អ្នក​ជំនាញ​ច្បាប់​និង​សិទ្ធិមនុស្ស​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ប្តឹង​អ.ស.ប​ករណី​ថៃ​យក​ច្រវាក់​ចង​ពលករ​ខ្មែរ

អ្នក​ជំនាញ​ធ្វើ​ការងារ​ផ្នែក​ច្បាប់ និង​សិទ្ធិមនុស្ស​ជំរុញ​ដល់​អាជ្ញាធរ​ឱ្យ​មាន​វិធានការ​ជាក់លាក់​រួម​ទាំង​ប្តឹង​ទៅ​អង្គការ​សហប្រជាជាតិ​ផង ករណី​សមត្ថកិច្ច​ថៃ​ចាប់​ពលករ​ខ្មែរ​ដាក់​ច្រវាក់​ជា​ក្រុមៗ​។ ទោះជា​រូបភាព​ដាក់​ច្រវាក់​នោះ​ផ្សព្វផ្សាយ ប្រមាណ​កន្លះ​ខែ​មក ហើយក៏​ដោយ ក៏​នៅ​មិន​ទាន់​មាន​ឃើញ​ប្រតិកម្ម​ជាក់លាក់​ណាមួយ​ពី​អាជ្ញាធរ​កម្ពុជា​ទេ។

អ្នកជំនាញ​ធ្វើការ​លើ​ផ្នែក​ច្បាប់ និង​សិទ្ធិមនុស្ស​ចាត់ទុក​សកម្មភាព​សមត្ថកិច្ច​ថៃ​ចាប់​ពលករ​ខ្មែរ​ដាក់​ច្រវាក់​ជា​ក្រុមៗ​នោះ ជា​ទម្រង់​នៃ​ការ​ធ្វើ​ទារុណកម្ម និង​ប្រមាថ​ជាតិ​សាសន៍​ហើយ​រដ្ឋាភិបាល​មាន​កាតព្វកិច្ច​ចេញ​សេចក្តី​ថ្លែងការណ៍​ប្រតិកម្ម ឬ​ប្តឹង​ទៅ​អង្គការ​សហប្រជាជាតិ។

ប្រធាន​កម្មវិធី​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ទេសន្តរប្រវេសន៍​នៃ​អង្គការ​សង់ត្រាល់ លោក ឌីថេ ហូយ៉ា មាន​ប្រសាសន៍​ថា រូបភាព​ពលរដ្ឋ​ខ្មែរ ជាប់​ច្រវាក់ ជា​ក្រុម​នោះ គឺ​ជា​សកម្មភាព​ដែល​យោធា​ថៃ​ចុះ​បង្ក្រាប​អ្នក​រស់នៅ​ក្នុង​ទីក្រុង​បាងកក​ខុសច្បាប់។

លោក ឌីថេ ហូយ៉ា បន្ត​ថា ពេល​នោះ​សមត្ថកិច្ច​ថៃ​ចាប់​ខ្លួន ពលករ​បរទេស ជាង ៨០០​នាក់​។ លោក ឌីថេ អូយ៉ា ចាត់ទុក​សកម្មភាព​សមត្ថកិច្ច​ថៃ​នេះ​ថា ហួស​ពី​វិធានការ​អនុវត្តន៍​ច្បាប់ ហើយ​បើ​មិន​មាន​វិធានការ​ពី​អាជ្ញាធរ​កម្ពុជា​ទេ នោះ​ពលរដ្ឋ​ខ្មែរ​នឹង​បន្ត​រងគ្រោះ​ច្រើន​ទៀត។

លោក ឌីថេ ហូយ៉ា៖ «នៅ​ពេល​ដែល​មានការ​អនុវត្ត​​នូវ​អំពើ​ទារុណកម្ម​វា​លើស​ពី​មនុស្សធម៌​សិទ្ធិមនុស្ស ទាំងអស់​ហ្នឹង​វា​គួរតែ​ចេញ​សេចក្តី​ថ្លែងការណ៍​ណាមួយ​បញ្ឈប់​កុំ​ឱ្យ​មាន​រូបភាព​បែប​ហ្នឹង​ទៀត។ អាហ្នឹង​រូបភាព​ដែល​យើង​ឃើញ​ចុះ​រូបភាព​ដែល​យើង​មិន​ឃើញ​ច្រើន​ទៀត។ វា​អាច​កើតមាន​លើ​ពលរដ្ឋ​យើង អ៊ីចឹង​ហើយ​រដ្ឋាភិបាល​ត្រូវ​គិតគូរ​លើ​បញ្ហា​ហ្នឹង»។

រូបភាព​ដែល​ចែកចាយ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​គឺ​មាន​មនុស្ស​វ័យ​កណ្តាល​អាយុ​ពី​២០ ទៅ​៤៥​ឆ្នាំ ដៃ​ជាប់ច្រវាក់​ភ្ជាប់​គ្នា​ជា​ក្រុម​អង្គុយ​លើ​ឡាន​ទ្រុង​សមត្ថកិច្ច ក្នុង​ស្ថានភាព​ទឹកមុខ​ស្រពោន ខ្លះ​ក៏​ឱន​មុខ​ចុះក្រោម។

