អង្គការសមាគមខ្មែរក្រោមគ្រោងធ្វើពិធីរំលឹកព្រឹត្តិការណ៍ងើបឡើងតវ៉ារបស់ពលរដ្ឋខ្មែរក្រោម នៅខេត្តព្រះត្រពាំង
2020.11.14
សមាគមខ្មែរកម្ពុជាក្រោម នៅកម្ពុជាគ្រោងនឹងជួបជុំគ្នារំលឹកខួប ៤៤ឆ្នាំ នៃព្រឹត្តិការណ៍ ១៦ វិច្ឆិកា ឆ្នាំ១៩៧៦ នៃការងើបឡើងតវ៉ារបស់ពលរដ្ឋខ្មែរក្រោម នៅខេត្តព្រះត្រពាំង។ ក្នុងព្រឹត្តិការណ៍ ទាមទារសិទ្ធិសេរីភាពរបស់ខ្មែរក្រោមនេះ ត្រូវរងការបង្ក្រាបដោយអាវុធពីសំណាក់អាជ្ញាធរវៀតណាម បណ្ដាលឲ្យពលរដ្ឋ និងព្រះសង្ឃខ្មែរក្រោមជាច្រើនអ្នក និងនាក់ស្លាប់ រងការកាត់ទោសប្រហារជីវិត និងខ្លះទៀត ត្រូវជាប់ពន្ធនាគារជាច្រើនឆ្នាំ។
មន្រ្តីសហព័ន្ធខ្មែរកម្ពុជាក្រោម អំពាវនាវដល់ខ្មែរក្រោមទាំងអស់នូវចងចាំព្រឹត្តិការណ៍បះបោររបស់អ្នកស្នេហាជាតិខ្មែរក្រោម ដែលហ៊ានធ្វើពលីកម្មជីវិត ដើម្បីបុព្វហេតុជាតិ និងមាតុភូមិខ្មែរក្រោម អាចរស់រានមានជីវិតរហូតមកទល់សព្វថ្ងៃ។
នៅថ្ងៃទី ១៦ ខែវិច្ឆិកា ខាងមុខនេះ ជាទិវាគម្រប់ខួបឆ្នាំទី ៤៤ឆ្នាំ ដែលពលរដ្ឋខ្មែរក្រោម នៅខេត្តព្រះត្រពាំង បានក្រោកឡើង ផ្ដួលរំលំរដ្ឋាភិបាលបក្សវៀតណាម តាមរយៈការបង្កើតរណសិរ្សសេរីភាពជាតិរំដោះខ្មែរកម្ពុជាក្រោម ក្នុងគោលបំណងរំដោះ កម្ពុជាក្រោមពីអាណានិគមវៀតណាម។ លទ្ធផលក្រោយពីព្រឹត្តិការណ៍នេះមានព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ជាច្រើន អង្គ និងរូប ត្រូវទាហានវៀតណាមវៀតណាមបាញ់សម្លាប់ កាត់ទោសប្រហារជីវិត និងធ្វើទារុណកម្ម នៅក្នុងគុកជាដើម ។
លោក គឹម ប៊ុកកែវ សាក្សីនៃព្រឹត្តិការណ៍បះបោររបស់ខ្មែរក្រោមឲ្យដឹងថា មុនពេលលោកទទួលមរណៈភាពកាលពីពេលថ្មីៗ នេះថា ព្រឹត្តិការណ៍ថ្ងៃទី១៦ វិច្ឆិកានេះ កើតឡើងដោយការឈឺចាប់របស់ពលរដ្ឋខ្មែរក្រោម មិនចង់រស់នៅ ក្រោមរបបអាណានិគមវៀតណាម៖ «កាលពីឆ្នាំ១៩៧៥ ខ្ញុំ និងមនុស្សម្ភៃនាក់បានធ្វើចលនាទាមទារ ដើម្បីសិទ្ធិសេរីភាពខ្មែរក្រោម គេចេះរឹតត្បិតទើបបានមានចលនាតស៊ូឆ្នាំ១៩៧៥ ហ្នឹង។ ម្ភៃរូបជាអ្នកចលនាទូទៅខេត្តឃ្លាំង និងទូទាំងកម្ពុជាក្រោម ពេលហ្នឹងហើយមានការផ្ទុះកាំភ្លើង»។
