អ្នកមាន​ទំនាស់​ដី​ជាមួយ​ក្រុមហ៊ុន​ចិន​នៅ​កោះកុង​ស្នើសុំ​ឱ្យ​អ្នកស្រី រ៉ូណា ស្មីត ជួយ​ជំរុញ​ឱ្យ​មាន​ដំណោះ​ដី​ធ្លី​ឆាប់ៗ

0:00 / 0:00

អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​អ្នកស្រី រ៉ូណា ស្មីត (RhonaSmith) បាន​ទទួលយក​សំណើ​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន យូញៀន ឌីវេឡុប​មិន គ្រុប (Union Development Group Co.,Ltd) ហើយ​សន្យា​ថា​ នឹង​ជួយ​ជំរុញ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ដែនដី​នៅ​ថ្ងៃ​ទី៧​ ខែ​ឧសភា​ដើម្បី​ស្វែងរក​ដំណោះ​ស្រាយ​ឆាប់ៗ ជូន​ពលរដ្ឋ។ ការសន្យា​នេះ​ បន្ទាប់ពី​ពលរដ្ឋ​មក​ពី​ស្រុក​គិរី​សាគរ ២៦នាក់​នាំគ្នា​តវ៉ា​សុំ​កិច្ច​អន្តរាគមន៍​ពី​អ្នកស្រី​នៅ​រសៀល​ថ្ងៃ​ទី៦ ខែ​ឧសភា​។

អ្នក​មាន​ទំនាស់​ដីធ្លី​រាំ​រ៉ៃ​ជាមួយ​ក្រុមហ៊ុន​ចិន​ឈ្មោះ យូញៀន ឌីវេឡុបមិន គ្រុប (Union Development Group Co.,Ltd) នៅ​ស្រុក​គីរីសាគរ​ខេត្ត​កោះកុង​ នាំ​គ្នា​តវ៉ា​នៅ​មុខ​ការិយាល័យ​អង្គការ​សហប្រជាជាតិ​ ក្នុង​រាជធានី​ភ្នំពេញ​នៅ​រសៀល​ថ្ងៃ​ទី៦ ខែ​ឧសភា​ដើម្បី​ស្នើសុំ​ឱ្យ​អ្នក​រាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ អ្នក​ស្រី រ៉ូណា ស្មីត (Rhona Smith) ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ជួយ​ជំរុញ​ទៅ​របប​ក្រុងភ្នំពេញ​ឱ្យ​ពន្លឿន​ដំណោះ​ស្រាយ​ដីធ្លី​ជូន​ពួក​គាត់​ឱ្យ​បាន​ឆាប់ៗ។

តំណាង​ពលរដ្ឋ ២៦គ្រួសារ​ គឺ​លោកស្រី​ សាំង​ ពុយ​ រៀបរាប់​ថា​ នៅ​ពេល​ពលរដ្ឋ​នាំ​គ្នា​តវ៉ា​នោះ គឺ​អ្នកស្រី​ រ៉ូណា ស្មីត បាន​ចេញ​មក​ជួប​ពួក​គាត់ និង​ទទួល​យក​សំណើ​របស់​ពលរដ្ឋ​។អ្នកស្រី​ រ៉ូណា ស្មីត សន្យា​ថា នឹង​យក​ករណី​ដីធ្លី​នេះ​សួរ​នាំ​រដ្ឋមន្ត្រី​ក្រសួង​ដែនដី​លោក ជា សុផារ៉ា៖ «ពួក​ខ្ញុំ​បាន​ជួប​អ្នក​ស្រី រ៉ូណា ស្មីត ហើយ​គាត់​បាន​ដឹង​ពី​កង្វល់​របស់​យើង។ គាត់​ថា​ ស្អែក​នេះ​នឹង​ជួប​ជាមួយ​ក្រសួង​ដែនដី​ឯកឧត្ដម ជា សុផារ៉ា ហើយ​គាត់​នឹង​យក​រឿង​នេះ​ទៅ​និយាយ។ ពួក​ខ្ញុំ​មិន​ចង់​ចាកចេញ​ពី​កន្លែង​សព្វថ្ងៃ​នេះ​ទេ​តែ​គេ​ថា​ តំបន់​នេះ​មិន​អាច​កាត់​ឆ្វៀល​បាន​ទេ​ ដូច្នេះ​យើង​សុំ​ឱ្យ​រដ្ឋាភិបាល​ជួយ​ដោះ​ស្រាយ​ផ្ដល់​សំណង​ដែល​សមស្រប​មិនមែន​ បង្ខំ​ ឬ​ផ្ដល់​សំណង​ជា​កញ្ចប់​នោះ​ទេ»

