ពលរដ្ឋខ្មែរកម្ពុជាក្រោម ដែលកំពុងភៀសខ្លួននៅប្រទេសថៃ កំពុងជួបការលំបាកផ្នែកសុវត្ថិភាព គ្មានឯកសារស្របច្បាប់ គ្មានប័ណ្ណការងារ គ្មានប្រាក់ចំណូល កូនចៅមិនបានទៅសាលារៀន និងរស់នៅពុំមានកោះត្រើយ។ ពួកគាត់ មានអ្នកខ្លះបានភៀសខ្លួនទៅនៅប្រទេសថៃជាង១០ឆ្នាំទៅហើយ តែមិនទាន់បានសិទ្ធិស្របច្បាប់ទៅតាំងទីលំនៅថ្មីនៅប្រទេសទីបីនៅឡើយ។ ពលរដ្ឋខ្មែរក្រោមមួយចំនួន កំពុងរស់នៅយ៉ាងតែលតោល ដោយជាប់គាំងនៅក្នុងប្រទេសថៃយូរឆ្នាំមកហើយ។
ទោះជាយ៉ាងនេះក្ដីពួកគាត់នៅមានសង្ឃឹមថា អង្គការសហប្រជាជាតិនឹងផ្ដល់សិទ្ធិសេរីភាព នឹងយកពួកគាត់ឲ្យទៅរស់នៅប្រទេសទីបីនៅពេលខាងមុខ។
ពលរដ្ឋខ្មែរក្រោមមួយក្រុម ដែលរស់នៅជាជនភៀសខ្លួនក្នុងទីក្រុងបាងកក ប្រទេសថៃ ត្អូញត្អែរពីទុក្ខលំបាក ដែលពួកគាត់បានហែលឆ្លងកាត់តាំងពីនៅដែនដីកម្ពុជាក្រោម រហូតទៅដល់ប្រទេសថៃ។ ពួកគាត់សុទ្ធតែជួបបញ្ហាផ្សេងៗពីគ្នា។
បច្ចុប្បន្ន បញ្ហាចម្បងដែលពួកគាត់ជួបប្រទះ គឺកង្វះម្ហូបអាហារ ការទទួលបានសេវាព្យាបាល និងមិនអាចប្រកបមុខរបរលក់ដូរបន្តិចបន្តួចបាន សូម្បីតែធ្វើជាកម្មករ ក៏ថៅកែថៃមិនហ៊ានជួល ព្រោះពួកគាត់គ្មានឯកសារសម្រាប់ធ្វើការ។
ពលរដ្ឋខ្មែរក្រោមដែលភៀសខ្លួននៅប្រទេសថៃ មានកំណើតនៅស្រុកថ្កូវ ខេត្តព្រះត្រពាំង លោកស្រី គឹម ធីលើយ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៩ ខែសីហា ថា លោកស្រីបានភៀសខ្លួនទៅនៅប្រទេសថៃ តាំងពីឆ្នាំ២០០៨ ដោយសារអាជ្ញាធរវៀតណាមចោទប្រកាន់លោកស្រី ថា ជាអ្នកមានបំណងប្រឆាំងនឹងវៀតណាម និងបានចាប់លោកស្រីទៅសួរចម្លើយចំនួន៦ដង ពេលខ្លះឃុំខ្លួន ៣ ទៅ៥ យប់ទៀតផង។ លោកស្រីបន្តថា ការរស់នៅក្នុងប្រទេសថៃមានការលំបាកខ្លាំង មិនអាចដើរហើរតាមចិត្តបាន ត្រូវរស់នៅដោយលបលាក់ និងត្រូវរត់គេចពីប៉ូលិស ពេលដែលគេចុះមកឆែកឆេរ ហើយមិនអាចទៅធ្វើការងារអ្វីបានទេ គឺរស់នៅពឹងលើការឧបត្ថម្ភបន្តិចបន្តួចពីអង្គការសប្បុរសធម៌។ លោកស្រីឲ្យដឹងថា ចៅស្រីរបស់លោកស្រីទាំងពីរ ដែលកំព្រាម្ដាយបាត់បង់ឱកាសរៀនសូត្រ ដោយសារគ្មានឯកសារបំពេញបែបបទចូលរៀន។ លោកស្រីបារម្ភពីអនាគតរបស់ចៅទាំងពីរ ថាអាចលំបាកដូចលោកស្រីទៀត បើអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សមិនយកចិត្តទុកដាក់ បញ្ជូនគ្រួសារលោកស្រីឲ្យចេញផុតពីប្រទេសថៃទេនោះ៖ «អីចឹងហើយគាត់បានផ្ដែផ្ដាំថា ឲ្យយើងលាក់ៗខ្លួនផង កុំជម្នះខ្លួនពេក បើសិនគេចាប់បាន ១សាទៀត គេមិនអត់អោនឲ្យទេ គេនឹងបញ្ជូនយកទៅស្រុកដើមកំណើត ឬមួយបញ្ជូនទៅខ្មែរអីចឹងហើយខ្ញុំក៏ ! សព្វថ្ងៃមិនហ៊ានដើរចេញទៅណាទេ ការងារក៏អត់បានធ្វើដែរ ខ្ញុំនៅតែផ្ទះ ខ្ញុំមានការភ័យខ្លាចរបស់ខ្ញុំ»។
