អាជ្ញាធរ​ថា គម្រោង​ឱ្យ​​វៀតណាម​មក​រស់​លើ​ដី ៤០​ហិកតារ គឺ​ឈរ​លើ​គោលការណ៍​សិទ្ធិមនុស្ស

0:00 / 0:00

អាជ្ញាធរ​កំពង់ឆ្នាំង អះអាង​ថា គម្រោង​ការ​ផ្ដល់​ដី ៤០​ហិកតារ​ដល់​ជនជាតិ​វៀតណាម នៅ​ខេត្ត​កំពង់ឆ្នាំង គឺ​ឈរ​លើ​គោលការណ៍​សិទ្ធិមនុស្ស​។ ចំណែក​មន្ត្រី​សង្គម​ស៊ីវិល​និយាយ​ថា គេ​ក៏​ចង់​ឃើញ​រដ្ឋាភិបាល​ផ្ដល់​ដំណោះស្រាយ​ដីធ្លី​ដល់​ពលរដ្ឋ​របស់​ខ្លួន ដោយ​ឈរ​គោល​ការណ៍​សិទ្ធិមនុស្ស ដូច​ដែល​រដ្ឋាភិបាល​ដោះស្រាយ​ឱ្យ​ជនជាតិ​វៀតណាម​ដែរ។

មន្ត្រី​រដ្ឋាភិបាល​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ទី​១២ ខែ​ធ្នូ ស្ដីពី “​ផែនការ​បន្លាស់​ទី​ប្រជាពលរដ្ឋ​រស់នៅ​លើ​ផ្ទះ​បណ្ដែត​ទឹក​ឱ្យ​ឡើង​រស់នៅ​លើគោក​វិញ នៅ​លើ​ផ្ទៃដី ៤០​ហិកតារ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​” មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា គម្រោង​នេះ​មិនមែន​ជា​ការ​ផ្តល់​ដី ឬ​កាត់​ដី​ទៅ​ឱ្យ​ជនជាតិ​វៀតណាម​ទេ គឺ​គ្រាន់តែ​រៀបចំ​ឱ្យ​មានការ​​បន្លាស់​ទី​​អ្នក​ទាំងនោះ​ពី​ទឹក​មក​គោក​វិញ​ប៉ុណ្ណោះ​។

​អភិបាលរង​ខេត្ត​កំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធ លើកឡើង​ថា ជនជាតិ ដែល​គ្រោង​​បន្លាស់​ទី​​ជា​ជន​អន្តោ​ប្រវេសន៍​ស្របច្បាប់​។ លោក​ថា ដូច្នេះ​អាជ្ញាធរ​ត្រូវ​អនុវត្ត​ដោយ​ឈរ​លើ​គោលការណ៍​គោរព​សិទ្ធិមនុស្ស និង​ច្បាប់​អន្តោប្រវេសន៍៖ «រដ្ឋាភិបាល​យើង​ឬ​អាជ្ញាធរ​ខេត្ត​មិន​ធ្វើអំពើ​ឃោរឃៅ​ដូច​សម័យ ប៉ុល ពត ឬ​លន់ នល់ ដែល​បាញ់​សម្លាប់​មនុស្ស​ទេ ឃោរឃៅ​ណាស់ ហើយ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​អ៊ីចឹង​សុំ​កុំ​យក​រឿង​នេះ​ធ្វើជា​ខែល​ដើម្បី​បង្កើត​ជា​ការ​ញុះញង់​ដែល​ធ្វើ​ឱ្យ​ខ្មែរ​មាន​ការ​ច្របូកច្របល់»។

អ្នក​សម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទិ្ធ​មនុស្ស​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក វណ្ណ សុផាត ស្វាគមន៍​ចំពោះ​ការ​គោរព​សិទ្ធិមនុស្ស​លើ​ជនជាតិភាគតិច​បែបនេះ​។ មន្ត្រី​សង្គម​ស៊ីវិល​​រូប​នេះ​បន្ត​ថា លោក​ក៏​ចង់​ឃើញ​អាជ្ញាធរ ឬ​រដ្ឋាភិបាល អនុវត្ត​គោលការណ៍​សិទ្ធិមនុស្ស​បែបនេះ​ឱ្យ​ទូទៅ​ដោយ​មិន​រើសអើង៖ «គោលការណ៍​សិទ្ធិ យើង​ត្រូវតែ​ធ្វើ​យ៉ាងម៉េច​ឱ្យ​មាន​តុល្យភាព​ដើម្បី​លើកស្ទួយ​សិទ្ធិមនុស្ស​គ្រប់រូប​ដោយ​មិន​ប្រកាន់​ពូជ​សាសន៍ ពណ៌​សម្បុរ ភេទ សាសនា​អី​ទេ»។