តំណាង​ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា​ ពួក​គាត់​កាន់​តែ​មាន​ជីវភាព​លំបាក​ខ្លាំង​ដោយសារ​តែ​គ្មាន​ដំណោះ​តាម​ការ​សន្យា​របស់​ក្រសួង​ដែន​ដី។ ពលរដ្ឋ​អះអាង​ថា បាន​រស់​នៅ​ក្នុង​ភូមិ​ឃុំ​ជាទី​កំណើត​របស់​ខ្លួន​ជាង ៣០ឆ្នាំ​មក​ហើយ និង​សុទ្ធតែ​មាន​ប្លង់​កម្មសិទ្ធិ​កាន់កាប់​ដីធ្លី​ត្រឹម​ត្រូវ ប៉ុន្តែ​អាជ្ញាធរ​នៅ​តែ​ចោទ​ប្រកាន់​ពលរដ្ឋ​ថា រស់​នៅ​ខុស​ច្បាប់​លើ​ដី​ឧទ្យាន​ជាតិ​បទុម​សាគរ​ទៅ​វិញ​ក្រោយ​ពី​ក្រុមហ៊ុន​ចិន​ យូ​ញៀន​ បាន​ជួល​ដី​ទំហំ​ផ្ទៃ​ដី​ចំនួន ៣ម៉ឺន​ ៦ពាន់​ហិកតារ​ពី​រាជរដ្ឋាភិបាល​នៅ​ក្នុង​ឆ្នាំ២០០៨ ក្នុង​ភូមិសាស្ត្រ​ឃុំ​ចំនួន៥ នៃ​ស្រុក​ពីរ​ គឺ​បុទុមសាគរ​ និង​គិរី​សាគរ​ ខេត្ត​កោះកុង ​ដើម្បី​ធ្វើ​ជា​តំបន់​ទេសចរណ៍ និង​ពាណិជ្ជកម្ម។ គម្រោង​នេះ​មាន​ការ​សាង​សង់​ព្រះលាន​យន្តហោះ និង​ទីលាន​វាយ​កូនគោល​ដែល​នឹង​ចំណាយ​ប្រមាណ​ប្រាំ​ពាន់​លាន​ដុល្លារ។

សមាជិក​ក្រុមការងារ​ដោះស្រាយ​វិវាទ​ដីធ្លី​នៃ​គណៈកម្មការ​ទី៨​ នៃ​ក្រសួង​ដែនដី​លោក​ អេ ប៊ុនធឿន ប្រាប់​អាស៊ី​សេរី​ថា មន្ត្រី​ជំនាញ​កំពុង​ដោះ​ស្រាយ​ករណី​វិវាទ​ដីធ្លី​ជា​បន្ត​បន្ទាប់។ លោក​មិន​ឆ្លើយ​តប​អ្វី​នោះ​ទេ​ចំពោះ​ការស្វែងរក​កិច្ច​អន្តរាគមន៍​ពី​អ្នក​ស្រី រ៉ូណា ស្មីត នោះ៖ «ខ្ញុំ​កំពុង​ធ្វើ​ការ​កំណត់​ប្រភេទ​អត្តសញ្ញាណ​របស់​ពួកគាត់​ឱ្យ​ច្បាស់​ពិនិត្យ​ឯកសារ​កាន់កាប់​អី​របស់​គាត់​ឱ្យ​ច្បាស់លាស់​សិន​ទើប​អាច​ឆ្លើយ​ថា ម៉េច​បាន​។យើង​ចង់​ដោះស្រាយ​ឱ្យ​គាត់​ឆាប់ៗ ដែរ មិន​ចង់​អូស​បន្លាយ​ទេ ព្រោះ​វា​ខាត​ពេល​ពួក​គាត់ »

លោក​ អេ​ប៊ុ​ន ធឿន​ បញ្ជាក់​ថា​ក្រសួង​ដែនដី​ទទួល​បាន​បណ្ដឹង​ពី​ប្រជាពលរដ្ឋ​ចំនួន ១១៦គ្រួសារ​ដែល​សុទ្ធតែ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន យូរញៀន។