សាស្ត្រាចារ្យ និង​ជា​អ្នក​ប្រឹក្សា​យោបល់​ផ្នែក​ច្បាប់​លោក ស៊ឹម វិបុល ពន្យល់​ថា ពលរដ្ឋ​ដែល​ឆ្លង​ដែន​ឬ​រស់នៅ​ក្នុង​ប្រទេស​ណាមួយ​ខុសច្បាប់ ម្ចាស់​ប្រទេស​មាន​សិទ្ធិ​ចាប់ខ្លួន។ ប៉ុន្តែ​លោក​ថា ករណី​សមត្ថកិច្ច​ថៃ​ដាក់​ច្រវាក់​ពលរដ្ឋ​ខ្មែរ​នេះ​ជា ជា​ទម្រង់ នៃ​ការ​ធ្វើ​ទារុណ ឬ​ប្រមាថមើលងាយ។

លោក​បន្ត​ថា ករណីនេះ កម្ពុជា​ជា​ប្រទេស​សាមី​មាន​កាតព្វកិច្ច​ដាក់​កំណត់​ទូត ទៅ​រដ្ឋាភិបាល​ថៃ ឬ​ប្តឹង​ទៅ​ស្ថាប័ន​អន្តរជាតិ​នានា​រួម​ទាំង​អង្គការសហប្រជាជាតិ។

លោក លោក ស៊ឹម វិបុល៖ «ក្នុង​ច្បាប់​អន្តរជាតិ​គេ​អនុញ្ញាត​ឱ្យ​យើង​ក្នុង​ឋានៈ​ជា​រដ្ឋ​ហ្នឹង​ធ្វើ​កំណត់​ទូត​ដើម្បី​តវ៉ា​ទាមទារ​ឱ្យ​គេ អនុវត្តន៍​តាម​បទដ្ឋាន ឬ​ស្តង់ដារ​សិទ្ធិមនុស្ស​អ៊ីចឹង​ទៅ។ ដំបូង​រដ្ឋ​ទ្វេភាគី​ហ្នឹងហើយ​បើ​អត់​ទេ យើង​ត្រូវ​មាន​សិទ្ធិ​ធ្វើ​របាយការណ៍​ធ្វើ​អីចឹង​ទៅ​ដាក់​ចូល​ទៅ​ក្នុង​សន្និបាត​អង្គការ​សិទ្ធិមនុស្ស​អីចឹង​ទៅ​ដើម្បី​តវ៉ា​រឿង​ហ្នឹង»។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​លោក អាន សុខឃឿន និង​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ ដើម្បី​អត្ថាធិប្បាយ​បាន​ទេ នៅ​ថ្ងៃទី​៣ ខែ​មីនា។

លោក អាន សុខឃឿន ប្រាប់​វិទ្យុ​បារាំង​ផ្សាយ​ជា​ខេមរភាសា​ថា រូបភាព​ជាប់ច្រវាក់ ដៃ​ជា​ក្រុម​នោះ​ពិតជា​រូប​ពលករ​ខ្មែរ​ដែល​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន​មែន។

ទោះយ៉ាង​ណា​ទាំង​ក្រសួង​ការបរទេស​កម្ពុជា និង​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​មិន​ឃើញ​មាន​វិធានការ​ច្បាស់លាស់​លើ​ករណី​នេះ​ទេ។ សូម្បីតែ​នៅ​លើ​ផេក​ហ្វេសប៊ុក របស់​ស្ថាប័ន​ទាំង​២ ក៏​មិនឃើញ​មាន​និយាយ​ពី​ពលករ​ខ្មែរ​ដែល​រង​ការ​ធ្វើបាប​នេះ​ដែរ។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​ការ​ស៊ើប​អង្កេត​លើ​ករណី​នេះ ដើម្បី​ស្វែង​រក​ការពិត​។ លោក​បន្ត​ថា បើ​រក​ឃើញ​សមត្ថកិច្ច​ថៃ​បាន​ធ្វើ​បែប​នេះ​មែន គឺ​ជា​ការ​រំលោភបំពាន ដែល​កម្ពុជា​ត្រូវ​មាន​វិធានការ​បន្ត។

លោក ស៊ឹង សែនករុណា៖ «បើសិនជា​រក​ឃើញ​រឿង​នេះ​កើតឡើង​តែ​លើ​ពលរដ្ឋ​កម្ពុជា យើង​អាច​ចោទ​ប្រកាន់​ថា ថៃ​កំពុងតែ​ប្រព្រឹត្តិ​ដោយ​រើសអើង​លើ​ជនជាតិ​កម្ពុជា​តែម្តង។ អ៊ីចឹង​ចំណុច​ទាំងអស់​នេះ​នៅក្នុង​គោលការណ៍​សេចក្តី​ប្រកាស​ជា​សកល និង​កតិកាសញ្ញា​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ​របស់​អន្តរជាតិ​ហ្នឹង គឺ​គេ​ហាម​ដាច់ខាត​ពី​ការរើសអើង​ជាតិ​សាសន៍ ឬ​ក៏​សាសនា»។

