សមាគមការពារសិទ្ធិមនុស្ស អាដហុក បានសម្រេចផ្តល់មេធាវីការពារក្តីឱ្យសកម្មជនសិទ្ធិការងារ លោក រ៉ាត់ រត្នមុនី តាមការស្នើសុំរបស់ក្រុមគ្រួសារលោក។ មេធាវីអះអាងថា នឹងចូលជួបលោក រត្នមុនី នៅពេលឆាប់ៗ នេះ ដើម្បីទទួលបានសិទ្ធិការពារក្តីរឿងនេះដោយពេញលេញ ខណៈគ្រួសាររបស់លោកគ្រោងនឹងកៀរគរសកម្មជនដីធ្លី និងសហគមន៍មួយចំនួន ដើម្បីតស៊ូមតិឱ្យមានការដោះលែងរូបលោក។
មេធាវីសមាគមអាដហុកលោក លោក សំ ទិត្យសីហា ថ្លែងប្រាប់អាស៊ីសេរីនៅថ្ងៃទី១៤ ធ្នូថា រឿងសំខាន់ ដែលលោកគ្រោងធ្វើ ក្រោយពេលទទួលបានសិទ្ធិជាមេធាវីការពារក្តីនោះ គឺការដាក់ពាក្យស្នើសុំឱ្យលោក រត្នមុនី បាននៅក្រៅឃុំ មុននឹងគិតគូរទៅលើនីតិវិធីផ្សេងទៀត។ លោកថ្លែងថា លោកមិនទាន់អាចបកស្រាយបានយ៉ាងណានៅឡើយទេជុំវិញរឿងនេះ ព្រោះលោកមិនទាន់បានសិក្សាករណីនេះឱ្យលម្អិតនៅឡើយ។
ក៏ប៉ុន្តែមេធាវីរូបនេះ បញ្ចេញយោបល់ថា ប្រសិនបើមុនពេលថតភាពយន្តឯកសារនេះ មានការព្រមព្រៀងពីតួអង្គក្នុងសាច់រឿង និងមានការអនុញ្ញាតឱ្យថតពីស្ថាប័នពាក់ព័ន្ធនោះ ការចោទប្រកាន់លោក រត្នមុនី គឺជារឿងមិនសមហេតុផលឡើយ។ លោកស្នើសុំឱ្យតុលាការដោះលែងលោក រត្នមុនី ឱ្យបាននៅក្រៅឃុំ ព្រោះលោកយល់ថា សកម្មជនសិទ្ធិការងាររូបនេះមិនមានបំណងបំផ្លាញកិត្តិយសជាតិ ដូចការចោទប្រកាន់នោះឡើយ៖ «គាត់មិនអាចធ្វើបានដោយគ្មានការអនុញ្ញាតនោះទេ។ ខ្ញុំក៏បានជួបជាមួយក្រុមគ្រួសារគាត់ដែរ ឃើញមានលិខិតអនុញ្ញាតពីក្រសួង និងស្ថាប័នពាក់ព័ន្ធមួយចំនួនទាក់ទងនឹងការឱ្យគាត់ផលិតហ្នឹង។ ទាក់ទងនឹងការផ្សព្វផ្សាយ ខ្ញុំគិតថា បើការផ្សព្វផ្សាយ វាប៉ះពាល់ អ៊ីចឹងក្រសួងព័ត៌មានដែលជាក្រសួងសាម៉ីហ្នឹងគាត់អាចបិទការផ្សព្វផ្សាយតាមប្រព័ន្ធយូធូប (YouTube) បាន។ ទាក់ទងនឹងបទញុះញង់ឱ្យមានការរើសអើង ខ្ញុំគិតថា ដូចជាមិនមែននោះទេ ព្រោះនេះគ្រាន់តែជាការអប់រំ ឬក៏ឆ្លុះបញ្ចាំងពីទិដ្ឋភាពនៃជីវិតអ្នកដែលត្រូវបានជួញដូរ ឬក៏អ្នកដែលត្រូវក្លាយជាអ្នកបម្រើសេវាផ្លូវភេទនៅក្នុងប្រទេសកម្ពុជាហ្នឹង»។
ចៅក្រមស៊ើបសួរតុលាការក្រុងភ្នំពេញ លោក សេង ឫទ្ធី បានចេញដីការឃុំខ្លួនលោក រ៉ាត់ រត្នមុនី កាលពីល្ងាចថ្ងៃទី១៣ ធ្នូ ក្រោយពេលបញ្ចប់ការសាកសួរផ្ទាល់មាត់ គ្រាដែលលោក រត្នមុនី មិនទាន់មានមេធាវីនៅឡើយ។ ប្រធានសហព័ន្ធសហជីពកម្មករសំណង់កម្ពុជារូបនេះ ត្រូវបានចោទប្រកាន់ពីបទ “ញុះញង់ឱ្យមានការរើសអើង” តាមមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌ។