រី​ឯ​មន្ត្រី​សិទ្ធិមនុស្ស​ លីកាដូ ប្រចាំ​ខេត្ត​កោះកុង​លោក​ ហួ​ អ៊ី​ន លើកឡើង​ថា ការ​ស្វែង​រក​កិច្ច​អន្តរាគមន៍​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​នេះ​ព្រោះតែ​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​អស់សង្ឃឹម​ចំពោះ​អាជ្ញាធរ​ ដែល​គ្មាន​ឆន្ទៈ​ដោះ​ស្រាយ​បញ្ចប់​ទំនាស់​ដីធ្លី​នោះ​ទេ​ទុក​បណ្ដោយ​ឱ្យ​ពលរដ្ឋ​រងគ្រោះ និង​ទ្រាំ​លំបាក​គ្រប់​បែប​យ៉ាង​ជាង ១០ឆ្នាំ​មក​ហើយ។ លោក​យល់​ថា ពលរដ្ឋ​គួរ​តែ​ទទួល​បាន​ដំណោះ​ស្រាយ​តាម​រយៈ​ការ​កាត់​ឆ្វៀល​ដី​ ដើម្បី​អភិវឌ្ឍ​នៅ​នឹង​កន្លែង​តាម​ការ​ស្នើសុំ​ព្រោះ​ ពលរដ្ឋ​សុទ្ធតែ​មាន​ឯកសារ​កាន់កាប់​ដី​ស្រប​ច្បាប់៖ «ដី​មួយ​ចំនួន​គឺ​មាន​លិខិត​ចេញ​ដោយ​ក្រសួង​ដែនដី​ទៀត ឬ​ហៅ​ថា​ប័ណ្ណ​កម្មសិទ្ធិ ឬ​ប្លង់​រឹង។ មួយ​ចំនួន​ទៀត​មានការ​ទទួលស្គាល់​ត្រឹម​អាជ្ញាធរ​ភូមិ​និង​ឃុំ​ ហើយ​គ្រួសារ​មួយ​ចំនួន​តូច​ទៀត ក៏​មាន​ការ​ទិញ​លក់​ដែរ​ ប៉ុន្តែ​ការ​ទិញ​លក់​នោះ​មាន​ការ​ទទួល​ស្គាល់​ពី​អាជ្ញាធរ​ត្រឹមត្រូវ​ដែរ​ និង​ទិញ​នៅ​មុន​ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​ទៀត។ ដូច្នេះ​គួរ​តែ​ដោះ​ស្រាយ​ជូន​ពួក​គាត់​មិន​អាច​អូស​បន្លាយ​ជាង ១០ឆ្នាំ​នោះ​ទេ។ រដ្ឋាភិបាល​ ក៏​បាន​ចេញ​សេចក្ដី​សម្រេច​មួយ​ដែរ​លេខ៣៣២​ ដែល​ចែង​ថា​ រយៈ​ពេល ៣ឆ្នាំ​ បើ​ក្រុម​ការងារ​អន្តរក្រសួង​សម្រប​សម្រួល​ដោះ​ស្រាយ​មិន​ចេញ​ទេ គឺ​ត្រូវ​កាត់​ឆ្វៀល​ដី​ជូន​ប្រជាពលរដ្ឋ»

លោកស្រី​ សាំង​ ពុយ​ រៀបរាប់​ថា ​ជីវភាព​ប្រជាពលរដ្ឋ​កាន់តែ​ស្រុត​ចុះ​ដុនដាប​ទៅៗ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ព្រោះ​គ្មាន​ដី​បង្កបង្កើន​ផល​គ្មាន​មុខ​របរ​ដូច​មុន​ហើយ​ជំពាក់​បំណុល​ធនាគារ​កាន់​តែ​ច្រើន​ៗ ឡើង។ លោកស្រី​ សាំង​ ពុយ​ លើក​ឡើង​ថា ​ក្រសួង​ដែនដី​ ត្រូវ​តែ​ជួយ​ពន្លឿន​ដំណោះ​ស្រាយ​បញ្ចប់​វិវាទ​ដីធ្លី​ឱ្យ​ពួក​គាត់​ឆាប់ៗ ប្រសិន​បើ​បើ​មិន​ចង់​ឃើញ​ពួក​គាត់​ដើរ​តវ៉ា​បន្ត​ទៀត​នោះ​ទេ។

តាម​គម្រោង​នៅ​ថ្ងៃ​ទី៧ ខែ​ឧសភា អ្នកស្រី​ រ៉ូណា ស្មីត នឹង​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​លោក​ ម៉ម​ ប៊ុនហេង​ នៅ​ម៉ោង ៨កន្លះ​ព្រឹក​ បន្ទាប់​មក​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ផែនការ​លោក​ ឆាយ​ ថន​ និង​អគ្គនាយក​នៃ​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​លោកស្រី​ ហង់​ លី​ណា​ នៅ​ម៉ោង ១០កន្លះ​ព្រឹក​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​លោក​ ប្រាក់​ សុ​ខុន​ នៅ​ម៉ោង ៣រសៀល។ ចំណែក​នៅ​ម៉ោង​ ៤រសៀល ​គឺ​អ្នក​ស្រី រ៉ូណា ស្មីត នឹង​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែន​លោក ជា សុផារ៉ា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។