ក្រុម​អង្គការ​ជាតិ ​និង​អន្តរជាតិ ​ទាមទារ​ជា​ថ្មី​ឲ្យ​រដ្ឋាភិបាល​ស៊ើប​អង្កេត​ករណី​ឃាតកម្ម​បណ្ឌិត កែម ឡី ឱ្យ​បាន​ពេញលេញ​ និង​តម្លាភាព

0:00 / 0:00

ក្រុម​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ​បន្ត​ទាម​ទារ​ជា​ថ្មី​ទៀត​ ឱ្យ​អាជ្ញាធរ​កម្ពុជា​បង្កើត​គណៈកម្មការ​ឯករាជ្យ​មួយ ដើម្បី​ស៊ើបអង្កេត​ករណី​ឃាតកម្ម​បណ្ឌិត កែម ឡី ឱ្យ​បាន​ពេញលេញ និង​មាន​តម្លាភាព។ ការ​ទាម​ទារ​នេះ ដោយសារ​ក្រុម​សង្គម​ស៊ីវិល​ទាំង​នេះ ​ពិនិត្យ​ឃើញ​ថា រយៈ​ពេល ​៥ឆ្នាំ​កន្លងមក​នេះ ​មិន​ទាន់​មាន​យុត្តិធម៌​សម្រាប់​បណ្ឌិត កែម ឡី និង​គ្រួសារ​របស់​គាត់​នៅ​ឡើយ​ទេ​។

ក្រុម​អង្គការ​សង្គម​ស៊ីវិល សមាគម សហជីព ទាំង​ជាតិ និង​អង្គការ​អន្តរជាតិ​ ចំនួន​ ៤៥​ស្ថាប័ន ​ចេញ​សេចក្ដី​ថ្លែងការណ៍​រួមគ្នា​មួយ នៅ​ថ្ងៃ​ទី៩ ​ខែកក្កដា ក្រោម​ចំណងជើង​ថា៖ «គ្មាន​យុត្តិធម៌​ទាល់តែ​សោះ​រហូត​មកដល់​ខួប ៥ឆ្នាំ​នៃ​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី»។ សេចក្ដី​ថ្លែង​ការណ៍​នេះ ធ្វើ​ឡើង​មួយ​ថ្ងៃ មុន​ខួប​គម្រប់​​ ៥​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​អ្នក​វិភាគ​នយោបាយ​ដ៏​លេច​ធ្លោ បណ្ឌិត កែម ឡី។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ ​បន្ត​ទាម​ទារ​ជា​ថ្មី​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ និង​ឥត​​លម្អៀង ដើម្បី​ស៊ើបអង្កេត​ករណី​ឃាតកម្ម​បណ្ឌិត កែម ឡី ឲ្យ​មាន​ប្រសិទ្ធភាព និង​អាច​ជឿ​ទុក​ចិត្ត​បាន។ក្រុម​អង្គការ​ទាំងនេះ​ លើក​ឡើង​ថា រយៈ​ពេល ៥ឆ្នាំ​មក​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​ខក​ខាន​ក្នុង​ការ​ស្វែង​រក​យុត្តិធម៌​ជូន​បណ្ឌិត កែម ឡី និង​គ្រួសារ​របស់​គាត់។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​បន្ត​ទាម​ទារ​រក​យុត្តិធម៌​ជូន​បណ្ឌិត កែម ឡី ក្នុង​ឱកាស​ខួប ៥ឆ្នាំ​នេះ មាន​ដូចជា អង្គការ​លើក​លែង​ទោស​អន្តរជាតិ (Amnesty International) អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ (Human Rights Watch) អង្គការ​សមាជិក​សភា​អាស៊ាន ដើម្បី​សិទ្ធិមនុស្ស (APHR) មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) អង្គការ​តម្លាភាព​កម្ពុជា (TI Cambodia) អង្គការ​ខុមហ្វ្រែល (COMFREL) អង្គការ​លីកាដូ (LICADHO) សមាគម​អាដហុក (ADHOC) អង្គការ​សង់ត្រាល់ (CENTRAL)សហព័ន្ធសហជីពកម្ពុជា (CATU) សហជីព​ស៊ីខៅឌូ (C.CAWDU) ព្រម​ទាំង​សមាគម​ សហជីព និង​អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​ទៀត។