លោកបន្តទៀតថា លោកត្រូវអាជ្ញាធរវៀតណាមចាប់ដាក់ពន្ធនាគារ និងធ្វើទារុណកម្ម អស់ជាច្រើនឆ្នាំ ទើបវៀតណាមដោះលែងលោក ហើយលោកសម្រេចចិត្តរត់ចោលទឹកដីកំណើតមករស់នៅកម្ពុជា៖ «ពន្ធនាគារហ្នឹង គេយកចម្លើយ គេវាយ ធាក់ទាត់គ្រប់យ៉ាង។ វាយរហូតដល់ចេញឈាមតាមមាត់ទៀតផង ពេលហ្នឹងខ្ញុំក៏គ្រាំគ្រាដែរ»។
ការបះបោររបស់ខ្មែរក្រោមនេះ កើតឡើងក្រោយរណសិរ្សមួយឈ្មោះថា រណសិរ្សសេរីភាពជាតិរំដោះខ្មែរកម្ពុជាក្រោម ដែលមានលោក សឺង ញ៉ ជាប្រធាន និងលោក កៀង ហ៊ាន ជាអនុប្រធាន បានបង្កើតឡើង។ កាលពីឆ្នាំ ១៩៧៤ អ្នកទាំងពីរ ដែលកាលនោះនៅជាសង្ឃនៅឡើយ បានពិភាក្សាថា វៀតណាម នឹងចូលកាន់កាប់លើទឹកដីកម្ពុជាក្រោមទាំងស្រុង ហើយវៀតណាម នឹងមិនគោរពនូវកិច្ចព្រមព្រៀងរវាងខ្មែរ និងអន្តរជាតិឡើយ ហេតុនេះហើយទើប ពួកគេបានត្រៀមលក្ខណៈ ដើម្បីទប់ទល់នឹងការចូលលុកលុយពីរបបអាណានិគមបក្សកុម្មុយនិស្តថ្មីមួយនេះ។
ក្រោយមករណសិរ្សនេះ ក៏បានចាប់ផ្ដើមកើតឡើង ក្រោមរូបភាពបង្រៀនមន្តអាគមគាថា ដើម្បីប្រមូលកម្លាំងប៉ុន្តែនៅជាចលនា មានទ្រង់ទ្រាយតូចតាចនៅឡើយទេ។ ក្តីបារម្ភរបស់ មេចលនាតស៊ូ បានកើតឡើងមែន កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ ១៩៧៥ ពេលអាណានិគមកុម្មុយនិស្តវៀតណាមខាងជើង បានចូលកាន់កាប់ទឹកដីកម្ពុជាក្រោមទាំងស្រុងហើយនោះ ទើប រណសិរ្សសេរីភាពជាតិ រំដោះខ្មែរកម្ពុជាក្រោម បានបើកយុទ្ធនាការ វាយលុកចូល គ្រប់ស្ថាប័នបក្សកុម្មុយនិស្តវៀតណាម កាលពីថ្ងៃទី១៦ ខែ វិច្ឆិកា ឆ្នាំ ១៩៧៦។ ដំបូងឡើយ ពលរដ្ឋខ្មែរក្រោម បានវាយលុកទៅលើអាជ្ញាធរវៀតណាមបណ្ដាលឲ្យវៀតណាមស្លាប់ជាច្រើននាក់ ប៉ុន្តែក្រោយមកដោយសារតែវៀតណាមប្រើប្រាស់រថក្រោះកាំភ្លើងធំ ទើបខ្មែរក្រោម មិនអាចទប់ទល់រួច បណ្ដាលឲ្យខ្មែរក្រោមជាច្រើននាក់ស្លាប់ និងត្រូវវៀតណាមចាប់ខ្លួន។
