ក្រុមសង្គមស៊ីវិលជាតិ និងអន្តរជាតិ បន្តទាមទារជាថ្មីទៀត ឱ្យអាជ្ញាធរកម្ពុជាបង្កើតគណៈកម្មការឯករាជ្យមួយ ដើម្បីស៊ើបអង្កេតករណីឃាតកម្មបណ្ឌិត កែម ឡី ឱ្យបានពេញលេញ និងមានតម្លាភាព។ ការទាមទារនេះ ដោយសារក្រុមសង្គមស៊ីវិលទាំងនេះ ពិនិត្យឃើញថា រយៈពេល ៥ឆ្នាំកន្លងមកនេះ មិនទាន់មានយុត្តិធម៌សម្រាប់បណ្ឌិត កែម ឡី និងគ្រួសាររបស់គាត់នៅឡើយទេ។
ក្រុមអង្គការសង្គមស៊ីវិល សមាគម សហជីព ទាំងជាតិ និងអង្គការអន្តរជាតិ ចំនួន ៤៥ស្ថាប័ន ចេញសេចក្ដីថ្លែងការណ៍រួមគ្នាមួយ នៅថ្ងៃទី៩ ខែកក្កដា ក្រោមចំណងជើងថា៖ «គ្មានយុត្តិធម៌ទាល់តែសោះរហូតមកដល់ខួប ៥ឆ្នាំនៃឃាតកម្មលើបណ្ឌិត កែម ឡី»។ សេចក្ដីថ្លែងការណ៍នេះ ធ្វើឡើងមួយថ្ងៃ មុនខួបគម្រប់ ៥ឆ្នាំនៃការបាញ់សម្លាប់អ្នកវិភាគនយោបាយដ៏លេចធ្លោ បណ្ឌិត កែម ឡី។
ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ បន្តទាមទារជាថ្មីឱ្យរដ្ឋាភិបាលកម្ពុជាបង្កើតគណៈកម្មការស៊ើបអង្កេតដោយឯករាជ្យ និងឥតលម្អៀង ដើម្បីស៊ើបអង្កេតករណីឃាតកម្មបណ្ឌិត កែម ឡី ឲ្យមានប្រសិទ្ធភាព និងអាចជឿទុកចិត្តបាន។ក្រុមអង្គការទាំងនេះ លើកឡើងថា រយៈពេល ៥ឆ្នាំមកនេះ រដ្ឋាភិបាលកម្ពុជាបានខកខានក្នុងការស្វែងរកយុត្តិធម៌ជូនបណ្ឌិត កែម ឡី និងគ្រួសាររបស់គាត់។
ក្រុមអង្គការសង្គមស៊ីវិលដែលបន្តទាមទាររកយុត្តិធម៌ជូនបណ្ឌិត កែម ឡី ក្នុងឱកាសខួប ៥ឆ្នាំនេះ មានដូចជា អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) អង្គការសមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស (APHR) មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) អង្គការតម្លាភាពកម្ពុជា (TI Cambodia) អង្គការខុមហ្វ្រែល (COMFREL) អង្គការលីកាដូ (LICADHO) សមាគមអាដហុក (ADHOC) អង្គការសង់ត្រាល់ (CENTRAL)សហព័ន្ធសហជីពកម្ពុជា (CATU) សហជីពស៊ីខៅឌូ (C.CAWDU) ព្រមទាំងសមាគម សហជីព និងអង្គការសង្គមស៊ីវិលជាច្រើនទៀត។
ជុំវិញករណីនេះ អាស៊ីសេរីមិនអាចទាក់ទងអនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅក្រមស៊ើបសួរក្នុងសំណុំរឿងឃាតកម្មបណ្ឌិត កែម ឡី គឺលោក សេង លាង និងអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ព្រមទាំងអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន ដើម្បីសុំការឆ្លើយតបបានទេ ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។ ទោះជាយ៉ាងណា កន្លងមក អាជ្ញាធររបបលោក ហ៊ុន សែន តែងតែបដិសេធក្នុងការបង្កើតគណៈកម្មការស៊ើបអង្កេតឯករាជ្យនេះឡើង។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែងប្រាប់វីអូអេ (VOA) កាលពីពេលថ្មីៗ នេះថា ជនដៃដល់ម្នាក់ ដែលបានបាញ់សម្លាប់បណ្ឌិត កែម ឡី ត្រូវបានសមត្ថកិច្ច ចាប់ខ្លួននិងផ្ដន្ទាទោសរួចហើយ ដូច្នេះសំណុំរឿងនេះ ក៏បានឈានដល់ការបិទបញ្ចប់កិច្ចស៊ើបអង្កេតផងដែរ។ លោក ចោទថា ការតវ៉ារបស់ក្រុមអង្គការសង្គមស៊ីវិលកន្លងមក គ្មានភស្តុតាង និងសក្ខីកម្មរឹងមាំនោះទេ។