ជុំវិញ​ករណី​នេះ អាស៊ី​សេរី​មិន​អាច​ទាក់ទង​អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ជា​ចៅក្រម​ស៊ើបសួរ​ក្នុង​សំណុំ​រឿង​ឃាតកម្ម​បណ្ឌិត កែម ឡី គឺ​លោក សេង លាង និង​អ្នក​នាំ​ពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ព្រមទាំង​អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹមខឿន ដើម្បី​សុំ​ការ​ឆ្លើយ​តប​បាន​ទេ ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។ ទោះ​ជា​យ៉ាង​ណា កន្លង​មក អាជ្ញាធរ​របប​លោក ហ៊ុន សែន តែងតែ​បដិសេធ​ក្នុង​ការ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ឯករាជ្យ​នេះ​ឡើង។

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ លោក ជិន ម៉ាលីន ថ្លែង​ប្រាប់​វីអូអេ (VOA) កាល​ពី​ពេល​ថ្មីៗ នេះ​ថា ជន​ដៃ​ដល់​ម្នាក់ ដែល​បាន​បាញ់​សម្លាប់​បណ្ឌិត កែម ឡី ត្រូវ​បាន​សមត្ថ​កិច្ច ​ចាប់ខ្លួន​និង​ផ្ដន្ទាទោស​រួច​ហើយ ដូច្នេះ​សំណុំរឿង​នេះ ក៏បាន​ឈាន​ដល់​ការ​បិទ​បញ្ចប់​កិច្ច​ស៊ើប​អង្កេត​ផង​ដែរ។ លោក ​ចោទ​ថា ការ​តវ៉ា​របស់​ក្រុម​អង្គ​ការ​សង្គម​ស៊ីវិល​កន្លងមក ​គ្មាន​ភស្តុតាង និង​សក្ខីកម្ម​រឹងមាំ​នោះ​ទេ។

ទោះ​ជា​យ៉ាង​ណា​ក្ដី កន្លង​មក អង្គការ​គណៈកម្មការ​អ្នកច្បាប់​អន្តរជាតិ (ICJ) និង​អង្គការ​ពាក់ព័ន្ធ​ដទៃ​ទៀត បាន​គូស​បញ្ជាក់​ពី​ចំណុច​សំខាន់ៗ​ជាច្រើន​ដែល​មិន​ត្រូវ​បាន​ស៊ើប​អង្កេត និង​ដោះ​ស្រាយ​គ្រប់គ្រាន់​នៅ​ក្នុង​ពេល​ជំនុំជម្រះ​ក្តី​នោះ​ទេ។ ចំណុច​ទាំង​នោះ​រួមមាន៖ ការ​ផ្តល់​ចម្លើយ​ដែល​មិន​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​​របស់​ជន​ជាប់​ចោទ​ឈ្មោះ អឿត អាង ​ពាក់ព័ន្ធ​នឹង​ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី ដោយសារ​មូលហេតុ​​ជំពាក់​ប្រាក់ ៣ពាន់​ដុល្លារ មិន​ព្រម​សង តុលាការ​ខកខាន​សម្ភាសន៍​សាក្សី ដែល​ស្គាល់​ជន​ជាប់​ចោទ​ ដើម្បី​បញ្ជាក់​អំពី​រឿងរ៉ាវ​របស់​គាត់ តុលាការ​លាក់​បាំង​វីដេអូ​កាមេរ៉ា​សុវត្ថិភាព ដែល​ថត​ជាប់​​ហេតុការណ៍​ទាំងអស់។លើស​ពី​នេះ តុលាការ​ខកខាន​ស៊ើបអង្កេត​កំណត់​អត្ត​សញ្ញាណ​បុរស​ម្នាក់​ដែល​ចូល​ទៅ​អង្គុយ​ជិត​លោក កែម ឡី ​មុន​បាញ់​ប្រហារ ​និង​ការ​ខក​ខាន​ស៊ើបអង្កេត​កំណត់​អត្តសញ្ញាណ​បុគ្គល​ផ្សេង​ទៀត ដែល​កាន់​អាវុធ​នៅ​កន្លែង​ឧក្រិដ្ឋកម្ម​នោះ។ ក្រៅ​ពី​នេះ ​តុលាការ ​ខកខាន​ស៊ើបអង្កេត​រក​អ្នក​លក់​អាវុធ​ឲ្យ​បុរស​ឈ្មោះ ​ជួប សម្លាប់​ និង​ខកខាន ស៊ើប​អង្កេត​រក​មើល​ប្រវត្តិ​របស់​ជនជាប់ចោទ​ និង​ទំនាក់ទំនង​ដែល​អាច​មាន​ជាមួយ​មន្ត្រី​យោធា ព្រម​ទាំង​ចំណុច​សង្ស័យ​ជា​ច្រើន​ទៀត។ ជាង​នេះ​ទៅ​ទៀត តុលាការ​ និង​អាជ្ញាធរ​មិន​បាន​បង្ហាញ​ពី​ដំណើរ​ការ​វិវឌ្ឍ​នៃ​សំណុំ​រឿង​ទី​ពីរ ដែល​ត្រូវ​ស៊ើបរក​អ្នក​ពាក់​ព័ន្ធ​នោះ​ទេ។

