អង្គការសមាគមខ្មែរក្រោមនៅក្នុង និងក្រៅស្រុករួមទាំងយុវជនខ្មែរក្រោមរស់នៅលើទឹកដីកំណើតប្រារព្ធខួបបាត់បង់ទឹកដីលើកទី ៧២ឆ្នាំថ្ងៃទី៤ មិថុនាខាងមុខ។ សម្រាប់ខួប ៧២ឆ្នាំនេះ សហព័ន្ធខ្មែរកម្ពុជាក្រោមនឹងបំផុសចលនាឲ្យពលរដ្ឋខ្មែរក្រោមរស់នៅលើទឹកដីកំណើតរក្សាអត្តសញ្ញាណជាខ្មែរក្រោមនៅលើទឹកដីកំណើត ដើម្បីឈានទៅទាមទារសិទ្ធិស្វ័យសម្រេចវាសនាដោយខ្លួនទៅថ្ងៃអនាគត។
ពលរដ្ឋខ្មែរក្រោមបានបាត់បង់ទឹកដីដើមកំណើតដោយសារតែបារាំង (France) បានកាត់ទឹកដីខ្មែរក្រោមឲ្យវៀតណាមទាំងខុសច្បាប់អស់រយៈពេល ៧២ឆ្នាំហើយ គិតត្រឹមថ្ងៃទី៤ មិថុនាខាងមុខ។ អង្គការសមាគមខ្មែរក្រោមក្នុងស្រុក និងក្រៅស្រុកលើកឡើងថា ចាប់តាំងពីវៀតណាមបានគ្រប់គ្រងទឹកដីខ្មែរក្រោមទាំងខុសច្បាប់មក អាជ្ញាធរវៀតណាមបានប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ ដើម្បីបំបាត់ អត្តសញ្ញាណខ្មែរក្រោមពីទឹកដីកំណើត។ មហិច្ឆតារបស់វៀតណាមក្នុងការបំបាត់ អត្តសញ្ញាណខ្មែរក្រោមរួមមាន ការកែប្រែឈ្មោះខេត្តពីខ្មែរទៅជាភាសាវៀតណាម បំបាត់វប្បធម៌ ប្រពៃណី អក្សរសាស្ត្រ និងសិទ្ធិជាជនជាតិដើមកំណើតជាដើម។ មន្ត្រីសហព័ន្ធខ្មែរកម្ពុជាក្រោមឲ្យដឹងថា ដើម្បីទប់ស្កាត់ មហិច្ឆតារបស់វៀតណាមនេះ សហព័ន្ធនឹងបំផុសស្មារតីស្នេហាជាតិដល់បងប្អូនខ្មែរក្រោមដែលកំពុងរស់លើទឹកដីកំណើតឲ្យប្រកាន់ភ្ជាប់និងរក្សាអត្តសញ្ញាណជាខ្មែរក្រោម។ សហព័ន្ធខ្មែរក្រោម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកនឹងជួបជុំគ្នានៅតាមសាខាក្នុងរដ្ឋនីមួយៗ ផ្សេងៗ គ្នា ដើម្បីប្រារព្ធថ្ងៃដ៏សោកសៅ ក្នុងខួបបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោម។ សហព័ន្ធខ្មែរក្រោម ក៏នឹងមានវេទិកាជជែកជុំវិញព្រឹត្តិការណ៍បាត់បង់ទឹកដីនេះ នៅតាមបណ្ដាញសង្គមផងដែរ។
ប្រធាននាយកដ្ឋានព័ត៌មានសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ព្រះភិក្ខុ សឺង យ៉ឹងរតនា មានថេរដីកាថា ការថែរក្សាអត្តសញ្ញាណខ្មែរក្រោមឲ្យបានគង់វង្សនៅលើទឹកកំណើតនឹងជំរុញឲ្យការទាមទារសិទ្ធិស្វ័យសម្រេចជោគជ័យទៅថ្ងៃក្រោយ៖ «សារសំខាន់នៅឆ្នាំនេះគឺថា អំពាវនាវឲ្យខ្មែរក្រោមហៅខ្លួនឯងជាខ្មែរក្រោម ហើយជំរុញឲ្យរដ្ឋាភិបាលវៀតណាមហៅខ្មែរក្រោមថា ខ្មែរក្រោម។ សហព័ន្ធខ្មែរកម្ពុជាផ្ដោតសំខាន់ហ្នឹង គឺឲ្យរដ្ឋាភិបាលវៀតណាមហ្នឹងគោរពសិទ្ធិពលរដ្ឋខ្មែរក្រោម ហើយហៅពលរដ្ឋខ្មែរក្រោមថា ខ្មែរក្រោម»។