ស្រដៀងគ្នានេះដែរ ពលរដ្ឋខ្មែរក្រោម ដែលភៀសខ្លួននៅប្រទេសថៃម្នាក់ទៀត មកពីខេត្តក្រមួនស លោក ថាច់ ថាច់ដុំ ប្រាប់ថា លោកបានរត់គេចពីការធ្វើទុក្ខបុកម្នេញរបស់អាជ្ញាធរវៀតណាម ដោយសារលោកបានតវ៉ារឿងដីធ្លី ដែលពួកទាហានវៀតណាមបានរឹបអូសយក ដោយគ្មានសងសំណងត្រឹមត្រូវ។ លោកបន្ថែមថា សព្វថ្ងៃលោកគ្មានចំណូលគ្រប់គ្រាន់សម្រាប់ចាយវាយទេ ពីមុនលោកអាចទៅលបធ្វើការ រៀបបន្លែតាមផ្សារបានខ្លះ តែឥឡូវប៉ូលិសចុះត្រួតពិនិត្យខ្លាំងពេក ធ្វើឲ្យថៅកែលែងហ៊ានជួលលោកទៀត។ លោកបន្តថា គ្រួសារលោកមានគ្នា៨នាក់ត្រូវបានឧត្ដមស្នងអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស នៅប្រទេសថៃ បដិសេធមិនផ្ដល់ឋានៈជាជនភៀសខ្លួនដល់គ្រួសារលោក។ លោកថា សព្វថ្ងៃលោកមានការភ័យខ្លាចប៉ូលិសថៃចាប់បញ្ជូនទៅវៀតណាមវិញ លោកសង្ឃឹមថា អង្គការសហប្រជាជាតិនឹងពិចារណាផ្ដល់សិទ្ធិជាជនភៀសខ្លួនដល់គ្រួសារលោក និងអាចរស់នៅក្នុងប្រទេសថៃ ដោយគ្មានការភិតភ័យ៖ «ទី១យើងចាស់ក៏រកមិនសូវបានដែរ វាអត់មានការងារធ្វើ ទៅណាក៏មិនបានយើងខ្លាចផង ! ខ្លាចផងព្រោះយើងនៅស្រុកគេ ទី១អត់ប័ត្រអត់អី អត់ប៉ាស្ព័រអត់អី យើងនៅស្រុកគេវាលំបាក រកស៊ីអីក៏មិនបានដែរ ! វេទនាណាស់សព្វថ្ងៃ ! នៅកន្លែងនេះយើងរកអត់បាន ការងារក៏វាធ្លាក់ យើងទៅណាក៏មិនសូវបានដែរ»។
ចំណែកពលរដ្ឋខ្មែរក្រោម ភៀសខ្លួននៅប្រទេសថៃម្នាក់ទៀត មកពីខេត្តក្រមួនសដែរ លោក ថាច់ ថា ឲ្យដឹងថា លោកបានភៀសខ្លួនទៅប្រទេសថៃ អស់រយៈពេល១៣ឆ្នាំហើយ។ លោកថា រាល់ថ្ងៃលោកកំពុងប្រឈមបញ្ហាជីវភាពខ្វះខាត ដែលត្រូវចិញ្ចឹមកូនបួននាក់នៅក្នុងបន្ទុក ហើយគ្មានការងារច្បាស់លាស់ ព្រោះថៅកែមិនជួលអ្នកដែលគ្មានប័ណ្ណការងារ។ លោកបន្តថា សព្វថ្ងៃគ្រួសារលោកគ្មានអាហារហូបចុកគ្រប់គ្រាន់ កូនមិនបានទៅសាលារៀន ហើយលោកក៏ពិបាករកការងារធ្វើ គ្មានចំណូលទៀងទាត់ ពេលខ្លះលោកទៅផ្សារដើរប្រមូលបន្លែដែលគេចោល យក មកកាត់លាងសម្អាតឲ្យល្អ យកទៅលក់បានប្រាក់តិចតួច ដើម្បីចិញ្ចឹមកូន។ លោកស្នើដល់អង្គការពាក់ព័ន្ធនឹងជនភៀសខ្លួន ជួយផ្ដល់ស្បៀងអាហារដល់លោក និងឲ្យគ្រួសារលោកទទួលបានសិទ្ធិជាជនភៀសខ្លួនក្នុងប្រទេសថៃនេះផង៖ «កូនខ្ញុំគ្មាន ! អត់បានទៅសាលាសិក្សាទេ ព្រោះអីវាខ្វះទី១ ខ្វះការ គឺខ្វះថវិកា ទី២ការហូបចុកយើងមិនអាច ! យើងខ្វះច្រើនយ៉ាង ដូច្នេះហើយយើងមិនអាចនាំវាទៅរៀនបាន»។