អាជ្ញាធររបបក្រុងភ្នំពេញបានចោទលោក រត្នមុនី ថា បានផលិតវីដេអូបែបប្រឌិត ប៉ះពាល់ដល់កិត្តិយសស្ត្រីខ្មែរ និងបំផ្លាញកេរ្តិ៍ឈ្មោះកម្ពុជា។ ភាពយន្តឯកសារនោះ មានចំណងជើងថា “ម្តាយខ្ញុំ លក់ខ្ញុំ” បង្ហាញពីស្តី្រវ័យក្មេង ៣នាក់ ត្រូវបានលក់ឱ្យបម្រើផ្លូវភេទ ដើម្បីដោះស្រាយជីវភាពគ្រួសារ។ លោក រត្នមុនី បានជួយផលិតវីដេអូនេះ ឱ្យសារព័ត៌មាន RT (Russia Today) របស់រុស្សី។
ភរិយារបស់លោក រត្នមុនី អ្នកស្រី ឡុង គីមហ៊ាង ថ្លែងប្រាប់អាស៊ីសេរីទាំងសំឡេងយំខ្សឹកខ្សួលថា អ្នកស្រីរន្ធត់ចិត្តជាខ្លាំង ក្រោយពេលឃើញស្វាមីជាប់ឃុំនៅក្នុងពន្ធនាគារព្រៃស។ អ្នកស្រីអះអាងថា ស្វាមីរបស់អ្នកស្រីត្រូវបានគេកោរសក់ និងឱ្យស្លៀកសម្លៀកបំពាក់អ្នកទោស ហើយគាត់មានស្មារតីភ័យតក់ស្លុត និងមិននិយាយអ្វីបានច្រើនឡើយ៖ «ខ្ញុំទៅជួបប្តីខ្ញុំហើយថ្ងៃមិញ។ បងប្អូនអើយ ប្តីខ្ញុំអត់អ៊ីចឹងទេ ប្រែប្រួលអស់ហើយ។ គាត់ទៅជាភ័យ ទៅជាខ្លាច។ គាត់ទៅតក់ស្លុត ហើយគេកោរត្រងោលក្បាលប្តីខ្ញុំ គេឱ្យប្តីខ្ញុំស្លៀកពាក់អ្នកទោស ហើយប្តីខ្ញុំភ្លេចភ្លាំង ស្តាប់ខ្ញុំនិយាយអត់សូវបាន។ គាត់ដូចជាមិនសូវស្តាប់ខ្ញុំ មិនដឹងថា គាត់មានរឿងអ្វី ? គាត់ចេះតែខ្លាចៗ ចេះតែចង់រត់ចូលទៅក្នុងវិញ។ ពេលដែលខ្ញុំព្យាយាមសួរថា តើគេមានវាយដំបងទេ ធ្វើបាបបងទេ ? គាត់ឆ្លើយថា អត់មានទេ។ ហើយមួយទៀត គាត់បានរៀបរាប់ថា គាត់បានធ្វើការរបស់គាត់ហើយ។ វីដេអូដែលបានផ្សាយទៅ គឺបង្ហាញអំពីបញ្ហាដែលកើតមានឡើងនៅកម្ពុជា។ អ្វីដែលត្រូវបន្ត គឺអ្នកពាក់ព័ន្ធទាំងអស់ រួមទាំងរដ្ឋាភិបាលកម្ពុជាដោះស្រាយបញ្ហាហ្នឹងទៅ។ គាត់បានធ្វើការងារគាត់ ហើយគ្រប់គ្នាគួរតែធ្វើការងាររបស់ខ្លួនតាមតួនាទីដែរទៅ នេះជាអ្វីដែលគាត់បាននិយាយ»។
ចំណាត់ការផ្លូវច្បាប់របស់អាជ្ញាធររបបក្រុងភ្នំពេញលើលោក រ៉ាត់ រត្នមុនី នេះ បានរងការថ្កោលទោសពីក្រុមអ្នកការពារសិទ្ធិមនុស្សជាតិ និងអន្តរជាតិថា រឿងមិនត្រឹមត្រូវ និងមិនសមហេតុផល។ ក្រុមអ្នកការពារសិទ្ធិមនុស្សយល់ថា ចំណាត់ការនេះធ្វើឡើងដោយសារអាជ្ញាធររបបក្រុងភ្នំពេញមានភាពអាម៉ាស់ ដោយសារភាពយន្តឯកសារ “ម្តាយខ្ញុំ លក់ខ្ញុំ” បានលាតត្រដាងពីអំពើជួញដូរផ្លូវភេទលើកុមារ ដែលរបបក្រុងភ្នំពេញអសមត្ថភាពក្នុងការទប់ស្កាត់ និងដោះស្រាយឱ្យមានប្រសិទ្ធភាព។ ពួកគេជំរុញឱ្យរបបនេះ ទម្លាក់ចោលបទចោទប្រកាន់ប្រឆាំងលោក រត្នមុនី និងដោះលែងរូបលោកឱ្យមានសេរីភាពវិញ។ ចំណែកអ្នកស្រី ឡុង គីមហ៊ាង វិញ អះអាងថា អ្នកស្រីនឹងធ្វើសកម្មភាពតស៊ូមតិគ្រប់បែបយ៉ាង ដើម្បីឱ្យមានការដោះលែងស្វាមីមកវិញ ព្រោះអ្នកស្រីជឿជាក់ថា ស្វាមីអ្នកស្រីគ្មានកំហុសអ្វីឡើយក្នុងរឿងនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។