រីឯ​អ្នកនាំពាក្យ​សមាគម​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា សង្កេត​ឃើញ​ថា អាជ្ញាធរ ឬ​រដ្ឋាភិបាល​បាន​ខកខាន​គោរព​សិទ្ធិមនុស្ស​លើ​ពលរដ្ឋ​របស់​ខ្លួន ដែល​មាន​បញ្ហា​ដីធ្លី ដោយ​ពលរដ្ឋ​​មួយ​ចំនួន​រង​ការ​បណ្ដេញ​ចេញ​ដោយ​មិន​បាន​ទទួល​ដីធ្លី ដែល​មាន​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ត្រឹមត្រូវ​ទេ​។ លោក​បន្ត​ថា មូលហេតុ​ដែល​ធ្វើ​ឱ្យ​រដ្ឋាភិបាល​រង​ការរិះគន់​ពី​គម្រោង​​បន្លាស់​ទី​ជនជាតិ​វៀតណាម​ពី​សំណាក់​មហាជន​នានា ក៏​ព្រោះតែ​រដ្ឋាភិបាល​ហាក់​ដូចជា​គិតគូរ​ជាតិ​សាសន៍​ដទៃ ជាង​ជាតិ​សាសន៍​ឯង៖ «ជា​ចម្បង​បំផុត​ គឺ​សិទ្ធិ​ដែល​ចាំបាច់​បំផុត​ គឺ​កាតព្វកិច្ច​ត្រូវតែ​បំពេញ​លើ​ពលរដ្ឋ​របស់​ខ្លួន​ឱ្យ​ល្អ​ប្រសើរ​ចាំ​យើង​បន្ត​គិតគូ​ទៅ​ ជាតិ​សាសន៍​ផ្សេង​ណា ក្នុង​ពេលនេះ​យើង​មិន​ដឹង​ថា អ្នក​ទាំង​អស់ហ្នឹង​ ដែល​មក​កម្ពុជា​ គឺ​គាត់​គោរព​តាមច្បាប់​របស់​កម្ពុជា​ ឬ​អត់»។

អភិបាលរង​ខេត្ត​កំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធ ឱ្យ​ដឹង​ថា ពេលនេះ​អាជ្ញាធរ​កំពុង​ពន្លឿន​ការ​ចាក់ដី និង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​នានា ដើម្បី​អនុញ្ញាត​ឱ្យ​អ្នក​បន្លាស់​ទី​ចូល​ទៅ​សង់​ទីលំនៅ​រស់នៅ​។ លោ​កថា​បច្ចុប្បន្ន​នេះ ទើប​តែ​មាន​ប្រជាពលរដ្ឋ​ប្រមាណ ១០០​ផ្ទះ​ប៉ុណ្ណោះ ទៅ​រស់នៅ​លើ​ដី​នោះ​។ លោក​អះអាង​ថា អ្នក​ដែល​ត្រូវ​បាន​រៀបចំ​ឱ្យ​​បន្លាស់​ទី​មាន​ចំនួន​ប្រមាណ ៤.៥៦៣​គ្រួសារ ក្នុង​នោះ​ជនអន្តោប្រវេសន៍​វៀតណាម​មាន​ ២.៣៧៩​គ្រួសារ ស្មើនឹង​ ១០.០៨៧​នាក់​។ ក្រៅពីនោះ គឺជា​ប្រជាពលរដ្ឋ​ខ្មែរ និង​ខ្មែរ​-​ឥស្លាម។

ចំណែក​ក្រុម​ពលករ​ធ្វើការ​នៅ​ប្រទេស​កូរ៉េខាងត្បូង និង​ប្រទេស​ថៃ​វិញ ស្នើ​ទៅ​របប​ក្រុងភ្នំពេញ​ឱ្យ​បញ្ឈប់​គម្រោង​ការ​ផ្តល់​ដី ៤០​ហិកតារ​ដល់​ជនជាតិ​វៀតណាម​នៅ​ខេត្ត​កំពង់​ឆ្នាំនេះ​។ ពេលនេះ​ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េខាងត្បូង កំពុង​ដើរ​ប្រមូល​ស្នាម​ដៃ​របស់​ពលករ ដើម្បី​ធ្វើ​ញត្តិ​ប្រឆាំង​គម្រោង​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។