យុវជន​ខ្មែរ​ក្រោម​ប្ដេជ្ញា​​បន្ត​លើក​ស្ទួយ​សិទ្ធិ​ជនជាតិ​ដើម ទោះ​វៀតណាម​ធ្វើ​បាប

0:00 / 0:00

យុវជន​ខ្មែរ​ក្រោម​ដែល​ត្រូវ​អាជ្ញាធរ​វៀតណាម​គំរាម​កំហែង និង​ផាក​ពិន័យ​ប្ដេជ្ញា​បន្ត​យុទ្ធនាការ​តស៊ូ​មតិ​ដើម្បី​ឲ្យ​វៀតណាម​ទទួល​ស្គាល់​ខ្មែរ​ក្រោម​ជា​ជន​ជាតិ​ដើម។ ការ​ប្ដេជ្ញា​ចិត្ត​របស់​យុវជន​ខ្មែរ​ក្រោម​នេះ ​ដោយសារ​តែ​វៀតណាម​បន្ត​ធ្វើ​ទុក្ខបុកម្នេញ​យុវជន​ណា​ដែល​សំដែង​មតិ​តាម​បណ្ដាញ​សង្គម​ដើម្បី​ទាមទារ​សិទ្ធិ​ជន​ជាតិ​ដើម​។

យុវជន​ខ្មែរ​ក្រោម​ដែល​ត្រូវ​អាជ្ញាធរ​វៀតណាម​ធ្វើ​បាប​អះអាង​ថា ​ពួកគេ​មិន​បាក់​ស្បាត​ដោយសារ​តែ​ទង្វើ​របស់​អាជ្ញាធរ​វៀតណាម​នោះ​ទេ​។ ​កាល​ពី​ពេល​ថ្មីៗ​អាជ្ញាធរ​វៀតណាម​នៅ​ខេត្តឃ្លាំង ​និង​ព្រះត្រពាំង​ បាន​កោះ​ហៅយុវជនខ្មែរក្រោម​​ជា​ច្រើន​នាក់​ទៅ​សំឡុត​បំភ័យ​និង​ប្រើប្រាស់​ហិង្សា​លើ​ពួកគេ ​កុំ​ឲ្យ​ហ៊ាន​និយាយ​ទាមទារ​សិទ្ធិ​ជា​ជនជាតិ​ដើម​ និង​ផ្សព្វផ្សាយ​ពី​ប្រវត្តិសាស្រ្ត​ខ្មែរ​កម្ពុជាក្រោម។

យ៉ាងហោចណាស់​ក៏មានយុវជន​ខ្មែរ​ក្រោម​ពីរ​នាក់​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ផាក​ពិន័យ​ជាច្រើន​រយ​ដុល្លារ​ ដោយសារ​តែ​ពួកគេ​ពាក់​អាវ​មាន​សញ្ញា​ទង់ជាតិ​និង​ផែនដី​កម្ពុជា​ក្រោម។ វៀតណាម​ចោទ​ប្រកាន់​ពួកគេ​ថា ​កេង​ចំណេញ​លើ​សិទ្ធិ​សេរីភាព ​និង​បំពាន​លើ​ផលប្រយោជន៍​របស់​រដ្ឋ​កុម្មុយនីស្ត​វៀតណាម។ ​​​យុវជន​ ត្រេវ​ ស៊ីវ​ ដែល​ត្រូវ​វៀតណាម​ផាក​ពិន័យ​ ​ជាង ៣០០ ដុល្លារ​ថា ​លោក​មិន​ខ្លាច​ការ​គាប​សង្កត់​របស់​វៀណាម​នោះ​ទេ។​ យុវជន​ ត្រេវ ស៊ីវ ​ក៏​នឹង​មិន​សង​ប្រាក់​ផាក​ពិន័យ​វៀតណាម​ឡើយ​ ដោយសារ​តែ​លោក​អះអាង​ថា ​លោក​គ្មាន​កំហុស​ ហើយ​លោក​នឹង​បន្ត​ធ្វើ​ការងារ​លើក​ស្ទួយ​សិទ្ធិ​មនុស្ស​ខ្មែរ​ក្រោម​ទៅ​មុខ​ទៀត។