ជុំវិញបញ្ហានេះដែរ អតីតប្រធានសមាគមជនភៀសខ្លួនខ្មែរក្រោមប្រចាំប្រទេសថៃ លោក លី ឈូន មើលឃើញថា ទុក្ខលំបាករបស់ពលរដ្ឋខ្មែរក្រោមនៅប្រទេសថៃ គឺមិនមានឯកសារស្របច្បាប់ ជាពិសេសអ្នកដែលមិនទាន់បានទទួលស្គាល់ជាជនភៀសខ្លួនពីអង្គការសហប្រជាជាតិ ពួកគាត់រស់នៅក្នុងប្រទេសថៃទាំងប្រថុយប្រថាន ប្រឈមនឹងប៉ូលិសថៃចាប់បញ្ជូនទៅប្រទេសកំណើតវិញគ្រប់ពេល។ លោកបន្តថា ចំពោះបញ្ហាសេដ្ឋកិច្ចគ្រួសារវិញ អ្នកដែលអង្គការសហប្រជាជាតិបដិសេធមិនទទួលស្គាល់ជាជនភៀសខ្លួន ពួកគាត់មិនអាចទទួលអាហារពីអង្គការពាក់ព័ន្ធបានទេ។ ដូច្នេះលោកថា ពួកគាត់កំពុងជួបទ្វេគ្រោះ គឺរស់នៅប្រទេសថៃក៏លំបាក វិលទៅស្រុកកំណើតវិញ ក៏នឹងត្រូវអាជ្ញាធរវៀតណាមចាប់ខ្លួន ចំណែកកូនៗពួកគាត់នៅទីនេះក៏មានអនាគតមិនច្បាស់លាស់ ព្រោះមិនបានទៅសាលារៀន រៀនសូត្រឲ្យបានជាប់លាប់៖ «ហើយនៅស្រុកថៃក៏រស់នៅដោយខុសច្បាប់មិនមានច្បាប់ទម្លាប់ ទី១ គឺយើងគេចង់ចាប់បញ្ជូន តម្រួតថៃចាប់បញ្ជូនពេលណាក៏បាន ហើយទី២ទៀតគ្មានឯកសារ គ្មានក្រដាសស្នាមត្រឹមត្រូវហ្នឹង ការរកប្រកបមុខរបររកស៊ីចិញ្ចឹមជីវិតរាល់ថ្ងៃហ្នឹងក៏គ្មាន»។
ពលរដ្ឋខ្មែរក្រោម ដែលរស់នៅភៀសខ្លួនក្នុងប្រទេសថៃ ភាគច្រើនគឺបានរត់គេចពីការធ្វើបាបពីសំណាក់អាជ្ញាធរវៀតណាម។ គាត់ថា ពួកគាត់តែងតែចេញតវ៉ាប្រឆាំងរាល់អំពើអយុត្តិធម៌ និងការរឹតត្បិតផ្នែកសាសនាពីសំណាក់អាជ្ញាធរវៀតណាម។ ជាពិសេសខ្មែរក្រោមណាដែលវៀតណាមយល់ថា ជាបុគ្គលមានមនសិការស្នេហាទឹកដីខ្មែរក្រោម ជាតិកំណើតរបស់ខ្លួន គឺអាជ្ញាធរវៀតណាមតែងឃ្លាំមើលនិងធ្វើទុក្ខបុកម្នេញ។
របាយការណ៍របស់សមាគមខ្មែរកម្ពុជាក្រោមនៅប្រទេសថៃថា មានពលរដ្ឋខ្មែរក្រោមកំពុងរស់នៅភៀសខ្លួនក្នុងប្រទេសថៃ មានចំនួនជាងពីររយ(២២១)នាក់ ភាគច្រើននៃពួកគាត់រស់នៅក្នុងភាពលំបាក និងក្នុងភាពភ័យខ្លាច។ អ្នកខ្លះរស់នៅជាងដប់ឆ្នាំហើយ តែមិនទាន់បានទទួលសិទ្ធិទៅតាំងទីលំនៅប្រទេសទី៣ទេ បើទោះជាគាត់បានឋានៈជាជនភៀសខ្លួនក៏ដោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។