិបាលកម្ពុជាមើលកូនចៅរបស់គេផងដែរ»។
លោក ថាច់ ង៉ា បន្តថា បច្ចុប្បន្នអាជ្ញាធរវៀតណាមនៅតែបន្តធ្វើទុក្ខបុកម្នេញខ្មែរក្រោម ដែលហ៊ានងើបឡើងទាមទារសិទ្ធិ។ លោកថា សូម្បីខ្លួនលោកផ្ទាល់ ក៏ត្រូវសមត្ថកិច្ចវៀតណាមជិះម៉ូតូដេញតាមពីក្រោយបណ្ដាលប្រពន្ធលោករងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍ ពេលលោកចង់ធ្វើដំណើរទៅសួរសុខទុក្ខសកម្មជនខ្មែរក្រោមផ្សេងទៀត។
លោកនាយកមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី៤ ខែតុលា បានបង្កើតគណៈកម្មាធិការរៀបចំអង្គកថិនទៅវត្តខ្មែរក្រោម ដែលមានសមាសភាពថ្នាក់ដឹកនាំរបស់រដ្ឋាភិបាលមួយចំនួន។
អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បានលើកឡើងថា លោក និងប្រពន្ធលោក នឹងដង្ហែអង្គកឋិនមហាសាមគ្គីគ្រួសារខ្មែរមួយ ទៅវត្តខ្មែរក្រោម នៅថ្ងៃទី៤ ខែវិច្ឆិកាខាងមុខ ដោយមានថ្នាក់ដឹកនាំជាន់ខ្ពស់ផ្សេងទៀតដង្ហែទៅដោយផ្ទាល់។ លោក ហ៊ុន សែន ថា ខ្មែរលើ ខ្មែរកណ្ដាល ខ្មែរក្រោម ជាខ្មែរតែមួយ ទើបឈ្មោះអង្គកឋិនទាននេះថា (អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ) ដែលជនជាតិខ្មែរនៅគ្រប់ទីកន្លែង គ្រប់គណបក្សនយោបាយ គ្រប់និន្នាការនយោបាយ អាចចូលរួមបានទាំងអស់គ្នា។
ជុំវិញកឋិនរបស់កម្ពុជានេះដែរ ប្រធានគណៈកម្មការព័ត៌មានសហព័ន្ធខ្មែរកម្ពុជាក្រោម ព្រះភិក្ខុ សឺង យ៉ឹងរតនា មានថេរដីកាថា កឋិននេះ ជាឱកាសល្អសម្រាប់ពលរដ្ឋខ្មែរនៅកម្ពុជា បានស្វែងយល់បន្ថែមទៀតពីស្ថានភាពខ្មែរកម្ពុជាក្រោម ក្នុងនោះ មានការរស់នៅ ការគោរពប្រតិបត្តិសាសនា វប្បធម៌ និងប្រពៃណី។
ព្រះភិក្ខុ សឺង យ៉ឹងរតនា៖ «មានប្រយោជន៍ដល់ប្រជាពលរដ្ឋខ្មែរ និងខ្មែរក្រោមនៅដែនដីកម្ពុជាក្រោមហ្នឹង ទទួលបាននូវការយល់ដឹងបន្ថែមដោយប្រជាជាតិខ្មែរបានចុះទៅទឹកដីកម្ពុជាក្រោមដោយផ្ទាល់ ហើយឃើញស្ថានភាពផ្ទាល់មិនដូចលឺ ថា និងតាមព័ត៌មានទេ។ចុះទៅផ្ទាល់ឃើញទឹកដី វត្តអារាម ប្រពៃណី និងទំនៀមទម្លាប់។ ខ្មែរក្រោមនៅកម្ពុជាក្រោម ជាអ្នករក្សាកេរដំណែលដូនតាពីអតីតកាលមក»។
ព្រះអង្គបន្តថា ពេលដង្ហែ កឋិន រដ្ឋាភិបាលកម្ពុជាដឹកនាំដោយ លោក ហ៊ុន ម៉ាណែត នឹងមានឱកាសអន្តរាគមន៍ទៅរដ្ឋាភិបាលវៀតណាមឲ្យគោរពសិទ្ធិជនជាតិដើមខ្មែរកម្ពុជាក្រោម។
បច្ចុប្បន្នមានព្រះអង្គ ៥អង្គ និងសកម្មជនខ្មែរក្រោម ៨នាក់ ត្រូវបានតុលាការវៀតណាមកាត់ទោសដាក់ពន្ធនាគារជាច្រើនឆ្នាំ ដោយសារតែពួកគេទាមទារសិទ្ធិជនជាតិដើមនិងសាសនា។ ព្រះសង្ឃ ៥អង្គ ដែលត្រូវបានអាជ្ញាធរវៀតណាមខេត្តលង់ហោ ចាប់កាលពីខែមីនា រួមមាន ព្រះចៅអធិការ និងព្រះសង្ឃគង់នៅវត្តប្រជុំពលមង្គលបូរី ឬហៅថា វត្តទ្រនំសេក ចំនួន ៥អង្គ អំពីបទ «កេងចំណេញលើសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ» និងអំពីបទ «ការចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួនមនុស្សដោយខុសច្បាប់»។ ដោយឡែក ព្រះសង្ឃខ្មែរក្រោមមួយអង្គទៀតគឺព្រះភិក្ខុ គឹម សំរិន្ទ ដែលជាសកម្មជនសង្ឃ និងជាអ្នកកសាងរូបសំណាកលោកវីរបុរសខ្មែរកម្ពុជាក្រោមឧកញ៉ា សឺន គុយ តម្កល់ទុកនៅផ្ទះក្នុងខេត្តព្រះត្រពាំង ត្រូវបានគណៈសង្ឃខេត្តក្រោមឥទ្ធិពលវៀតណាម ប្រកាសមិនទទួលស្គាល់ព្រះអង្គជាអ្នកបួស និងមិនអនុញ្ញាតឱ្យវត្តជាង ១៤០វត្ត ក្នុងខេត្តព្រះត្រពាំង ទទួលយកព្រះអង្គគង់។ កម្ពុជានឹងដង្ហែកឋិនទៅវត្តស្វាយសៀមថ្មី នៅខេត្តព្រះត្រពាំង នៅដើមខែវិច្ឆិកា។ ខេត្តព្រះត្រពាំងជាខេត្តមួយ ដែលសម្បូរដោយទៅទីតាំងប្រវត្តិសាស្ត្ររបស់ខ្មែរកម្ពុជាក្រោម ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។