ពាក់ព័ន្ធនឹងព្រឹត្តិការណ៍បះបោរនេះ ប្រធាននាយកដ្ឋានព័ត៌មាននៃសហព័ន្ធខ្មែរកម្ពុជាក្រោម ព្រះភិក្ខុ ស៊ឺង យ៉ឹងរតនា មានថេរដីកាប្រាប់អាស៊ីសេរី កាលពីថ្ងៃទី៧ វិច្ឆិកាថា ពលរដ្ឋខ្មែរក្រោមចាំបាច់ ត្រូវចងចាំ វីរភាពរបស់បុព្វបុរសខ្មែរក្រោម ដែលហ៊ានបូជាសាច់ស្រស់ និងឈាមស្រស់ ដើម្បីសេរីភាព និងបូរណភាពទឹកដីខ្មែរក្រោមទាំងមូល៖ «សូមឲ្យបងប្អូនខ្មែរក្រោមយើងនៅទូទាំងពិភពលោកហ្នឹង ត្រូវចងចាំថ្ងៃព្រឹត្តិការណ៍ ដ៏ជូរចត់របស់ខ្មែរក្រោម ដែលក្រោមតស៊ូទាមទារសិទ្ធិសេរីភាពនៅឆ្នាំ ១៩៧៦ ដូច្នោះយើងត្រូវបន្តធ្វើខួបនៃព្រឹត្តិការណ៍ ដែលអាជ្ញាធរវៀតណាមធ្វើទារុណកម្ម ចំពោះខ្មែរក្រោម ដែលក្រោកឡើងតវ៉ា»។
ព្រះភិក្ខុ ស៊ឺង យ៉ឹងរតនា បន្តទៀតថា បច្ចុប្បន្នខ្មែរក្រោមមិនបោះបង់ចោល ការទាមទារសិទ្ធិជាម្ចាស់ស្រុកនោះទេ ក៏ប៉ុន្តែខ្មែរក្រោមប្រែក្លាយ ការទាមទារសិទ្ធិជាជនជាតិដើមកំណើតតាមរយៈការតស៊ូដោយអហិង្សានៅលើឆាកអន្តរជាតិ៖ «យើងទាមទារដោយអហិង្សាសុទ្ធសាធ ទៅតាមច្បាប់អន្តរជាតិ ព្រោះថា ខ្មែរក្រោមជាជនជាតិដើម រស់នៅលើទឹកដីកំណើតរបស់យើង យើងមានសិទ្ធិសេរីភាព គ្រប់គ្រាន់ក្នុងការរក្សាសិទ្ធិ ទំនៀមទម្លាប់ប្រពៃណីជាតិរបស់យើង ដែលរស់នៅក្រោមនឹមអាណានិគមយួនសព្វថ្ងៃនេះ យើងត្រូវតែក្រោកការពារសិទ្ធិរបស់យើង»។
សហព័ន្ធខ្មែរកម្ពុជាក្រោម និងអង្គការសមាគមខ្មែរក្រោមជាច្រើនកំពុងធ្វើយុទ្ធនាការទាមទារជាម្ចាស់ស្រុក ដើម្បីទទួលបានសិទ្ធស្វ័យសម្រេចដោយខ្លួនឯងទៅថ្ងៃអនាគត។ ស្របពេល ដែលខ្មែរក្រោមកំពុងធ្វើយុទ្ធនាការនេះ អាជ្ញាធរវៀតណាម ក៏កំពុងបង្កើនយុទ្ធនាការបង្ក្រាបយុវជនខ្មែរក្រោមផងដែរ។ យុវជនខ្មែរក្រោមជាច្រើនរូប ត្រូវបានអាជ្ញាធរវៀតណាមផាកពិន័យជាច្រើនរយដុល្លារដោយសារតែពួកគេ បញ្ចេញព័ត៌មានទស្សនៈ និងព័ត៌មានពិតពីប្រវត្តិសាស្ត្រខ្មែរក្រោម និងទាមទារចង់បានសិទ្ធិសេរីភាពជាម្ចាស់ស្រុក។ អាជ្ញាធរវៀតណាមក៏បានចាប់ពលរដ្ឋខ្មែរក្រោមដាក់ពន្ធនាគារ ដោយសារតែពួកគេក្រោកឡើងបាតុកម្មប្រឆាំងការរឹបអូសដីស្រែរបស់ពួកគេដោយគ្មានសំណង។ មន្ត្រីសហព័ន្ធខ្មែរកម្ពុជាក្រោមថា ទោះបីរងការបង្ក្រាប និងផាកពិន័យពីសំណាក់វៀតណាមក៏ដោយចុះ តែយុវជនខ្មែរក្រោម និងពលរដ្ឋខ្មែរក្រោម មិនបានចុះញ៉ម និងខ្លាចការគំរាមរបស់វៀតណាមឡើយ ពួកគេនៅតែបញ្ចេញមតិ និងទាមទារសិទ្ធិសេរីភាពដដែល៕