យុវជន​ ត្រេវ ស៊ីវ៖«ទី​មួយ​ប្អូន​ចង់​បាន​សេចក្ដី​ខុស​និង​សេរីភាព​ដូច​ប្រជាពលរដ្ឋ​គេ​ដែរ ធ្វើ​ឲ្យ​ប្អូន​មាន​ចិត្ត​អីចឹង​បង​​។ នៅ​ចែក​រំលែក​ព័ត៌មាន​ដែល​បង​ប្អូន​យើង​អត់​បាន​ដឹង​យើង​នឹង​ចែក​រំលែក​បន្ត​ទៅ​ទៀត​ ហើយ​សៀវភៅ​ជន​ជាតិ​ដើម ​បង​ប្អូន​ណា​ចង់​បាន​យើង​នឹង​ចែក​ឲ្យ​គាត់​បង»។

អាជ្ញាធរ​វៀតណាម​ បាន​ចោទ​ប្រកាន់​យុវជន​ ត្រេវ ស៊ីវ ពី​បទ​កេង​ចំណេញ​លើ​សិទ្ធិ​សេរីភាព ​និង​បំពាន​លើ​ផលប្រយោជន៍​របស់​រដ្ឋ។ ​អាជ្ញាធរ​វៀតណាម​ហៅ​យុវជន ត្រេវ ស៊ីវ​ ទៅ​គំរាមកំហែង​ចំនួន​ ៣​លើក​រួច​មក​ហើយ ដោយ​ហាម​មិន​ឲ្យ​បង្ហោះ​ព័ត៌មាន​ទាក់ទង​នឹង​ប្រវត្តិសាស្ត្រ​ទឹក​ដី​កម្ពុជាក្រោម​ និង​សៀវភៅ​ឯកសារ ​ស្តី​ពី​សិទ្ធិ​ជនជាតិ​ដើម​របស់​អង្គការ​សហប្រជាជាតិ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ កាល​ពី​ថ្ងៃ​ទី​១០​ មករា​ អាជ្ញាធរ​វៀតណាម​បាន​ប្រើប្រាស់​អំពើ​ហិង្សា​វាយ​ដុំយុវជន​ ត្រេវ ស៊ីវ ​ឲ្យ​រង​របួស​ធ្ងន់​មុន​នឹង​ដោះលែង។

បច្ចុប្បន្ន​យុវជន​ ត្រេវ ស៊ីវ ត្រូវ​រោងចក្រ​វៀតណាម​បណ្តាញចេញ​ពី​ការងារ ​ដោយសារ​តែ​អាជ្ញាធរ​វៀតណាម ហោះកៅលោកទៅសាកសួរ​បណ្តាល​ឲ្យ​លោក​មិន​អាច​ទៅ​ធ្វើ​ការងារ​បាន​។ យុវជន​ ត្រេវ​ ស៊ីវ​ អំពាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម ​ងើប​ឡើង​ទាមទារ​សិទិ្ធ​ជន​ជាតិ​ដើម​ដោយ​អហិង្សា។

យុវជន​ ត្រេវ ស៊ីវ៖«បាទ​ប្អូន​សំណូមពរ​ពេល​បង​ប្អូន​យើង​ឃើញ​ខ្ញុំ​ អាជ្ញាធរ​កោះហៅ​ សូម​កុំ​ភ័យ​ខ្លាច​ទាំងអស់​ហើយ​កុំ​បាក់ទឹកចិត្ត​យើង​ធ្វើ​នេះ​ស្រប​ច្បាប់។​យើង​មាន​អង្គការ​សហប្រជាជាតិ​គេ​ឃ្លាំមើល​យើង​ដែរ»។