របាយការណ៍សហព័ន្ធខ្មែរក្រោមប្រចាំឆ្នាំឲ្យដឹងថា កាលពីឆ្នាំ២០២០ និងដើមឆ្នាំ២០២១ អាជ្ញាធរវៀតណាម បានបន្តរឹតត្បិតសិទ្ធិសេរីភាពពលរដ្ឋ និងយុវជនខ្មែរក្រោម មិនឲ្យផ្សព្វផ្សាយប្រវត្តិសាស្ត្រពិតនៃការបាត់បង់ទឹកដី និងសិទ្ធិចែកចាយព័ត៌មានតាមបណ្ដាញសង្គម។ យុវជនខ្មែរក្រោមមួយចំនួន ត្រូវបានអាជ្ញាធរវៀតណាមចាប់ផាកពិន័យរាប់រយដុល្លារ និងបានរឹបអូសសៀវភៅ ស្ដីពីសិទ្ធិជនជាតិដើមកំណើតជាដើម។ ចំណែកកសិករខ្មែរក្រោមដែលត្រូវអាជ្ញាធររឹបអូសយកដីស្រែកេរ្តិ៍ដូនតា ក៏ត្រូវតុលាការវៀតណាមកាត់ទោសឲ្យជាប់ពន្ធនាគាររាប់ឆ្នាំទាំងអយុត្តិធម៌ផងដែរ។ ព្រះភិក្ខុ សឺង យ៉ឹងរតនា មានថេរដីកាថា រយៈពេល ៧២ឆ្នាំនេះ រដ្ឋាភិបាលវៀតណាមបន្តធ្វើទុក្ខបុកម្នេញពលរដ្ឋខ្មែរក្រោម ដោយគ្មានស្រាកស្រាន្តឡើយ៖ «រដ្ឋាភិបាលវៀតណាមហ្នឹងគេមិនអនុញ្ញាតឲ្យទេ ដូចជា សាលារៀនរដ្ឋមិនបានបើកជាភាសាខ្មែរឲ្យពលរដ្ឋខ្មែរក្រោមរៀនអក្សរសាស្ត្រខ្មែរក្រោមទេ ហើយការគោរពព្រះពុទ្ធសាសនានៅមានកម្រិត ដោយសារតែរដ្ឋាភិបាលវៀតណាមហ្នឹង គេរឹតត្បិតសិទ្ធិសេរីគ្រប់បែបយ៉ាង»។
ទាក់ទងនឹងការប្រារព្ធខួប ៧២ឆ្នាំ ជាថ្ងៃកាន់ទុក្ខរបស់ពលរដ្ឋខ្មែរក្រោមនេះដែរ អង្គការសមាគមខ្មែរក្រោមនៅកម្ពុជា ក៏គ្រោងនឹងជួបជុំគ្នាធ្វើទិវាថ្ងៃកាន់ទុក្ខនេះដែរ។
នាយកប្រតិបត្តិសហគមន៍ខ្មែរកម្ពុជាក្រោម លោក ថាច់ សេដ្ឋា ប្រាប់អាស៊ីសេរីថា តាមគម្រោងសហគមន៍គ្រោងជួបជុំគ្នារាប់បាត្រដល់ព្រះសង្ឃ ១៩៤៩អង្គ នៅចុងខែមិថុនាដោយសារតែ ការរាតត្បាតជំងឺ Covid-19 មិនអាចធ្វើបាននៅថ្ងៃទី៤ មិថុនា។ ទោះបីជាយ៉ាងណា សហគមន៍ខ្មែរកម្ពុជាក្រោមគ្រោងនឹងយកជំនួយទៅចែកជូន ពលរដ្ឋខ្មែរក្រោម ដែលរងគ្រោះដោយសារតែការរាតត្បាតជំងឺ Covid-19 ចាប់ពីថ្ងៃទី៤ មិថុនាដល់ចុងខែមិថុនា និងធ្វើយុទ្ធនាការ ផ្សព្វផ្សាយការពិតពីប្រវត្តិនៃការបាត់បង់ទឹកដី និងបង្ហាញថា ខ្មែរក្រោមជាជនដើមកំណើតមិនមែនជាជនជាតិភាគតិចជាដើម។ លោក ថាច់ សេដ្ឋា ឲ្យដឹងថា ខ្មែរក្រោមបន្តរងការធ្វើទុក្ខបុកម្នេញពីអាជ្ញាធរវៀតណាម មិនចេះចប់ មិនចេះហើយក្នុងរយៈ ៧២ឆ្នាំ ដែលវៀតណាមធ្វើអាណានិគមលើទឹកដីកម្ពុជាក្រោម៖ «បាទអត់មានអ្វីស្រាកស្រាន្តទេ ការគាបសង្កត់ជារឿងនយោបាយរបស់យួន។ ពីសម័យមួយទៅសម័យមួយគេមិនដែលផ្លាស់ប្ដូរនយោបាយគាបសង្កត់សិទ្ធិសេរីភាព គេខ្លាចថា យើងប្រើប្រាស់សិទ្ធិសេរីភាពហ្នឹងក្នុងការតវ៉ាទាមទារផ្សេងៗ។ ការសិក្សាដូចគ្នាដែរ គេមិនឲ្យយើងរៀនសូត្រទូលំទូលាយទេ។ ខ្លាចយើងស្វែងយល់ពីប្រវត្តិសាស្ត្រនឹងទឹកដី។ គេចង់ឲ្យយើងរស់នៅតាមបែបសត្វតិរច្ឆាន»។

យុវជនខ្មែរក្រោមកំពុងរស់នៅលើទឹកដីកំណើត ក៏គ្រោងនឹងជួបជុំគ្នាប្រារព្ធថ្ងៃបាត់បង់ទឹកដីនេះដែរ។ យុវជនខ្មែរក្រោម យុវជន តោ ហ្វាងចឿង ប្រាប់អាស៊ីសេរីថា យុវជនគ្រោងនឹងជួបជុំគ្នា ដើម្បីរំលឹកថ្ងៃបាត់បង់ទឹកដីខ្មែរក្រោម ប៉ុន្តែអាជ្ញាធរវៀតណាម បានចាប់ផ្ដើមបិទខ្ទប់តំបន់ដែលលោករស់នៅដោយសារតែជំងឺ Covid-19។ លោកថា យុវជនខ្មែរក្រោមនឹង ពិភាក្សាគ្នាម្ដងទៀតអំពីការប្រារព្ធទិវានេះ៖ «នៅកម្ពុជាក្រោម យុវជននិមន្តលោកមកសូត្រជូនដល់បុព្វបុរស ដែលលោកហ៊ានបូជាជីវិត ដើម្បីជាតិសាសនា»។
យុវជន តោ ហ្វាងចឿង កាលពីឆ្នាំ២០២០ ត្រូវអាជ្ញាធរវៀតណាមផាកពិន័យជាច្រើនរយដុល្លារ ដោយសារតែពាក់អាវមានអក្សរថា ខួបបាត់បង់ទឹកដីខ្មែរក្រោម និងមានស្លាកសញ្ញាសហព័ន្ធខ្មែរក្រោម។ កាលពីពាក់កណ្ដាលខែឧសភានេះ អាជ្ញាធរបានផ្ញើលិខិតទារលុយយុវជន តោ ហ្វាងចឿង ប៉ុន្តែលោកបដិសេធមិនសងដោយសារតែអះអាងថា លោកគ្មានកំហុស។ អាណានិគមបារាំង បានកាត់ទឹកដីខ្មែរកម្ពុជាក្រោមទៅឱ្យវៀតណាមត្រួតត្រាទាំងខុសច្បាប់ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩។ ចាប់តាំងពីពេលនោះមក វៀតណាមបានប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ ដើម្បីបំបាត់វប្បធម៌ អត្តសញ្ញាណ សាសនា និងទំនៀមទម្លាប់ខ្មែរក្រោម។ បច្ចុប្បន្នសហព័ន្ធខ្មែរកម្ពុជាក្រោមកំពុងធ្វើចលនានៅជុំវិញពិភពលោក ដើម្បីទាមទារសិទ្ធិស្វ័យសម្រេចដោយខ្លួននៅថ្ងៃអនាគត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។