ក្រុម​សង្គម​ស៊ីវិល ​លើក​ឡើង​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ថា តុលាការ​ហាក់​ព្យាយាម​ពន្លឿន​បញ្ចប់​សំណុំ​រឿង​នេះ ជា​ជាង​ការ​ស៊ើបអង្កេត​ឲ្យបាន​ស៊ីជម្រៅ​លើ​ករណី​ឃាតកម្ម​នេះ រួម​ទាំង​បង្ហាញ​ព័ត៌មាន​ផ្សេងៗ និង​អ្នក​សម​គំនិត​ដែល​អាច​ពាក់​ព័ន្ធ​ជាច្រើន​ទៀត។ ដោយសារតែ​ការស៊ើបអង្កេត​កន្លង​មក​ មិន​បាន​ពេញលេញ និង​មិន​អាច​ជឿ​ទុកចិត្ត​បាន ទើប​ក្រុម​អង្គការ​ទាំង​នេះ ទទូច​ម្ដង​ហើយ​ម្ដង​ទៀត​​ឲ្យ​របប​លោក ហ៊ុន សែន បង្កើត​គណៈ​កម្ម​ការ​ស៊ើបអង្កេត​ឯករាជ្យ​មួយ ដើម្បី​បើក​ការ​ស៊ើប​អង្កេត​មួយ​ដែល​ឯករាជ្យ ​អព្យាក្រឹត្យ និង​ប្រកប​ដោយ​តម្លាភាព ​ស្របតាម​បទដ្ឋាន និង​គោលការណ៍​ច្បាប់​អន្តរជាតិ រួមមាន​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិពលរដ្ឋ និង​សិទ្ធិ​នយោបាយ ព្រម​ទាំង​ពិធីសារ មីនេសូតា ឆ្នាំ២០១៦ (Minnesota Protocol) ស្ដី​អំពី​ការ​ស៊ើប​អង្កេត​ករណី​ឃាតកម្ម​ប្រព្រឹត្តិ​ដោយ​អាជ្ញាធរ ឬ​ភ្នាក់​ងារ​រដ្ឋ (Investigation of Potentially Unlawful Death)។

ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក នី សុខា មាន​ប្រសាសន៍​ថា អំពើ​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី បាន​ធ្វើ​ឲ្យ​សហគមន៍​ជាតិ និង​អន្តរជាតិ ​រំជើប​រំជួល និង​បាន​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​ដំណើរ​ការ​ស៊ើប​អង្កេត​រក​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ។ លោក​បន្ត​ថា ដំណើរ​ការ​ស៊ើប​អង្កេត និង​ការ​កាត់​ក្តី​បុគ្គល​ឈ្មោះ អឿត អាង កន្លង​មក បាន​បន្សល់ទុក​នូវ​សំណួរ​ជាច្រើន ​ដែល​មិនទាន់​មាន​ចម្លើយ​ពិតប្រាកដ ​ដូច្នេះ​ហើយ​ទើប​ក្រុម​អង្គការ​ជាតិ និង​អន្តរជាតិ ​បន្ត​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត ឯករាជ្យ​ដើម្បី​លាង​ជម្រះ​នូវ​មន្ទិល​សង្ស័យ​ជុំវិញ​ករណី​ឃាតកម្ម​បណ្ឌិត កែម ឡី នេះ៖ « យើង​ការពារ​កុំឲ្យ​ជន​ដែល​ប្រព្រឹត្ត​ល្មើស​ពិត​ប្រាកដ នៅ​ក្រៅ​សំណាញ់​ច្បាប់។ នេះ​ជា​រឿង​ដើម្បី​ផ្តល់​ជា​យុត្តិធម៌​សម្រាប់​អ្នក​ដែល​ស្លាប់ ហើយ​ក៏​ជា​ការ​ផ្តល់​យុត្តិធម៌​សម្រាប់​សង្គម​យើង​ផង​ដែរ។ ខ្ញុំ​គិត​ថា រដ្ឋាភិបាល​បើ​សិន​ជា​លោក​យល់​ថា ការស្វែងរក​យុត្តិធម៌​នេះ គឺ​ជា​រឿង​សំខាន់ ហើយ​គិត​ថា ដើម្បី​ជម្រះ​មន្ទិល​សង្ស័យ ​កុំឲ្យ​មាន​មតិ​មហាជន​ធ្វើ​ការ​ទិតៀន​ទៅ​លើ​រដ្ឋាភិបាល ​ក៏ដូចជា​ទៅលើ​ប្រព័ន្ធ​យុត្តិធម៌​ ខ្ញុំ​គិត​ថា យើង​គួរតែ​បង្កើត​ឲ្យ​មានការ​គណៈកម្មការ​ស៊ើបអង្កេត​ឯករាជ្យ ដើម្បី​ស្វែងរក​ការពិត​នៅ​ក្នុង​រឿង​នេះ​ទៅ ​ដូច្នេះ​នេះ​គឺជា​រឿង​ជម្រះ​មន្ទិលសង្ស័យ និង​ជា​រឿង​មុខមាត់​របស់​រដ្ឋាភិបាល​ដែរ »

អ្នកស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​និង​ជា​អ្នកវិភាគ​នយោបាយ​ដ៏​មាន​ប្រជាប្រិយភាព បណ្ឌិត កែម ឡី ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​នៅ​ព្រឹក​ថ្ងៃ​ទី១០ ខែ​កក្កដា ឆ្នាំ២០១៦ នៅ​ឯ​ស្ដារម៉ាត (Star Mart) ក្នុង​ស្ថានីយ​លក់​ប្រេងឥន្ធនៈ​កាល់តិច (Caltex) ក្នុង​ទីក្រុង​ភ្នំពេញ។ ការ​បាញ់​ប្រហារ​នេះ កើត​ឡើង​ក្រោយ​ពី​អ្នក​វិភាគ​រូប​នេះ​បាន​ផ្តល់​ការ​អធិប្បាយ​ដល់​បណ្ដាញ​ព័ត៌មាន​អំពី​ការ​កាន់​កាប់​ទ្រព្យ​សម្បត្តិ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​របស់​ក្រុម​គ្រួសារ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​លាតត្រដាង​នៅ​ក្នុង​របាយការណ៍​អង្គការ​ឃ្លាំមើល​ពិភពលោក​គ្លូបល វីតនេស (Global Witness)។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​លើក​ឡើង​ថា ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី​ ទាំង​កណ្ដាល​ថ្ងៃ នៅ​ទីក្រុង​ភ្នំពេញ ហើយ​មិន​អាច​រក​យុត្តិធម៌​ឃើញ​បែប​នេះ គឺ​បង្ហាញ​ពី​កំណត់ត្រា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​សម័យ​ទំនើប​ កំពុង​ត្រូវ​បាន​ញាំញី​​ដោយ​វប្បធម៌​និទណ្ឌភាព ឬ​ភាព​គ្មាន​ទោស​ចំពោះ​អ្នក​ប្រព្រឹត្ត​អំពើ​ល្មើស​ច្បាប់។ ករណី​នេះ គឺ​ដោយសារ​តែ​រដ្ឋាភិបាល លោក ហ៊ុន សែន ​កំពុង​ត្រួតត្រា​លើ​ប្រព័ន្ធ​តុលាការ​យ៉ាង​មាន​ប្រសិទ្ធភាព។ ទោះ​ជា​យ៉ាង​ណា ក្រុម​សង្គម​ស៊ីវិល​បញ្ជាក់​ថា ពួក​គេ​នឹង​មិន​បោះបង់​ការ​តស៊ូ​ទាមទារ​យុត្តិធម៌​សម្រាប់​បណ្ឌិត កែម ឡី ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។