ស្រដៀង​គ្នា​នេះដែរ​ ​យុវជន​ ថាច់បុត្រតៀង ដែល​ពាក់​អាវ​មាន​ទង់ជាតិ​និង​ផែនទី​ខ្មែរ​កម្ពុជា​ក្រោម​បង្ហោះ​តាម​បណ្តាញ​សង្គម​ (Facebook)​ក៏​ត្រូវ​អាជ្ញាធរ​វៀតណាម ​កាល​ពី​ថ្ងៃ​ទី ​២២​កុម្ភៈ​ហៅ ទៅ​សំឡុត​កុំឲ្យ​ពាក់​អាវ​ដែល​មាន​លក្ខណៈ​ស្នេហា​ជាតិ​បន្ត​ទៀត​ ហើយ​អាជ្ញាធរ​វៀតណាម​ប្រាប់​លោក​ថា ខ្មែរ​ក្រោម​ជា​ជាតិ​ភាគ​តិច​ មិន​​មែន​ជា​ជាតិ​ដើម​។ ​​ទោះបីជាយ៉ាង ​លោក​បដិសេធ​មិន​ធ្វើ​តាម​ហើយ​​ប្តេជ្ញានឹង​បន្ត​ពាក់​អាវយឺត​ដែល​បង្ហាញ​ពី​អត្តសញ្ញាណ​ខ្មែរ​ក្រោម​ដដែល។

យុវជន ថាច់ បុត្រតៀង៖«គោលដៅ​របស់​ប្អូន​ ប្អូន​ចង់​ផ្សព្វផ្សាយ​​ឲ្យ​ខ្មែរ​កម្ពុជា​ក្រោម​យើង​ដឹង​ពី​កំណើត​របស់​ខ្លួ​ន​ដឹង​ពី​ប្រវត្តិសាស្ត្រ​ដូនតា​យើង​។ ប្អូន​ចង់​បង្ហាញ​ពី​អត្តសញ្ញាណ​ជាតិសាសន៍​របស់​យើង»។

​យុវជន​ ថាច់ បុត្រតៀង ​បន្តថា ​ទង្វើ​របស់​អាជ្ញាធរ​វៀតណាម​ដោយ​តែពួកគេ​មាន​​ចេតនា​ចង់​បំបាក់​ស្មារតី​យុវជន​ខ្មែរ​ ក្រោម​ដទៃ​ទៀត ​កុំឲ្យ​ហ៊ាន​ងើប​ឡើង​តវ៉ា​ទាមទារ​សិទ្ធិ​ជនជាតិ​ដើម។ អាណានិគម​បារាំង​ បាន​កាត់​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម ​ទៅ​ឲ្យ​វៀតណាម​ទាំង​ខុស​ច្បាប់​ កាល​ពី​ថ្ងៃ​ទី​៤​ ខែ​មិថុនា ឆ្នាំ​១៩៤៩​។ ​រយៈ​ពេល​ជាង​ ៧០​ឆ្នាំ​ដែល​បាន​វៀតណាម បាន​គ្រប់គ្រង​ទឹក​ដី​កម្ពុជា​ក្រោម​មកនេះ វៀតណាម​បាន​ប្រើ​ប្រាស់​គ្រប់​មធ្យោបាយ​ដើម្បី​បំបាត់​អត្តសញ្ញាណ និង​សាសនា​ខ្មែរ​កម្ពុជា​ក្រោម។
ពាក់ព័ន្ធ​នឹង​អាជ្ញាធរ​បន្ត​ធ្វើ​ទុក្ខបុកម្នេញ​ខ្មែរ​ក្រោម​នេះ ​ប្រធាន​​នាយក​ដ្ឋាន​ព័ត៌មាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ ព្រះភិក្ខុ ​សឺង យ៉ឹងរតនា​ មាន​ថេរដីកា​ថា​ វៀតណាម​បាន​ចិញ្ចឹម​ចិត្ត​សង​សឹក​នឹង​ការតស៊ូ​ទាមទារ​សិទ្ធិ​ជនជាតិ​ដើម​របស់​ខ្មែរ​ក្រោម​។ ព្រះអង្គ​ សំណូមពរ​ឲ្យ​វៀតណាម ​គោរព​សិទ្ធិ​ជនជាតិដើ​ម ​ដែល​ប្រទេស​នេះ​ បាន​ទទួល​ស្គាល់ ​សេចក្តី​ប្រកាសជា​សលក​ស្តីពី​ជនជាតិ​ដើម​របស់​អង្គការ​សហ​ប្រជាជាតិ​។