លោក ឌីថេ ហូយ៉ា បញ្ជាក់​ថា នេះ​គ្រាន់តែ​រូបភាព​ដែល​មាន​ការចែក​ចាយ​តាម​បណ្ដាញ​សង្គម​តែ​ប៉ុណ្ណោះ ហើយ​លោក​បារម្ភ​ថា សកម្មភាព​ការ​ធ្វើ​ទារុណ​ផ្សេងៗ ទៀត​ក៏​កើតមាន​ដែរ​តែ​មិន​មាន​អ្នក​ដឹង ខណៈ​លោក​ថា សន្ទុះ​ពលករ​ខ្មែរ​សម្រុក​ឆ្លងដែន​ទៅ​រក​ការងារ​ធ្វើ​នៅក្នុង​ប្រទេស​ថៃ មិន​មាន​ការ​ថយ​ចុះ​នោះ​ទេ។

ទន្ទឹម​នឹង​ពលរដ្ឋ​ជួប​ការ​លំបាក​ផ្នែក​សេដ្ឋកិច្ច ឬ​ជាប់បំណុល​កាន់តែ​ច្រើន ហើយ​ធ្វើ​ចំណាក​ស្រុក​ទៅ​ទៅ​ថៃ​បន្តបន្ទាប់​ទាំង​ប្រឈម​គ្រោះថ្នាក់​នេះ លោក​ហ៊ុន សែន ក៏​បន្ត​ផ្សព្វផ្សាយ​ពី​រដ្ឋាភិបាល​ដែល​លោក​ដឹកនាំ​មាន​បេះដូង​ធំ មានចិត្ត​ល្អ។

លោក ហ៊ុន សែន ថ្លែង​ថា ការ​មិន​គិតលុយ​ពី​ប្រតិភូ​បរទេស​មក​ចូលរួម ការប្រកួត​ស៊ី​ហ្គេម​នេះ​ជា​ចំណុច​នៃ​ទឹក​ចិត្តល្អ​របស់​លោក​ដែល​ធ្លាប់​ធ្វើ​កន្លងមក​ជាច្រើន​។ លោក​បន្ត​ថា បើ​កម្ពុជា​ជា​ប្រទេស​មាន​ទ្រព្យ​សម្បត្តិ​ច្រើន លោក​នឹង​ធ្វើ​ល្អ ឱ្យ​បាន​ជាង​នេះ​ឱ្យ​ពិភពលោក​ដឹង។

លោក ហ៊ុន សែន៖ «សម្រាប់​កម្ពុជា​ប្រទេស​តូច​ក្រ​តែ​ថ្លើមធំ​។ ខ្លះ​វា​បង្អាប់​ឯង​ថា​ថ្លើមធំ​ហ្នឹង​ទាល់តែ​មហារីក តែ​សូម​បញ្ជាក់ នេះ​ជា​ទឹកចិត្ត​របស់​កម្ពុជា​ដែល​កម្ពុជា​មាន។ ហើយ​ខ្ញុំ​ជម្រាប​ជូន បើ​ខ្ញុំ​មាន​ប៉ុណ្ណឹង​ខ្ញុំ​ផ្តល់​​ជំនួយ​ទៅ​ក្រៅប្រទេស​ច្រើន សូម្បីតែ​ក្រ​ប៉ុណ្ណឹង​ពេល​កូវីដ​ខ្ញុំ​នាំ​ជំនួយ​ទៅដល់​នេប៉ាល់ ទីម័រឡេស ដល់​វៀតណាម ដល់​ឡាវ ដល់​មីយ៉ាន់ម៉ា ហើយ​ហ៊ាន​ផ្តល់​ជំនួស​ទៅ​ដល់​គុយ​ប៉ា»។

នៅ​លើ​ហ្វេសប៊ុក​ផេក​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​មិន​មាន​ប្រតិកម្ម ចំពោះ​សមត្ថកិច្ច​ថៃ​យក​ច្រវាក់​ចង​ពលរដ្ឋ​ខ្មែរ​នេះ​ដែរ។

របាយការណ៍​អង្គការ​សង់ត្រាល់​បង្ហាញ​ថា ពលរដ្ឋ​កម្ពុជា​កំពុង​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស ថៃ​មាន​ប្រមាណ​២​លាន​នាក់ ក្នុង​នោះ​ពាក់កណ្តាល​មិន​មាន​ឯកសារ​ស្របច្បាប់​ទេ។ ទន្ទឹម​នឹង​នេះ ពលរដ្ឋ​ដែល​បាត់បង់​ការងារ​ធ្វើ​ក្នុង​វិស័យ​សំណង់ ការងារ​រោងចក្រ និង​កសិកម្ម បាន​បន្ត​ឆ្លងដែន​ទៅ​ប្រទេស​ថៃ​រក​ការងារ​ធ្វើ​រាល់​ថ្ងៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។