ទោះជាយ៉ាងណាក្ដី កន្លងមក អង្គការគណៈកម្មការអ្នកច្បាប់អន្តរជាតិ (ICJ) និងអង្គការពាក់ព័ន្ធដទៃទៀត បានគូសបញ្ជាក់ពីចំណុចសំខាន់ៗជាច្រើនដែលមិនត្រូវបានស៊ើបអង្កេត និងដោះស្រាយគ្រប់គ្រាន់នៅក្នុងពេលជំនុំជម្រះក្តីនោះទេ។ ចំណុចទាំងនោះរួមមាន៖ ការផ្តល់ចម្លើយដែលមិនគួរឲ្យជឿទុកចិត្តរបស់ជនជាប់ចោទឈ្មោះ អឿត អាង ពាក់ព័ន្ធនឹងការបាញ់សម្លាប់បណ្ឌិត កែម ឡី ដោយសារមូលហេតុជំពាក់ប្រាក់ ៣ពាន់ដុល្លារ មិនព្រមសង តុលាការខកខានសម្ភាសន៍សាក្សី ដែលស្គាល់ជនជាប់ចោទ ដើម្បីបញ្ជាក់អំពីរឿងរ៉ាវរបស់គាត់ តុលាការលាក់បាំងវីដេអូកាមេរ៉ាសុវត្ថិភាព ដែលថតជាប់ហេតុការណ៍ទាំងអស់។លើសពីនេះ តុលាការខកខានស៊ើបអង្កេតកំណត់អត្តសញ្ញាណបុរសម្នាក់ដែលចូលទៅអង្គុយជិតលោក កែម ឡី មុនបាញ់ប្រហារ និងការខកខានស៊ើបអង្កេតកំណត់អត្តសញ្ញាណបុគ្គលផ្សេងទៀត ដែលកាន់អាវុធនៅកន្លែងឧក្រិដ្ឋកម្មនោះ។ ក្រៅពីនេះ តុលាការ ខកខានស៊ើបអង្កេតរកអ្នកលក់អាវុធឲ្យបុរសឈ្មោះ ជួប សម្លាប់ និងខកខាន ស៊ើបអង្កេតរកមើលប្រវត្តិរបស់ជនជាប់ចោទ និងទំនាក់ទំនងដែលអាចមានជាមួយមន្ត្រីយោធា ព្រមទាំងចំណុចសង្ស័យជាច្រើនទៀត។ ជាងនេះទៅទៀត តុលាការ និងអាជ្ញាធរមិនបានបង្ហាញពីដំណើរការវិវឌ្ឍនៃសំណុំរឿងទីពីរ ដែលត្រូវស៊ើបរកអ្នកពាក់ព័ន្ធនោះទេ។
ក្រុមសង្គមស៊ីវិល លើកឡើងក្នុងសេចក្ដីថ្លែងការណ៍ថា តុលាការហាក់ព្យាយាមពន្លឿនបញ្ចប់សំណុំរឿងនេះ ជាជាងការស៊ើបអង្កេតឲ្យបានស៊ីជម្រៅលើករណីឃាតកម្មនេះ រួមទាំងបង្ហាញព័ត៌មានផ្សេងៗ និងអ្នកសមគំនិតដែលអាចពាក់ព័ន្ធជាច្រើនទៀត។ ដោយសារតែការស៊ើបអង្កេតកន្លងមក មិនបានពេញលេញ និងមិនអាចជឿទុកចិត្តបាន ទើបក្រុមអង្គការទាំងនេះ ទទូចម្ដងហើយម្ដងទៀតឲ្យរបបលោក ហ៊ុន សែន បង្កើតគណៈកម្មការស៊ើបអង្កេតឯករាជ្យមួយ ដើម្បីបើកការស៊ើបអង្កេតមួយដែលឯករាជ្យ អព្យាក្រឹត្យ និងប្រកបដោយតម្លាភាព ស្របតាមបទដ្ឋាន និងគោលការណ៍ច្បាប់អន្តរជាតិ រួមមានកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ព្រមទាំងពិធីសារ មីនេសូតា ឆ្នាំ២០១៦ (Minnesota Protocol) ស្ដីអំពីការស៊ើបអង្កេតករណីឃាតកម្មប្រព្រឹត្តិដោយអាជ្ញាធរ ឬភ្នាក់ងាររដ្ឋ (Investigation of Potentially Unlawful Death)។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា មានប្រសាសន៍ថា អំពើឃាតកម្មលើបណ្ឌិត កែម ឡី បានធ្វើឲ្យសហគមន៍ជាតិ និងអន្តរជាតិ រំជើបរំជួល និងបានចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើដំណើរការស៊ើបអង្កេតរកយុត្តិធម៌សម្រាប់ជនរងគ្រោះ។ លោកបន្តថា ដំណើរការស៊ើបអង្កេត និងការកាត់ក្តីបុគ្គលឈ្មោះ អឿត អាង កន្លងមក បានបន្សល់ទុកនូវសំណួរជាច្រើន ដែលមិនទាន់មានចម្លើយពិតប្រាកដ ដូច្នេះហើយទើបក្រុមអង្គការជាតិ និងអន្តរជាតិ បន្តទាមទារឲ្យរដ្ឋាភិបាលបង្កើតគណៈកម្មការស៊ើបអង្កេត ឯករាជ្យដើម្បីលាងជម្រះនូវមន្ទិលសង្ស័យជុំវិញករណីឃាតកម្មបណ្ឌិត កែម ឡី នេះ៖ « យើងការពារកុំឲ្យជនដែលប្រព្រឹត្តល្មើសពិតប្រាកដ នៅក្រៅសំណាញ់ច្បាប់។ នេះជារឿងដើម្បីផ្តល់ជាយុត្តិធម៌សម្រាប់អ្នកដែលស្លាប់ ហើយក៏ជាការផ្តល់យុត្តិធម៌សម្រាប់សង្គមយើងផងដែរ។ ខ្ញុំគិតថា រដ្ឋាភិបាលបើសិនជាលោកយល់ថា ការស្វែងរកយុត្តិធម៌នេះ គឺជារឿងសំខាន់ ហើយគិតថា ដើម្បីជម្រះមន្ទិលសង្ស័យ កុំឲ្យមានមតិមហាជនធ្វើការទិតៀនទៅលើរដ្ឋាភិបាល ក៏ដូចជាទៅលើប្រព័ន្ធយុត្តិធម៌ ខ្ញុំគិតថា យើងគួរតែបង្កើតឲ្យមានការគណៈកម្មការស៊ើបអង្កេតឯករាជ្យ ដើម្បីស្វែងរកការពិតនៅក្នុងរឿងនេះទៅ ដូច្នេះនេះគឺជារឿងជម្រះមន្ទិលសង្ស័យ និងជារឿងមុខមាត់របស់រដ្ឋាភិបាលដែរ » ។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមនិងជាអ្នកវិភាគនយោបាយដ៏មានប្រជាប្រិយភាព បណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅឯស្ដារម៉ាត (Star Mart) ក្នុងស្ថានីយលក់ប្រេងឥន្ធនៈកាល់តិច (Caltex) ក្នុងទីក្រុងភ្នំពេញ។ ការបាញ់ប្រហារនេះ កើតឡើងក្រោយពីអ្នកវិភាគរូបនេះបានផ្តល់ការអធិប្បាយដល់បណ្ដាញព័ត៌មានអំពីការកាន់កាប់ទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់របស់ក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលលាតត្រដាងនៅក្នុងរបាយការណ៍អង្គការឃ្លាំមើលពិភពលោកគ្លូបល វីតនេស (Global Witness)។
ក្រុមអង្គការសង្គមស៊ីវិលលើកឡើងថា ការបាញ់សម្លាប់បណ្ឌិត កែម ឡី ទាំងកណ្ដាលថ្ងៃ នៅទីក្រុងភ្នំពេញ ហើយមិនអាចរកយុត្តិធម៌ឃើញបែបនេះ គឺបង្ហាញពីកំណត់ត្រាសិទ្ធិមនុស្សនៅកម្ពុជាសម័យទំនើប កំពុងត្រូវបានញាំញីដោយវប្បធម៌និទណ្ឌភាព ឬភាពគ្មានទោសចំពោះអ្នកប្រព្រឹត្តអំពើល្មើសច្បាប់។ ករណីនេះ គឺដោយសារតែរដ្ឋាភិបាល លោក ហ៊ុន សែន កំពុងត្រួតត្រាលើប្រព័ន្ធតុលាការយ៉ាងមានប្រសិទ្ធភាព។ ទោះជាយ៉ាងណា ក្រុមសង្គមស៊ីវិលបញ្ជាក់ថា ពួកគេនឹងមិនបោះបង់ការតស៊ូទាមទារយុត្តិធម៌សម្រាប់បណ្ឌិត កែម ឡី ឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។