ព្រះភិក្ខុ សឺង យ៉ឹងរតនា៖«អាជ្ញាធរ​វៀតណាម​បាន​កោះ​ហៅ​ពលរដ្ឋ​ខ្មែរ កម្ពុជា​ក្រោម​ទៅ​សួរ​ចម្លើយ​និង​បំភិត​បំភ័យ ​បំបាក់​ស្មារតី​ចំពោះ​ពលរដ្ឋ​ខ្មែរ​ក្រោម​ណា​ដែល​ហ៊ាន​ក្រោក​តស៊ូ​ទាមទារ​សិទ្ធិ​សេរីភាព​និង​ការ​ផ្សព្វផ្សាយ​ប្រវត្តិសាស្ត្រ និង​ភូមិ​សាស្ត្រ​នៃ​ទឹក​ដី​កម្ពុជា​ក្រោម»។

រដ្ឋាភិបាល​វៀតណាម​បាន​លេប​សំដី​និង​ការ​សន្យា​នៅ​ចំពោះ​មុខ​សមាជិក​អង្គការ​សហប្រជាជាតិថា​ ប្រទេស​នេះ ​នឹង​គោរព​សិទ្ធិ​មនុស្ស​ប្រសិន​បើ​ជាប់​ជា​សមាជិក​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស។ វៀតណាម​​បាន​ក្លាយ​ជា​សមាជិក​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហ​ប្រជាជាតិ សម្រាប់​អាណត្តិ​៣​ឆ្នាំ ចាប់​ពី​ខែ​មករា​ឆ្នាំ​២០២៣​ទៅ។

កាល​ពី​ពេល​ថ្មីៗ​នេះ ​ អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ​ស្តីពី​សិទ្ធិ​ជនជាតិ​ដើម​​បាន​សរសេរ​លិខិត​សំដែង​ក្តី​បារម្ភ​ពី​ការ​បន្ត​រំលោភ​សិទ្ធិ​មនុស្ស និង​សាសនា​របស់​រដ្ឋាភិបាល​វៀតណាម។​ ពួក​គេ ​បាន​ដាក់​សំណួរ​ទៅ​រដ្ឋាភិបាល​វៀតណាម​រឿង ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​យុវជន​ខ្មែរ​ក្រោម ​ការ​​សំដែង​មតិ​អំពី​សិទ្ធិ​ជនជាតិ​ដើម ​ការ​ចែកចាយ​ឯកសារ​សិទ្ធិ​ជនជាតិ​ដើម​របស់​អង្គការ​សហប្រជាជាតិ ​និង​សេរី​ភាព​ប្រតិបត្តិ​សាសនា​ជាដើម។ មក​ទល់​ពេល​នេះ ​វៀតណាម​មិន​ទាន់​ឆ្លើយ​តប​នឹង​សំណួរ​របស់​អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​នៅ​ឡើយ​ទេ។ កន្លង​ទៅ​រដ្ឋាភិបាល​វៀតណាម ​តែងតែ​ទាត់​ចោល​របាយការណ៍​សិទ្ធិ​មនុស្ស​របស់​សហរដ្ឋអាមេរិក​និង​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ដែល​រក​ឃើញ​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​របស់​វៀតណាម​។ ​ទោះបីយ៉ាងណា​កាល​ពី​ឆ្នាំ ​២០២២ ​កន្លង​ទៅ ​អាជ្ញាធរ​វៀតណាម​ រង​ការ​ចោទ​ប្រកាន់​ពី​ការ​ចាប់ចង​មនុស្ស​ដោយ​ខុស​ច្បាប់​ និង​សម្លាប់​មនុស្ស​យ៉ាង​អនាធិបតេយ្យ ​ការ​ធ្វើ​ទារុណកម្ម​ បង្ក​អំពើ​ឃោរឃៅ ​និង​អមនុស្សធម៌៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។